ចុងភៅរោងបាយនៅសហករណ៍ពាយនាយ

(ខេត្តព្រៃវែង) នូ អុន មានអាយុ៧៩ឆ្នាំ បច្ចុប្បន្នរស់នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង។ អុន រៀបការជាមួយប្តីឈ្មោះ ស ស៊ន់ តាំងពីជំនាន់សង្គមរាស្រ្តនិយម និងមានកូនចំនួន៤នាក់ ​(ស្រី៣នាក់)។

នៅឆ្នាំ១៩៧៩ ពេលខ្មែរក្រហមឡើងកាន់កាប់អំណាច អុន មានអាយុប្រហែល៣០ឆ្នាំ។ សមាជិកគ្រួសាររបស់ អុន ត្រូវកងឈ្លបខ្មែរក្រហមបំបែកឲ្យរស់នៅផ្សេងៗគ្នា ដោយកូនរស់នៅក្នុងកងកុមារ ហើយគាត់ និងប្តី រស់នៅក្នុងកងចល័ត នៅភូមិពាយនាយ។ កូនរបស់ អុន ត្រូវកងឈ្លបខ្មែរក្រហមប្រើឲ្យប្រមូលអាចម៍គោទុកធ្វើជី, បោសសម្អាតស្លឹកឈើ និងឃ្វាលគោ។ ប្តីរបស់ អុន ត្រូវទៅជីកទំនប់ និងលើកប្រឡាយ ក្នុងកងចល័ត​ឆ្ងាយពីភូមិ។ អុន និយាយថាការងាររបស់គាត់ងាយស្រួលជាងប្តី ព្រោះត្រូវធ្វើជាចុងភៅនៅរោងសហករណ៍ដាំបាយ ធ្វើម្ហូប និងចែករបបអាហារឲ្យក្រុមកងចល័ត។ គាត់បន្តថានៅរោងបាយពេលរបបខ្មែរក្រហមគ្រប់គ្រងដំបូង​មានអង្ករគ្រប់គ្រាន់ ប៉ុន្តែបានប្រហែល១ឆ្នាំ អង្ករចាប់ផ្តើមខ្វះខាត។ នៅរោងបាយ អុន សង្កេតឃើញថាមានប្រជាជនថ្មី (ប្រជាជន១៧មេសា) ជម្លៀសពីភ្នំពេញមករស់នៅប្រហែល២០គ្រួសារ។ ប្រជាជនថ្មីទទួលបានរបបអាហារ១ថ្ងៃបាយ ឬបបរ២ពេល គឺថ្ងៃត្រង់ និងល្ងាច ដូចប្រជាជនចាស់ដែរ។

នៅកន្លែង អុន រស់នៅ អង្គការតែងរៀបចំការប្រជុំ ដើម្បីឲ្យប្រជាជនទាំងអស់ធ្វើការទិតៀនគ្នាទៅវិញទៅមកពីបញ្ហាអសកម្មការងារដូចជាធ្វើការលាក់កម្លាំង, ធ្វើការមិនគ្រប់តាមផែនការ និងមានប្រជាជនឈឺច្រើនជាដើម។ ប្រធានសហករណ៍បានដោះស្រាយឲ្យប្រជាជនធ្វើការថែមម៉ោងនៅពេលយប់ ចំណែកឯអ្នកជំងឺមិនត្រូវបានផ្តល់របបអាហារទេ។ ខ្មែរក្រហមក៏បានអប់រំតម្រូវឲ្យប្រជាជននិយាយល្អៗពីអង្គការ។ អ្នកដែលហ៊ាននិយាយថាហូបមិនគ្រប់គ្រាន់ ធ្វើការច្រើនហួសកម្លាំង តែងបាត់ខ្លួនជាញឹកញាប់។ ថ្ងៃមួយ អុន ក្តៅខ្លួនខ្លាំងមិនអាចទៅធ្វើការ ប្រធានសហករណ៍​បានអនុញ្ញាតឲ្យគាត់សម្រាកនៅពេទ្យ២ថ្ងៃ។ គាត់ត្រូវបានពេទ្យខ្មែរក្រហមព្យាបាលជំងឺដោយថ្នាំរាងដូចអាចម៍ទន្សាយ និងកាត់បន្ថយរបបអាហារ។

នៅឆ្នាំ១៩៧៨ អុន បានសម្រាលកូន ហើយខ្មែរក្រហមអនុញ្ញាតឲ្យគាត់សម្រាកពីការងាររយៈពេលកន្លះខែ។ បន្ទាប់មកគាត់ត្រូវផ្លាស់ប្តូរពីការងារនៅរោងបាយទៅដកសំណាប និងស្ទូងស្រូវដោយកំណត់១ថ្ងៃចំនួន៥ដំប។ អុន មិនមានពេលដើម្បីថែទាំកូនតូចឡើយដោយទុកឲ្យចាស់ៗនៅកងកុមារជា​អ្នកមើលថែ។

នៅឆ្នាំ១៩៧៩ គ្រួសាររបស់អុន និងប្រជាជនសហករណ៍ពាយនាយមួយចំនួន ត្រូវបានខ្មែរក្រហមជម្លៀសឲ្យទៅរស់នៅតំបន់អ្នកលឿង។ ក្រោយមករបបខ្មែរក្រហមបានដួលរលំ។ គ្រួសាររបស់អុន និងប្រជាជនជម្លៀសបានត្រលប់មករស់នៅស្រុកកំណើតវិញ។ សព្វថ្ងៃ អុន មានជំងឺប្រចាំកាយ ដូចជា ជំងឺហឹងត្រចៀក, ជំងឺឈឺចង្កេះ, ជំងឺក្រពះ និងជំងឺពោះវៀន៕

សម្ភាសន៍ដោយ ជួន រក្សា ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin