ណង ឈឿង៖ បដិវត្តន៍ខ្មែរក្រហមធ្វើឲ្យខ្ញុំឃ្លាតពីឪពុកម្តាយជារៀងរហូត

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ណង ឈឿង[1] ​ភេទ​ប្រុស​ អាយុ៦៩​ឆ្នាំ​​ មាន​​ស្រុក​កំណើត​នៅ​ភូមិ​ក្នុង​ ឃុំ​ស្វាយ​រំពារ​ ស្រុក​កំពង់​លែង​ ខេត្ត​កំពង់​ឆ្នាំង។ ឈឿង​ បច្ចុប្បន្ន​រស់​នៅ​ភូមិ​ទំនប់​លើ​ ឃុំ​ត្រពាំង​ប្រិយ៍​ ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មាន​ជ័យ​។​​

ឈឿង​ បាន​និយាយ​ថា៖ ​«មុន​​ឆ្នាំ​១៩៧០ ​ប្រជាជនបាន​​​រស់​នៅ​ដ៏​ល្អ​ប្រសើរ​ និង​មាន​ភាព​​សម្បូរ​សប្បាយ​ ​នៅ​ក្នុង​ស្រុក​ភូមិកំណើត​​​របស់​ខ្ញុំ​។​ លុះ​​ដល់​ឆ្នាំ​១៩៧០​ ប្រទេស​កម្ពុជា​ទាំង​មូល​ត្រូវ​ធ្លាក់​ចូល​ក្នុង​ភ្លើង​​​សង្គ្រាម។ អំឡុង​ពេល​នោះ​ ​ខ្ញុំ​​​បាន​ឈប់​រៀន​​ត្រឹម​ថ្នាក់​ទី​៩​ ពី​សង្គមចាស់​​។​ កាល​ណោះ​ ខ្ញុំ​សិក្សា​ភាសា​បារាំង​បាន​ចំនួន​ពីរ​ឆ្នាំ​ប៉ុណ្ណោះ​។ មូល​ហេតុ​ដែល​ខ្ញុំ​ឈប់​រៀន ​គឺ​ដោយ​សារ​ម្ដាយ​ឪពុក​​មាន​ជីវភាព​​​ខ្វះ​ខាត គួប​ផ្សំ​នឹង​​ភាព​ចលាចល​ដោយ​សារ​សង្គ្រាម​ផង​ដែរ​។​ ខ្ញុំ​ឈប់​រៀន​មិន​បាន​យូរ​ប៉ុន្មាន  ​ខាង​ឃុំ​​ក៏​ចាត់​តាំង​​​ឲ្យ​ធ្វើ​ជា​ឈ្លប ក្នុង​ឃុំស្វាយ​រំពារ​។ ខ្ញុំធ្វើ​ឈ្លប​ឃុំ ​​​រយៈ​ពេល​ពីរ​ខែ។ ខ្មែរ​ក្រហម​​ជ្រើស​រើស​ប្រជាជន​​​វ័យ​ជំទងៗ​​នៅ​ក្នុង​ភូមិ​ដើម្បី​​ចូល​ជា​កង​ចល័ត។​​ ចាប់តាំង​​ពី​ពេល​នោះ​ ​ខ្ញុំ​ត្រូវ​បាន​ឃ្លាត​ឆ្ងាយ​​​ពី​ឪពុក​ម្ដាយ រហូត​​មក​។​

នៅ​ចន្លោះ​​ឆ្នាំ​១៩៧៤ ដល់​ឆ្នាំ​១៩៧៥​ ខ្ញុំ​​ត្រូវ​បាន​​ជ្រើស​រើសចេញ​​ពី​កង​ចល័ត​ ដើម្បី​ចូល​ទៅ​​កង​ទ័ព​​ ដោយ​​សារ​នៅ​សមរភូមិ​ខាង​ក្នុង​កំពុង​តែ​ចលាចល​ខ្លាំង​ ហើយ​​ខ្វះ​ខាតកម្លាំង​ទ័ព​​។​ ដូច្នេះ​ ខ្មែរ​ក្រហម​​ត្រូវ​ការ​ប្រមូល​កម្លាំង​ចេញ​ពី​តំបន់​ផ្សេងៗ​ចូល​ជា​កង​ទ័ព​ ដើម្បី​វាយ​ជា​មួយ​កង​ទ័ព​ លន់​ នល់​។​ បន្ទាប់​​ពី​ខ្ញុំ​ចូល​ជា​កង​ទ័ព ​ខ្មែរ​ក្រហម​បាន​​បញ្ជូន​ខ្ញុំ​ឲ្យ​​ទៅ​វាយ​​នៅ​​ភូមិ​ភាគ​បូព៌ា។ អំឡុង​ពេលចូល​ទៅ​វាយ​នៅ​​សមរភូមិ​ ខ្ញុំ​មិន​ដែល​គិត​ថា​ចង់​រត់​ចេញ​ពី​ជួរ​កង​ទ័ព​ឡើយ។ ​ខ្ញុំ​​​ស្ម័គ្រ​ចិត្ត​ចូល​រួម​ដោយ​សេច​ក្ដី​ស្មោះ​​ត្រង់​ក្នុង​ការ​ទាម​ទារ​ឯក​រាជ្យ​ជូន​សម្ដេច​ នរោត្តម​ សីហនុ​។​ ​ប៉ុន្តែ​ ភាព​ភ័យ​ខ្លាច​ រួម​ទាំង​ទុក្ខ​ព្រួយ​របស់​​ខ្ញុំ​នៅ​តែ​មាន​ ដោយ​សារ​ខ្ញុំ​ត្រូវ​ប្រឈម​ជា​មួយការ​បាត់​បង់​​អាយុ​ជីវិត​នា​ពេល​នោះ​ជា​ខ្លាំង​។​ ខ្ញុំ​មិន​អាច​ដឹង​​បាន​ទេ​ថា​ តើ​ខ្ញុំ​​ឆ្លង​កាត់​ទុក្ខ​លំបាក​មួយ​នេះ​បាន​ដែរ​ទេ​។​ ទោះ​ជា​យ៉ាង​ណា​ សមរភូមិ​ក្ដៅ​គគុក​មួយ​នេះ​ខ្ញុំ​​ត្រូវ​តែ​ធ្វើ​ដំណើរ​ទៅ​មុខ​មិន​រាថយ​។​ មុន​ពេលដែល​ខ្ញុំ​ចេញ​ទៅ​សមរភូមិ​ ខ្ញុំ​ត្រូវ​ហ្វឹក​ហាត់​ពី​យុទ្ធ​សាស្រ្ត​ធ្វើ​សង្គ្រាម​បណ្ដើរ​។​ ខ្ញុំ​មិន​ដែល​មាន​ពេល​វេលា​សម្រាប់​ឈប់​សម្រាក​នោះ​ទេ​។​ កាល​ណោះ​ ខ្ញុំ​ស្ថិត​នៅ​កង​ទ័ព​ថ្មើរ​ជើង​ ដែល​មាន​តួនាទី​វាយ​នៅ​ខាង​មុខ​ ដោយ​មាន​​ក្រុម​រថ​ក្រោះ​ជំនួយ​។​ កង​កម្លាំង​ ខ្ញុំ​កាល​ណោះ​មាន​គ្នា​សរុប​ចំនួន​៣០០​នាក់​។​ ការ​ធ្វើ​សង្គ្រាម​នេះ​ បាន​ធ្វើ​ឲ្យ​កង​ទ័ព​ទាំង​ពីរ​ភាគី​ត្រូវ​របួស​ និង​ស្លាប់​អស់​ជា​ច្រើន​នាក់​។​ កង​ទ័ព​ ដែល​បាន​ស្លាប់​នៅ​ក្នុង​សមរភូមិ​ ទ័ព​ខ្មែរ​ក្រហម​មិន​ដែល​ទុក​ចោល​នោះ​ទេ​ គឺ​វាយ​ដណ្ដើម​សព​យក​មក​រក្សា​ទុក​ទាំង​អស់​។​ នៅ​ពេល​យប់​​ យើង​បាន​ប្រមូល​យក​សព​ទាំង​អស់​មកគត​ទុក​មួយ​កន្លែង​ហើយ​កង​ទ័ព​ត្រូវ​ដេក​នៅ​ជុំ​វិញ​សព​ដើម្បី​ការ​ពារ​ខ្លាច​មាន​សត្រូវ​មក​វាយ​ដណ្ដើម​យក​ទៅ​។​ ​​​​​​​​​​​​​​​​​​​​  លុះ​ព្រឹក​ឡើង​កម្លាំង​ទ័ព​ដែល​នៅ​សេស​សល់​បាន​នាំ​គ្នា​ដឹក​សព​​​ទៅខេត្ត​​កំពង់​ចាម ​ដើម្បី​យក​ទៅ​បូជា​​។​​ នៅ​ជំនាន់​នោះ​ ​អ្នក​ស្លាប់​គ្មាន​សាច់​ញាតិ ឬ​បង​ប្អូន​​ដឹងដំណឹង​នោះ​​ទេ​។ ខ្ញុំចាំ​បាន​ថា​ខ្ញុំ​​នៅ​កង​ពលពិសេស​លេខ​៦០៣​​ ដោយ​មាន​មេ​កង​ពល​​ឈ្មោះ​ តា​ពីន​ និង​តាវិន។​

ការ​ហូប​ចុក​របស់​កង​ទ័ព​ ភាគ​ច្រើន​មាន​ត្រី​ងៀត​ និង​មាន​បារី​ខ្លះៗ​ដែរ​សម្រាប់​អ្នក​ចេះ​ជក់​។ ប៉ុន្តែ​នៅជំនាន់​នោះ​ គឺ​យើង​ខ្វះ​ខាត​កៅ​ស៊ូ​ការពារទឹកភ្លៀង​។​ កង​ទ័ព​ ដែល​នៅ​ខ្សែ​ត្រៀមជួរ​មុខ​ជួប​ការ​លំបាក​ខ្លាំង​នៅ​រដូវ​វស្សាព្រោះ​កង​ទ័ព​ត្រូវសម្ងំ​លាក់​ខ្លួន​នៅ​ក្នុង​លេណដ្ឋាន​តូច​​ ដែល​ត្រូវ​ដាក់​មនុស្ស​ចំនួន​បីនាក់​។ ​យើង​​​គ្មាន​កៅ​ស៊ូ​ភ្លៀង​សម្រាប់​ប្រើ​ប្រាស់​គ្រប់​គ្រាន់​។ ថ្ងៃ​ខ្លះ​ យើងត្រូវ​សម្ងំលាក់​ខ្លួន​នៅ​លេណ​ដ្ឋាន​​រយៈ​ពេល​៤ទៅ​៥​ថ្ងៃ​ ហើយ​ត្រូវ​ដាច់​ស្បៀង​អាហារ​ ដោយ​សារ​តែ​ជាប់​វាយ​ជា​មួយ​ខ្មាំង​។​ រហូត​ដល់​ថ្ងៃ​ទី​១៧​ ខែ​មេសា​ ឆ្នាំ​១៩៧៥​ ខ្មែរ​ក្រហម​បាន​វាយ​រំ​ដោះ​ទី​ក្រុង​ភ្នំ​ពេញ​បាន​ជោគ​ជ័យ​។​

នៅ​ចុង​ឆ្នាំ​១៩៧៥​ ​​​ខ្មែរ​ក្រហម​បញ្ជូនកម្លាំង​ទ័ព​មួយ​ចំនួន​ទៅ​​​ធ្វើ​ការ​លើក​ទំនប់​ រែក​ដី​ ជីក​ប្រឡាយ​ ​ធ្វើ​ស្រែ ប្រមូលផល​​​​បញ្ជូន​​​ទៅ​ថ្នាក់​លើ​។ ភាគ​ច្រើន​ខ្ញុំ​ទៅ​លើក​ទំនប់ និង​ជីក​ប្រឡាយ​នៅ​ម្ដុំ​ទួល​អំពិល ដែល​​ស្ថិត​នៅ​​ក្នុង​ខេត្ត​កំពង់​ឆ្នាំង។ ទំហំ​ទំនប់​នីមួយៗ​ គឺ​មាន​ប្រវែង​ខ្ពស់​ និង​ធំៗ​ខ្លាំង​ណាស់​។​ កាល​ណោះ​ អង្គ​ការ​បាន​បែង​ចែក​ជា​ក្រុមៗ​ ​ដើម្បី​ងាយ​ស្រួល​ធ្វើ​ការ​។​ តាម​ក្រុម​នីមួយៗ​មាន​គ្នា​ចំនួន​១២​នាក់​ ហើយ​ក្នុង​មួយ​ថ្ងៃ​ត្រូវ​លើក​ទំនប់ឲ្យ​បាន​ចំនួន​១០ម៉ែត្រ​គីប​ ទើប​អាច​សម្រាក​បាន​។​ ប្រសិន​បើ​មាន​ក្រុម​ណា​មួយ​មិន​អាច​បំពេញ​តាម​ចំនួន​កំណត់​របស់​អង្គ​ការ​នោះ​ទេ​ ក្រោយ​ចប់​ការ​ងារ​ប្រធាន​សហករណ៍​នឹង​ធ្វើ​ការ​ហៅ​ទៅ​ប្រជុំ​ស្វ័យ​ទិតៀន​។​ ក្នុង​ការ​ប្រជុំ​ស្វ័យ​ទិតៀន​​ គឺការ​លើក​ឡើង​​អំ​ពី​ភាព​​​ខ្ចិល​ច្រអូស​ មិន​ខិត​ខំ​ធ្វើ​ការឲ្យ​អស់​ពី​កម្លាំង​ចិត្ត​កម្លាំង​កាយ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ អង្គការ​​ប្រៀប​ធៀបក្រុម​មួយ​​ជា​មួយ​ក្រុម​ដទៃ​ថា​ ​ ​ហេតុ​អ្វី​ក្រុម​យើង​ធ្វើ​មិន​បាន​ ដូច​ក្រុម​ដទៃ​ និង​​ប្រាប់​ឲ្យ​កែ​ប្រែ​ទម្លាប់​ការ​ខ្ចិល​ច្រអូស​ចេញ​​។ ចំពោះ​ការ​ហូប​ចុក​ខ្ញុំ​ទទួល​បាន​គ្រប់​គ្រាន់​មិន​​មាន​ការ​ខ្វះ​ខាតអ្វី​ឡើយ​​។

រហូត​ដល់​ចន្លោះ​ឆ្នាំ​១៩៧៩​ កង​ទ័ព​​រដ្ឋា​ភិបាលកម្ពុជា​ ​និង​​កង​ទ័ពស្ម័គ្រ​ចិត្ត​​វៀត​ណាម ​បាន​រួម​កម្លាំង​​គ្នា​វាយ​​បំបែក​​​កង​ទ័ព​ខ្មែរ​ក្រហម។ ​អំឡុង​ពេល​នោះ​ ក៏​មាន​ការ​រំ​សាយ​សហករណ៍​ចោល​ទាំង​អស់។​ ខ្ញុំ​​បាន​រត់​ចូល​ព្រៃ​ជា​មួយ​កម្លាំង​ទ័ព​ដែល​នៅ​សេស​សល់​។​ កាល​ណោះ​ កម្លាំង​ទ័ព​ខ្មែរ​ក្រហម​ មាន​គោល​ដៅ​រត់​ភៀស​ខ្លួន​ទៅ​តំបន់​ភ្នំ​១០០៣​ ដែល​តាម៉ុក​គឺជា​អ្នក​គ្រប់​គ្រង​។​ នៅដំណាក់​កាល​ដំបូង ​កម្លាំង​ទ័ព​ រួម​ទាំង​ប្រជាជន​មិន​ទាន់​ធ្វើ​ដំណើរ​ទៅ​បាន​ភ្លាមៗ​នោះ​ទេ​ យើង​ត្រូវ​ចំណាយ​ពេល​រស់​នៅ​ក្នុង​ព្រៃ​ជា​រឿយៗ​រហូត​ដល់​ឆ្នាំ​១៩៨៣​ ទើប​យើង​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ភ្នំ​១០០៣​ បាន​។​ បន្ទាប់​ពីកង​​កម្លាំង​ធ្វើ​ដំណើរ​ទៅ​ដល់​គោល​ដៅ​ តាម៉ុក​ បាន​ចាត់តាំង​ខ្ញុំ​ រួម​ទាំង​មនុស្ស​​ចំនួន​១៩​​នាក់ផ្សេង​ទៀត​​ ដើម្បី​គ្រប់​គ្រង​ខាង​សេដ្ឋ​កិច្ច​នាំ​ចូល​អីវ៉ាន់​ និង​សម្ភារ​ប្រើ​ប្រាស់​ពី​ប្រទេស​ថៃ សម្រាប់​ផ្គត់​ផ្គង់​ប្រជាជន​ រួម​ទាំង​កង​ទ័ព​នៅ​សមរភូមិ​មុខ​​។​ កាល​ណោះ​ ប្រធាន​គ្រប់​គ្រង​ក្រសួង​​សេដ្ឋ​កិច្ច​ មាន​​ឈ្មោះ​ កេង ។ ការ​ងារ​នៅ​ក្នុង​ក្រសួង​សេដ្ឋ​កិច្ច​គឺ​មាន​ភាព​នឿយ​ហត់​ខ្លាំង​ ​ព្រោះ​ត្រូវ​ធ្វើការ​​ទាំង​យប់​ទាំង​ថ្ងៃ​គ្មាន​ពេល​ឈប់​សម្រាក​នោះ​ឡើយ​។​ ការ​នាំ​ចូល​ពី​ប្រទេស​ថៃ​កាល​ណោះ​មាន​ដូច​ជា​ កាំ​ភ្លើង​តូច​ កាំ​ភ្លើង​ធំ​ អង្ករ​ អំបិល​ ប្រហុក​ ស្ករស​ ទឹក​ដោះ​គោ​ ទឹក​ត្រី​ ទឹក​ស៊ី​អ៊ីវ​ និង​កំណាត់​សម្រាប់​កាត់​សម្លៀក​បំពាក់​ ​ជា​ដើម​។

​ខ្ញុំរស់​​នៅតំបន់​​១០០៣​ អស់​មួយ​រយៈមុន​ពេល​ខ្ញុំ​​​រៀប​ការ​។ ក្រោយ​​ពី​​ខ្ញុំ​រៀប​ការ​ ​ខ្ញុំ​មិន​បានរស់​​នៅ​ជាប់លាប់​​ជា​មួយ​ប្រពន្ធ​នោះ​ទេ​ ​ព្រោះខ្ញុំ​​​ត្រូវ​ដឹក​ជញ្ជូន​ស្បៀង​ទៅ​ឲ្យ​កង​ទ័ព​នៅ​ខាង​មុខ​។ រយៈ​ពេល​៣ខែ​ ទៅ​៦ខែ​ ទើប​បាន​​ជួប​ជុំ​គ្រួសារ​ម្ដង។ នៅ​ចន្លោះ​ឆ្នាំ​១៩៨៦​ ដល់​ឆ្នាំ​១៩៨៨​ កង​ទ័ព​រដ្ឋា​ភិបាល​កម្ពុជា​ និង​កង​ទ័ព​ស្ម័គ្រ​ចិត្ត​វៀត​ណាម​បាន​វាយ​សម្រុក​ចូល​មក​តំបន់​១០០៣​ កាន់​តែ​ខ្លាំង​ឡើង​ តាម៉ុក​ ក៏​បាន​ចាត់​តាំង​ឲ្យ​ប្រជាជន​ជម្លៀស​ខ្លួន​ទៅ​នៅ​ជំរំ​ស្ទឹង​ចាន់ ដែល​ស្ថិត​នៅ​ក្នុង​ប្រទេស​ថៃ​។​ ការ​រស់​នៅ​ទី​នោះ​មិន​បាន​យូរ​ប៉ុន្មាន​ តាម៉ុក​ បាន​បញ្ចូន​ប្រជាជន​ទៅ​រស់​នៅ​ក្នុង​ជំរំ​ភូណយ​វិញ​។​ ការ​រស់​នៅ​ក្នុង​ជំរំ​ភូណយ​ ហាក់​បី​ដូច​ជា​មាន​ភាព​ងាយ​ស្រួល​ជាង​មុន ព្រោះ​ប្រជាជន​ចាប់​ផ្ដើម​ចាយ​លុយ​។ ​​ ប៉ុន្តែ​កាល​ណោះ​ យើង​ចាយ​ជា​លុយ​បាត​របស់​ថៃ​។​ ប្រជាជន​ដែល​រស់​នៅ​ក្នុង​ជំរំភូណយ​ ​ចាប់​ផ្ដើម​ក្រង​ស្បូវ​​ ដើរ​បេះ​ផ្សិត​យកទៅ​​លក់​ឲ្យ​ប្រជាជន​ថៃ​ ដើម្បី​បាន​ប្រាក់​កម្រៃ​បន្តិច​បន្តួច​ទុក​សម្រាប់​ទិញ​សម្ភារដែល​ខ្លួន​​ត្រូវ​ការ។​ ខ្ញុំ​រស់​​នៅ​ក្នុង​ជំរំ​ភូណយ​អស់​រយៈ​ពេល​៣ឆ្នាំ​ ដល់​​​ឆ្នាំ​១៩៩៨ នៅ​តំបន់​អន្លង់​វែង​មាន​ការ​ធ្វើ​សមាហរណកម្ម ​ជា​មួយ​កង​ទ័ព​រដ្ឋាភិបាល​កម្ពុជា​ ដើម្បី​បញ្ចប់​សង្គ្រាម​។​​ ​​គ្រួសារខ្ញុំ​ ក៏​បានចូល​មក​រស់​នៅ​ក្នុង​ភូមិ​ទំនប់​លើ​ ដែល​ស្ថិត​​ក្នុង​ស្រុក​អន្លង់​វែង​ រហូត​ដល់​បច្ចុប្បន្ន​»៕

អត្ថបទដោយ មេក វិន


[1] មេក វិន សម្ភាសន៍ជាមួយ ណង ឈឿន នៅភូមិទំនប់លើ ឃុំ​ត្រពាំងប្រិយ៍ ស្រុក​អន្លង់វែង ខេត្តឧត្តរមានជ័យ នៅក្នុងឆ្នាំ​២០២៥។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin