អង្ករកន្លះកំប៉ុងបរិភោគមនុស្សពីរនាក់

ឈ្មោះ នូ ចាន់ដួង កើតនៅឆ្នាំ ១៩៥៦[1]។ ខ្ញុំមានស្រុកកំណើតនៅកោះត្រឡាច។ បច្ចុប្បន្នខ្ញុំមករស់នៅភូមិវើនសៀន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ឪពុករបស់ខ្ញុំឈ្មោះ នូ ហើយខ្ញុំជាកូនតែម្នាក់ក្នុងគ្រួសារ។ ប្តីរបស់ខ្ញុំឈ្មោះ ប្រាក់ ខុម រៀបការនៅឆ្នាំ ១៩៨០ មានកូនចំនួន៦ នាក់ (ស្រី២/ប្រុស៤)។
សម្តេចព្រះនរោត្តម សីហនុ បានបង្កើតតំបន់អូរស្វាយនេះឡើង ដើម្បីឲ្យប្រជាជនមករស់នៅហើយ សម្ដេចបានចែកផ្ទះកាឡុង ជូនប្រជាពលរដ្ឋដោយក្នុងមួយគ្រួសារទទួលបានមួយខ្នង, ដីស្រែចម្ការ និងប្រាក់ប្រចាំខែ។ ខ្ញុំបានឃើញសម្តេច មកតំបន់អូរស្វាយ ទតស្ថានភាពប្រជាជន ពេលនោះខ្ញុំមានឱកាសបានឃើញព្រះភ័ក្រ្តផ្ទាល់ ហើយខ្ញុំក៏បានចាប់ដៃទ្រង់ផ្ទាល់ផងដែរ។ ទ្រង់បានបោះកំណាត់សង្គមរាស្រ្តនិយមជាអំណោមកឲ្យប្រជាជន។
នៅឆ្នាំ ១៩៧០ យន្តហោះបានចាប់ផ្តើមទម្លាក់គ្រាប់បែក មកតំបន់ដែលមានទាហានវៀតណាមលាក់ខ្លួន និងតំបន់ដែលមានប្រជាជនរស់នៅ។ ខ្ញុំបានឃើញមានមនុស្សជាច្រើនរត់ចេញពីផ្ទះ ទៅពួនក្នុងរណ្តៅត្រង់សេរ ដើម្បីជៀសពីតំបន់ដែលត្រូវទម្លាក់គ្រាប់បែក។ សូម្បីតែអ្នកជិះទូកនៅក្នុងទឹកទន្លេក៏ត្រូវបានបាញ់ពីលើយន្តហោះផងដែរ។
នៅពេលខ្មែរក្រហមបានចូលកាន់តំបន់អូរស្វាយ ការរស់នៅកាន់តែពិបាក។ អង្គការបានរឹបអូសផ្ទះសម្បែងរបស់ប្រជាជន ជាពិសេសផ្ទះធំៗ អង្គការបានរុះរើរួចយកទៅធ្វើជាចង្រ្កានបាយ និងធ្វើជា ជង្រុកដាក់ស្រូវ។ ខ្មែរក្រហមបានកាន់កាប់អំណាចនៅឆ្នាំ ១៩៧៥ អង្គការបានប្រើប្រាស់ប្រជាជនយ៉ាងសាហាវ ឲ្យបរិភោគអាហាររួម ការបរិភោគបាយមួយថ្ងៃបានតែកន្លះកំប៉ុងតែប៉ុណ្ណោះសម្រាប់មនុស្ស ២នាក់ ហូបលាយជាមួយដើមចេក, ផ្លែល្វា, ស្លឹកដំឡូងមី។
អង្គការឲ្យធ្វើការងារទាំងថ្ងៃទាំងយប់ គ្មានពេលសម្រាកនោះឡើយ។ នៅខែប្រាំងក៏ត្រូវធ្វើការដែរ ដូចជាជីកទំនប់, លើកភ្លឺស្រែ ឬទៅរកទំពាំង។ ខ្ញុំត្រូវបានជម្លៀសទៅអូរពូក ហើយអង្គកាប្រើឲ្យធ្វើការរយៈពេល១ឆ្នាំនៅទីនោះ។ ខ្ញុំមិនបានជួបជុំជាមួយឪពុកម្តាយ និងបងប្អូននោះឡើយ គឺអង្គការបានឲ្យរស់នៅឆ្ងាយពីគ្នា។ ខ្ញុំបានបាត់បងប្អូនជាច្រើននាក់នៅក្នុងរបបខ្មែរក្រហម ដោយអង្គការបានយកទៅរៀនសូត្រហើយមិនបានត្រឡប់មកវិញទេ។ អ្វីដែលខ្ញុំចងចាំមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហមគឺនៅពេលបរិភោគមិនបានឆ្អែត ហើយត្រូវធ្វើការមិនដឹងថ្ងៃ យប់ និងពេលឈឺគ្មានថ្នាំព្យាបាល។ ខ្ញុំបានឃើញកងចល័តនៅអូរពូក ត្រូវបានខ្មែរក្រហមកាប់សម្លាប់ដោយចោទថាជាជនក្បត់នឹងអង្គការ។
នៅឆ្នាំ១៩៧៩ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានវាយផ្ដួលរំលំរបបខ្មែរក្រហម និងរំដោះប្រទេសកម្ពុជា និងសង្គ្រោះប្រជាជន។ [2]ប្រជាជនត្រូវបានជម្លៀសទៅភូមិព្រះរំកិល រហូតដល់ព្រំដែនថៃ។ នៅពេលវៀតណាម និងកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា វាយជាមួយទាហានខ្មែរក្រហមបានជ័យជម្នះ ទាហានវៀតណាមបានឲ្យប្រជាជនត្រលប់មកស្រុកដែលធ្លាប់រស់នៅវិញ។ ខ្ញុំក៏បានចាប់ផ្តើមរកស្រូវពូជពីញឺន មកធ្វើស្រែ, ដាំដំណាំ និងចិញ្ចឹមសត្វ។
អត្ថបទដោយ ស្រេង លីដា
[1] បទសម្ភាសន៍ «ប្រវត្តិសាស្រ្តផ្ទាល់មាត់៖ បទពិសោធន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» ជាមួយ នូ ចាន់ដួង អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅស្រុកបុរីអូរស្វាយ-សែនជ័យ ខេត្តស្ទឹងត្រែង ឆ្នាំ២០២៤, សម្ភាសដោយ ស្រេង លីដា, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។
[2] ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិឡាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ៖ អនុគណៈកម្មការមុខវិជ្ជឯកទេសប្រវត្តិវិទ្យា, ក្រសួងអប់រំ យុវជន និងកីឡា), ទំព័រទី៤១