កាលប្រវត្តិនៃការឡើងកាន់តួនាទីជាលេខាឃុំគោលាប់ និងសកម្មភាពក្បត់របស់ នូ អ៊ានឡេង

ឯកសារលេខ D21272,​ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា, ស្ដីពីប្រវត្ដិសកម្មភាពក្បត់របស់ឈ្មោះ នូ អ៊ានឡេង ហៅ គល់ ជាលេខាឃុំគោលាប់ ស្រុកក្រចេះ តំបន់៥០៥

នូ អ៊ានឡេង ឈ្មោះបដិវត្តន៍ គល់[1] អាយុ៣៩ឆ្នាំ មានទីកន្លែងកំណើតនៅភូមិដីដុះ ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ តំបន់៤២។ ឡេង មានប្រពន្ធឈ្មោះ ឈឹម ប៊ុនធី ជាអតីតគ្រូបង្រៀន សាលាបឋមសិក្សាកញ្ជរ ស្រុកឆ្លូង តំបន់២១។

នៅឆ្នាំ១៩៥៤ ឡេង បានប្រឡងធ្លាក់មធ្យមសិក្សា ហើយបានទាក់ទងជាមួយឈ្មោះ សៀង ឈាង ជាសិស្សថ្នាក់ទី៥ នៅវិទ្យាល័យសីហនុ ខេត្តកំពង់ចាម ដើម្បីខ្ចីសៀវភៅសម្រាប់បន្តការសិក្សា។ បន្ទាប់ពីការស្គាល់គ្នា សៀង ឈាង បានអប់រំ ឡេង ស្អប់នឹងលទ្ធិកុម្មុយនីស្តឲ្យទៅស្រឡាញ់លទ្ធិសេរី។ នៅឆ្នាំ១៩៥៥ សៀង ឈាង បាននាំ ឡេង ឲ្យជួបជាមួយ ទីវ អុល ហៅ សោម ជាសាស្រ្តាចារ្យនៃវិទ្យាល័យសីហនុ ហើយបានឧទ្ទេសនាមឲ្យគាត់ជាភ្នាក់ងារ សេ-អ៊ី-អា។ ក្រោយពីចូលជាភ្នាក់ងារ សេ-អ៊ី-អា ឈាង បានណែនាំឲ្យ ឡេង ស្គាល់ជាមួយខ្សែ សេ-អ៊ី-អា ចំនួនប្រាំបួននាក់ សម្រាប់ទាក់ទងធ្វើសកម្មភាព។ នៅចុងឆ្នាំ១៩៥៥ ឡេង បានប្រឡងជាប់ថ្នាក់មធ្យមសិក្សា រៀននៅសាលារាជ្ជការ ក្រុងកំពង់ចាម។​ ក្នុងរយៈពេលកំពុងសិក្សាតាំងពីឆ្នាំ១៩៥៤ ដល់ឆ្នាំ១៩៥៩ ឡេង បានទាក់ទងធ្វើការជាមួយឈ្មោះ ជ័រ ឈឿង តាមរយៈការណែនាំរបស់ សៀង ឈាង។ អ្នកទាំងពីរនាក់នោះបានសហការគ្នាធ្វើសកម្មភាព និងកសាងកម្លាំង សេ-អ៊ី-អា បានជាច្រើននាក់។

នៅឆ្នាំ១៩៥៩ ឡេង បានរៀនគរុកោសល្យគ្រូបង្រៀននៅទីក្រុងភ្នំពេញ និងបានជួបជាមួយនឹង សៀង ឈាង និង ទីវ អុល និងបានទាក់ទងជាមួយខ្សែ សេ-អ៊ី-អា ថ្មីមានឈ្មោះដូចជា៖ គិត សៅ ជាសាស្រ្តាចារ្យនៃវិទ្យាល័យក្រចេះ និងជាប្រធានក្រសួងសិក្សាអប់រំរបស់តំបន់៥០៥, អេង ប៊ុនហ៊ាង ជាប្រធានក្រសួងដឹកជញ្ជូនរបស់តំបន់៥០៥, ពិជ ប៊ុនធិន ជាសិស្សនៃសាលាគរុកោសល្យ និង គ្រួច ធួ ជាប្រធានសហករណ៍ឃុំកញ្ជរ ស្រុកឆ្លូង តំបន់២១ ភូមិភាគបូព៌ា។ នៅចុងឆ្នាំ១៩៥៩ ឡេង បានចេញបង្រៀនសិស្សនៅសាលាបឋមសិក្សាសំបុក និងភ្ជាប់ខ្សែទំនាក់ទំនងជាមួយឈ្មោះ ប៉ឹង លឹង ជាអតីតសង្រ្គាជវត្តសំបុក។

នៅឆ្នាំ១៩៧០ កម្លាំង សេ-អ៊ី-អា បានចូលបង្កប់ខ្លួនក្នុងជួរបដិវត្តន៍របស់ខ្មែរក្រហម។ នៅខែតុលា ឡេង បានទៅរៀនបច្ចេកទេសយោធា និងបានស្គាល់ជាមួយនឹងខ្សែបណ្ដាញរបស់ សេ-អ៊ី-អា ថ្មីៗជាច្រើន។ នៅខែមិថុនា ឆ្នាំ១៩៧១ ខ្មែរក្រហមបានចាត់តាំងឲ្យ ឡេង ធ្វើជាកម្មាភិបាលឃោសនាអប់រំនៅឃុំថ្មី ស្រុកក្រចេះ។ ក្រោយពីទទួលតួនាទីជាកម្មាភិបាលឃោសនាអប់រំ ឡេង ទទួលបានការអប់រំពីសំណាក់​ឈ្មោះ អ៊ី ដើម្បីទាក់ទងជាមួយនឹងកម្លាំងដទៃទៀតដែលនៅតំបន់ផ្សេងៗ រួមគ្នាក្បត់នឹងបដិវត្តន៍។ នៅខែកុម្ភៈ ឆ្នាំ១៩៧២ អង្គការបានចាត់តាំងឲ្យ ឡេង ធ្វើជាប្រធានសិល្បៈនៅតំបន់៥០៥ បានត្រឹមរយៈពេលប្រាំពីរខែ អង្គការបានដកឲ្យគាត់ធ្វើជាសមាជិកគណៈកម្មករលីសែងវិញ។

នៅខែមករា ឆ្នាំ១៩៧៤ អង្គការបានចាត់តាំងឲ្យ ឡេង ធ្វើជាលេខាឃុំសំបុក។ នៅក្នុងឱកាសនោះគាត់បានទាក់ទងជាមួយខ្សែរយៈចាស់ដែលគាត់ធ្លាប់បានរួមសកម្មភាពជាមួយ ដើម្បីរាយការណ៍ពីសកម្មភាព និងបន្តការធ្វើសកម្មភាពក្បត់បដិវត្តន៍។ នៅខែមិថុនា ឆ្នាំ១៩៧៥ យី[2] បានហៅ ឡេង រួមជាមួយកម្មាភិបាលនៅក្នុងស្រុកក្រចេះ ទៅប្រជុំនៅមន្ទីរ ដ-៤ ស្ថិតនៅក្នុងឃុំដា ដើម្បីរៀបចំផែនការបន្ទាប់។ ក្នុងការប្រជុំមានសមាជិកសរុបចំនួន២១នាក់ ហើយខ្លឹមសារនៃការប្រជុំគឺ ដំបូងឡើយ យី បានឧទ្ទេសនាមឲ្យស្គាល់ខ្សែសង្វាក់ សេ-អ៊ី-អា ទាំងអស់ និងបានលើកពីផែនការចំនួនបីចំណុច៖ ទីមួយ បំផ្លាញនយោបាយរបស់បក្ស បំភ្លៃមាគ៌ាបីតោន និងបង្អត់បាយប្រជាជន។ ទីពីរ កសាងកម្លាំង សេ-អ៊ី-អា គឺប្រមូលប្រជាជន១៧មេសា, ទាហាន, ប៉ូលិស និងអ្នករដ្ឋការ ត្រូវបញ្ចូលអ្នកទាំងអស់នោះទៅក្នុងកងឈ្លប និងយោធាស្រុក ចំណែកកម្មាភិបាលបដិវត្តន៍ត្រូវទម្លាក់ចេញពីតួនាទី។ ទីបី ត្រូវបំបិទវប្បធម៌នយោបាយបដិវត្តន៍ មានដូចជា វិទ្យុ, កាសែត, ឯកសារ និងទស្សនាវដ្ដី មិនត្រូវឲ្យប្រជាជនស្ដាប់ និងមើល ដែលអាចធ្វើឲ្យប្រជាជនងងឹតងងុលមិនយល់ពីមាគ៌ារបស់បក្ស ហើយត្រូវតែបំផុសពីវប្បធម៌របស់ចក្រពត្តិ។ បន្ទាប់ពីចប់ការប្រជុំ ឡេង បានយកផែនការទាំងអស់នេះដាក់ឲ្យខ្សែដែលនៅក្រោមបង្គាប់របស់គាត់អនុវត្តន៍។

នៅឆ្នាំ១៩៧៦ ឡេង បានដឹកនាំខ្សែ សេ-អ៊ី-អា ធ្វើសកម្មភាពបំផុសឃោសនាពីបញ្ហាកង្វះអាហារហូបចុក និងធ្វើការងារគ្មានពេលសម្រាក ក្រៅពីនោះ ឡេង មិនបានយកមាគ៌ារបស់បក្សទៅអប់រំប្រជាជនឡើយ។ ធ្វើសកម្មភាពបំភ្លៃមាគ៌ាធ្វើស្រែ ស្រូវស្រាលស្ទូងស្រែជម្រៅ ស្រូវធ្ងន់ស្ទូងស្រែលើ ចំពោះការជីកប្រឡាយ កន្លែងដែលមិនត្រូវជីកគឺដឹកនាំប្រជាជនជីក នៅពេលដែលជីករួចគឺគ្មានទឹកប្រើប្រាស់។ សម្រាប់ការផ្ដល់សម្លៀកបំពាក់ឲ្យប្រជាជននៅក្នុងមួយឆ្នាំប្រជាជនទទួលបានសម្លៀកបំពាក់ត្រឹមតែមួយសម្រាប់។

នៅខែមេសា ឆ្នាំ១៩៧៧ យី បានចាត់តាំង ឡេង ឲ្យធ្វើជាលេខាឃុំគោលាប់ ដោយសារតែ យី មានទំនុកចិត្តទៅលើគាត់សម្រាប់ការរៀបចំឃុំធ្វើជាមូលដ្ឋានបង្អែកសម្រាប់ការវាយប្រហារលើបដិវត្តន៍នៅថ្ងៃខាងមុខ។ នៅក្នុងឆ្នាំដដែល យី បានដឹកនាំ ឡេង, អុល, សែម សាន និង នារីរុម ជាសមាជិកឃុំគោលាប់ រៀបចំផ្ទះសម្រាប់ដាក់ទូរលេខ និងសម្ភារ ម្យ៉ាងទៀតគឺត្រូវរៀបចំមូលដ្ឋានឃុំគោលាប់ឲ្យទៅជាមូលដ្ឋានបង្អែករបស់ សេ-អ៊ី-អា។ ទន្ទឹមនឹងនោះគឺមានភារកិច្ចរៀបចំមូលដ្ឋានបង្អែកត្រូវកសាងកម្លាំងឈ្លបរបស់ឃុំសម្រាប់ការពារមូលដ្ឋាន, កសាងកម្មាភិបាលសម្រាប់ដឹកនាំមូលដ្ឋាន, ស្បៀងអាហារ ត្រូវតែមានសម្រាប់ឧបត្ថម្ភមូលដ្ឋាន, ត្រូវអប់រំពង្រឹង និងពង្រីកកម្លាំងក្នុងមូលដ្ឋាន, ផ្លូវធ្វើដំណើរត្រូវជួសជុលកែលម្អឲ្យមានភាពងាយស្រួលសម្រាប់បើកបរ, សង្គមកិច្ច និងសុខាភិបាលត្រូវពង្រីកសម្រាប់បម្រើមូលដ្ឋាន។ ចំណែកផ្នែកនយោបាយ ត្រូវឃោសនាអប់រំមិនមានការប្រើវិទ្យុ ដើម្បីកុំឲ្យប្រជាជនជ្រួតជ្រាបពីមាគ៌ារបស់បដិវត្តន៍ ហើយមិនមានដំណោះស្រាយបញ្ហាទីជម្រករបស់ប្រជាជន ដោយលើកហេតុផលថាសហករណ៍មានការរវល់ច្រើន។

នៅខែវិច្ឆិកា ឆ្នាំ១៩៧៧ ឡេង បានចាត់តាំងឈ្មោះ ទីម ជាប្រធានផ្គត់ផ្គង់ឃុំគោលាប់ និង សាអុន ជាអនុប្រធាន ឲ្យដើរប្រមូលផលស្រូវនៅតាមភូមិនីមួយៗ។ ស្រូវដែលប្រមូលបានត្រូវដាក់នៅក្នុងជង្រុកសម្រាប់ឧបត្ថម្ភសមរភូមិ ស្តុកទុកនៅពេលមានសភាពការណ៍ធ្វើរដ្ឋប្រហារនៅថ្ងៃខាងមុខ។ នៅខែធ្នូ ឆ្នាំ១៩៧៧ ឡេង បានចុះជួបជាមួយ ប៉ោង, ស៊ីន, អ៊ាង និងផន នៅផ្នែកព្យាបាល។ ឡេង បានណែនាំឲ្យអ្នកទាំងបួននាក់នោះបន្តធ្វើសកម្មភាពប្រឆាំងបក្សឲ្យខ្លាំងក្លា, មិនយកចិត្តទុកដាក់លើការព្យាបាលប្រជាជន និងរក្សាទុកថ្នាំដែលល្អៗសម្រាប់ផែនការរបស់ សេ-អ៊ី-អា។ ក្រៅពីនោះត្រូវតែធ្វើសកម្មភាពចាក់ថ្នាំសម្លាប់ប្រជាជន ឲ្យប្រជាជនលែងមានជំនឿលើបដិវត្តន៍។

រហូតដល់ខែមករា ឆ្នាំ១៩៧៨ សភាពការណ៍របស់កម្លាំង សេ-អ៊ី-អា មានការវិវត្តកាន់តែខ្លាំងក្លា និងធ្វើសកម្មភាពក្បត់បដិវត្តន៍ជាគំហុក។ ថ្ងៃទី២០ ឡេង បានស្នើសុំផ្នែកដឹកជញ្ជូនរបស់តំបន់ឲ្យដឹកអាវុធ និងស្បៀងមកសម្រាប់បម្រើផែនការធ្វើរដ្ឋប្រហារនៅខែមេសា។ នៅថ្ងៃបន្ទាប់វេលាទៀបភ្លឺ ហ៊ាង និងអ្នកបើកឡានចំនួនបីនាក់ទៀត បានបើកឡានដឹកអាវុធ និងគ្រាប់ចំនួនបួនឡានទៅអង្គភាព។ ឡេង និងសមាជិកបានជញ្ជូនសម្ភារទាំងអស់រក្សាទុកក្នុងឃ្លាំង។ រឿងមួយដែលសំខាន់មួយទៀតគឺ មូលដ្ឋានឃុំគោលាប់ត្រូវមានតួនាទីទទួលចិញ្ចឹមយោធាចំនួន២០០នាក់ ដេលចេញពីកម្មករឧស្សាហកម្ម ដឹកជញ្ជូន កងលីសែងរបស់តំបន់៥០៥ រួមជាមួយយោធាស្រុក យោធាតំបន់ និងកងទ័ពវៀតណាម ធ្វើជាបង្អែកដើម្បីវាយយកប្រទេសកម្ពុជា។ សកម្មភាពនៃការកសាងកម្លាំង និងសកម្មភាពប្រឆាំងនឹងបដិវត្តន៍គឺនៅតែបន្តជាប់ជានិច្ច។

នៅថ្ងៃទី២២ ខែមីនា ឆ្នាំ១៩៧៨ សៅ បានឲ្យឈ្លបយកសំបុត្រមួយច្បាប់ប្រគល់ឲ្យ ឡេង។ នៅក្នុងខ្លឹមសារសំបុត្រគឺឲ្យ ឡេង ទៅជួបគាត់នៅភូមិអូរឫស្សីជាបន្ទាន់។ ក្រោយពីទទួលបានសំបុត្រភ្លាម ឡេង បានចេញទៅជួបជាមួយ សៅ។ ទៅដល់ទីនោះគាត់ក៏បានជួបជាមួយនឹងខ្សែដទៃទៀតដូចជា៖ ហ៊ាង, សាក់, យ៉េត, សុន, រឿន និង សុន។ អ្នកទាំងអស់នោះបានពិភាក្សាគ្នាពីបញ្ហាដែលយោធាខ្មែរក្រហមឡោមព័ទ្ធមន្ទីរ ដ-៥ ប៉ុន្តែការពិភាក្សានោះមិនបានដឹងពីព័ត៌មានថាការឡោមព័ទ្ធនោះគឺមានគោលបំណងអ្វីនោះទេ។ រហូតដល់ថ្ងៃទី២៤ ទើបដឹងថាអង្គការបានចាប់ខ្លួន យី ជាលេខាតំបន់៥០៥ យកទៅឃុំខ្លួននៅមន្ទីរសន្តិសុខស-២១។ ក្រោយពីការចាប់ខ្លួនលេខាតំបន់ សមាជិក សេ-អ៊ី-អា នោក្នុងតំបន់នោះត្រូវបានផ្អាកសកម្មភាពទាំងអស់ ហើយរត់គេចខ្លួនទៅក្នុងព្រៃ។ ឡេង បាននាំឈ្លបចំនួន១០នាក់ រត់គេចខ្លួនទៅភូមិច្រវ៉ា ហើយរត់បន្តចូលទៅក្នុងព្រៃគគីរ បានជួបជាមួយអ៊ាង។ អ៊ាង បានប្រាប់គាត់ថា យាន កំពុងស្វែងរកគាត់។ ឡេង បានចេញទៅជួប យាន នៅភូមិចង្រ្កង់ប៉ុន្តែមិនបានជួបនោះទេ គាត់ក៏បានវិលទៅភូមិច្រវ៉ាវិញ។ ឡេង ស្នាក់នៅភូមិច្រវ៉ារយៈពេលមួយយប់ ក៏ចូលទៅក្នុងមន្ទីរឃុំគោលាប់ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៧៨ គាត់ត្រូវបានចាប់ខ្លួនពីសំណាក់អង្គការខ្មែរក្រហម៕

អត្ថបទដោយ នេន ស្រីមុំ


[1] ឯកសារលេខ D21272,​ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា, ស្ដីពីប្រវត្ដិសកម្មភាពក្បត់របស់ឈ្មោះ នូ អ៊ានឡេង ហៅ គល់ ជាលេខាឃុំគោលាប់ ស្រុកក្រចេះ តំបន់៥០៥។ ឡេង បានសារភាពថា គាត់ជាខ្សែរយៈ សេ-អ៊ី-អា បានរៀបចំផែនការវាយបក្សកុម្មុយនីស្ដកម្ពុជា។ ទន្ទឹមនឹង ផែនការនេះ បានរៀបចំមូលដ្ឋានបង្អែកត្រូវកសាងឈ្លបរបស់ឃុំសម្រាប់ការពារមូលដ្ឋាន។ កំណត់ចំណាំ៖ “រាល់ចម្លើយសារភាពរបស់អ្នកទោសទាំងអស់នៅមន្ទីរសន្តិសុខស-២១ សុទ្ធតែឆ្លងកាត់ការបង្ខិតបង្ខំ និងធ្វើទារុណកម្មធ្ងន់ធ្ងរពីកងសួរចម្លើយរបស់ខ្មែរក្រហម ដូច្នេះមិនអាចសន្និដ្ឋានបានថាចម្លើយរបស់ នូ អ៊ានឡេង ពិត ឬយ៉ាងណានោះទេ”។

[2] ឯកសារលេខ J00829, តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា, “យី ឈ្មោះដើម ប៊ន ណាន ជាលេខាតំបន់៥០៥ មានអាយុ៣៩ឆ្នាំ (នៅក្នុងឆ្នាំ១៩៧៨) កើតនៅភូមិត្រពាំងផ្លុង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក តំបន់២០ ភូមិភាគបូព៌ា។ ឪពុករបស់ យី ឈ្មោះ ហឹង ប៊ន ម្ដាយឈ្មោះ ហែម សួង គាត់មានបងប្អូនចំនួនប្រាំនាក់។ ប្រពន្ធរបស់ យី ឈ្មោះ ហ៊ុនយឿន និងមានកូនម្នាក់។ យី ត្រូវបានអង្គការចាប់ខ្លួននៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧៨ ដោយចោទប្រកាន់ថាជាចារកម្ម។”

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin