ណយ លឹម៖ ខ្ញុំត្រូវស្លៀកសំលៀកបំពាក់សើមនៅរដូវវស្សា

(ខេត្តព្រៃវែង) ណយ លឹម មានអាយុ ៦៨ឆ្នាំ មានស្រុកកំណើតនិងបច្ចុប្បន្នរស់នៅក្នុងភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ លឹម មានឪពុកឈ្មោះ ណយ និងមានបងប្អូនចំនួន ៧នាក់ ប៉ុន្តែជាអកុសលបងចំនួន ២នាក់ បានស្លាប់ក្នុងរបបខ្មែរក្រហម ដោយសារតែជាអតីតទាហានរបប លន់ នល់។ បច្ចុប្បន្ន លឹម រស់នៅជាមួយកូនៗចំនួន ៣នាក់។
កាលពីវ័យកុមារភាព លឹម គ្មានឱកាសបានចូលរៀនសូត្រនោះទេដោយសារតែស្ថានភាពគ្រួសារក្រីក្រ និងប្រទេសជាតិជួបប្រទះសង្រ្គាម។ នៅខែមីនា ឆ្នាំ១៩៧០ មានរដ្ឋប្រហាររបស់ឧត្តមសេនីយ៍លន់ នល់ ទម្លាក់សម្តេចព្រះនរោត្តម សីហនុ ពីព្រះតំណែង បានធ្វើឲ្យស្ថានការណ៍រស់នៅរបស់លឹម និងប្រជាជនពោរពេញទៅដោយភាពភ័យខ្លាច ពីការទម្លាក់គ្រាប់បែកដែលបានបង្ខំឲ្យប្រជាជនត្រូវរត់គេចចូលរណ្តៅត្រង់សេ ប៉ុន្តែជាសំណាងល្អគ្រួសាររបស់លឹម គ្មានអ្នករងរបួស ឬស្លាប់ដោយសារការទម្លាក់គ្រាប់បែកនោះទេ។ ក្នុងអំឡុងពេលនោះ លឹម មិនបានប្រកបការងារអ្វីជាដុំកំភួនឡើយដោយសារតែរវល់នឹងការរត់គិចសង្គ្រាម និងការទម្លាក់គ្រាប់បែក។
នៅពេលខ្មែរក្រហមឡើងកាន់អំណាច លឹម មានអាយុប្រមាណជា១៦ឆ្នាំ ហើយជា “ប្រជាជនចាស់” ព្រោះគាត់បានរស់នៅក្នុងភូមិតាំងពីរបប លន់ នល់។ ជីវិតលឹម នៅក្នុងរបបនោះត្រូវធ្វើការងារធ្ងន់ និងលំបាកៗ។ អង្គការបានតម្រូវឲ្យគាត់ ជីកប្រឡាយ, លើកភ្លឺស្រែ និងធ្វើការងារផ្សេងៗទៀត តាមតែអង្គការបញ្ជាដែលការងារភាគច្រើនជាការងាររបស់ប្រុសៗ។ លឹម ត្រូវធ្វើការងារទាំងថ្ងៃ ទាំងយប់ ពិសេសនៅពេលខែភ្លឺ គឺត្រូវស្ទូងស្រូវ ដោយគ្មានពេលសម្រាក លើកលែងតែម៉ោងហូបចុកប៉ុណ្ណោះ ។ ប្រសិនបើ លឹម ធ្វើការមិនគ្រប់ចំនួនកំណត់ នោះនឹងត្រូវទទួលពិន័យដោយឲ្យធ្វើការបន្តនៅពេលសម្រាក។ ជួនកាល លឹម ត្រូវអង្គការចល័តឲ្យទៅធ្វើការនៅតំបន់ឆ្ងាយៗពីសហករណ៍រយៈពេលប្រហែលកន្លះខែ ឬមួយខែ ទើបឲ្យត្រលប់មកវិញ។ រីឯការស្លៀកពាក់វិញ លឹម បានបញ្ជាក់ថា នៅពេលនោះគាត់គ្មានសម្លៀកបំពាក់ផ្លាស់ប្តូរទេ ហើយនៅរដូវវស្សាគាត់ត្រូវស្លៀកពាក់ខោអាវសើម។ របបអាហារគឺខ្វះខាត អង្គការផ្តល់ឲ្យតែបបរមួយវែកសម្រាប់ម្នាក់ ជាងនេះទៅទៀតនៅពេលឈឺថ្កាត់ម្តងៗគ្មានថ្នាំសង្កូវសម្រាប់ព្យាបាលត្រឹមត្រូវទេ។
លឹម គឺជាជនរងគ្រោះម្នាក់ដែលត្រូវបានខ្មែរក្រហមបង្ខំឲ្យរៀបការ។ នៅពេលនោះពិធីរៀបការធ្វើឡើងជាលក្ខណៈសមូហភាពមានចំនួន២០គូ ហើយអង្គការឲ្យស្ត្រីអង្គុយមួយជួរ និងបុរសអង្គុយមួយជួរ ប្តីប្រពន្ធត្រូវអង្គការរៀបចំឲ្យអង្គុយទល់មុខគ្នា។ លឹម បានបញ្ជាក់ថាគាត់មិនដែលបានឃើញទាហានខ្មែរក្រហមរំលោភបំពានលើស្ត្រីនោះទេ និងសម្លាប់ប្រជាជនផ្ទាល់ភ្នែកទេ គ្រាន់តែឮតាមអ្នកធ្វើការជាមួយគ្នាប្រាប់តែប៉ុណ្ណោះ។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ លឹម បានត្រលប់មកប្រកបរបរធ្វើស្រែចម្ការវិញនៅស្រុកស្វាយអន្ទរ។ សព្វថ្ងៃ លឹម នៅតែចងចាំមិនអាចបំភ្លេចបាននូវការបង្ខិតបង្ខំរបស់ខ្មែរក្រហមឲ្យធ្វើការងាដោយរគ្មានពេលសម្រាក។ គាត់បានបង្ហាញអារម្មណ៍ស្អប់ខ្ពើមយ៉ាងខ្លាំងចំពោះរបបនេះ និងមិនចង់ឲ្យរបបខ្មៅងងឹកនេះកើតឡើងម្តងទៀតឡើយ។ បច្ចុប្បន្ន លឹម មានជំងឺឈឺសន្លាក់ដៃ ជើង និងចង្កេះ ដែលធ្វើឲ្យលំបាកក្នុងការធ្វើដំណើរ៕
សម្ភាសដោយ តឿ ទី ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង

