នី ហ៊ាង សោកស្តាយអំពីការតស៊ូក្នុងរបបខ្មែរក្រហម

យោធាស្ម័គ្រចិត្តបម្រើបដិវត្តន៍ខ្មែរក្រហមម្នាក់ ដែលធ្លាប់ចូលរួមក្នុងសមរភូមិ ប្រយុទ្ធជាមួយទាហាន លន់ នល់ យ៉ាងស្វិតស្វាញស្ទើរតែបាត់បង់អាយុជីវិត រហូតទទួលជ័យជម្នះដណ្តើមបានទីក្រុងភ្នំពេញនៅឆ្នាំ១៩៧៥។ គាត់បានសម្តែងការសោកស្តាយចំពោះការសម្រេចចិត្តខុសកាលពីអតីតកាល។
នី ហ៊ាង ឈ្មោះបដិវត្តន៍ ហៅ ប៊ុន ហ៊ាង ភេទប្រុស អាយុ៥១ឆ្នាំ[1] រស់នៅភូមិកន្ទ្រីង សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ និងមានស្រុកកំណើតនៅភូមិបឹងច្រែង ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ហ៊ាង មានឪពុកឈ្មោះ នី ជូន (ស្លាប់ក្រោយរបបខ្មែរក្រហម) និងម្តាយឈ្មោះ ព្រំ ខៀន (ស្លាប់សម័យខ្មែរក្រហម)។ ហ៊ាង ជាកូនទីពីរក្នុងគ្រួសារដែលមានបងប្អូនចំនួនប្រាំមួយនាក់ ក្នុងនោះស្រីបីនាក់។
កាលពីកុមារភាព ហ៊ាង រៀនបានត្រឹមថ្នាក់ទី៩ (សង្គមចាស់) នៅសាលាបឋមសិក្សាក្នុងភូមិបឹងច្រែង។ នៅខែមីនា ឆ្នាំ១៩៧០ ហ៊ាង ជួយធ្វើការងារស្រែចម្ការឪពុកម្តាយនៅស្រុកកំណើត ហើយនៅក្នុងភូមិកើតមានបាតុកម្មរបស់ប្រជាជនប្រឆំាងនឹងរដ្ឋប្រហាររបស់ឧត្តមសេនីយ៍ លន់ នល់ ដែលបានទម្លាក់សម្តេច ព្រះនរោត្តម សីហនុ ពីព្រះតំណែង។ នៅក្នុងភូមិដែលធ្លាប់តែរស់នៅសុខសាន្ត និងមានសុភមង្គលបានប្រែក្លាយទៅជាអសន្តិសុខដោយសារតែមានការបង្ក្រាបទៅលើក្រុមបាតុករ និងកើតមានសង្គ្រាមរវាងទាហាន លន់ នល់ ជាមួយនឹងចលនាតស៊ូខ្មែរក្រហម ព្រមទាំងការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកដើម្បីសម្លាប់កងទ័ពវៀតកុង (វៀតណាមខាងជើង) ដែលពួនលាក់ខ្លួនក្នុងខេត្តក្រចេះ។
នៅឆ្នាំ១៩៧៣ ហ៊ាង សុំការអនុញ្ញាតពីឪពុកម្តាយដើម្បីទៅចូលរួមជាមួយចលនាបដិវត្តន៍ខ្មែរក្រហមតាមការឃោសនារបស់អាជ្ញាធរឲ្យមានការរួមកម្លាំងគ្នារំដោះប្រទេសពីឧត្តមសេនីយ៍ លន់ នល់។ ហ៊ាង និងយុវជនក្នុងភូមិចំនួនបីនាក់រួមមាន យុវជនយេង, យុវជនអុល និងយុវជនអាត[2] បានស្ម័គ្រចិត្តចូលរួមជាមួយបដិវត្តន៍ដោយមានអាជ្ញាធរទទួលស្គាល់។ បន្ទាប់ពីចូលរួមជាមួយបដិវត្តន៍ ហ៊ាងបានក្លាយជាសេនាជនការពារប្រជាជនក្នុងភូមិ និងក្រោយមក គាត់ និងយុវជនទាំងបី ត្រូវបានអង្គការបញ្ជូនមកហ្វឹកហាត់ក្បួនយុទ្ធសាស្រ្តកងទ័ពជាមួយយុទ្ធជនភូមិភាគបូព៌ាដទៃទៀត នៅក្នុងវត្តក្រូចសើច ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម រយៈពេលបីខែ។ អំឡុងពេលហាត់រៀនយុទ្ធសាស្រ្តទ័ព ហ៊ាង ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យធ្វើជាកងឈ្លប ឬជាសេនាជនការពារភូមិ។
ចន្លោះពីឆ្នាំ១៩៧៣ ដល់ ឆ្នាំ១៩៧៤ ហ៊ាង និងយុទ្ធជនទាំងអស់បានចេញទៅសមរភូមិប្រយុទ្ធគ្នាជាមួយទាហាន លន់ នល់ នៅតាមសមរភូមិមួយចំនួនក្នុងខេត្តកំពង់ចាម ខេត្តក្រចេះ និងខេត្តកណ្តាល។ នៅឆ្នាំ១៩៧៥ ហ៊ាង ត្រូវបានបញ្ជូនទៅប្រចាំការនៅសមរភូមិនៅបន្ទាយភ្នំអដ្ឋរស្ស[3] , បន្ទាយបឹងតាមោក[4]និងតំបន់ជុំវិញក្រុងភ្នំពេញ។ នៅតាមសមរភូមិខាងលើគឺជាការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារវាងយោធាខ្មែរក្រហមជាមួយទាហាន លន់ នល់ បានធ្វើឲ្យកងទ័ពទាំងសងខាងស្លាប់ និងរងរបួសយ៉ាងច្រើន។ ហ៊ាង និយាយថាយោធាខ្មែរក្រហមគ្មានអាវុធទំនើបៗដូចទាហាន លន់ នល់ ទេ ប៉ុន្តែទឹកចិត្តក្លាហាន និងស្មោះត្រង់ជាមួយបដិវត្តន៍បានធ្វើឲ្យយោធាខ្មែរក្រហមទទួលបានជ័យជន្នះគ្រប់សមរភូមិ រហូតដណ្តើមបានការកាន់កាប់ទីក្រុងភ្នំពេញទាំងស្រុងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ កាលនោះ ហ៊ាងជាយោធាក្នុងកងវរសេតូច (ភ្លេចលេខ) ដែលមានឈ្មោះតាឡុង ជាប្រធាន ស្ថិតក្នុងកងពល៣១០ ឈ្មោះ អឿន ជាប្រធានកងពល។
ពេលចូលដល់ទីក្រុងភ្នំពេញយោធាកងពល៣១០ ត្រូវបានបំបែកទៅប្រចាំការនៅតាមតំបន់ផ្សេងៗ។ ហ៊ាង ត្រូវអង្គការកំណត់ឲ្យប្រចាំការនៅតំបន់វត្តភ្នំ និងរង្វង់មូលអង់តែនទួលគោក។ ហ៊ាង បានឃើញប្រជាជនត្រូវបានជម្លៀសដោយបង្ខំចេញពីផ្ទះ ហើយសា្ថនភាពធ្វើដំណើររបស់ប្រជាជននៅពេលនោះមានភាពច្របូកច្របល់ដោយគ្រប់ផ្លូវទាំងអស់ក្នុងក្រុង និងផ្លូវជាតិចេញពីក្រុងភ្នំពេញពោរពេញទៅដោយមនុស្ស។ យោធាខ្មែរក្រហមប្រកាសថា ការចេញពីទីក្រុងមានរយៈពេលតែបីថ្ងៃប៉ុណ្ណោះព្រោះអង្គការត្រូវការសម្អាតទីក្រុង, បំបែកក្រុមចារកិច្ចខ្មាំង និងថាអាមេរិកនឹងមកទម្លាក់គ្រាប់បែកក្នុងទីក្រុង។ ហ៊ាង បានឃើញសាកសពទាហាន លន់ នល់ និងកាំភ្លើងទំនើបៗរបស់ទាហាន លន់ នល់ ដែលត្រូវយោធាខ្មែរក្រហមរឹបអូសបានគរជាគំនរ។ នៅរង្វង់មូលអង់តែនទួលគោក យោធាខ្មែរក្រហមបានប្រកាសស្វែងរកទាហាន លន់ នល់ សក្តិ១, សក្តិ២ និងសក្តិ៣ ដោយប្រើល្បិចថាអង្គការនឹងរក្សាតួនាទីដដែលក្នុងរដ្ឋាភិបាលរបបថ្មី ហើយទាហាន លន់ នល់ និងប្រជាជនមួយចំនួនបានកុហកអង្គការថាខ្លួនធ្លាប់មានសក្តិ, ធ្លាប់ជាគ្រូបង្រៀន ឬ ធ្លាប់ជាមន្រ្តីរាជការជាដើម។ អ្នករាយការណ៍ទាំងអស់ ត្រូវបានខ្មែរក្រហមដឹកយកទៅសម្លាប់នៅរណ្តៅព្រែកព្នៅ។
រយៈពេលប្រមាណបីថ្ងៃ ទីក្រុងភ្នំពេញដែលជាទីក្រុងពាណិជ្ជកម្មធ្លាប់តែមានមនុស្សច្រើនអ៊ូអរបានក្លាយទៅជាទីក្រុងគ្មានមនុស្សរស់នៅហាក់ដូចជាទីក្រុងដែលគេបោះបង់ចោល។ ពេលនោះ ហ៊ាង ត្រូវបានអង្គការចាត់តាំងឲ្យដើរប្រមូលសម្លៀកបំពាក់ដែលសេសសល់តាមផ្ទះនានាដាក់ឡានដើម្បីយកទៅចែកឲ្យប្រជាជននៅសហករណ៍។ អំឡុងពេលនោះនៅទីក្រុងភ្នំពេញ ហ៊ាង សង្កេតឃើញមានស្ថានទូត ប្រទេសចិន និងប្រទេសកូរ៉េខាងជើង នៅដំណើរការ។ ការងាររបស់ហ៊ាង នៅប្រចាំការតាមប៉ុស្តិ៍ដែលអង្គការកំណត់ និងគ្មានសិទ្ធិចល័តទៅមកដោយគ្មានបទបញ្ជានោះទេ។ ក្រោយមក ហ៊ាង និងកងទ័ពទាំងអស់ត្រូវបានអង្គការឲ្យទៅចូលរួមទស្សនាការបញ្ចាំងវិដេអូក្នុងខួបសន្និបាតបក្សលើកទី២៤ នៅស្តាតអូឡាំពិក។ ហ៊ាង បានទស្សនាវិដេអូដែលរៀបរាប់អំពីទិដ្ឋភាពធ្វើស្រែ, ស្ទូងស្រូវ, ច្រូតស្រូវ និងកាប់ឆ្ការព្រៃនៅតាមសហករណ៍ជនបទ។
នៅចុងឆ្នាំ១៩៧៥ អង្គការបានបញ្ជូន ហ៊ាង និងយោធាមួយចំនួនឲ្យទៅធ្វើស្រែ នៅតំបន់អន្លង់ក្ងាន និងតំបន់កប់ស្រូវ។ រហូតដល់ឆ្នាំ១៩៧៦ ហ៊ាង ឃើញយោធាមួយចំនួនបាត់ខ្លួន, ផ្លាស់ប្តូរអង្គភាព និងឮដំណឹងចចាមអារ៉ាមថាអង្គការបានសម្លាប់យោធាទាំងនោះដោយចោទប្រកាន់ថាក្បត់បដិវត្តន៍ចូលដៃជាមួយវៀតណាម។ ហ៊ាង ឃើញសភាពការណ៍មិនស្រួលបានស្នើសុំអង្គការទៅស្រុកកំណើត ក្នុងគោលបំណងចង់ឈប់ធ្វើជាយោធា ត្រលប់ទៅធ្វើស្រែនៅសហករណ៍វិញ ប៉ុន្តែសំណើនេះត្រូវបានអង្គការបដិសេធ។ នៅឆ្នាំ១៩៧៧ ហ៊ាង ត្រូវបានអង្គការបញ្ជូនទៅសមរភូមិ នៅព្រំដែនប្រទេសកម្ពុជា-ប្រទេសវៀតណាម។ នៅទីនោះ ហ៊ាង មិនបានទៅសមរភូមិមុខទេ គឺអង្គការឲ្យប្រចាំការនៅស្នាក់ការភូមិភាគបូព៌ា ស្ថិតក្នុងឃុំសួង (បច្ចុប្បន្នក្រុងសួង ខេត្តត្បូងឃ្មុំ) ទទួល ភារកិច្ចដឹកអង្ករ និងត្រីងៀតផ្តល់ឲ្យយោធាប្រយុទ្ធ។ នៅពេលសភាពការណ៍សង្រ្គាមជាមួយវៀតណាមស្ងប់ស្ងាត់ ហ៊ាង ក៏ត្រូវបានអង្គការបញ្ជូនត្រលប់មកក្រុងភ្នំពេញវិញ។ កាលនោះ ហ៊ាង បានដឹងថាមានយោធាកាន់តែច្រើនឡើងៗ ត្រូវបានអង្គការសម្លាប់ដោយចោទប្រកាន់ថាជាប់និន្នាការក្បត់។ នៅឆ្នាំ១៩៧៧ អឿន ជាប្រធានកងពល៣១០ ត្រូវបានអង្គការចាប់ខ្លួន និងបញ្ជូនមកឃុំឃាំងនៅមន្ទីរសន្តិសុខស-២១ ឬហៅថាគុកទួលស្លែង។ គុកទួលស្លែងគឺជាមន្ទីរសន្តិសុខកម្រិតខ្ពស់បំផុត ឬមន្ទីរសន្តិសុខមជ្ឈិម មានទីតាំងស្ថិតក្នុងទីក្រុងភ្នំពេញដែលមានឈ្មោះថាមន្ទីរស-២១។ អ្នកទោសនៅក្នុងមន្ទីរស-២១ ស្ទើរតែទាំងអស់គឺជាអតីតកម្មាភិបាល និងកងទ័ពខ្មែរក្រហមដែលជាប់ចោទពីបទក្បត់បដិវត្តន៍។ ចាប់ពីឆ្នាំ១៩៧៦ ស្ទើរគ្មានអ្នកទោសណាម្នាក់ត្រូវបានដោះលែងឡើយ ហើយមានអ្នកទោសតិចតួចណាស់ដែលអាចរួចជីវិតពីមន្ទីរស-២១ [5]។
ក្រោយការចាប់ខ្លួន អឿន យោធាក្នុងកងពល៣១០ ត្រូវបានរំលាយចោល ហើយថ្នាក់ដឹកនាំកងពលស្ទើរតែទាំងអស់ត្រូវបានចាប់ខ្លួន។ យោធាមួយចំនួនត្រូវបានសម្លាប់ និងមួយចំនួនបញ្ជូនទៅធ្វើការនៅការដ្ឋានការងារព្រលានយន្តហោះខេត្តកំពង់ឆ្នាំង[6] ចំណែក ហ៊ាង អង្គការបញ្ចូលទៅក្នុងកងពល៥០២ ប្រចាំការនៅតំបន់ព្រលានយន្តហោះពោធិ៍ចិនតុង ក្រុងភ្នំពេញ។ នៅឆ្នាំ១៩៧៨ យោធាត្រូវធ្វើប្រវត្តិរូបម្តងហើយម្តងទៀត យោធាដែលចេះសរសេរអក្សរជួយអ្នកមិនចេះដើម្បីសរសេរប្រវត្តិរូបស្តីអំពី ប្រវត្តិបម្រើបដិវត្តន៍, ខ្សែទាក់ទង, ប្រវត្តិការងារ និងទីកន្លែងធ្លាប់រស់នៅជាដើម។ ពេលនោះការងាររបស់ ហ៊ាង ត្រូវធ្វើស្រែ និងលើកទំនប់នៅវត្តព្រៃសំពៅ តំបន់ចោមចៅ។ ហ៊ាង និងយោធាកងពល៥០២ រស់នៅជួបការលំបាកខ្លាំងព្រោះតម្រូវឲ្យធ្វើស្រែគ្មានពេលសម្រាក និងទទួលបានរបបអាហារមិនគ្រប់គ្រាន់ រហូតដល់មានយោធាមួយចំនួនមិនអាចទ្រាំនឹងភាពអត់ឃ្លាន បានទៅលួចអង្ករសមូហភាពត្រូវអង្គការធ្វើទារុណកម្ម និងសម្លាប់។
ហ៊ាង បន្តធ្វើស្រែរហូតដល់ដើមឆ្នាំ១៩៧៩ ពេលកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម បានវាយរំដោះប្រទេសកម្ពុជាពីទិសខាងកើត និងសង្គ្រោះប្រជាជនបានជាបន្តបន្ទាប់[7]។ ពេលនោះ ហ៊ាង បានរត់ភៀសខ្លួនជាមួយយោធា ក្នុងកងពល៥០២ ធ្វើដំណើរដោយថ្មើរជើងចេញពីក្រុងភ្នំពេញឆ្ពោះទៅខេត្តកំពង់ឆ្នាំង បន្តទៅខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។ ហ៊ាង បានធ្វើសង្គ្រាមវាយប្រយុទ្ធគ្នាជាមួយ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម តាមសមរភូមិក្នុងព្រៃនៅស្រុកក្រគរ ខេត្តពោធិ៍សាត់។ យោធាខ្មែរក្រហមតែងទទួលបរាជ័យក្នុងសមរភូមិដោយសារខ្វះខាតស្បៀងអាហារ និងយោធាខ្មែរក្រហមមានចំនួនតិចជាងកងទ័ពរណសិរ្ស។ នៅឆ្នាំ១៩៨០ ហ៊ាង សម្រេចចិត្តចូលសារភាពជាមួយកងទ័ពរណសិរ្សដោយយល់ថាខ្មែរក្រហមអស់លទ្ធភាពប្រយុទ្ធតទៅទៀត និងគាត់បានឮប្រជាជនប្រាប់ថាពេលចូលសារភាពកងទ័ពរណសិរ្សមិនយកទោសពៃរ៍អ្វីទេ។ ហ៊ាង មកដល់ស្រុកកំណើតឯខេត្តក្រចេះបានដឹងថាម្តាយរបស់គាត់ត្រូវបានខ្មែរក្រហមនាំទៅសម្លាប់។ នៅឆ្នាំ១៩៨១ ហ៊ាង បានរៀបការជាមួយប្រពន្ធឈ្មោះ ប៉ែន គឹម និងបច្ចុប្បន្នមានកូនប្រុសស្រីចំនួនប្រាំមួយនាក់។ គិតត្រឹមឆ្នាំ២០០៦ ហ៊ាង កំពុងបម្រើការងារជាទាហាន នៅតំបន់សឹករងខេត្តក្រចេះ។ នៅពេលដែលបានសួរថាតើគាត់យល់ឃើញយ៉ាងណាចំពោះការស្ម័គ្រចិត្តចូលបដិវត្តន៍ខ្មែរក្រហម ហ៊ាង បានផ្តល់ចម្លើយសោកស្តាយចំពោះការសម្រេចចិត្តខុសរបស់គាត់នាពេលកន្លងមក ព្រោះការតស៊ូ និងហ៊ានបូជាជីវិតសម្រាប់បដិវត្តន៍ក្នុងសមរភូមិអង្គការ មិនផ្តល់តម្លៃផ្ទុយទៅវិញស្ទើរតែត្រូវបានអង្គការសម្លាប់៕
អត្ថបទដោយ អេង សុខម៉េង
[1] បទសម្ភាសន៍រវាង ឡុង ដានី ជាមួយ នី ហ៊ាង, អតីតយោធាខ្មែរក្រហម បច្ចុប្បន្នរស់នៅភូមិកន្ទ្រីង សង្កាត់អូរឫស្សី ក្រុងក្រចេះ, ឯកសារKRI០០៣៨, (២០០៦), បទសម្ភាសធ្វើឡើងនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៦ ចំនួន៦៥ ទំព័រ។
[2] ក្នុងចំណោមអ្នកតស៊ូទាំងបី អាត បានបាត់ខ្លួន បន្ទាប់ពីពិការជើង និងរស់នៅក្នុងកងពិការក្នុងឆ្នាំ១៩៧៥។
[3] ភ្នំអដ្ឋរស្ស បច្ចុប្បន្នស្ថិតនៅ ឃុំផ្សារដែក និងឃុំភ្នំបាត ស្រុកពញាឭ ខេត្តកណ្តាល។
[4] បឹងតាមោក បច្ចុប្បន្នស្ថិតនៅ ក្នុងសង្កាត់ចំនួនប្រាំនៃខណ្ឌព្រែកព្នៅ និង ខណ្ឌសែនសុខ គឺសង្កាត់ពន្សាំង សង្កាត់ព្រែកព្នៅ សង្កាត់ពញាពន់ សង្កាត់សំរោង និងសង្កាត់ឃ្មួញ។
[5] ផេង ពង្សរ៉ាស៊ី, et al, សៀភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បោះពុម្ពលើកទី២. (មជ្ឈមណ្ឌលឯកសារកម្ពុជា ២០២០), ទំព័រ៥៣។
[6] អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា, ដីកាដំណោះស្រាយសំណុំរឿង០០២. (ឯកសារD427), ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១០, កថាខណ្ឌទី៣៨៣-៣៨៤. ទំព័រ១២៥-១២៦ សរសេរថា [ការដ្ឋានកសាងព្រលានយន្តហោះ ស្ថិតនៅស្រុក២០ តំបន់៣១ នៃភូមិភាគបស្ចឹម៤០១ បច្ចុប្បន្នការដ្ឋានកសាងព្រលានយន្តហោះនេះស្ថិតនៅភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ព្រលានយន្តហោះនេះ មានផ្ទៃដីប្រហែល៣០០ ហិកតា មានផ្លូវយន្តហោះរត់ពីរខ្សែមានបណ្តោយប្រវែង២,៤០០ម៉ែត្រ, ប៉មត្រួតពិនិត្យការហោះហើរ និងអគាររដ្ឋបាលផ្សេងទៀត។ ការដ្ឋានកសាងព្រលានយន្តហោះនេះបានចាប់ផ្តើមនៅដើមឆ្នាំ១៩៧៦ រហូតដល់របបខ្មែរក្រហមដួលរលំនៅដើមខែមករា ឆ្នាំ១៩៧៩ ការដ្ឋានព្រលានយន្តហោះនេះមិនទាន់បញ្ជប់ការសាងសង់នៅឡើងទេ]។
[7] ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិវិទ្យាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ]៖ អនុគណៈកម្មការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា), ទំព័រទី៤១។