មិត្តប្អូនមានពេញចិត្តជាមួយអ្នកណាឬទេ?
(ក្រចេះ)៖ អឿ មឿន ភេទប្រុស មានអាយុ៦១ឆ្នាំ ទីលំនៅបច្ចុប្បន្ននៅភូមិអំពិលទឹក ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។
នៅក្នុងរបបខ្មែរក្រហម គាត់មានអាយុ១៦ឆ្នាំ និងធ្វើការនៅក្នុងកងប្រវាស់ដៃ នៅភូមិអំពិលទឹក។ នៅក្នុងកងប្រវាស់ដៃ អង្គការបានប្រើឲ្យគាត់រកត្រី សាច់ ដាក់នៅតាមកងដើម្បីប្រឡាក់ទុក និងបម្រុងសម្រាប់ស្ល។ អង្គការបានកំណត់ឲ្យគាត់ ព្រមទាំងសមាជិក រកត្រីឲ្យបាន១០គីឡូក្នុងមួយថ្ងៃ។
គាត់រកត្រីបានប្រហែលបីខែ អង្គការបានបញ្ជូនគាត់ឲ្យទៅធ្វើការនៅក្នុងកងភ្ជួរស្រែវិញ។ គាត់បានធ្វើការនៅក្នុងកងប្រវាស់ដៃនោះបានចំនួនមួយឆ្នាំ ក៏ត្រូវអង្គការឲ្យគាត់ចូលធ្វើការនៅក្នុងកងឃ្វាលគោ និងក្របី។ បន្ទាប់មកអង្គការបានបញ្ជូនឲ្យគាត់ទៅធ្វើការនៅក្នុងកងជីកប្រឡាយវិញ។ ការធ្វើការនៅទីនោះ អង្គការបានបញ្ជាឲ្យប្រជាជនធ្វើការនៅពេលយប់ ចាប់ផ្ដើមពីម៉ោងប្រាំមួយល្ងាច ដល់ម៉ោងមួយទាបភ្លឺទើបបានសម្រាក។
គាត់ត្រូវចូលធ្វើការនៅម៉ោងប្រាំមួយព្រឹក រហូតដល់ម៉ោង១១ថ្ងៃត្រង់ ទើបបានបរិភោគអាហារថ្ងៃត្រង់។ គាត់បាននិយាយថា មិនមានអាហារហូបគ្រប់គ្រាន់នោះទេ មានត្រឹមតែបបរតិចតួច។ ប្រសិនបើប្រជាជនណាម្នាក់ទៅហូបមិនទាន់ពេល នោះនឹងទទួលបានបបរតែបន្តិច ព្រោះអ្នកដែលទៅមុនដួសយកមុនសឹងតែអស់។
បន្ទាប់ពីហូបបបររួចម៉ោងប្រហែលជាប្រាំល្ងាច អង្គការរៀបចំការប្រជុំទិតៀន។ ក្នុងការប្រជុំនោះ អង្គការឲ្យប្រជាជនទាំងអស់និយាយទិតៀនគ្នាទៅវិញទៅមក។ ការប្រជុំនោះគឺបាននិយាយពីភាពខ្វះខាតនៃការធ្វើការងារពីប្រជាជនម្នាក់ទៅម្នាក់ទៀត។ ចំពោះការធ្វើការនៅពេលយប់ អង្គការក៏មិនផ្ដល់អាហារបន្ថែមឲ្យបរិភោគឡើយ ទោះបីជានៅពេលថ្ងៃហូបមិនបានឆ្អែតយ៉ាងណាក្ដី។ ប្រសិនជាអង្គការតាមទាន់ថាមានប្រជាជនណាម្នាក់លួចបេះផ្លែឈើ ឬអ្វីផ្សេងហូបបន្ថែមនៅពេលយប់នោះ អង្គការនឹងចាប់យកទៅសម្លាប់ចោល។
មឿន បានឃ្លាតចេញពីឪពុកម្ដាយ តាំងពីគាត់មានអាយុ១៦ឆ្នាំ ដោយសារអង្គការបានជម្លៀសឪពុកម្ដាយរបស់គាត់ឲ្យទៅធ្វើការនៅស្រុកផ្សេង។ ការដែលត្រូវជម្លៀសទៅតំបន់ឆ្ងាយពីគ្នា គឺគាត់មិនងាយនឹងបានជួបមុខគ្នានោះទេ ទាល់តែរបបខ្មែរក្រហមត្រូវបញ្ចប់ ទើបគាត់បានជួបជុំជាមួយគ្រួសារវិញ។ អង្គការបានចាប់ប្រជាជនឲ្យរៀបការម្ដង១៥-២០គូរ។ អង្គការបានសួរទៅកាន់គាត់ ថា ពេញចិត្តជាមួយហ្នឹងស្រ្តីណាម្នាក់ដែរឬទេ? ប្រសិនគាត់ពេញចិត្តជាមួយនារីណាម្នាក់ គាត់អាចស្នើសុំអង្គការចាត់តាំងឲ្យ។
គាត់បន្តទៀតថា នៅក្នុងជំនាន់នោះ នៅពលដែលរៀបការរួចហើយក៏មិនបាននៅជុំគ្នាបានយូរដែរ ព្រោះត្រូវចេញទៅធ្វើការតាមកងរៀងៗខ្លួន។ នៅពេលមានជំងឺឈឺថ្កាត់ អង្គការបានឲ្យប្រជាជនទៅព្យាបាលជំងឺនៅឯស្រុកសំបូរ។
ប្រសិនជាការព្យាបាលនោះឆាប់បានធូរស្បើយប្រជាជនត្រូវត្រឡប់ទៅធ្វើការវិញ ប៉ុន្តែប្រសិនករណីជំងឺនោះធ្ងន់ធ្ងរ ព្យាបាលមិនបានធូរស្បើយទេ នោះអង្គការនឹងទុកឲ្យនៅទីនោះរហូតដល់បាត់បង់ជីវិត។ នៅពេលដែលកងទ័ពខ្មែរក្រហមបានវាយចាញ់កងទ័ពវៀតណាម គាត់បានត្រឡប់ទៅកាន់ស្រុកកំណើត ហើយបានរស់នៅជួបជុំជាមួយគ្រួសាររបស់គាត់ជាថ្មីម្ដងទៀត។
នៅចុងបញ្ចប់នៃការផ្ដល់បទសម្ភាសន៍របស់គាត់ គាត់មានពាក្យពេចន៍ផ្ដែផ្ដាំទៅកាន់ក្មេងៗជំនាន់ក្រោយ សូមជៀសឲ្យផុត កុំឲ្យកើតមានរបបនោះឡើងមកវិញម្ដងទៀត ព្រោះរបបនោះមានភាពសាហាវឃោរឃៅ សម្លាប់មនុស្សដែលមិនមានកំហុសអ្វីសោះ៕
សម្ភាសន៍ដោយ វឺង ណាំរ៉ុង នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤
អត្ថបទដោយ នេន ស្រីមុំ