នង នេត៖ ជីវិតរស់ចេញពីរណ្តៅសាកសព
ជនបដិវត្តន៍ម្នាក់ស្ទើរតែបាត់បង់ជីវិតក្រោយពីការបង្ក្រាបយ៉ាងគំហុកលើកម្មាភិបាលភូមិភាគបូព៌ាដែលបានបះបោរ។ កម្មាភិបាលភូមិភាគនេះត្រូវបានចាប់ខ្លួនកើនដល់១,១៦៥នាក់ ដោយមានការចាប់ខ្លួនមនុស្សប្រហែល៥០០នាក់ ក្នុងខែមិថុនា ឆ្នាំ១៩៧៨ ក្រោមការធ្វើអត្តឃាតរបស់ សោ ភឹម។[1]
នង នេត គឺជាជនបដិវត្តន៍ថ្នាក់មូលដ្ឋានដែលត្រូវបានជ្រើសរើសឲ្យទៅធ្វើការនៅសាលាស-២០០ នៅជិតបុរីកីឡា ក្រុងភ្នំពេញ។ អំឡុងពេលធ្វើការគាត់ធ្លាប់ឃើញថ្នាក់ដឹកនាំកំពូលៗនៃរបបខ្មែរក្រហមបានមកបង្រៀនកម្មាភិបាលស្តីអំពីវគ្គអប់រំនយោបាយ។ ខាងក្រោមនេះជាប្រវត្តិរូបសង្ខេបរបស់ នេត ពីអ្នកធ្វើបដិវត្តន៍ក្លាយទៅជាអ្នកទោសត្រូវបាននាំយកទៅសម្លាប់ ប៉ុន្តែអាចនៅមានជីវិតវារចេញពីរណ្តៅសាកសពកាលពីជាង៤៥ឆ្នាំមុន។
នង នេត[2] ភេទប្រុស អាយុ៥២ឆ្នាំ (២០០៥) រស់នៅភូមិបឹង ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង។ នេត មានឪពុកឈ្មោះ នង អុង និងម្តាយឈ្មោះ ពុត ហែម។ គាត់មានបងប្អូន ៨នាក់ ស្លាប់ក្នុងរបបខ្មែរក្រហមអស់៤នាក់។ នេត បានឈប់រៀនត្រឹមថ្នាក់ទី១០ (សង្គមចាស់) ក្រោយមកបានបួសជាព្រះសង្ឃចំនួនពីរព្រះវស្សានៅវត្ដតាសួស។ នៅក្នុងឆ្នាំ១៩៧០ ដល់១៩៧២ នេត បានឃើញក្នុងភូមិបឹង មានការទម្លាក់គ្រាប់បែកពីសំណាក់យន្តហោះអាមេរិកាំងដែលគាំទ្ររបប លន់ នល់ ដើម្បីសម្លាប់យោធាខ្មែរក្រហម និងកងទ័ពវៀតកុង ដែលបានលាក់ខ្លួនក្នុងទឹកដីខ្មែរ។ នៅឆ្នាំ១៩៧៣ នេត បានស្ម័គ្រចិត្ដចូលចលនាខែ្មរក្រហម តាមរយៈការឃោសនាពីប្រធានភូមិ និងបានរត់ចូលពៃ្រម៉ាគីដើម្បីធ្វើចលនារំដោះប្រទេសជាតិ។[3] នេត ត្រូវបានអង្គការចាត់តាំងឲ្យទៅធ្វើជាយោធាស្រុករមាសហែក។ បន្ទាប់មកជាយោធាតំបន់២៣ ស្ថិតនៅក្នុងភូមិភាគបូព៌ាប្រយុទ្ធគ្នាជាមួយទាហាន លន់ នល់។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច នេត ត្រូវបានអង្គការបញ្ជូនមកធ្វើការងារនៅភ្នំពេញ។ គាត់បានធ្វើដំណើរតាមកប៉ាល់ជាមួយ យុវជន យុវនារី ជាច្រើនទៀត ពីខេត្តស្វាយរៀង និងខេត្តព្រៃវែង រហូតដល់មុខព្រះបរមរាជវាំង។ ពេលមកដល់មានឡានចំាទទួលយុវជន យុវនារី យកទៅធ្វើការនៅតាមក្រសួង មន្ទីរ និងរោងចក្រនានា។ នេត និងកម្មាភិបាលប្រហែល៣០នាក់ ត្រូវបានបញ្ជូនទៅធ្វើការនៅសាលាស-២០០ ស្ថិតនៅជិតបុរីកីឡា ដោយទទួលខុសត្រូវបោសសម្អាតបរិវេណសាលា និងភ្លក់មុខម្ហូបសម្រាប់ទទួលកម្មាភិបាលជាន់ខ្ពស់មករៀនជាមួយគណៈមជ្ឈិម។ នេត ឲ្យដឹងថានៅសាលាស-២០០ មានឈ្មោះ ភុម និងឈ្មោះ ប៉ង់ ជាប្រធានមន្ទីរក-៥ និងក-៦ ដែលគ្រប់គ្រង នេត និងអ្នកធ្វើការរាប់រយនាក់ទៀតដោយផ្ទាល់។ សាលាស-២០០ ជាស្ថិតក្រោមគណៈមជ្ឈិមបក្សដែលធ្វើការបណ្តុះបណ្តាលមាគ៌ាបក្ស និងគោលនយោបាយចំពោះកម្មាភិបាលមកពីគ្រប់ភូមិភាគ និងតំបន់នៅទូទាំងប្រទេសជារៀងរាល់ខែ។
នេត បានធ្វើការងារនៅសាលាស-២០០នេះ ប្រមាណ៣ឆ្នាំ ពីចុងឆ្នាំ១៩៧៥ រហូតដល់ ខែឧសភា ឆ្នាំ១៩៧៨។ នេត និង យុវជន៣នាក់ ទទួលបន្ទុកភ្លក់អាហារគ្រប់មុខទាំងអស់ រួមទាំងបារីសម្រាប់ទទួលកម្មាភិបាលខ្មែរក្រហមដែលមកប្រជុំ និងបោសសម្អាតទីតាំងសាលប្រជុំ។ នេត ឲ្យដឹងថាការភ្លក់នេះខ្លាចអាហារ និងបារី មានសារធាតុពុល។ នេត បន្តថាបើសិនជាអាហារមានជាតិពុលគឺគាត់ និងអ្នកភ្លក់អាហារ៣នាក់ទៀតស្លាប់មុនគេ។ នៅសាលានេះ នេត បានឃើញមេដឹកនាំរបបខ្មែរក្រហមដូចជា ប៉ុល ពត, នួន ជា, ខៀវ សំផន និងអ្នកដឹកនាំដទៃទៀតបានមកបង្រៀននយោបាយដល់បណ្តាថ្នាក់ដឹកនាំភូមិភាគបូព៌ា, ភូមិភាគឧត្តរ ភូមិភាគពាយ័ព្យ ភូមិភាគឦសាន ភូមិភាគនិរតី និងភូមិភាគបស្ចិម ជាដើម។ ការងារដែល នេត ធ្វើនៅសាលាស-២០០ មានភាពងាយស្រួល និងទទួលបានរបបអាហារហូបចុកគ្រប់គ្រាន់។
ពាក់កណ្តាលឆ្នាំ១៩៧៨ អង្គការបានចោទកម្មាភិបាលភូមិភាគបូព៌ា[4]ថា “ក្បាលយួនខ្លួនខ្មែរ” ខែមិថុនា ឆ្នាំដដែលនោះ សោ ភឹម បានសម្លាប់ខ្លួន រីឯកម្មាភិបាលភូមិភាគនេះជាច្រើនទៀតត្រូវបានអង្គការចាប់ផ្តើមស្រាវជ្រាវតាមគ្រប់មន្ទីរ និងក្រសួង។ នេត និងអ្នកធ្វើការនៅសាលាស-២០០ ប្រហែល៥០នាក់ ត្រូវបានផ្លាស់ប្តូរឲ្យទៅធ្វើការនៅសហករណ៍ស្ទឹង ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ។ នេត ត្រូវភ្ជួរស្រែ ស្ទូងស្រូវ និងឃ្វាលក្របី។ រយៈពេល១៥ថ្ងៃក្រោយមក នេត និងអ្នកទាំង៥០នាក់ត្រូវបានបញ្ជូនទៅជួសជុលផ្លូវរថភ្លើងនៅការដ្ឋានផ្លូវដែកត្រពាំងក្រឡឹង។ នៅការដ្ឋានផ្លូវដែកត្រពាំងក្រឡឹងបានបីខែ នេត និង កម្មករទំាង៥០ត្រូវបានបន្តផ្លាស់ទៅការដ្ឋានធ្វើផ្លូវ និងលូនៅស្ទឹងហាវ ក្រុងព្រះសីហនុ។ ការផ្លាស់ប្តូរពីមួយកន្លែងទៅមួយកន្លែងនេះ នេត និងកម្មករដទៃទៀតដឹងថា “គឺក្នុងគោលបំណងចង់សម្លាប់ដោយសារតែអង្គការខ្មែរក្រហមចោទកម្មាភិបាលខ្មែរក្រហមមកពីភូមិភាគបូព៌ាទាំងអស់ក្បត់ និងចង់ផ្តួលរំលំរបបខ្មែរក្រហម”។ ការដ្ឋានធ្វើផ្លូវ និងលូ នេះទោះបីជាកម្មករឈឺក៏មិនអាចសុំច្បាប់សម្រាកបានដែរ ចំណែករបបអាហារវិញផ្តល់ឲ្យតិចតួចបំផុត។ កម្មករដែលទ្រាំការលំបាកមិនបានមួយចំនួនបានស្លាប់ដោយសារតែធ្វើការងារធ្ងន់ និងគ្មានអាហារហូប។ មូលហេតុនេះបានបណ្តាលឲ្យ នេត និងកម្មដទៃទៀតបានធ្វើការបះបោរតវ៉ាប្រឆាំងចង់បានរបបអាហារហូបគ្រប់គ្រាន់។
អ្នកគ្រប់គ្រងការដ្ឋានធ្វើផ្លូវ និងលូ ឈ្មោះ ហឿន បានប្រើប្រាស់ទាហានប្រមាណ១០នាក់ដែលមានអាវុធគ្រប់ដៃធ្វើការបង្ក្រាបការបះបោរនេះ។ ក្រោយការបះបោរ នេត និងកម្មករទាំងអស់ត្រូវបានចាប់ និងឃុំខ្លួនដើម្បីសួរចម្លើយពីការបះបោរ និងប្រវត្តិពាក់ព័ន្ធនានាជាមួយនឹងកម្មាភិបាលភូមិភាគបូព៌ា។ នេត ត្រូវបានទាហានវាយសួរចម្លើយរយៈពេល១៣ថ្ងៃ ១៣យប់ ពីសកម្មភាពបះបោរ និងប្រវត្តិមុនចូលបដិវត្តិន៍។ គាត់ត្រូវបានសួរសំណួរដដែលថា “មុនចូលបដិវត្តិន៍ខ្មែរក្រហមគាត់ធ្វើអ្វី? និងមានសក្តិប៉ុន្មាន? អ្នកណានាំឲ្យគាត់មកភ្នំពេញ? ចម្លើយរបស់ នេត គឺ “មុនរបបខ្មែរក្រហមខ្ញុំជាព្រះសង្ឃ និងក្រោយមកខ្ញុំជាកម្មាភិបាលថ្នាក់មូលដ្ឋានដែលត្រូវបានជ្រើសរើសឲ្យមកធ្វើការងារនៅភ្នំពេញ ដោយសារតែខ្វះកម្លាំងធ្វើការនៅភ្នំពេញ”។ អំឡុងពេលសួរចម្លើយ នេត និងកម្មករដទៃទៀតត្រូវទាហានប្រដាប់ដោយអាវុធដាក់ខ្នោះជើង, វាយដំ, ដាក់ឲ្យមូសខាំ និងផ្តល់របបអាហារតែដំឡូង១ដុំក្នុង១ថ្ងៃ។ នេត បន្ថែមថានៅថ្ងៃទី១៣ ត្រូវនឹងថ្ងៃទី៦ មករា ឆ្នាំ១៩៧៩ អ្នកសួរចម្លើយបានធ្វើទារុណកម្មខ្លាំងឡើងៗ គាត់ក៏បានឆ្លើយនូវចម្លើយដែលទាហានសួរនោះចង់បានប៉ុន្តែខុសពីការពិតដើម្បីគេចចេញពីការធ្វើទារុណកម្ម។ នេត បានឆ្លើយថា “ក្នុងរបប លន់ នល់ ខ្ញុំជាទាហានមានសក្តិ៣”។
ថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ទាហានបានប្រាប់ថា នេត និងកម្មករទាំងអស់អង្គការត្រូវបញ្ជូនទៅភ្នំពេញ។ ប៉ុន្តែតាមពិត នេត និងកម្មករប្រហែល៥០នាក់ ត្រូវបាននាំយកទៅសម្លាប់នៅជិតជើងភ្នំតំបន់ស្ទឹងហាវ ក្រុងព្រះសីហនុ ដែលមានចម្ងាយប្រហែល២០០ម៉ែត្រពីកន្លែងសួរចម្លើយ។
ពេលទៅដល់ជើងភ្នំ នេត ឃើញមានរណ្តៅមួយជីករួចជាស្រេចត្រៀមទុកសម្រាប់សម្លាប់គាត់ និងកម្មករទាំងអស់។ ទាហានបានវាយ នេត និងកម្មករទាំងអស់នឹងដំបងឈើជ្រុងរួចរុញទម្លាក់ក្នុងរណ្តៅព្រមទាំងមានទាហានមួយក្រុមទៀតបានយកកាំបិតចំពុងទុងដើរចាក់សម្លាប់កម្មករបន្ថែម។ ជាសំណាងល្អជីវិតមិនអស់ នេត និងកម្មករម្នាក់ឈ្មោះ កាន មិនទាន់ស្លាប់ក៏បានងើបវារចេញពីរណ្តៅសាកសព និងបានជួយស្រាយខ្សែចំណងគ្នាទៅវិញទៅមក។ នេត និងកាន បានរស់នៅ និងហូបដំឡូងក្នុងព្រៃរយៈពេល១ខែ ទើបហ៊ានធ្វើដំណើរចូលភូមិវិញ ព្រោះគាត់ខ្លាចមានយោធាខ្មែរក្រហមនៅសេសសល់។ នេត និងកាន បានស្នាក់នៅឃុំជើងគោ រហូតដល់ចុងឆ្នាំ១៩៧៩ ទើបបែកគ្នាត្រលប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ។
ការរស់នៅឆ្លងកាត់របបខ្មែរក្រហម នេត យល់ឃើញថាអ្នកដឹកនាំរបបនេះគ្មានភាពស្មោះត្រង់និងមានការសង្ស័យគ្នាទៅវិញទៅមកទើបនាំឲ្យមានការកាប់សម្លាប់រវាងកម្មាភិបាលខ្មែរក្រហមគ្នាឯង និងប្រជាជន។ កំហុសក្នុងការដឹកនាំនេះបានរីករាលដាលធំឡើងៗរហូតបណ្តាលឲ្យរបបខ្មែរក្រហមត្រូវបានផ្តួលរំលំ។ បច្ចុប្បន្ន នេត មិនអាចធ្វើការងារធ្ងន់ៗបានទេដោយសារតែការប៉ះទង្គិចក្បាលធ្ងន់ធ្ងរកាលពីអតីតកាល និងនៅលើដងខ្លួនមានបន្សល់ស្លាកស្នាមជាច្រើនដោយសារតែការចាក់នឹងកំាបិតចំពុះទុងរបស់ទាហានខ្មែរក្រហម។
អត្ថបទដោយ អេង សុខម៉េង
[1]ឯកសារD427 (២០១០), ដីកាដំណោះស្រាយសំណុំរឿង០០២ របស់ការិយាល័យសហចៅក្រមស៊ើបអង្កេត, ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១០, អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា, ទំព័រទី១៤១។
[2]ឯកសារលេខ SVI០០៦០ (២០០៥). សម្ភាសន៍ជាមួយឈ្មោះ នង នេត ជាមួយ ផាន់ សុធា, ៣៣ទំព័រ, នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០០៥, មជ្ឈមណ្ឌលឯកសារកម្ពុជា។
[3] ឯកសារ I07033, មជ្ឈមណ្ឌលឯកសារកម្ពុជា, ទំព័រទី១
[4] យោងតាមសៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) និពន្ធដោយ ផេង ពង្សរ៉ាស៊ី et al., មជ្ឈមណ្ឌលឯកសារកម្ពុជា, ឆ្នាំ២០២០, ភ្នំពេញ, បោះពុម្ភលើកទី២, ទំព័រទី៣៣ សរសេរថា “ភូមិភាគបូព៌ា (ភូមិភាគ២០៣) ដឹកនាំដោយ សោ ភឹម ដែលបានធ្វើអត្តឃាតនៅខែឧសភា ឆ្នំា១៩៧៨។ ភូមិភាគនេះរួមមានខេត្តព្រៃវែង និងខេត្តស្វាយរៀងទាំងមូល ដែលផ្នែកខ្លះនៃខេត្តកំពង់ចាមដែលស្ថិតនៅត្រើយខាងកើតទន្លេមេគង្គទាំងអស់កាត់ចេញពីស្រុកមួយក្នុងខេត្តក្រចេះគឺស្រុកឆ្លូង និងកាត់យកស្រុកខ្លះពីខេត្តកណ្តាលដែលមានស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកមុខកំពូល។ ភូមិភាគនេះចែកចេញជា៥តំបន់ដែលរួមមានតំបន់២០ តំបន់២១ តំបន់២២ តំបន់២៣ និងតំបន់២៤។”