អោ ធីម៖ អតីតកងនារីពេទ្យខ្មែរក្រហម

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អោ ធីម[1] ភេទស្រី អាយុ៦២ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិរកាអារ ឃុំរកាអារ ស្រុកកងមាស ខេត្ត​​កំពង់ចាម។ បច្ចុប្បន្ន ធីម រស់នៅក្នុងភូមិទួលត្បែង ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្ត​ឧត្តរ​មាន​ជ័យ។

ធីម បាន​និយាយថា៖ «ខ្ញុំ​មានបងប្អូនបង្កើតចំនួន៧នាក់ ហើយខ្ញុំជាកូនស្រីពៅនៅក្នុងគ្រួសារ។ កាល​ពីកុមារភាពខ្ញុំរៀនបានត្រឹមថ្នាក់ទី៩ ពីសង្គមចាស់។ នៅជំនាន់នោះ គ្រួសារ​ខ្ញុំ​ប្រកប​មុខ​របរ​ធ្វើ​ស្រែ​ចម្ការ​សម្រាប់ផ្គត់ផ្គង់ជីវភាពរស់​នៅ​ប្រចាំថ្ងៃ។ ក្រៅ​ពី​ការ​ងារ​ធ្វើ​ស្រែ​ចម្ការ​គ្រួសារ​ខ្ញុំ​ក៏​បាន​ដាំ​ដំណាំ​បន្លែ​មួយ​ចំនួន​​ដូច​​ជា៖​ ត្រកួន សណ្ដែក​គួរ​ សណ្ដែក​បាយ​ ត្រប់​ ម្ទេស​ ពោត​ ជា​ដើម​។ ការ​ងារ​ប្រចាំ​ថ្ងៃ​របស់​ខ្ញុំ​នៅ​ពេល​​នោះ​ ខ្ញុំ​ជួយ​ធ្វើ​ការ​ងារ​ផ្ទះ​បន្តិច​បន្តួច​មិន​សូវ​បាន​ជួយ​ការ​ងារ​ស្រែ​ចម្ការ​នោះ​ទេ​ ដោយ​សារ​ខ្ញុំ​នៅ​វ័យ​ក្មេង​។

នៅក្នុងឆ្នាំ១៩៧០ ខ្ញុំបានឈប់រៀនដោយសារតែព្រឹត្តិការណ៍ លន់ នល់ ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​សម្ដេច នរោត្តម សីហនុ ពីតំណែង។ ចាប់ពីពេលនោះមក ប្រជាជនមានការភ័យខ្លាច ស្រុក​ភូមិ​លែង​មាន​មនុស្សរស់​នៅដោយសារតែការយាយីពីសង្គ្រាម។ ខ្ញុំ​រស់​នៅ​ជាមួយ​ឪពុក​ម្ដាយ​ខ្ញុំ​រហូត​ដល់​​ឆ្នាំ​១៩៧៣ ទើបភូមិខ្ញុំចាប់ផ្ដើមទទួលរងនូវការទម្លាក់គ្រាប់បែកពីកងទ័ពអាមេរិកយ៉ាងខ្លាំង។ ការ​ទម្លាក់​គ្រាប់​បែក​នេះ​បានធ្លាប់​ចំកណ្តាលផ្ទះរបស់ខ្ញុំ​ ដែលបានធ្វើឲ្យខ្ញុំបាត់បង់សមាជិកគ្រួសារចំនួន៤នាក់ ក្នុង​នោះ​មាន​បង​ប្រុសបង្កើតចំនួនពីរនាក់ ជីដូនខ្ញុំ និងក្មួយមួយនាក់ទៀត​។ ក្រុម​គ្រួសារ​ខ្ញុំ​ក៏​បាន​នាំ​គ្នា​រៀប​ចំ​ពិធី​បុណ្យ​សព​បន្តិចបន្តួច។ ការ​បាត់​បង់​សមាជិក​គ្រួសារ​​នៅ​ក្នុង​​សម័យ លន់ នល់ ​ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នៅ​ចង​ចាំ​​និង​​ដិត​ដាម​ក្នុង​ចិត្ត​រហូត​ដោយ​មិន​អាច​បំភ្លេច​បាន​ទេ។​ ចំណែកឯផ្ទះសម្បែងត្រូវ​ទទួល​រង​ការ​ខូច​ខាត​យ៉ាង​​ខ្លាំង​ ហើយ​​គ្រួសារ​ខ្ញុំ​ក៏​គ្មាន​លទ្ធភាពសាងសង់សារជាថ្មី ត្រូវ​ទ្រាំ​រស់​នៅ​ទាំង​ផ្ទះ​បាក់​បែក។ ប្រជាជន​រស់​នៅ​ក្នុង​ភូមិ​រកាអារ​ ទាំង​អស់​សុទ្ធ​តែ​ទទួល​រង​នូវ​ការ​បាត់​បង់​បង​ប្អូន​ ទ្រព្យ​សម្បត្តិ​ និង​ផ្ទះ​​សម្បែង​ទាំង​អស់​គ្មាន​អ្នក​ណា​ម្នាក់​បាន​រស់​សុខ​ស្រួល​ឡើយ​។

នៅ​ចុងឆ្នាំ១៩៧៣ ខ្ញុំ​ត្រូវបាន​ខ្មែរក្រហមកៀរ​យកទៅធ្វើការនៅមន្ទីរពេទ្យតំបន់។ ដំបូងឡើយ ខ្ញុំ​ទទួល​បាន​ការ​បង្រៀន​អំ​ពីរបៀបមើលថែអ្នកជំងឺ និងអ្នក​របួសពី​សង្គ្រាម​។ នៅ​ជំនាន់​នោះ​អ្នកជំងឺភាគច្រើនកើតជំងឺគ្រុនចាញ់។ ជំនាន់​នោះ​ ខ្ញុំមិនបានចេះពីវិធីវះកាត់នោះទេ។ ការ​ផលិតថ្នាំព្យាបាលអ្នកជំងឺក៏ខ្ញុំមិនបានរៀនសូត្រដែរ ដោយ​សារ​កាល​ណោះ​ខ្ញុំ​មាន​វ័យក្មេងពេក​ទើប​ប្រធាន​ពេទ្យ​ឲ្យ​ខ្ញុំនៅមើលថែអ្នកជំងឺនៅបន្ទប់​ខាងក្រៅ។ ក្រៅ​ពី​ការ​ងារ​ពិនិត្យ​ និង​មើល​ថែ​អ្នក​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​ខ្ញុំ​មិន​​បាន​​ទៅ​ជួយ​ការ​ងារ​ធំ​ៗ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​នោះ​ទេ​។​ កាល​ណោះ​ខ្ញុំ​នៅ​ពេទ្យ​តំបន់​ ហើយ​កង​ពេទ្យ​ខ្ញុំ​មាន​​គ្នា​​ច្រើន​ណាស់​ និង​មាន​តួនាទី​ដាច់ដោយ​ឡែក​ពី​គ្នា​។​

ខ្ញុំតែងតែនឹករលឹកបងប្អូន និងឪពុកម្ដាយរបស់ខ្ញុំនៅឯស្រុកកំណើត ដោយសារតែខ្ញុំ​នៅវ័យ​ក្មេង​​ ហើយ​ត្រូវ​រស់នៅឃ្លាតឆ្ងាយពីគ្រួសារ។ ខ្ញុំមិនបានដឹងដំណឹងអំពីការរស់នៅ ការធ្វើការ និង​ការ​ហូប​ចុក គ្រួសារខ្ញុំបែបណានោះទេ។ ខ្ញុំតែងតែយំនឹកពួកគាត់នៅពេលគ្មានអាហារហូបចុកគ្រប់គ្រាន់ និង​ពេល​ជួប​ទុក្ខ​លំបាក។ ខ្ញុំរស់នៅកងពេទ្យរហូតដល់ឆ្នាំ១៩៧៩ ទើបកងទ័ពសាធារណរដ្ឋកម្ពុជា និង​កង​ទ័ព​ស្ម័គ្រ​ចិត្ដ​វៀតណាមបានចូលមករំដោះប្រជាជនចេញពីស្រុកកងមាស ខេត្តកំពង់ចាម។ ពេល​នោះ​ខ្ញុំ​ចង់​រត់​ត្រឡប់​ទៅស្រុកកំណើតវិញណាស់ ប៉ុន្តែខ្ញុំមិនស្គាល់ផ្លូវទៅផ្ទះវិញ ម្យ៉ាង​វិញ​ទៀត​ពេល​នោះ​មាន​ការ​ឃោសនា​ថា​ កង​ទ័ព​វៀត​ណាម​វាយ​ធ្វើ​បាបមក​លើ​​ប្រជាជន​ខ្មែរ​ទើប​ខ្ញុំ​រួម​ទាំង​ប្រជាជន​មួយ​ចំនួន​ធំ​មិន​ហ៊ាន​​ត្រឡប់​​ទៅ​ស្រុក​កំណើត​វិញ​។

ខ្ញុំ​ក៏​បាន​សម្រេចចិត្តរត់តាមប្រជាជនដទៃចូលព្រៃបន្តទៀតដើម្បី​គេច​ចេញ​ពី​កង​ទ័ព​វៀត​ណាម​។ ការរស់នៅក្នុងព្រៃមានការលំបាកណាស់សម្រាប់ខ្ញុំជានារី ខ្វះខាតអាហារហូបចុក ខ្វះ​ទឹក​បរិភោគ និងមិនមានទីកន្លែងស្នាក់នៅសមរម្យ។ នៅតាមផ្លូវធ្វើដំណើរ ខ្ញុំ រួមទាំងប្រជាជន និង​កងទ័ព​រួម​ដំណើរ បាននាំគ្នាជីកក្ដួច និងដំឡូងព្រៃមកហូបជំនួសបាយ ហើយពេលខ្លះទៀត យើង​ក៏នាំ​គ្នា​បេះ​ស្លឹក​ឈើ​ដែល​មាន​ជាតិជូរៗ ចាប់កូនក្អុក និង កង្កែប នៅតាមអូរ ដើម្បីមកស្លរធ្វើអាហារហូប។  អ្នក​ធ្វើ​ដំណើរ​អំឡុង​ពេល​នោះត្រូវបានដាច់ពោះស្លាប់តាមផ្លូវជាបន្តបន្ទាប់។ ការ​ធ្វើ​ដំណើរ​មួយ​នេះ​ត្រូវ​ចំណាយ​ពេល​អស់​រយៈ​ពេល៤ខែ ទើបទៅដល់ទន្លេល្ពៅ (ភ្នំ១០០១)។ បន្ទាប់ពីបានមកដល់ភ្នំ១០០១[2] ប្រជាជន​ទទួល​បាន​ការ​ហូបចុកគ្រប់គ្រាន់វិញហើយ ដោយសារនៅពេលនោះចាប់ផ្ដើមមានការឧបត្ថម្ភពីតាម៉ុក។

រហូតដល់ឆ្នាំ១៩៨០ ខ្ញុំក៏ចាប់ផ្តើមរៀបការ​ជាមួយ​ ប្ដីខ្ញុំ ដែល​គាត់​ធ្វើ​ការ​​នៅ​ក្នុងកងពិការភាព។ នៅ​ក្នុងឆ្នាំ១៩៨៦ ខ្ញុំ​ត្រូវ​របួស​ដៃ​ដោយ​សារ​ការ​វាយ​ប្រហារ​ពី​កង​ទ័ព​វៀត​ណាម​មកលើកងទ័ពខ្មែរក្រហម និងក្រុមដឹកជញ្ជូនស្បៀងអាហាររបស់ខ្ញុំទៅឲ្យកងទ័ពនៅសមរភូមិមុខ។​ គ្រាប់​ផ្លោង​បាន​​ធ្លាក់ និង​ផ្ទុះ​​ដែលបណ្តាល​ឲ្យ​ចំដៃខាងស្ដាំ និង​មាន​ពិការភាពមក​ដល់​សព្វ​ថ្ងៃ​​នេះ​។ បច្ចុប្បន្ននេះ ខ្ញុំ​ជួប​​ការលំបាកខ្លាំងជា​មួយ​បញ្ហា​សុខ​ភាព​ប្រចាំកាយមួយចំនួនដូចជា៖ ក្រពះពោះវៀន, លើសឈាម, ឈឺ​ចង្កេះ​ និង​ឈឺមុខ​​របួស​ដែល​បាន​បន្សល់​ទុក​កាល​ពីសម័យ​​សង្គ្រាម​»៕

អត្ថបទដោយ៖ សួត វិចិត្រ

កំណែអក្ខរាវិរុទ្ធដោយ៖ លី សុខចំរើន

[1] មេក វិន ម្ភាសន៍ជាមួយ អោ ធីម នៅ​ក្នុងភូមិទួលត្បែង ឃុំ​ត្រពាំងប្រិយ៍ ​ស្រុក​អន្លង់វែង ខេត្តឧត្តរមានជ័យ ឆ្នាំ​២០២៤។

[2] ភ្នំ១០០១ គឺជាឧបសម្ព័ន្ធ​មួយ ក្នុង​ចំណោម​ឧបសម្ព័ន្ធចំនួន​បី (រួមមាន៖ ភ្នំ១០០២ និង ភ្នំ១០០៣) ដែលត្រូវ​បាន​រៀបចំឡើងវិញ បន្ទាប់​របបខ្មែរក្រហម​ត្រូវ​បាន​ផ្តួល​រំលំ និង​បណ្តេញចេញពីអំណាចនៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩។ ប្រភព៖ គ្រីស្ទ ឌៀងរីង និង ឌី ខាំបូលី «ប្រវត្តិសាស្ត្រ​សហគន៍​អន្លង់វែង ៖ តំបន់​តស៊ូចុងក្រោយនៃចលនាខ្មែរក្រហម» មជ្ឈមណ្ឌលឯកសារកម្ពុជា ឆ្នាំ​២០០១។​

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin