អតីតកងឈ្លបធ្លាប់ចេញចូលមន្ទីរសន្តិសុខចម្ការកាហ្វេ(បានជួបជនជាតិអាមេរិក)

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

បន្ទាប់ពីរបបខ្មែរក្រហម ឡើងកាន់អំណាចនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហម បានអនុវត្តគោលនយោបាយបោសសម្អាតផ្ទៃក្នុង រួមមានខ្មាំងខាងក្នុងនិងខ្មាំងខាងក្រៅ។ នេះគឺជាមូលហេតុធ្វើឲ្យប្រជាជនស្លូតត្រង់ងាយរងគ្រោះ រួមទាំងកម្មាភិបាលខ្មែរក្រហម ស្លាប់អស់ប្រមាណជាង២លាន២សែននាក់[1]។ នួន ពៅ​ ហៅ ឃន[2] អាយុ៧០ឆ្នាំ មានប្រពន្ធឈ្មោះ យន់ យឿង អាយុ៦៣ឆ្នាំ និងមានកូនចំនួន៧នាក់(ស្រី៣ប្រុស៤)។ ពៅ មានឪពុកឈ្មោះ នួន យឹម និងម្តាយឈ្មោះ ឃួន ប្រើច (ស្លាប់) ព្រមទាំងមានបងប្អូន១១នាក់ (ប្រុស៦ស្រី៥) ក្នុងនោះ បងប្អូនរបស់គាត់៤នាក់ត្រូវខ្មែរក្រហមចាប់យកទៅសម្លាប់ចោល។ សព្វថ្ងៃ ពៅ រស់នៅភូមិឡូ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ខាងក្រោម គឺជាការរៀបរាប់បទពិសោធន៍របស់​ នួន ពៅ៖

កាលពីកុមារភាព ខ្ញុំ​រៀនសូត្របានត្រឹមថ្នាក់ទី១០(ពីសង្គម) នៅសាលាវត្តឡូ។ នៅឆ្នាំ១៩៧០ មានរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ។ ប្រទេសជាតិចាប់ផ្តើមជ្រួលច្របល់ ហើយប្រជាជននាំគ្នាធ្វើបាតុកម្មប្រឆាំងនិងរបបសាធារណរដ្ឋខ្មែរ ដឹកនាំដោយសេនាប្រមុខ លន់ នល់។ នៅពេលនោះ ខ្ញុំសង្កេតឃើញថា ប្រជាជនវៀតណាមមួយចំនួន ដែលធ្លាប់រស់នៅធ្វើជាកម្មករចម្ការកៅស៊ូ, ម្រេច និងកាហ្វេ នាំគ្នារត់ភៀសខ្លួនទៅរស់នៅប្រទេសវៀតណាមវិញ នៅសល់មួយចំនួនបន្តរស់នៅជាមួយប្រជាជនខ្មែរ, ចាម និងជនជាតិស្ទៀង(កាលពីជំនាន់បារាំង ភូមិឡូ ឃុំកំពាន់ មានជនជាតិស្ទៀងច្រើនរស់នៅ)។

នៅឆ្នាំ១៩៧១ ខ្ញុំបានសម្រេចចិត្តឈប់រៀន មកជួយធ្វើស្រែចម្ការឪពុកម្តាយវិញ។ បន្ទាប់មកទៀត ខ្ញុំបានស្ម័គ្រចិត្តចូលបម្រើជាកងឈ្លបប្រចាំភូមិនិងឃុំ ដើម្បីការពារកុំឲ្យវៀតកុងចូលមករស់នៅក្នុងភូមិឡូ និងការពារកុំឲ្យខាងទាហានឧត្តមសេនីយ លន់ នល់ មកទម្លាក់គ្រាប់បែក។ កាលនោះ ខ្ញុំបានដឹងថា កងទ័ពខ្មែរក្រហម សហការជាមួយទាហានវៀតកុង ដើម្បីវាយប្រយុទ្ធជាមួយទាហានឧត្តមសេនីយ លន់ នល់ រួមទាំងទាហានអាមេរិក ដែលបានបោះទីតាំងម្តុំផ្ការំចេកត្រឹមគីឡូម៉ែត្រ៣០។ កងទ័ពទាំងនោះ មិនបានចូលដល់ភូមិឡូយើងនេះទេ។ ឯទាហានធីវគីនិងទាហានអាមេរិក មានរថគ្រោះនៅត្រឹមឆ្លូង២(ជំនាន់សម្តេចឪហៅថាឆ្លូងដឺ) និង(វៀតណាមហៅថាឆ្លូងសូហាយ)។

នៅក្នុងឆ្នាំ១៩៧២ មានយន្តហោះទម្លាក់គ្រាប់បែកស្ទើរតែរាល់ថ្ងៃ នៅតាមព្រៃជាយភូមិឡូ តែមិនបណ្តាលឲ្យប្រជាជនមានគ្រោះថ្នាក់ប៉ុន្មានទេ។ នៅក្នុងឆ្នាំ១៩៧២ នៅភូមិឡូ ប្រធានសង្កាត់កំពាន់ឈ្មោះ សំ បូរ បានបង្កើតមន្ទីរសន្តិសុខខ្មែរក្រហមមួយកន្លែង (មានទំហំ១៤០ម៉ែត្រការ៉េ និងមានខ្ទមតូចចំនួនបីទៀត) សម្រាប់ដាក់អ្នកទោស ដែល ទី១)ខុសសីលធម៌ ទី២) អ្នកខ្ជិលធ្វើការងារ ទី៣)អ្នកជាប់និន្នាការនយោបាយ និង ទី៤)មន្ត្រីនិងទាហានលន់ នល់។ នៅមន្ទីរសន្តិសុខចម្ការកាហ្វេ ខ្ញុំបានចេញចូលជាច្រើនលើកដោយសារមានបងថ្លៃឈ្មោះ តាគង្គា ជាគណៈស្រុកនៅតំបន់នេះ។ ខ្ញុំក៏ធ្លាប់ធ្វើជាអ្នកដាំបាយ នៅពេលទទួលភ្ញៀវជាកម្មាភិបាលខ្មែរក្រហម មកប្រជុំនៅចម្ការកាហ្វេដែរ។ នៅអំឡុងឆ្នាំ១៩៧២ ខ្ញុំបានឃើញទាហានវៀតកុងចាប់បានទាហានអាមេរិកម្នាក់ មកពីព្រំដែនវៀតណាម យកមកប្រគល់ឲ្យយោធាខ្មែរក្រហម ដែលជាអ្នកទទួលខុសត្រូវ រួចហើយបានយកមកដាក់នៅមន្ទីរសន្តិសុខចម្ការកាហ្វេ។ ខ្ញុំនៅចាំបានថា ទាហានអាមេរិក(ឮប្រធានសន្តិសុខឈ្មោះ បឿន)ហៅថាឪអាយ៉េ។ ខ្ញុំដឹងទៀតថា ទាហានអាមេរិកនោះ មានអាយុប្រហែលជា៣០ឆ្នាំជាង មានសម្បុខ្មៅសក់រួញខ្លីៗមានកម្ពស់ប្រហែលជា១,៨៥ម៉ែត្រ។ ជនជាតិអាមេរិក មកជាប់ឃុំនៅមន្ទីរសន្តិសុខនេះអត់មានអ្នកណាធ្វើបាបឬដាក់ខ្នោះទេ។ គាត់ មានសិទ្ធដើរធ្វើការងារដូចជាអ្នកទោសផ្សេងទៀតដែរ តែមិនអនុញ្ញាតឲ្យដើរសេរីបានទេ គឺមានកងឈ្លបចាំការពារ។ ខ្ញុំធ្លាប់ចេញចូលមន្ទីរសន្តិសុខចម្ការកាហ្វេជាញឹកញាប់ និងធ្លាប់បានងូតទឹកអណ្តូងជាមួយទាហានអាមេរិកថែមទៀតផង។

នៅឆ្នាំ១៩៧៣ នៅពេលយន្តហោះឈប់ទម្លាក់គ្រាប់បែក នៅពេលនោះចៅសង្កាត់ខ្មែរក្រហមឈ្មោះ សំ បូរ បានដើរស្រង់ឈ្មោះជនជាតិវៀតណាមទាំងអស់ ឲ្យវិលទៅប្រទេសវៀតណាមវិញ។ កាលនោះ មានស្រ្តីជនជាតិវៀតណាមយកប្តីជាជនជាតិខ្មែរ និងបុរសខ្មែរយកប្រពន្ធវៀតណាម និងមានគ្រួសារខ្លះមិនចង់បែកពីប្រពន្ធកូន ក៏សុំទៅជាមួយដែរ។ ជាលទ្ធផលចុងក្រោយ ប្រទេសវៀតណាមទទួលយកតែជនជាតិវៀតណាមសុទ្ធទេ មិនទទួលយកប្តីឬប្រពន្ធកូនជាជនជាតិខ្មែរឡើយ។ នៅពេលខាងវៀតណាមមិនទទួលយក អ្នកទាំងនោះត្រូវខ្មែរក្រហមទម្លាក់ចោលនៅទន្លេចាមជាប់ព្រំដែនកម្ពុជា ស្លាប់នៅទីនោះទាំងអស់។

នៅឆ្នាំ១៩៧៤ ខ្ញុំបានដឹងថា ខ្មែរក្រហម បានបង្កើតមន្ទីរសន្តិសុខធំមួយទៀត នៅស្រែសង្កែ ដែលដាក់អ្នកទោសបានរាប់រយរាប់ពាន់នាក់។ នៅទីនោះ មានប្រធានឈ្មោះ បឿន ហៅបាន និងគណៈស្រុកឈ្មោះ តាគង្គា។ ខ្ញុំមានតួនាទីជាប្រធានឈ្លប បានដើរចេញចូលនៅមន្ទីរសន្តិសុខស្រែសង្កែ និងបានជួបប្រធានមន្ទីរសន្តិសុខតំបន់២១ ភូមិភាគបូព៌ាឈ្មោះ យឹម សុភី។ បន្ទាប់មកទៀត ខ្ញុំបានដើរជាមួយឈ្មោះ ដូច ជាប្រធានសេដ្ឋកិច្ច នៅពេលអង្គការចាត់តាំងឲ្យទៅសង្គមមានជ័យ ដើម្បីទៅយកសាប៊ូស្រាប់តែបានជួបជនជាតិអាមេរិកហៅឪអាយ៉េនៅទីនោះ។ បន្ទាប់មកខ្ញុំ​បានដឹងថា ជនជាតិអាមេរិកនោះ បានចេញពីមន្ទីរសន្តិសុខចម្ការកាហ្វេ ដោយសារចេះផលិតសាប៊ូដុំសម្រាប់ផ្គត់ផ្គង់អង្គភាពមន្ទីរសន្តិសុខ។ ខ្ញុំបានដឹងថា ជនជាតិអាមេរិកនោះ ចេះនិយាយភាសាវៀតណាម និងមានប្រពន្ធជាជនជាតិវៀតណាម ដែលមានមាឌតូចអាយុប្រហែល៣០ឆ្នាំ រស់នៅភូមិសង្គមមានជ័យ។ ខ្ញុំបានឃើញ មានផ្ទះអាមេរិកហៅឪអាយ៉េ មួយខ្នងតូចសង់អំពីឈើនៅលើប្រឡាយទឹកជិតដើមពោធិ៍ ហួសសាលារៀនចេញមកពីស្រុកមេមត់។ (ខ្ញុំនិងឈ្មោះដូច) បានហូបបាយជាមួយជនជាតិអាមេរិកចំនួនពីរលើក នៅពេលអង្គការប្រើឲ្យទៅយកសាប៊ូម្តងៗ។

នៅឆ្នាំ១៩៧៥ នៅពេលរបបខ្មែរក្រហម ឡើងកាន់អំណាច ខ្ញុំលែងបានឃើញជនជាតិអាមេរិកទៀតហើយ។ តែខ្ញុំបានដឹងព័ត៌មានតាមប្រធានសន្តិសុខឈ្មោះ បឿន ប្រាប់ថា ជនជាតិអាមេរិកនិងប្រពន្ធត្រូវអង្គការចាប់មកដាក់មន្ទីរសន្តិសុខចម្ការកាហ្វេវិញហើយ។ នៅពាក់កណ្តាលឆ្នាំ១៩៧៦ កងទ័ពវៀតណាម បានវាយជាមួយយោធាខ្មែរក្រហមលើកទី១ ចូលដល់ភូមិឡូ ឃុំកំពាន់គ្រប់គ្រងបានរយៈពេលមួយយប់មួយថ្ងៃ ទើបកងទ័ពវៀតណាមដកចេញទៅវិញ។ នៅពេលនោះ ប្រជាជនទាំងអស់ និងអ្នកទោសនៅចម្ការកាហ្វេ ត្រូវយោធាខ្មែរក្រហម ជម្លៀសមកដល់មន្ទីរសន្តិសុខស្រែសង្កែវិញ។ បន្ទាប់ពីសង្គ្រាមបានស្ងប់ស្ងាត់ទៅវិញ ខ្ញុំនិងយុវជនចំនួន៥នាក់ នឹកស្មានថា កងទ័ពវៀតណាមចេញពីភូមិឡូអស់ហើយ ក៏សម្រេចចិត្តដើរទៅភូមិនោះ។ យើងក៏ត្រូវកងទ័ពវៀតណាមចាប់បានដាក់រថយន្តទៅខេត្តឡុងយ៉ាវ ប្រទេសវៀតណាម។ នៅពេលនោះ មានអ្នកបកប្រែជាជនជាតិឡាវចេះភាសាខ្មែរ បានធ្វើការបកប្រែជាភាសាវៀតណាម-ខ្មែរមកកាន់ខ្ញុំ និងមានការសួរចម្លើយម្នាក់ម្តងៗ។ ក្រោយពីសួរចម្លើយ​បានគ្រប់គ្នាយើងត្រូវបានយកទៅដាក់នៅក្នុងមណ្ឌលអប់រំ ឲ្យកាត់សម្លៀកបំពាក់ពណ៌ឆ្នូតឲ្យគ្រប់គ្នា និងបានឃើញជនជាតិខ្មែរយើងរាប់រយនាក់ នៅខេត្តឡុងយ៉ាងប្រទេសវៀតណាមដែរ។ នៅចុងឆ្នាំឆ្នាំ១៩៧៨ ថ្នាក់ដឹកនាំវៀតណាម បានមកសួរនាំយើងថា មានបងប្អូនណាចង់ស្ម័គ្រចិត្តចូលជាកងទ័ពទេ។ នៅពេលនោះមានអ្នកស្ម័គ្រចិត្តជាច្រើនបានចូលរួម។ ឯខ្ញុំបានប្រាប់វិញថា ខ្ញុំមានសុខភាពមិនល្អ មិនអាចចូលធ្វើជាកងទ័ពទេ។ នៅពេលនោះថ្នាក់ដឹកនាំវៀតណាម បានបញ្ជូនខ្ញុំមកឲ្យរស់នៅជាមួយប្រជាជនខ្មែរវិញ នៅក្នុងប្រទេសវៀតណាមដដែរ។

នៅថ្ងៃទី៧ ខែមករា ឆ្នាំ ១៩៧៩ កងទ័ពរណសិរ្សសង្រ្គោះជាតិកម្ពុជាសហការជាមួយកងទ័ពវៀតណាម បានវាយរំដោះប្រទេសកម្ពុជាបានទូទាំងប្រទេស។ បន្ទាប់មកទៀតខ្ញុំបានត្រលប់មកស្រុកកំណើតវិញ តាមរថយន្តយោធាជាមួយប្រជាជនខេត្តស្វាយ, ខេត្តព្រៃវែង និងខេត្តកំពង់ចាម។ ខ្ញុំ បានមកដល់ស្រុកពញាក្រែក ឈប់រកមធ្យោបាយមកស្រុកកំណើតវិញដោយខ្លួនឯង និងបានចូលធ្វើជាកងឈ្លបការពារភូមិឡូបន្តទៀតរហូតដល់មានការបោះឆ្នោតនៅឆ្នាំ១៩៩៣។ បន្ទាប់មកទៀត ខ្ញុំបានជួបបងថ្លៃឈ្មោះ តាគង្គា ជាគណៈស្រុកជំនាន់ខ្មែរក្រហម។ គាត់មានជីវិតនិងរស់នៅក្រុងកំពង់សោម។ ពេលដែលខ្ញុំ​ជួបបងថ្លៃ គាត់បានរៀបរាប់ប្រាប់ខ្ញុំថា នៅពេលខ្ញុំត្រូវវៀតណាមចាប់បាននៅក្នុងឆ្នាំ១៩៧៦ នោះពិតជាសំណាងហើយ បើនៅជាមួយកម្មាភិបាលខ្មែរក្រហមបន្តទៀតប្រហែលជាខ្ញុំគ្មានជីវិតរស់ទេ ពីព្រោះខាងភូមិភាគនិរតីចូលមកគ្រប់គ្រងនៅឆ្នាំ១៩៧៧-៧៨ និងបានចាប់កម្មាភិបាលភូមិភាគបូព៌ាមួយចំនួនធំយកទៅសម្លាប់ចោល រួមទាំងកងឈ្លបប្រធានឃុំជាដើម។ បងថ្លៃរបស់ខ្ញុំ និងមិត្តភក្តិមួយចំនួនទៀតបានរស់រានជីវិត ដោយសាររត់ភៀសខ្លួនទាន់ទៅប្រទេសវៀតណាម។ សូម្បីប្រពន្ធកូនគាត់ ក៏គាត់មិនបានប្រាប់ឲ្យដឹងផង។ តែគួរឲ្យសោកស្តាយខ្លាំងណាស់ ប្រពន្ធនិងកូនរបស់គាត់ ត្រូវខ្មែរក្រហមចាប់យកទៅសម្លាប់ចោល។

នៅឆ្នាំ១៩៩៥ ខ្ញុំបានដឹងថា បងបឿន ហៅ បានអតីតប្រធានមន្ទីរសន្តិសុខចម្ការកាហ្វេ និងស្រែសង្កែ បានរស់រានមានជីវិតពីរបបខ្មែរក្រហម។ ខ្ញុំបានទៅលេងផ្ទះគាត់នៅទីរួមខេត្តកំពង់ចាម និងបានជួបប្រពន្ធបងបឿន ថែមទៀតផង។ ខ្ញុំសម្រាកមួយយប់ហូបបាយរួចជជែកគ្នាលេងពីនេះពីនោះ ឈានដល់រឿងដ៏សំខាន់មួយដែលបងបឿន បានលាក់ទុកមិនប្រាប់អ្នកណាឲ្យដឹងទេ។ បងបឿន គាត់បានដឹងថា ខ្ញុំជាអ្នកភូមិឡូ ហើយចូលទៅរស់នៅបាន ចំណែកបងបឿន មិនទាន់ហ៊ានទៅលេងភូមិឡូដោយសារមានកំហុសនៅក្នុងរបបខ្មែរក្រហម ការជជែកគ្នាចុះឡើង និងវិភាគថា រឿងរ៉ាវនៅក្នុងរបបខ្មែរក្រហម បានឆ្លងផុតជាច្រើនឆ្នាំមកហើយ។ ប្រជាជននៅភូមិឡូច្បាស់ជារំសាយចិត្តខ្លះហើយ។ បងបឿន បានប្រាប់ខ្ញុំថា គាត់បានដឹងកន្លែងកប់កំណប់ជំនាន់ខ្មែរក្រហម។ គាត់ចង់ទៅគាស់យកមកចែកគ្នា។ ខ្ញុំបានប្រាប់គាត់ បានបង ខ្ញុំចាំជួយបងនៅពេលគាស់បានហើយខ្ញុំជូនបងមកត្រឹមភ្នំដា។

ការជជែកគ្នាចប់មួយរឿងឈានចូលមួយរឿងទៀត។ ខ្ញុំបានសួរទៅកាន់បងបឿន ថា មានដឹងរឿង ជនជនតិអាមេរិក មានប្រពន្ធវៀតណាម(ហៅឪអាយ៉េ) អង្គការយកទៅណាហើយ? បងបឿន បានឆ្លើយវិញថា នៅឆ្នាំ១៩៧៦ ពេលវៀតណាមវាយចូលដល់មន្ទីរសន្តិសុខចម្ការកាហ្វេ កងការពារគុកយកអ្នកទោសទៅសម្លាប់ចោលអស់ហើយ ដែលរួមទាំងជនជាតិអាមេរិកនិងប្រពន្ធរបស់គាត់ដែរ។ គាត់ត្រូវយកទៅសម្លាប់ចម្ងាយប្រហែលជា៤០០ម៉ែត្រ ខាងជើងមន្ទីរសន្តិសុខចម្ការកាហ្វេ។ តាបឿន គាត់ប្រាប់ខ្ញុំ តែមិនបានទៅចង្អុលបង្ហាញរណ្តៅសាកសពជនជាតិអាមេរិកដោយផ្ទាល់ទេ។ នៅពេលព្រឹកឡើង ខ្ញុំបានចេញដំណើរមកជាមួយបងបឿន តែចៃដន្យខ្ញុំរវល់ទៅយកខោអាវនៅកន្លែងប៉ូលីស។ បងបឿន បានឆ្លងសាឡាងមកមុន នៅពេលដើរចូលភូមិឡូម្នាក់ឯង ខ្ញុំបានជួបក្មេងជំទង់ដែលស្គាល់តាបឿន និងដឹងថាគាត់បានចាប់ឪពុកម្តាយខ្លួន យកទៅសម្លាប់ចោលជំនាន់ខ្មែរក្រហម។ ក្មេងៗទាំងនោះបបួលតាបឿន ទៅផឹកស្រារួចហើយបាញ់គាត់សម្លាប់ចោលតែម្តង។ ខ្ញុំមិនទាន់ទាំងបានជួបគាត់​ម្តងទៀតផង។ កំណប់ក៏មិនបាន រឿងរណ្តៅសាកសពជនជាតិអាមេរិក ក៏មិនបានដឹងដែរ។

អត្ថបទដោយ សុខ វណ្ណៈ


[1] ប្រជាជនស្លាប់ប្រមាណ២លាន២សែននាក់ ជាការស្រាវជ្រាវរបស់តុលាការកាត់ទោសមេដឹកនាំជាន់ខ្ពស់នៅក្នុងរបបខ្មែរក្រហម។

[2]នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥, លោកឡុង ដានី បានជួបសម្ភាសន៍ជាមួយឈ្មោះ នួន ពៅ ហៅ ឃន ភេទប្រុស អាយុ៧០ឆ្នាំ (អតីតប្រធានកងឈ្លបខ្មែរក្រហម ធ្លាប់ចេញចូលមន្ទីរសន្តិសុខចម្ការកាហ្វេធា្លប់បានឃើញទាហានជនជាតិអាមេរិក(ហៅឪអាយ៉េ) និងធ្លាប់បានងូតទឹកអណ្តូងជាមួយគ្នា។ នួន ពៅ មានស្រុកកំណើតនៅភូមិឡូ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin