កូនស្រីម្នាក់ត្រូវបានសម្លាប់ និងកូនស្រីម្នាក់ទៀតបាត់ដំណឹង

នាងខ្ញុំមានឈ្មោះ នួន ឃុត[1] កើតឆ្នាំ១៩១៨ នៅភូមិបញ្ញជី ឃុំត្បូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ខ្ញុំមានប្ដីឈ្មោះ ជី ជិន បានស្លាប់ក្នុងអំឡុងឆ្នាំ ១៩៩០។ ខ្ញុំមានកូនសរុប ៤នាក់ ស្រី៣ តែនៅសល់តែម្នាក់ទេ ដោយកូនប្រុសបានស្លាប់តាំងពីមានអាយុ ៤ឆ្នាំ ហើយកូនស្រី ២នាក់ទៀតស្លាប់ក្នុងជំនាន់ខ្មែរក្រហម។ កូនស្រីបងបង្អស់របស់ខ្ញុំ ម្នាក់ឈ្មោះ ជិន វី បានចូលបដិវត្តន៍ជាមួយប្រធានកងខ្មែរក្រហមម្នាក់ឈ្មោះ ឈុំ តែពេលនោះឈ្មោះ ឈុំ នោះមិនបានបង្ខំ ឬមកយកអ្វីនោះទេ គឺដោយសារឃើញគេចូលច្រើន ក៏នាំគ្នាចូលបដិវត្តន៍នោះទៅ។ នៅក្រោយរដ្ឋប្រហារទម្លាក់សម្តេច សីហនុ ចេញពីអំណាចនៅក្នុងខែមីនា ឆ្នាំ១៩៧០ ខ្មែរក្រហមបានហៅខ្លួនឯងជារដ្ឋាភិបាលរួបរួមជាតិកម្ពុជា ដែលរដ្ឋាភិបាលដែលបង្កើតឡើងនៅនៅទីក្រុងប៉េកាំង នៅក្នុងឆ្នាំ១៩៧០ មានសម្តេចព្រះ នរោត្តម សីហនុ ជាព្រះប្រមុខរដ្ឋ។ នៅក្នុងឆ្នាំ១៩៧២ ខ្មែរក្រហមបានត្រួតត្រា និងកាន់កាប់លើចលនាតស៊ូនេះស្ទើរតែទាំងស្រុងទៅហើយ ហើយក៏មានការគាំទ្រពីសំណាក់ប្រជាជនច្រើនផងដែរ ដោយខ្មែរក្រហមបានយកព្រះនាមព្រះបាទ សីហនុ មកប្រើប្រាស់ ទើបមានប្រជាជនជាច្រើនបានរត់ចូលព្រៃទៅចូលរួមបដិវត្តន៍ជាមួយខ្មែរក្រហម។[2]
នៅក្នុងអំឡុងពេលដែលមានសង្រ្គាមនៅឆ្នាំ១៩៧១ ដល់ឆ្នាំ១៩៧២ ចាប់តាំងពីមានវត្តមានកងទ័ពរំដោះខ្មែរក្រហមបានវាយរំដោះតំបន់មួយតាមទីជនបទប្រទេសកម្ពុជា។ ក្រោយពេលដែលខ្មែរក្រហមបានចូលកាន់កាប់តាមតំបន់ទាំងអស់នោះហើយ ខ្មែរក្រហមបានប្រកាសប្រាប់ប្រជាជនពីចលនាបដិវត្តន៍របស់ខ្លួន ហើយស្របនឹងការអំពាវនាវ របស់សម្តេចព្រះ នរោត្តម សីហនុ នៅប្រទេសចិន កាលពីឆ្នាំ១៩៧០ ទៀតនោះ ប្រជាជននៅតាមទីជនបទភាគច្រើន ជាពិសេសយុវជន បានសម្រេចចិត្តរត់ចូលព្រៃដើម្បីធ្វើការតស៊ូជាមួយក្រុមទាហានខ្មែរក្រហម។ នៅក្នុងកំឡុងពេលនោះដែរ ក៏ការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងរបស់អាមេរិក និងកងទ័ពសាធារណរដ្ឋខ្មែរ នៅតាមទីតាំងនានា តាមទីជនបទ និងតាមទីរួមខេត្តខ្លះផង។
នៅពេលដែលមានការទម្លាក់ម្តងៗ ខ្ញុំតែងតែរត់ចូលលេណដ្ឋានដើម្បីគេចពីការទម្លាក់គ្រាប់បែក។ នៅពេលដែលមានការទម្លាក់ អ្នកភូមិជាច្រើនត្រូវរងរបួស ហើយនៅពេលដែលគ្រាប់បែកធ្លាក់ចំភូមិវិញ ផ្ទះភាគច្រើនត្រូវបានបំផ្លាញខ្ទេចខ្ចីអស់។ មិនត្រឹមតែលំនៅដ្ឋានរបស់ប្រជាជនទេ សូម្បីតែវត្តអារាម ក៏ត្រូវបានបំផ្លាញដែរនៅពេលដែលគ្រាប់បែកធ្លាក់ត្រូវនោះ សូម្បីព្រះវិហារ ឬព្រះពុទ្ធប្បដិមា ក៏ត្រូវបំផ្លិចបំផ្លាញគ្មានសល់ដែរ។
នៅអំឡុងឆ្នាំ១៩៧៥ ខ្ញុំបានទទួលដំណឹងថា កូនស្រីទីមួយរបស់ខ្ញុំ ដែលមានឈ្មោះ ជិន វី ត្រូវខ្មែរក្រហមជ្រើសរើសឲ្យធ្វើជាគ្រូពេទ្យនៅទីក្រុងភ្នំពេញ។ ខ្ញុំបានដឹងដំណឹងពេលដែលនាងបានមកលេងផ្ទះ។ នៅពេលកូនស្រីរបស់ខ្ញុំឈ្មោះ វី វិលត្រឡប់ទៅវិញ នាងបានយកប្អូនស្រីរបស់នាងម្នាក់ទៀត ឈ្មោះ ជិន វឿត ទៅធ្វើជាពេទ្យនៅមន្ទីរពេទ្យកេតុមាលាជាមួយគ្នាដែរ។ ខ្ញុំបានទៅលេងកូនទាំងពីរ នៅទីក្រុងភ្នំពេញម្ដងដែរ។ ពេលដែលខ្ញុំទៅដល់មន្ទីរពេទ្យ នឹងបានឃើញកូនស្រីទីមួយ ខ្ញុំគិតថាកូនស្រីទីមួយរបស់ខ្ញុំ ជាប្រធានមន្ទីរពេទ្យ ឬប្រធានក្រុមអ្វីមួយហើយ ដោយសារតែពេលដែលខ្ញុំបានឃើញកាំភ្លើងខ្លីមួយជាប់នឹងខ្លួនរបស់គេ ហើយកូនស្រីទីពីរ ឈ្មោះ ជិន វឿត វិញ គេធ្វើជាពេទ្យធម្មតាទេ។ វី មានតួនាទីជាប្រធានក្រុមពេទ្យ នៅកងពលលេខ ៣១០[3]។ នៅពេលដែលខ្ញុំបានវិលត្រឡប់មកកាន់ខេត្តកំពង់ធំវិញ ខ្ញុំមិនទទួលបានដំណឹងអ្វីពីកូនស្រីទាំងពីររបស់ខ្ញុំនៅទីក្រុងភ្នំពេញនោះទេ រហូតដល់ឆ្នាំ១៩៧៦ ខ្ញុំបានទទួលដំណឹងតាមបុរសម្នាក់ឈ្មោះ អឿន ថា កូនស្រីទីមួយរបស់ខ្ញុំឈ្មោះ វី ត្រូវអង្គការចាប់យកទៅទួលស្លែងបាត់ហើយ។ ចំណែកកូនស្រីទីពីររបស់ខ្ញុំ ខ្ញុំមិនបានឮ អឿននិយាយពីគាត់ឡើយ តែនៅក្នុងការគិតរបស់ខ្ញុំ ដឹងបាត់ទៅហើយថា បើខ្មែរក្រហមចាប់បងស្រីទៅហើយ ប្អូនស្រីក៏នឹងត្រូវបានគេចាប់យកទៅដែរ។ ដំណឹងនេះខ្ញុំមិនទាន់ទុកចិត្តច្បាស់នោះទេ ព្រោះឮតែគេថា ដូចនេះខ្ញុំមិនទាន់ទុកចិត្តបាន។នៅក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩ ទើបខ្ញុំបានឃើញរូបកូនស្រីទីមួយរបស់ខ្ញុំឈ្មោះ ជិន វី នៅទួលស្លែង តែសម្រាប់កូនទីពីរឈ្មោះ ជិន វឿត នៅតែមិនទាន់ទទួលបានដំណឹងអ្វីពីគេ។
ជិន វី មានតួនាទីជាប្រធានក្រុមពេទ្យ នៅកងពល៣១០ ត្រូវបានចាប់ខ្លួននៅកងពល៣១០ ថ្ងៃទី១១ ធ្នូ ១៩៧៦៕[4]
អត្ថបទដោយ លី ដេវីត
[1] ឯកសារ KTI0098 KCDC-Cam6252 បទសម្ភាសន៍ នួន ឃុត សម្ភាសន៍ដោយ វ៉ាន់ ថាន់ពៅដារ៉ា ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០០២, ចម្លងចេញពីកាសែតដោយ លី សុខឃាង, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
[2] ផេង ពង្សរ៉ាស៊ី, ដេវីដ ឆេដល័រ, គ្រីស្តូហ្វ័រ ឌៀរីង, សុភ័ក្រ ភាណា, «ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ» (បោះពុម្ពលើកទី២ នៅកម្ពុជា ឆ្នាំ២០២០) ទំព័រ ២៨
[3] ឯកសារ I09360
[4] ដដែល