ណោ គឹមស្រ៊ាន់ រំឭកអំពីបទពិសោធន៍ជីវិតឆ្លងកាត់នៅរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ណោ គឹមស្រ៊ាន់[1] អាយុ៦៨ឆ្នាំ កើតនៅភូមិកោះគល់ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំរស់នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំរៀបការប្ដីឈ្មោះ សំបូរ និងមានកូនស្រីចំនួន៣នាក់។ ឪពុកខ្ញុំឈ្មោះ តាហុង និងម្ដាយឈ្មោះ ហ៊ន ខ្ញុំមានបងប្អូនប្រុសស្រី ចំនួន៤នាក់ ហើយខ្ញុំគឺជាកូនទី២នៅក្នុងគ្រួសារ។ នៅពីក្មេង ខ្ញុំបានរៀនសូត្រតិចតួច នៅសាលាបឋមសិក្សាកោះប្រាក់។ បន្ទាប់ពីមានរដ្ឋប្រហារនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ខ្មែរក្រហមចាប់ផ្ដើមបញ្ចូនកម្លាំងរបស់ខ្លួនចូលមកភូមិ។ ឪពុកម្ដាយខ្ញុំនាំកូនៗរត់ភៀសខ្លួនពីកន្លែងមួយទៅកន្លែងមួយ ពីព្រោះតែសង្រ្គាមដែលមិនអាចឲ្យយើងរស់នៅបានក្នុងស្រុក។ បន្ទាប់មក គ្រួសាររបស់ខ្ញុំបានរត់ភៀសខ្លួនដោយសុវត្ថិភាព ទៅរស់នៅភូមិបារាយណ៍ ដែលជាទីកន្លែងមានសាច់ញាតិបងប្អូនខាងប្ដីខ្ញុំរស់នៅ។ បន្ទាប់មក នៅក្នុងអំឡុងពេលដែលមានសង្រ្គាមនៅឆ្នាំ១៩៧២ កងកម្លាំងខ្មែរក្រហមបានវាយរំដោះ និងគ្រប់គ្រងនៅតាមទីជនបទនៃប្រទេសកម្ពុជា។
បន្ទាប់ពីខ្មែរក្រហមកាន់កាប់តាមតំបន់រំដោះហើយ, កងទ័ពខ្មែរក្រហមបានប្រកាសប្រាប់ដល់អ្នកភូមិអំពីចលនាបដិវត្តន៍របស់ខ្លួន។ អ្នកភូមិភាគច្រើន ចូលរួមជាមួយបដិវត្តន៍។ ក្នុងពេលនោះផងដែរ មានការទម្លាក់គ្រាប់បែកយ៉ាងច្រើនរបស់ទាហាន លន់ នល់ និងសហរដ្ឋអាមេរិក។ នៅពេលដែលសហរដ្ឋអាមេរិកធ្វើការទម្លាក់គ្រាប់បែកម្ដងៗ ខ្ញុំតែងតែរត់ចូលរណ្ដៅត្រង់សេ ដើម្បីគេចពីអំបែងគ្រាប់បែក។ ការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមរិក មិនត្រឹមតែបំផ្លិចបំផ្លាញផ្ទះសំបែងអ្នកភូមិនោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យអ្នកភូមិខ្លះរងរបួស ឬស្លាប់។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានវាយចូលកាន់កាប់ទីក្រុងភ្នំពេញ ហើយបានជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុងភ្នំពេញ។ បន្ទាប់មក ខ្ញុំត្រូវបានខ្មែរក្រហមឲ្យធ្វើការនៅកង ចល័តស្រុក។ ខ្ញុំត្រូវបានដាក់ឲ្យធ្វើការងារដកស្ទូង, លើកភ្លឺស្រែ, លើកទំនប់ស្រុកព្រៃឈរ ដែលមានប្រវែងប្រហែល៥ គីឡូម៉ែត្របួនជ្រុង។ ខ្ញុំនៅលើកដី ម្នាក់កំណត់២ម៉ែត្រគីប ឲ្យ២ម៉ែត្រគីបពិតប្រាកដឲ្យរួចក្នុងមួយថ្ងៃ។ នៅពេលខ្លះ ខ្ញុំក៏ធ្វើអត់គ្រប់ផែនការខ្មែរក្រហមអត់ព្រមទេ និងបានដាក់កំរិតថែមទៀត ដោយសារខ្លាចស្លាប់ចេះតែប្រឹងខ្លះជួយធ្វើការងារគ្នាតាំងពីម៉ោង៦ព្រឹក ដល់ម៉ោង៧យប់។ ខ្ញុំធ្វើការគ្មានគិតម៉ោងទេ ឲ្យតែបើកថ្ងៃឡើងធ្វើការតែម្ដង ពេលម៉ោងថ្ងៃត្រង់ទៅហូបបបរហើយបបរសុទ្ធតែគ្រាប់ពោត ស្ទើរគ្មានគ្រាប់អង្ករទេ។ បើសម្លវិញមានតែស្លឹកត្រកួនលាយជាមួយស្លឹកដំឡូងជ្វា។ នៅឆ្នាំ១៩៧៧ ខ្ញុំត្រូវ អង្គការបង្ខំឲ្យរៀបការ។ ពេលខ្ញុំរៀបការមានចំនួន៣០គូ។
ពេលព្រឹកឡើងទៅធ្វើការងារដល់ម៉ោងហូបអាហារត្រូវជុំគ្នាដោយមានសំឡេងជួងជាសញ្ញាហើយពេលឮសំឡេងជួងប្រជាជនទាំងអស់ ដែលធ្វើការត្រូវឈប់សម្រាកមកហូបបបរត្រូវមានកាន់ចានមកជាមួយម្នាក់មួយៗសម្រាប់ដាក់បបរហូបរាងៗខ្លួន សម្រាប់បបរមានតែអង្ករប៉ុន្មានគ្រាប់លាយជាមួយទឹក ប្រៀបដូចជាបបររាវ។
ចំពោះការស្លៀកពាក់មានតែសម្លៀកបំពាក់មួយឈុតសម្រាប់ពាក់ធ្វើការរាល់ថ្ងៃគឺឈុតខ្មៅ។ ក្រោយមកទៀត គឺប្រហែលជាក្នុងឆ្នាំ១៩៧៨ ខ្ញុំត្រូវបានបញ្ជូនទៅនៅកន្លែងចុងភៅ (រោងបាយសហករណ៍) រហូតដល់កងទ័ពខ្មែរក្រហមទទួលបរាជ័យ ដោយកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានវាយរំដោះប្រទេសកម្ពុជា និងសង្គ្រោះប្រជាជនបានជាបន្តបន្ទាប់។ [2]ខ្ញុំបានវិលត្រឡប់មករស់នៅភូមិកំណើតវិញនៅឆ្នាំ១៩៨០ និងប្រកបរបរជាកសិករ រហូតមកដល់សព្វថ្ងៃនេះ៕
អត្ថបទដោយ ទូច វណ្ណេត
[1] បទសម្ភាសន៍ជាមួយ ណោ គឹមស្រ៊ាន់ នៅខេត្តកំពង់ចាម នៅឆ្នាំ២០២៥, មជ្ឈមណ្ឌលឯកសារកម្ពុជាកម្ពុជា សាខាខេត្តកំពង់ចាម
[2] ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិវិទ្យាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ]៖ អនុគណៈកម្មការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា), ទំព័រទី៤១