ណុប ចាំ៖ រៀបរាប់អំពីរឿងរ៉ាវជីវិតក្នុងរបបខ្មែរក្រហម និងស្ថានភាពសុខភាពបច្ចុប្បន្ន
ខ្ញុំឈ្មោះ ណុប ចាំ ភេទប្រុស អាយុ៦៤ឆ្នាំ។ ខ្ញុំកើតក្នុងឆ្នាំ ១៩៦១ ទីកន្លែងកំណើតស្ថិតក្នុងភូមិទុល ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត។ បច្ចុប្បន្នខ្ញុំរស់នៅក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ឪពុកឈ្មោះ ណុប ញិល (ស្លាប់) និងម្ដាយឈ្មោះ ហ៊ុន ខុន (ស្លាប់)។ ខ្ញុំមានបងប្អូន៤នាក់ ស្រី២នាក់ ប្រុស២នាក់ ហើយខ្ញុំជាកូនទី៣។ កាលពីកុមារភាព ខ្ញុំចូលរៀននៅឆ្នាំ ១៩៨០ នៅសាលាភូមិដើមពោធិ៍ ក្នុងឆ្នាំនោះ ខ្ញុំមានអាយុប្រហែល ១៤ឆ្នាំ ទើបចូលរៀនថ្នាក់ទី៤តែម្ដង ប៉ុន្តែខ្ញុំត្រូវឈប់រៀននៅឆ្នាំ១៩៨១។ បន្ទាប់ពីឈប់រៀន ខ្ញុំបានមកជួយមើលប្អូនៗ និងជួយធ្វើការងារឪពុកម្ដាយរបស់ខ្ញុំវិញ។
នៅក្នុងឆ្នាំ ១៩៧៥ ខ្មែរក្រហមឡើងកាន់អំណាចទាំងស្រុង និងបានចូលមកក្នុងភូមិស្រុកដែលខ្ញុំកំពុងរស់នៅដើម្បីបង្ខំជម្លៀសប្រជាជនចេញពីភូមិឱ្យទៅធ្វើការងារនៅតាមស្រែចម្ការ ការដ្ឋានជីកទំនប់ លើកប្រឡាយជាដើម។ ប្រជាជនខ្លះត្រូវបានខ្មែរក្រហមចាត់ចូលជាកងឈ្លប អ្នកខ្លះចាត់ធ្វើជាទាហាន អ្នកពេញវ័យត្រូវបានខ្មែរក្រហមយកចូលជាកងចល័ត ចំណែកក្មេងៗត្រូវបានខ្មែរក្រហមយកទៅដាក់នៅតាមកងកុមារ។ ចំពោះ ខ្ញុំត្រូវបានខ្មែរក្រហមចាត់ចូលជាកងចល័ត ដោយខ្មែរក្រហមប្រើខ្ញុំឱ្យរែកដីនៅស្រុកព្រៃកប្បាស និងស្រុកអង្គរបូរី ខេត្តតាកែវ។ ពេលនោះខ្ញុំ ជាប្រជាជនមូលដ្ឋានម្នាក់ដែរ ខ្មែរក្រហមបានប្រើខ្ញុំឱ្យធ្វើការងារតាំងពី ម៉ោង៦ព្រឹក រហូតដល់ ម៉ោង១២ថ្ងៃត្រង់ ទើបសម្រាកហូបបាយ។ ប្រហែលម៉ោង១ ខ្មែរក្រហមបានចាត់ប្រជាជនទៅធ្វើការងារបន្តទៀតដល់ម៉ោង៦ល្ងាច។ រហូតដល់ឆ្នាំ១៩៧៧ ខ្ញុំបានចូលជាទ័ពខ្មែរក្រហមរហូតដល់ឆ្នាំ១៩៧៩។ បើនិយាយពីការហូបចុកក្នុងរបបខ្មែរក្រហមវិញ គឺមិនសូវ មានអាហារហូបចុកគ្រប់គ្រាន់នោះទេ ដោយខ្មែរក្រហមបានឱ្យខ្ញុំហូប២ពេល ក្នុងមួយថ្ងៃ។ កាលពីរបបខ្មែរក្រហមខ្ញុំមានជំងឺម្ដង ដោយបានទៅព្យាបាលនៅស្រុកអង្គរបូរី។ ពេទ្យ មិនសូវយកចិត្តទុកដាក់ព្យាបាលអ្នកជំងឺទេ ហើយ បើក្រឡេកមកមើលពីការកាប់សម្លាប់ក្នុងរបបខ្មែរក្រហមវិញ ខ្ញុំធ្លាប់ឃើញមានខ្មែរក្រហមមួយក្រុមដើរមកហៅប្រជាជន ដែលកំពុងធ្វើការងារជាមួយខ្ញុំយកទៅ ប៉ុន្តែ ខ្ញុំមិនដឹងថាខ្មែរក្រហមនាំប្រជាជនទៅណានោះទេ ដោយឮថាយក ទៅរៀនសូត្រ។ មានពេលខ្លះ ខ្ញុំ ឃើញខ្មែរក្រហមធ្វើទារុណកម្ម និងសម្លាប់មនុស្សដោយយកគល់ឫស្សីទៅវាយក្បាលរួចទម្លាក់ចូលក្នុងរណ្តៅ ដែលបានជីកទុករួចជាស្រេច។ រហូតដល់ឆ្នាំ ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ខ្ញុំបានធ្វើដំណើរមកដល់ភូមិស្រុក ដែលខ្ញុំរស់នៅនិងបានប្រកបមុខរបរជាកសិករធ្វើស្រែចម្ការរហូតដល់បច្ចុប្បន្ន។
សព្វថ្ងៃ ខ្ញុំមានជំងឺប្រចាំកាយដូចជា ជំងឺសន្លាក់ដៃសន្លាក់ជើង ជំងឺងងឹតភ្នែក និងជំងឺក្រពះពោះវៀន។ កត្តាដែលធ្វើឱ្យខ្ញុំកើតមានជំងឺខាងលើ បណ្តាលមកពីមូលហេតុ កាលខ្ញុំនៅពីកុមារភាពប្រទេសកើតសង្គ្រាមឥតឈប់ធ្វើឱ្យ ខ្ញុំហូបចុកមិនគ្រប់គ្រាន់ និងកង្វះអាហាររូបត្ថម្ភ មួយវិញ រហូតមកដល់ពេលបច្ចុប្បន្ននេះខ្ញុំមានអាយុកាន់តែច្រើន។ ចំពោះការព្យាបាលជំងឺរបស់ខ្ញុំវិញ នៅឆ្នាំ២០២៣ ក្រុមការរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាបាន អញ្ជើញក្រុមគ្រូពេទ្យជំនាញចុះមកពិនិត្យសុខភាពជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅក្នុងភូមិបាក់នឹម ពេលនោះ ខ្ញុំក៏បានចូលរួមក្នុងកម្មវិធីពិនិត្យសុខភាពដែលរៀបចំ ដោយក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ថែមទាំងមានការចែកជូនកូនសៀវភៅ សុខភាព ដែលមានរៀបរាប់អំពីជំងឺទាំង១០ប្រភេទ ក្នុងសៀវនោះផ្តល់សារប្រយោជន៍ចំណេះដឹងអំពីសុខភាពជាច្រើនដល់រូបខ្ញុំនិងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅក្នុងភូមិ។ ក្នុងចំណោមជំងឺទាំង១០ប្រភេទនេះ ខ្ញុំបានកើតជំងឺ២ប្រភេទប្រចាំរាងកាយរបស់ខ្ញុំ។ សព្វថ្ងៃនេះ ខ្ញុំមិនបានទៅព្យាបាលជំងឺឆ្ងាយនោះទេ ខ្ញុំព្យាបាលនៅក្នុងភូមិស្រុកដែលខ្ញុំរស់នៅ។ គ្រូពេទ្យនៅតាមភូមិបានចាក់ថ្នាំ និងផ្សំថ្នាំលេបដល់ខ្ញុំ។[1]
អត្ថបទដោយ ផាត ពន្លក
[1] ណុប ចាំ ៖ សម្ភាសន៍ផ្ទាល់មាត់,«សាច់រឿងសង្ខេបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងអំពីស្ថានភាពជំងឺបច្ចុប្បន្ន» សម្ភាសន៍ដោយ ៖ ផាត ពន្លក នៅឆ្នាំ២០២៥,មជ្ឈមណ្ឌលសះស្បើយបាក់នឹម មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពត។