ងួន រ៉ាឌី៖ ខ្ញុំធ្វើពុតជាស្លាប់នៅក្នុងរណ្តៅសាកសពរួម

រណ្តៅសាកសពរួមដែលបានបន្សល់ពីរបបខ្មែរក្រហមឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៨

ងួន​ រ៉ាឌី[1] ភេទ​ស្រី​ អាយុ​៦០​ឆ្នាំ​ មាន​ទី​កន្លែង​កំណើត​នៅឃុំ​ដំដែក​ ​​ស្រុក​សូទ្រនិគម​ ខេត្ត​សៀម​រាប​។ រ៉ា​ឌី​ បច្ចុប្បន្ន​រស់​នៅ​ក្នុង​ភូមិ​អូរ​គរគីកណ្ដាល​ ឃុំ​លំទង​ ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មាន​ជ័យ​។​

រ៉ា​ឌី​ បាន​និយាយថា៖​ «​ឪពុក​ខ្ញុំគឺ​​​ជា​​គ្រូ​ពេទ្យ នៅ​សម័យ​​សង្គម​រាស្រ្ត​និយម​។​​ ជា​រៀង​រាល់​ថ្ងៃ​ ឪពុក​ខ្ញុំ​តែង​តែ​ដើរ​ចាក់​ថ្នាំ​នៅ​តាម​ភូមិ​ និង​ស្រុក​ផ្សេងៗ​ ដើម្បី​ដូរ​ជា​អង្ករ​សម្រាប់​​ផ្គត់​ផ្គង់​គ្រួសារ​។​ ​ម្ដាយខ្ញុំ​គឺ​ជា​ស្រ្តី​មេ​ផ្ទះ ដែល​​រៀប​ចំ​បាយ​ទឹក​ និង​មើល​ថែ​កូនៗ​។​​ ខ្ញុំមាន​បង​ប្អូន​បង្កើត​ចំនួន​៧​នាក់​ (ស្រី៤​នាក់​ និង​ប្រុស​៣​នាក់​)។ ​ខ្ញុំគឺ​ជា​កូន​ទី​៦​នៅក្នុង​គ្រួសារ​។​ ​ខ្ញុំ​រៀន​បាន​ត្រឹម​ថ្នាក់​ទី​៥​។​ ជំនាន់​នោះ​ បង​ស្រី​ខ្ញុំ​ពីរ​នាក់​បាន​ចេញ​ទៅ​រៀន​នៅ​ភ្នំ​ពេញ​ ឯ​បង​ប្រុស​ពីរ​នាក់​ទៀត​ទៅ​ធ្វើ​ការ​នៅ​តំបន់​ឆ្ងាយ​ៗ។​ បង​ប្រុស​ខ្ញុំ​ម្នាក់​ទៀត​បាន​បួស​រៀននៅ​​ក្នុងទីអារ៉ាម​។​ ​ខ្ញុំ និង​ប្អូនម្នាក់ទៀត​បាន​រស់​​នៅ​ផ្ទះ​​។​

លុះ​​ដល់​ឆ្នាំ​១៩៧០​ លន់​ នល់​ បាន​ធ្វើ​​រដ្ឋ​ប្រហារទម្លាក់​​សម្ដេចព្រះ​​ នរោត្តម​ សីហនុ​។​ ចាប់​ពី​ពេល​នោះ​មក ​ប្រទេស​ជាតិ​កើត​មាន​សង្គ្រាម​។​​​ បន្ទាប់​មក​ បងប្រុស​ខ្ញុំ​ទាំង​បី​នាក់​បាន​ត្រឡប់​មក​រស់​នៅ​ជួប​ជុំ​គ្នា​នៅ​ផ្ទះ​វិញ​។ បង​ស្រី​ដែល​រៀន​នៅ​ភ្នំ​ពេញ​ មិន​បាន​ត្រឡប់​មក​ស្រុក​កំណើត​វិញ​នោះ​ទេ​។​ មិន​យូរ​ប៉ុន្មាន​ ខ្មែរ​ក្រហម​បាន​ចូល​មក​ក្នុង​ភូមិ ​ហើយ​ជម្លៀស​ប្រជាជន​ រួម​ទាំង​គ្រួសារ​ខ្ញុំ​ទៅ​រស់​នៅ​ភូមិ​វត្ត​គ្រៀល​។​

រហូត​ដល់​ឆ្នាំ​១៩៧៣​ ​យន្ត​ហោះ​​ទម្លាក់​គ្រាប់​បែកចាប់​ផ្ដើម​នៅ​តាម​ភូមិ​ដ្ឋាននានា។​​ ខ្ញុំ​​បាន​រត់ទៅ​លាក់​ខ្លួន​នៅ​តាម​វាល​ស្រែ​ នៅក្នុង​ការ​ទម្លាក់​លើក​ទី​មួយ។ ចំណែកឯការ​​ទម្លាក់​លើក​ទី​ពីរ និង​ក្រោយៗមកទៀត​ ​ប្រជាជន​នាំ​គ្នា​ជីក​លេណ​ដ្ឋាន​នៅ​តាម​ផ្ទះ​​​ដើម្បី​លាក់​ខ្លួន​។​ ក្រុម​​គ្រួសារ​ខ្លះ​មិន​ទាន់​បាន​ជីក​លេណ​ដ្ឋាន​រួច​រាល់​​​ផង​ ក៏ស្រាប់តែ​យន្ត​ហោះ​ចំនួន​៨គ្រឿង​បាន​ហោះ​មក​ទម្លាក់​គ្រាប់​បែក​យ៉ាង​សន្ធឹក​​សន្ធាប់។​ ជី​ដូន​របស់​​ខ្ញុំ ដែល​​​មាន​អាយុ​ច្រើន​ផង​ បាន​វង្វេង​ស្មារតី​​​ដោយ​សារ​ការ​ទម្លាក់​គ្រាប់​បែកនេះ​។​

នៅ​ថ្ងៃ​ទី​១៧​ មេសា​ ឆ្នាំ​១៩៧៥​ ខ្មែរ​ក្រហម​ទទួល​បាន​ជ័យ​ជម្នះ​​នៅ​ទី​ក្រុង​ភ្នំ​ពេញ​។​ នោះ​គឺ​ជា​ពេល​វេលា​ ​​ដែល​បង​ស្រី​ខ្ញុំ​ទាំង​ពីរ​នាក់​ត្រូវ​ជាប់​ឈ្មោះ​ជា​និន្នា​ការ​។​ ឪពុក​ខ្ញុំ​បាន​ប្រាប់​កូនៗ​ទាំង​៥​នាក់​មិន​ឲ្យ​និយាយ​អំពី​​បង​ប្អូន​ ​ដែល​បាន​​រៀននៅ​ឯ​​ទី​ក្រុង​ភ្នំ​ពេញ​ឡើយ។​ បើ​អង្គ​ការ​ដឹង យើង​ទាំងអស់គ្នា​​​ប្រាកដ​ជា​ជាប់​និន្នា​ការ​ និង​​កត់​ឈ្មោះ​យក​ទៅ​សម្លាប់​ចោល​ទាំង​អស់​មិន​ខាន​។​​ ពេទ្យម្នាក់​ ដែលធ្វើការដូច​​ឪពុក​ខ្ញុំដែរ ​បាន​​​ច្រណែន​ និង​ធ្វើ​បាប​គ្រួសារ​ខ្ញុំ​។ ពេទ្យនោះ​បាន​​ប្រាប់​ឈ្លប​ថា​ឪពុក​ខ្ញុំមាន​​កូនរៀន​នៅភ្នំ​ពេញ​។​ ឪពុក​ខ្ញុំ​​បាន​បដិសេធ ដោយនិយាយថាគាត់​​​មាន​កូន​ក្នុង​បន្ទុក​គ្រួសារ​ចំនួន​​​៥​នាក់​តែ​ប៉ុណ្ណោះ​។​ ការ​និយាយ​បែប​នេះ​ គឺ​ដើម្បី​ការ​ពារ​ជីវិត​គ្រួសារ​ឲ្យ​រួច​ផុតពី​សេច​ក្ដី​ស្លាប់​​បាន​មួយ​គ្រា​។​ តាម​ពិត​ទៅ ​អង្គ​ការ​ជឿ​ថា ​ឪពុក​ខ្ញុំ​មាន​កូន​ទៅ​រៀន​នៅ​ភ្នំ​ពេញ​ដែរ​ ប៉ុន្មាន​គ្មាន​ភស្តុ​តាង​។​

រហូត​ដល់​ឆ្នាំ​១៩៧៦​ ឪពុក​ខ្ញុំ​ត្រូវ​ដាក់​ទោស​បញ្ជូន​ទៅ​ភ្នំ​ពេញ​ ដើម្បី​ធ្វើ​ថ្នាំ​ចំនួន​បី​មុខ​ រួម​មាន​ថ្នាំ​បញ្ចុះ​ក្អួត​, ​រាក​មួល​​ និង​គ្រុន​ចាញ់​។​​ ឪពុក​ខ្ញុំ​ត្រូវ​ដាក់«ខ»សន្យា​ជាមួយ​​អង្គ​ការ​ថា​ ប្រសិន​បើ​ធ្វើ​ថ្នាំ​មិន​បាន​សម្រេច​ សមាជិក​គ្រួសារ​ខ្ញុំ​ទាំង​អស់​ត្រូវ​យក​ទៅ​សម្លាប់​ចោល​ទាំង​អស់​។​ រយៈពេល​២៧​ថ្ងៃ មុនកំណត់​​ឪពុក​ខ្ញុំ​បាន​ចម្រាញ់​ថ្នាំ​បាន​សម្រេច​ ថែ​ម​ទាំង​ចម្រាញ់​ថ្នាំ​ជំនួយ​កម្លាំង​បាន​មួយ​មុខ​ថែម​ទៀត។​ គ្រួសារ​ខ្ញុំ​ ក៏​បាន​រួច​ផុត​ពី​សេច​ក្ដី​ស្លាប់​។​ ប៉ុន្តែ​ឪពុក​ខ្ញុំ​មិន​ទាន់​ត្រឡប់​មក​ផ្ទះ​វិញ​នៅ​ឡើយ​ទេ​។​ ថ្ងៃ​មួយ ​ក្រុមគ្រួសារ​របស់​ពៅ​ និង​ពាច​ ​ត្រូវ​បាន​អង្គ​ការ​យក​ទៅ​សម្លាប់​ចោល​ទាំង​អស់​​។​ អង្គ​ការ​បាន​ដឹក​គ្រួសារទាំង​ពីរ​​នេះ​នឹង​អីវ៉ាន់​តាម​​រទះ​គោ​ចំនួន​៦ ដោយ​ប្រាប់​ថា​យក​ទៅ​កន្លែង​កាត់​ដេរ​។​ ផាន់​ណា​ ដែល​ត្រូវ​ជា​បង​របស់​ពៅ​ បាន​សុំ​អង្គ​ការ​ទៅ​ជា​មួយ​គ្នា​ ដោយ​បាន​និយាយ​ថា៖​ « បើ​យក​ប្អូន​ខ្ញុំ​ទៅ​ហើយ​ឲ្យ​ខ្ញុំ​សុំ​ទៅ​ផង​ណា​មិត្ត​ឲ្យ​បាន​ជុំ​គ្នា​»​។ អង្គ​ការ​ថា​ « អូ៎..​បើ​បង​ប្អូន​ឡើង​រទះ​មក​ទៅ​ជា​មួយ​គ្នា​»​។​​

តាម​ពិត គ្រួសារ​ទាំង​ពីរ​បាន​ដឹងខ្លួន​​រួច​ទៅ​ហើយ​ថា ​អង្គ​ការ​យក​ខ្លួន​ទៅ​សម្លាប់​ចោល។ នៅពេលដែល​ខ្លួន​ឡើង​រទះ​គោ អ្នកទាំងនោះ​បាន​​គ្រវី​ក្បាល​ដោយ​ការ​អស់​សង្ឃឹម​។​ កូន​ស្រី​ក្រមុំៗ​ត្រូវ​រំ​លោភ មុននឹង​ ​សម្លាប់​​ចោល។​ នោះគឺជា​រឿង​​អណោច​អធម​ខ្លាំង​ណាស់​ នៅក្នុង​ខណៈពេលនោះ។​ ខ្ញុំ​មិន​អស់ចិត្ត​សោះ។ ដូច្នេះ ខ្ញុំ​បាន​​នាំ​បង​ប្រុស​ទៅ​លួច​មើល​ ដោយ​លូន​តាម​ចម្ការ​អំពៅ​។ ខ្ញុំ​មើល​ឃើញការ​​រៀប​ចំ​អី​វ៉ាន់​ឡើង​រទះ​គោ​ពិត​មែន​ ហើយ​មាន​ឈ្លប​ដើរ​តាម​ពី​ក្រោយ​រទះ​គោ​។​

នៅ​ក្នុង​ជំនាន់​នោះ​ ​អ្នក​ស្រុក​ស្ងាត់​ណាស់​គ្មាន​មនុស្ស​ចេញទេនៅពេល​យប់ ​បើ​ទោះ​បី​ជា​ផ្ទះ​ស្ថិត​នៅ​ក្បែរៗ​គ្នា​ក៏​ដោយ​។​ ​ក្រោយ​មក​ទៀត​ ​ផាន់​ណា​ ដែល​បាន​ស្ថិត​នៅ​ក្នុង​ហេតុ​ការណ៍​នៃការ​សម្លាប់​នោះ បាន​រួចរស់​​ជីវិត​ និង​បាន​និយាយ​ថា៖​ « នៅ​ពេល​នោះ​អង្គ​ការ​បាន​វាយ​សម្លាប់​បង​ប្អូន​ និង​ម្ដាយ​ខ្ញុំ​នៅ​ហ្នឹង​មុខ។​ ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​បាន​ឡើយ​ក្រៅ​ពី​ខ្លោច​ផ្សារ​ក្នុង​ចិត្ត។​ ពេល​នោះ​ ខ្ញុំ​ជា​អ្នក​ដែល​ត្រូវ​បាន​វាយ​សម្លាប់​ក្រោយ​គេ​បង្អស់​។ ខ្ញុំ​បាន​ធ្វើ​ពុតជា​ស្លាប់​ដោយ​មិន​ដក​ដង្ហើម។​ ខ្ញុំ​ទ្រាំ​ណាស់​ទម្រាំ​តែ​អង្គ​ការ​កប់​ខ្ញុំ​ក្នុង​រណ្ដៅរួច​​ហើយ​ត្រឡប់​ទៅ​វិញ​។​ ភ្លាម​ៗ​នោះ​ខ្ញុំ​បាន​ស្ទុះ​ក្រោក​ពី​រណ្ដៅ​ និង​មិន​បាន​មើល​អ្នក​ណា​នោះ​ទេ។​ ខ្ញុំ​មើល​តែ​ម្ដាយ​ខ្ញុំ​។ ពេល​ឃើញ​ ម្ដាយ​ស្លាប់​ហើយ​។ ខ្ញុំ​ក៏​បាន​រត់​ចេញ​ពី​ទី​កន្លែង​នោះ​ចូល​ព្រៃ​»​។​

នៅ​ក្នុង​​ឆ្នាំ​១៩៧៧​ ឪពុក​ខ្ញុំ​បាន​ត្រឡប់​មក​ផ្ទះ​ដើម្បី​ជួប​​ប្រពន្ធ​កូន​វិញ​។​ ​អង្គ​ការ​បាន​ប្រគល់​កាំ​ភ្លើង​ខ្លី​មួយ​ដើមឲ្យ​ឪពុកខ្ញុំ​​ និងលិខិតសម្គាល់មួយ។​​ ​ឪពុក​ខ្ញុំបាន​​​ឡើង​ឋានៈ​បាន​មួយ​កម្រិត​។​ ប៉ុន្តែ​ ឪពុក​ខ្ញុំ​មិន​បាន​ទទួល​កាំ​ភ្លើង​ឡើយ​ ដោយ​បាន​ឆ្លើយ​តប​ថា​ គាត់​​ចង់​បាន​តែ​ភាព​ស្ងប់​សុខ​ប៉ុណ្ណោះ​ ហើយ​គាត់​​​មិន​ចង់​បាន​អ្វីទេ​។​ ឪពុក​ខ្ញុំ​សុំ​យក​កង់​មួយ និង​ទាម​ទារ​ឲ្យ​អង្គ​ការ​បោះ​ត្រា​លើ​ប័ណ្ណ​មួយ​ច្បាប់​ ដែល​មាន​សិទ្ធិ​ដើរ​ទៅ​ណា​ក៏​បាន​។​​ ក្រៅ​ពី​នេះ ឪពុកខ្ញុំ​បាន​នាំ​យក​​ អង្ករ,​ ប៊ី​ចេង,​ អំបិល,​ ម្រេច​ និងទឹក​ដោះ​គោ​ មក​ផ្ញើ​ប្រពន្ធ​កូន​ និង​ចែក​ជូន​ប្រជាជន​នៅ​ក្នុង​ភូមិ​។​ ប្រជាជន​ក្នុង​ភូមិ​ស្រឡាញ់​ចូល​ចិត្ត​គ្រួសារ​​ខ្ញុំ​ណាស់​ ព្រោះ​ឪពុក​ខ្ញុំ​តែង​តែ​ចែក​រំ​លែកដល់​អ្នកភូមិ រួម​ទាំង​​ថ្នាំ​ទៀតផង​។​

នៅ​ចុង​ឆ្នាំ​១៩៧៧​ អង្គ​ការ​បាន​ចាត់​តាំង​ឲ្យ​ឪពុក​ខ្ញុំ​ទៅ​ផលិត​ថ្នាំ ​នៅ​ក្នុង​មន្ទីរ​ពិសោធន៍​​​ខេត្ត​សៀម​រាប។​ ក្រុម​​គ្រួសារ​ខ្ញុំ​ទាំងអស់​​បាន​ធ្វើដំណើរទៅទីនោះ​​។​ ឪពុក​ខ្ញុំ​គឺ​ជា​អ្នក​នៅ​គ្រប់​គ្រង​កម្លាំង​ពេទ្យ​ស្រីៗ​ចំនួន​៥០​នាក់​។​ ជា​​រៀង​រាល់​ថ្ងៃ​ ឪពុក​ខ្ញុំ​បង្រៀន​ធ្វើ​ថ្នាំ​ពេទ្យ​ដល់​នារី​ៗ​ និង​ជួយ​បង្រៀន​ភាសា​អង់​គ្លេស​បន្ថែម​ទៀត​។​ បង​ប្រុស​ខ្ញុំ​ម្នាក់ធ្វើការ​​នៅ​​​មន្ទីរ​ពិសោធន៍​ឈាម​ ឯ​បង​ប្រុស​ម្នាក់​ទៀត​នៅ​ខាង​ចែក​ថ្នាំ​។​ លុះ​ដល់​ឆ្នាំ​១៩៧៨​ ឪពុក​ខ្ញុំបាន​​​បង្រៀន​ខ្ញុំ​ឲ្យ​​ធ្វើ​ថ្នាំ​ និង​ចាក់​ថ្នាំ។ កំឡុង​ពេល​ ខ្ញុំ​រស់​នៅ​ក្រុង​សៀម​រាប។​ នៅពេលដែល​​ ប៉ុល​ ពត​​ និង​អៀង​ សារី​ មក​ម្ដងៗ ​អង្គ​ការ​ចាត់​តាំង​ឲ្យ​ខ្ញុំ​ទៅ​ទទួល​នៅ​ព្រលាន​យន្ត​ហោះ​។ យើង​​​កាន់​ទង់​ជាតិ​រូប​អង្គ​វត្ត​គ្រប់​ដៃ​។​​ ខ្ញុំ​​ធ្លាប់​បាន​ទៅ​ទទួល​អ្នក​ធំ​ៗចំនួន​ពីរ​លើក​ ​នៅ​ព្រលាន​យន្ត​ហោះ​​។​

នៅមុន​ឆ្នាំ​១៩៧៩​ ខ្ញុំ​ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅ​យាម​នៅ​ព្រះ​អង្គ​ចេក​ព្រះ​អង្គ​ចម​ចំនួន​ពីរ​យប់​។​ នៅ​ទី​នោះ​ អង្គ​ការបាន​​ឲ្យ​ដាវ​ម្នាក់​មួយ​ដើម​ ដើម្បី​​ការ​ពារ​ខ្លួន​។​ ខ្ញុំ​យាម​បាន​ចំនួន​២​យប់។​ កង​ទ័ព​វៀត​ណាមបាន​ចូល​មក​​យ៉ាង​ច្រើនសន្ធឹកសន្ធាប់។​ នៅ​ម៉ោង​៩​យប់ ​ខ្មែរ​ក្រហម​បាន​ជម្លៀស​ប្រជាជន​ទៅ​លើ​ភ្នំ​ដង​រែក​។​ នៅត្រឹម​ពាក់​កណ្ដាល​ផ្លូវ ​ខ្ញុំ​​អស់​កម្លាំង​ដើរ​ទៅ​មុខ​លែង​រួច។​ ខ្ញុំ​បាន​​​ប្រាប់​​ឪពុក​ខ្ញុំ​ឲ្យ​ជូន​ទៅ​ផ្ទះ​នៅ​សៀម​វិញ​វិញ​។​ ប៉ុន្តែ​​ខ្មែរ​ក្រហម​បាន​និយាយ​ថា​ យើង​មិន​អាច​ត្រឡប់​ទៅ​វិញបាន​ទេ​។ បើ​ទៅ​វិញ យើង​ត្រូវ​​ស្លាប់​។​ នៅ​ពេលដែល​យើង​បាន​ទៅ​ដល់​ជើង​ភ្នំ​ដង​រែក​ ខ្ញុំ​ក៏​បាន​ប្រាប់​ឪពុក​ខ្ញុំ​ថា​៖ «​ពុក​អើយ​កុំ​ឡើង​ភ្នំ​អី​ ព្រោះ​​ជីដូន​គ្មាន​កម្លាំង​ឡើង​ទៅ​ជា​មួយ​យើង​ទេ​»​។​​ ឪពុក​ខ្ញុំ​ក៏​បាន​សុំ​ឲ្យ​ឡាន​ជូន​ទៅ​នៅ​ខាង​ក្រោយ​វិញ។​ ចៃ​ដន្យ​ឡាន​ដែល​ដឹក​គ្រួសារ​ខ្ញុំ​គឺ​ជា​មិត្ត​ភក្តិ​របស់​ឪពុក​ខ្ញុំ។​ គាត់​ក៏​បាន​ជូន​ត្រឡប់​ទៅ​ស្រុក​ក្រឡាញ់​វិញ​។​

នៅ​ក្នុង​​​ឆ្នាំ​១៩៨៣​ គ្រួសារ​ខ្ញុំ​ទទួល​បាន​ដំណឹង​ពី​បង​ប្រុស​ដែល​នៅ​ខាង​មន្ទីរ​ពិសោធន៍​ឈាម​ ​បាន​ស្លាប់​​។​ លុះ​ដល់​ឆ្នាំ​១៩៨៦​ ខ្ញុំ​បាន​រៀប​ការ​ និង​បន្ត​រស់​នៅ​ក្នុង​ស្រុក​កំណើត​រហូត​ដល់​ឆ្នាំ​២០០៥​។ នៅ​ក្នុង​ឆ្នាំនោះ ​ខ្ញុំ​ផ្លាស់​ទី​លំនៅ​មក​រស់​នៅ​ក្នុង​ស្រុក​អន្លង់​វែង ​រហូត​ដល់​បច្ចុប្បន្ន​​»៕

អត្ថបទដោយ លី សុខឃាង


[1] លី សុខឃាង​ និង​មេក វិន សម្ភាសន៍​ជាមួយ ងួន រ៉ាឌី នៅភូមិគរគីកណ្តាល ឃុំ​លំទង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ​ នៅក្នុងខែឧសភា ​ឆ្នាំ​២០២១។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin