នោ រ៉ាមើស៖ ខ្ញុំពិការជើងដោយសារជាន់មីន

នោ រ៉ាមើស[1] ភេទប្រុស អាយុ៧០ឆ្នាំ មានទីកន្លែងកំណើតនៅឃុំអូររាំង ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ សព្វថ្ងៃ រ៉ាមើស រស់នៅក្នុងភូមិថ្នល់កែង ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
រ៉ាមើស បាននិយាយថា៖ «កាលពីកុមារភាពខ្ញុំ រៀនសូត្របានត្រឹមថ្នាក់ទី៩ពីសង្គមចាស់។ គ្រួសាររបស់ខ្ញុំប្រកបមុខរបរធ្វើស្រែចម្ការ ដើម្បីចិញ្ចឹមជីវិតរស់នៅប្រចាំថ្ងៃ។ ឪពុករបស់ខ្ញុំជាជនជាតិព្នង ចំណែកឯម្ដាយជាជនជាតិខ្មែរ។
នៅក្នុងឆ្នាំ១៩៧០ ខ្ញុំត្រូវបានឈប់រៀនដោយសារមានការទម្លាក់គ្រាប់បែក។ ប្រជាជនដែលរស់នៅក្នុងភូមិបាននាំគ្នាជីកលេណដ្ឋានក្បែរៗផ្ទះ ដើម្បីចូលទៅលាក់ខ្លួនពីការទម្លាក់គ្រាប់របស់អាមេរិក។ កាលនោះ គ្រួសារមីងរបស់ខ្ញុំមួយគ្រួសារត្រូវបានស្លាប់ដោយសារការទម្លាក់គ្រាប់បែកចំកណ្ដាលផ្ទះ។ បន្ទាប់មកទៀត ស្រុកអូររាំងក៏ចាប់ផ្តើមកេណ្ឌប្រជាជននៅក្នុងភូមិឲ្យចូលព្រៃធ្វើជាកងទ័ព។ ខ្ញុំបានរស់នៅជាមួយឪពុកម្ដាយរហូតដល់ឆ្នាំ១៩៧៣ ហើយគាត់ទាំងពីរក៏បានស្លាប់ចោលខ្ញុំ និងប្អូនៗ។ ពេលនោះខ្ញុំក៏ទៅរស់នៅជាមួយម្ដាយមីង រហូតដល់ឆ្នាំ១៩៧៦។
ក្រោយមក ខ្ញុំក៏បានទៅបើកឡានដឹកជញ្ជូនខាងជើងគោក។ កាលណោះ ខ្ញុំនៅអង្គភាពដឹកជញ្ជូនពាណិជ្ជកម្ម ក្រោមការមើលខុសត្រូវរបស់ តាសៀង នៅទីក្រុងភ្នំពេញ។ នៅពេលដែលខ្ញុំបានធ្វើដំណើរទៅដល់ទីក្រុងភ្នំពេញខ្ញុំសង្កេតឃើញថា មិនមានប្រជាជនរស់នៅនោះទេ មានតែអ្នកធ្វើការរោងចក្រ និងកងទ័ពដែលនៅចាំល្បាត។ អំឡុងពេលនោះទីកន្លែងស្នាក់នៅរបស់ខ្ញុំនៅជិតស្ពានជ្រោយចង្វារ។ ភារកិច្ចរបស់ខ្ញុំនៅពេលនោះគឺការដឹកជញ្ជូន។ នៅពេលដែលតំបន់នីមួយៗស្នើ សុំក្រណាត់ ឬសម្លៀកបំពាក់ ខ្ញុំតែងតែធ្វើដំណើរដឹកយកទៅឲ្យនៅតាមតំបន់ និងតាមបណ្ដាខេត្តតាមចំនួនស្នើ សុំ។
ពេលខ្ញុំធ្វើដំណើរនៅតាមដងវិថី ខ្ញុំមើលឃើញពីសកម្មភាពប្រជាជនដើរធ្វើការនៅតាមមូលដ្ឋានដូចជាច្រូតកាត់ ដកស្ទូង លើកភ្លឺស្រែ និងលើកទំនប់ ជាដើម។ ពេលនោះ ខ្ញុំបានឃើញពីទឹកមុខដ៏សោកសៅ លាយឡំជាមួយភាពនឿយហត់ក្នុងការធ្វើការកណ្ដាលថ្ងៃក្ដៅរបស់ប្រជាជនខ្មែរជាពន់ពេក។ ចំណែកឯការធ្វើដំណើរក្រុមដឹកជញ្ជូនរបស់ខ្ញុំនៅតាមផ្លូវមិនសូវជួបហ្នឹងផលវិបាកប៉ុន្មានទេ។ ជំនាន់នោះ យើងមានផ្លូវសម្រាប់ធ្វើដំណើរបានស្រួលហើយ។ ថ្ងៃមួយ ក្រុមរបស់ខ្ញុំបានដឹកជញ្ជូនក្រណាត់ទៅខាងអូរជ្រៅ ខ្ញុំបានជួបនូវបញ្ហាអសន្តិសុខខ្លះដែរ។ នៅទីនោះ កងកម្លាំងខ្មែរស ឡាវ និងថៃស បានតាំងលំនៅ និងឈរជើងនៅទីនោះ។ ប៉ុន្តែថៃក្រហមគឺជាអ្នកសម្របសម្រួល និងការពារផ្លូវឲ្យក្រុមដឹកជញ្ជូនខ្ញុំធ្វើដំណើរឆ្លងកាត់ទៅបាន ដោយមិនមានការវាយប្រហារគ្នានោះទេ។
ពេលទំនេរពីការងារដឹកជញ្ជូន ខ្ញុំតែងតែទៅលេងកីឡាបាល់ទាត់ និងបាល់ទះនៅជិតកន្លែងស្នាក់នៅរបស់ខ្ញុំ។ ចំពោះការហូបចុកក្រុមដឹកជញ្ជូនរបស់ខ្ញុំទទួលបានអាហារគ្រប់គ្រាន់ ប៉ុន្តែកាលណោះប្រជាជនដែលរស់នៅធ្វើការក្នុងសហករណ៍ហូបមិនបានគ្រប់គ្រាន់នោះទេ។ ជាក់ស្ដែង ខ្ញុំឃើញផ្ទាល់គឺថាសហករណ៍ផ្ដល់តែបបរឲ្យប្រជាជនហូបតែប៉ុណ្ណោះ។
ខ្ញុំធ្វើការជាកងបើកឡានដឹកជញ្ជូនរហូតដល់ឆ្នាំ១៩៧៩ ពេលដែលកងទ័ពវៀតណាមវាយចូលមករំដោះទីក្រុងភ្នំពេញ។ បន្ទាប់មក កងទ័ពរួមទាំងប្រជាជនដែលនៅសេសសល់បានប្រមូលសម្ភារៈដាក់ឡានធ្វើដំណើរឆ្ពោះទៅកាន់ខេត្តកំពង់ចាម។ ការធ្វើដំណើរមិនបានយូរប៉ុន្មានក្រុមឡានរបស់ខ្ញុំក៏បានធ្វើដំណើរដល់ទឹកដីខេត្តកំពង់ចាម យើងក៏បានឈប់និងចតឡានទុកចោល។ បន្ទាប់មក យើងនាំគ្នាចុះដើរឆ្ពោះទៅកាន់ភ្នំដងរែក។ ក្នុងឆ្នាំ១៩៨០ យើងបានចំណាយពេលធ្វើដំណើរអស់រយៈពេលមួយឆ្នាំ ទើបទៅដល់ច្រកមុំបីព្រំដែនថៃ។ ខ្ញុំបានចូលធ្វើជាកងទ័ព និងចេញទៅវាយនៅសមរភូមិខាងស្រុកក្រឡាញ់ក្នុងខេត្តសៀមរាប និងវាយទៅដល់ខេត្តកំពង់ធំ រួមទាំងវាយនៅផ្លូវជាតិលេខ៦ និងលេខ៧ផង។ ខ្ញុំស្ថិតនៅកងពលលេខ១០៥ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ សារុន និងអ៊ុនស៊ី។ ការវាយគ្នារវាយភាគីទាំងពីរបានធ្វើឲ្យកងទ័ពទាំងសងខាងរងរបួស និងស្លាប់ជាបន្តបន្ទាប់។
លុះដល់ឆ្នាំ១៩៨៦ ខ្ញុំត្រូវពិការជើងដោយសារជាន់មីន អំឡុងពេលធ្វើដំណើរទៅសមរភូមិ។ ក្រោយមកខ្ញុំក៏បានឈប់សម្រាកពីទាហានបានមួយរយៈ ដើម្បីសម្រាកព្យាបាលខ្លួននៅមន្ទីរពេទ្យខាងក្រោយ។ លុះក្រោយមកទៀត ពេលខ្ញុំបានជាសះស្បើយ ខ្ញុំក៏បានត្រឡប់ចូលទៅធ្វើជាកងទ័ពដូចដើមវិញ ដោយសារពេលនោះកម្លាំងទ័ពមានការខ្វះខាត។ ក្នុងឆ្នាំដដែល កម្លាំងខ្មែរក្រហមបានធ្វើការផ្លាស់ប្ដូរទីកន្លែងរស់នៅ ដោយប្ដូរចេញពីតំបន់១០០១ ទៅតំបន់១០០៣ វិញ។ ពេលនោះប្រជាជនដែលជាកងនារីដឹកជញ្ជូន និងប្រពន្ធកងទ័ពក៏ត្រូវធ្វើដំណើរមកកាន់តំបន់១០០៣ ជាមួយគ្នាដែរ។ បន្ទាប់ពី កងកម្លាំងបានមកដល់តំបន់១០០៣ តាម៉ុក បានចាប់ផ្ដើមដឹកនាំកងទ័ពចុះពីលើភ្នំក្នុងការវាយបណ្ដេញកងទ័ពវៀតណាមចេញពីតំបន់អន្លង់វែង ដើម្បីយកតំបន់នេះធ្វើជាទីកន្លែងរស់នៅរបស់កងទ័ព រួមទាំងប្រជាជនដែលនៅក្រោមការគ្រប់គ្រងរបស់ខ្លួន។
ក្នុងឆ្នាំ១៩៨៨ ខ្ញុំក៏បានចុះមករស់នៅអន្លង់វែង ដោយបានស្នាក់នៅក្បែរបឹងអូរជីក។ ប៉ុន្តែដោយសារតែនៅបឹងអូរជីកមានការលិចទឹកពាសពេញតំបន់ប្រជាជនរស់នៅ តាម៉ុក ក៏បានប្ដូរទីតាំងឲ្យមករស់នៅក្នុងភូមិថ្នល់កែង ហៅ(១០៥ ) ដល់បច្ចុប្បន្ននេះ»៕
អត្ថបទដោយ មេក វិន
[1] មេក វិន សម្ភាសន៍ជាមួយ នោ រ៉ាមើស នៅភូមិថ្នល់កែង ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នៅក្នុងឆ្នាំ២០២៥។