ណង ហែ៖ ការប្រែប្រួលភ្លេងអារក្សនៅភូមិកោះថ្ម

ញេះ បិះ (ឆ្វេង) និង ណង ហែ (ស្ដាំ) (២០២៤)

ខ្ញុំឈ្មោះ ណង ហែ[1] អាយុ៩៣ឆ្នាំ ភេទប្រុស ជាជនជាតិដើមភាគតិចស្ទៀង មានទីកន្លែងកំណើតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្នរស់នៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ខ្ញុំមានម្ដាយឈ្មោះ សួន ជនជាតិដើមភាគតិចស្ទៀង ស្លាប់មុនឆ្នាំ១៩៧៩។ ឪពុកឈ្មោះ ណង ជនជាតិដើមភាគតិចស្ទៀង ស្លាប់ជំនាន់អាណានិគមជប៉ុនដោយសារជំងឺ។ បងប្អូន៥នាក់ ស្លាប់អស់៤នាក់។ ខ្ញុំមានភរិយាដើមឈ្មោះ ញ្រាញ់ ទូច ស្លាប់ដោយសារជំងឺ។ ភរិយាក្រោយឈ្មោះ ញេះ បិះ អាយុ៨៣ឆ្នាំ។ សព្វថ្ងៃនេះខ្ញុំមានកូន៤នាក់ ប្រុស២នាក់ ស្រី២នាក់។

កាលពីកុមារភាពខ្ញុំរៀនត្រឹមថ្នាក់ទី៧ រៀនតាមវត្តជាមួយព្រះសង្ឈ(វត្តក្ដុលចាស់)។ ពេលនោះ មានកូនសិស្សរៀនជាមួយព្រះសង្ឃវត្តក្តុលច្រើនណាស់ ឃុំទន្លូង ស្រុកមេមត់ ខ្លះរៀនៗក៏បួលជាព្រះសង្ឃ។

ចូលដល់ឆ្នាំ១៩៧០ ឧត្តមសេនីយ៍ លន់ នល់ និងសហការីរបស់ខ្លួនដែលនិយមអាមេរិក បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ ពីប្រមុខរដ្ឋ ដោយជោគជ័យ។ ទាហានអាមេរិកបានទម្លាក់គ្រាប់បែកតាមភូមិកោះថ្មជាប់ព្រំដែនកម្ពុជា-វៀតណាម។ ទាហានអាមេរិកបានបង្កើតបន្ទាយទាហាននៅខាងជើងភូមិកោះថ្ម និងនៅភូមិពងទឹក។ ពេលទាហានអាមេរិកទម្លាក់គ្រាប់ម្ដងៗប្រជាជននាំកូនចៅរត់ទៅនៅភូមិក្ដុលផ្សារ។ កាលដែលទាហានអាមេរិកទម្លាក់គ្រាប់ ដោយសារឃើញវៀតកុងរស់តាមព្រំដែនក្នុងភូមិកោះថ្ម។ ខ្ញុំស្នាក់នៅក្ដុលផ្សារបាន៣ថ្ងៃ ស្ងាត់យន្ដហោះទម្លាក់គ្រាប់ក៏ត្រឡប់មកភូមិកោះថ្មវិញ។ ពេលទៅដល់ភូមិយន្ដហោះទម្លាក់គ្រាប់ត្រូវចំផ្ទះ ខ្ញុំធ្វើឲ្យឆេះជង្រុកស្រូវអស់។

ចូលដល់ឆ្នាំ១៩៧៥ ខ្ញុំរត់ពីភូមិកោះថ្មទៅនៅភូមិក្ដុលផ្សារបាន១ខែ ទើបរត់មកភូមិកោះថ្មវិញ។ ក្រោយមកនៅក្នុងភូមិបាន៥,៦ថ្ងៃ ក៏ត្រូវខ្មែរក្រហមជម្លៀសចេញពីភូមិកោះថ្មឲ្យទៅស្រែតាលាយ ខ្ញុំនៅជុំម៉ែឪបងប្អូន។ ប្រជាជននៅភូមិក្ដុលផ្សារក៏ត្រូវខ្មែរក្រហមជម្លៀសទៅនៅស្រែតាលាយដែរ។ ពេលនៅស្រែតាលាយខ្មែរក្រហមឲ្យធ្វើការងារស្រែចម្ការដូចនៅភូមិកោះថ្មដែរ។ ខ្ញុំរស់នៅស្រែតាលាយបាន២ខែ ខ្មែរក្រហមជម្លៀសចេញទៅភូមិអាលួច ឃុំស្វាយជ្រះ ស្រុកស្នូល ខេត្តក្រចេះ។ នៅភូមិអាលួច ខ្មែរក្រហមឲ្យធ្វើការងារស្រែចម្ការ ដក ស្ទូង គាស់ដីស្រែ លើកទំនប់ លើកប្រព័ន្ធភ្លឺស្រែ ចាប់ពីម៉ោង៦ព្រឹកដល់ថ្ងៃត្រង់ទើបបានសម្រាក ពេលចុះធ្វើការម្ដងទៀតពីម៉ោង១២រសៀលដល់ម៉ោង៤ល្ងាចបានឈប់។ នៅភូមិអាលួចប្រជាជនស្លាប់ច្រើនណាស់ ដោយសារអត់បាយ ធ្វើការងារហួសកម្លាំង រាងកាយស្គមស្លេកស្លាំង និងត្រូវខ្មែរក្រហមវាយធ្វើបាប។

បន្ទាប់មក ខ្មែរក្រហមក៏ជម្លៀសចេញពីភូមិអាលួចទៅក្រចេះ រយៈពេលបាន២យប់ ទើបដល់ថ្មគ្រែ។ ពេលទៅដល់ថ្មគ្រែហើយក៏ចេញទៅស្ទឹងត្រង់សម្រាកបាន១យប់ ទើបចុះពីកាប៉ាល់ដើរទៅដល់ភូមិភាគកណ្ដាល។ ខ្ញុំរស់នៅភូមិទួលថ្មជុំគ្រួសារបងប្អូន។ នៅភូមិទួលថ្មខ្មែរក្រហមឲ្យធ្វើស្រែចម្ការ តែមានបាយហូបឆ្អែតមិនដូចនៅភូមិអាលួចទេ។ ខ្ញុំនៅធ្វើការក្នុងក្រុមសហករណ៍ រហូតដល់ឆ្នាំ១៩៧៩។

នៅឆ្នាំ១៩៧៩ ក្រុមសហករណ៍បានប្រាប់ ខ្ញុំថាប្រទេសរំដោះហើយ នាំបងប្អូនត្រឡប់ទៅស្រុកវិញចុះ។ ខ្ញុំបានដើរត្រឡប់មកស្រុក ពេលដើរមកតាមផ្លូវឃើញសាកសពស្លាប់ច្រើនណាស់នៅភូមិបុស្សខ្នុរ ស្រុកចំការលើ។ ខ្ញុំធ្វើដំណើរអស់រយៈពេល១ខែបានមកដល់ស្រុកកំណើតវិញ។ ពេលមកដល់ស្រុកភូមិមិនហ៊ានចូលភ្លាមៗទេ ខ្ញុំខ្លាចជាន់គ្រាប់មីនក៏រស់នៅភូមិក្ដុលផ្សារមួយរយៈ ទើបចូលមកនៅក្នុងភូមិកោះថ្មវិញ។

ខ្ញុំចេះលេងភ្លេងអារក្សតាំងពីអាយុ២៥ឆ្នាំ កាន់ខាងផ្នែកទ្រកូត និងស្គរ។ ក្រុមវង់ភ្លេងអារក្ស ខ្ញុំមានគ្នា៥នាក់ ៖ ឈ្មោះ វិត កាន់ខាង ស្គរ, ទ្រកូត,ច្រៀង,ប៉ីអរ ឈ្មោះ ញឹម វ៉ាន់ កាន់ខាងប៉ីពក ឈ្មោះ ពា្រប អ៊ិន កាន់ខាងប៉ីអរ,ស្គរ,ទ្រកូត ឈ្មោះ ផិង ម៉ាង កាន់ខាងចម្រៀង,ស្គរ,ប៉ីពក,ប៉ីអរ។  ពេលចាប់ផ្ដើមលេងភ្លេងអារក្ស គេមានការរៀបចំកំណល់ មានស្រាស១ដប កូនចេក១គូរ លុយ១រៀលពីរកាក សំពត់ស ដាក់ធ្វើជាកំណល់ បាយសីពី៥ថ្នាក់ ៨ថ្នាក់ រហូតដល់៩ថ្នាក់ ក្នុង១បឆាមស្នើ១ថ្នាក់តាមកំណត់(គេហៅថាសាផ្ដាន់)។ ភ្លេងអារក្សខ្លះលេងរយៈពេល ៣យប់អាស្រ័យទៅលើអ្នកជំងឺដែលបានបែរបន់សុំឲ្យជាសះស្បើយពីជំងឺនិងលេងថ្វាយជូនចំនួន៣យប់ ខ្លះទៀតលេងភ្លេងអារក្សចំនួន១យប់ក៏អាស្រ័យទៅលើអ្នកជំងឺដែលបានបែរបន់នោះដែរ។ កាលលេងភ្លេងអារក្ស ជាទូទៅលេងពេលមានគ្រុនឈឺ ឬក៏មានការបន់ស្រន់ និងខ្សែស្រឡាយអារក្សដែលជាប់ពាក្យសម្ដីបែរបន់ធ្វើឲ្យគ្រូអារក្សខឹងសម្បារ។ ដូច្នោះគ្រួសារអ្នកជំងឺត្រូវរកគ្រូទាយមើល ដើម្បីឲ្យដឹងថាខុសអ្វី ឬក៏ខុសអារក្សពិតមែនទើបរៀបចំសែនដល់អារក្សឲ្យឈប់ខឹងសម្បារ ហើយធ្វើឲ្យអ្នកជំងឺនោះឆាប់ជាសះស្បើយចាប់ពីលេងភ្លេងអារក្ស។ ពេល លេងភ្លេងអារក្ស លេងចាប់ពីម៉ោង៧យប់ រហូតទាល់ព្រឹកក្នុងរយៈពេល៣យប់បានបញ្ចប់(ហៅបេះផ្កាសាផ្ដាន់)។ វង់ភ្លេងអារក្សជាទូទៅបានលេងបទដូចខាងក្រោម៖

បទថ្វាយគ្រូ៖ វង់ភ្លេងអារក្សបានលេងភ្លេង និងផ្លុំប៉ីអរក្នុងបទច្រៀង ដើម្បីធ្វើការថ្វាយដល់គ្រូតូចគ្រូធំ។ បទចម្រៀងច្រៀងអញ្ជើញគ្រូក្នុងភ្លេងអារក្សមាន៖ ១)បទនគររាជ    ២)បទកងសោយ ៣)បទកន្សែងក្រហម ៤)បទសំពោងផ្កាចារ។

បទបញ្ជាន់អារក្ស៖ អារក្សបក្សី, អារក្សបក្សា មានការរៀបកំណល់លក្ខណៈដូចគ្នា តែពេលច្រៀងមានផ្លុំប៉ីពកក្នុងបទចម្រៀង។ បទចម្រៀងភ្លេងអារក្សបក្សី, អារក្សបក្សាមាន៖ ១)បទជំទាវម៉ៅ  ២)បទអន្លង់ក្រាយ  ៣)បទកែ  ៤)បទជើត  ៥)បទមាន់ងាវ  ៦)បទចាក់ជ្វា។

ចំពោះឧបករណ៍ភ្លេងអារក្សនៅសម័យបារាំងមាន៖ ១)ទ្រកូត   ២)ប៉ីពក  ៣)ប៉ីអរ  ៤)ស្គរ  ៥)គង។

ភ្លេងអារក្សនៅសម័យសង្គមរាស្រ្ដនិយម ការប្រគុំលេងភ្លេងអារក្សដូចទៅនិងសម័យបារាំងដែរ។ ចំពោះឧបករណ៍ភ្លេងអារក្សមាន ១)ទ្រកូត   ២)ប៉ីពក  ៣)ប៉ីអរ  ៤)ស្គរ  ៥)គង។

ភ្លេងអារក្សនៅសម័យសង្រ្គាមស៊ីវិល(១៩៧០-១៩៧៥) ការប្រគុំភ្លេងអារក្សដូចទៅនិងសម័យបារាំងដែរ។ ចំពោះឧបករណ៍ភ្លេងអារក្សមាន ១)ទ្រកូត   ២)ប៉ីពក  ៣)ប៉ីអរ  ៤)ស្គរ  ៥)គង។ ប៉ុន្ដែមិនសូវលេងភ្លេងអារក្សញឹកញាប់ទេ ព្រោះខ្លាចយន្ដហោះទម្លាក់គ្រាប់បែកចំ។ នៅក្នុងឆ្នាំ១៩៧០ដល់១៩៧៥ មនុស្សម្នានាំកូនចៅរត់ចូលតែក្នុងរណ្ដៅត្រង់សេ។

ភ្លេងអារក្សនៅក្នុងរបបខ្មែរក្រហមឆ្នាំ១៩៧៥-១៩៧៩ គ្មានការប្រគុំលេងភ្លេងអារក្សទេ ត្រូវបានខ្មែរក្រហមលុបបំបាត់ចោលទាំងស្រុង។ សូម្បីតែឧបករណ៍ភ្លេងត្រូវដកគ្មាននៅសល់ គ្មានអ្នកណាហ៊ានលេងភ្លេងទេ ព្រោះខ្លាចខ្មែរក្រហមសម្លាប់ចោល។ ខ្សែស្រឡាយអារក្ស ឬក៏អ្នកជំងឺដែលនៅសម័យបារាំង,សម័យសង្គមរាស្រ្ដនិយមធ្លាប់លេងភ្លេងអារក្សក៏ឈប់លេងដែរ។ ពេលឈឺក៏ភ្លេចថាខ្លួនឯងឈឺប្រឹងតែធ្វើការងារ ដើម្បីមានជីវិតរស់រានរួចផុតពីរបបដ៏ខ្មៅងងឹតឃោរឃៅមួយនេះ។ ឧបករណ៍ភ្លេងអារក្សត្រូវយកទុកលាក់តាមកៀនជញ្ជាំងផ្ទះ ម្ចាស់ខ្លួនរត់ទៅនៅតាមស្រុកគេរបស់របរសម្ភារៈមានតម្លៃក៏មិនបានយកទៅតាមខ្លួនដែល មានតែខោអាវមួយចង្កេះដែលជាប់និងខ្លួនតែប៉ុណ្ណោះ។

ក្រោយឆ្នាំ១៩៧៩-១៩៩០ ក្រុមវង់ភ្លេងអារក្សបានរៀបចំចាប់ផ្ដើមលេងភ្លេងសារជាថ្មីវិញក្រោយពីសង្រ្គាមត្រូវបញ្ចប់ ហើយប្រទេសមានសុខសន្ដិភាពវិញ។ ក្រុមវង់ភ្លេងអារក្សបានចាប់ផ្ដើមបង្កើតវង់ភ្លេងអារក្សម្ដងទៀត។ ក្រុមវង់ភ្លេងអារក្សថ្មីក្រោយឆ្នាំ១៩៧៩ដល់១៩៩០ នៅក្នុងក្រុមវង់ភ្លេងអារក្សមានគ្នា៦នាក់ ឈ្មោះ ពុធ កាន់ខាងផ្នែកអ្នកច្រៀង (បច្ចុប្បន្នស្លាប់) ឈ្មោះ វ៉យ កាន់ខាង ស្គរ ឈ្មោះ អ៊ីម កាន់ខាង ស្គរ ឈ្មោះ ល្អិត ស្គរ ឈ្មោះ ហែ សាវឿន ភេទស្រី កាន់ខាង គង។

ចំពោះបទចម្រៀងក្រោយឆ្នាំ១៩៧៩ដល់១៩៩០ ក៏ដូចបទចម្រៀងនៅក្នុងសម័យមុនៗដែលគ្រាន់តែផ្លាស់ប្ដូរអ្នកលេងថ្មី ពីព្រោះអ្នកលេងភ្លេងចាស់ៗសម័យបារាំងបានស្លាប់នៅក្នុងរបបខ្មែរក្រហមអស់។ ភាពខុសគ្នារវាងភ្លេងអារក្សមុន និងភ្លេងអារក្សសម័យបច្ចុប្បន្ន (ឧបករណ៍ភ្លេង) ពីសម័យបារាំងនិងសង្គមរាស្រ្ដនិយម(មានប៉ីអរ និងប៉ីពក)និងក្រោយឆ្នាំ១៩៧៩ រហូតដល់បច្ចុប្បន្ន(គ្មានប៉ីអរ និងប៉ីពក)។ ការថយចុះនៃភ្លេងអារក្ស គ្មានអ្នកបន្តលេងភ្លេងអារក្ខ, បាត់បង់ឧបករណ៍, ចំនួនអ្នកចេះលេងត្រូវបានស្លាប់គ្មានអ្នករៀនលេងទៀត។

ជាចុងក្រោយ ខ្ញុំមានការព្រួយបារម្ភខ្លាចថានៅពេលអនាគតអាចនិងធ្វើឲ្យវង់ភ្លេងអារក្សមានការបាត់បង់ ពីព្រោះក្មេងជំនាន់ក្រោយមិនចង់រៀនលេងភ្លេងអារក្សទេ។ ខ្ញុំមានការសប្បាយរីករាយណាស់ ពេលឃើញក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកោះថ្មធ្វើការស្រាវជ្រាវពីវង់ភ្លេងអារក្ស ដើម្បីចងក្រងទុកជាឯកសារសម្រាប់ឲ្យក្មេងជំនាន់ក្រោយ៕

វ៉ន បុប្ផា៖ ជាអ្នកស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌលឯកសារកោះថ្ម


[1] មជ្ឈមណ្ឌលឯកសារកម្ពុជានៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ភាសន៍ជាមួយឈ្មោះ ណង ហែ ភេទប្រុស អាយុ៩៣ឆ្នាំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin