ប្រជាជន២៥នាក់ ស្ទូងស្រូវ១ហិចតា ក្នុង១ថ្ងៃ
(ខេត្តព្រៃវែង) យ៉ាវ៖ “ខ្ញុំស្ទូងសូ្រវលឿនណាស់ក្នុងសម័យខ្មែរក្រហម ដោយសារខ្ញុំខ្លាចគេមិនផ្តល់អាហារ។ ខ្ញុំឈឺក៏មិនហ៊ានឈប់ដែរ ចេះតែខំ ខំទៅដើម្បីអាហារ”។ អោ យ៉ាវ មានអាយុ៧៣ឆ្នាំ (សម្ភាសន៍ឆ្នាំ២០២៤) មានស្រុកកំណើតនៅភូមិតាគោក ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង។ យ៉ាវ មានបងប្អូនចំនួន៤នាក់។ ឪពុករបស់ យ៉ាវ មានឈ្មោះ ប្រាជ្ញ អោ និងម្តាយឈ្មោះ នៅ យ៉ាន។ នៅឆ្នាំ១៩៧៣ យ៉ាវ រៀបការជាមួយប្តីឈ្មោះ ឆេង ឈួន ហើយបច្ចុប្បន្នមានកូនចំនួន៦នាក់។ នៅឆ្នាំដដែល គាត់បានមករស់នៅជាមួយស្វាមី នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង ។
នៅពេលខ្មែរក្រហមឡើងកាន់អំណាចក្នុងឆ្នាំ១៩៧៥ គ្រួសាររបស់ យ៉ាវ ត្រូវបានខ្មែរក្រហមជម្លៀសពីស្រុកព្រះស្តេច ទៅស្រុកពាមជរ ខេត្តព្រៃវែង។ នៅពេលនោះ យ៉ាវ មានកូនចំនួន២នាក់។ គាត់ និងប្តី ត្រូវធ្វើដំណើរដោយថ្មើរជើងទៅរស់នៅកន្លែងថ្មីទាំងបង្ខំចិត្ត ដោយរែកកូន, ស្បៀងអាហារ, ឆ្នាំងចាន និងរបស់របរប្រើប្រាស់ផ្សេងទៀត។ ពេលយ៉ាវទៅដល់ស្រុកពាមជរ ស្បៀងអាហារ និងរបស់របបប្រើប្រាស់ផ្សេងៗទាំងអស់របស់គាត់ត្រូវបានឈ្លបខ្មែរក្រហមប្រមូលទុកក្នុងសហករណ៍។ គ្រួសាររបស់ យ៉ាវ ត្រូវដាក់ឲ្យរស់នៅរួមជាមួយប្រជាជនមូលដ្ឋាន, ហូបរួម និងធ្វើការរួមក្នុងសហករណ៍។ របបអាហារ គឺមានតែបបរលាយជាមួយពោត។
យ៉ាវ ត្រូវគាស់គល់ឈើធំៗ, ជាន់រហាត់ទឹកបញ្ចូលស្រែ, ដកសំណាប និងស្ទូងស្រូវ។ ក្នុង១ថ្ងៃ ប្រជាជនចំនួន២៥នាក់ ត្រូវស្ទូងដីទំហំ១ហិចតាឲ្យរួចរាល់។ ចំនួនប្រជាជនស្ទូងតែងតែខ្វះដោយសារមានអ្នកខ្លះឈឺ ទើបធ្វើឲ្យការងារមិនគ្រប់តាមផែនការ។ ដូច្នេះ យ៉ាវ ត្រូវក្រោកតាំងពីម៉ោង៥ទៀបភ្លឺ ទៅធ្វើការដល់យប់ជ្រៅ ដើម្បីអាចសម្រេចតាមការកំណត់ ជៀសផុតពីការដាក់ទណ្ឌកម្ម និងទទួលបានរបបអាហារ។
នៅរដូវច្រូត អង្គការបានដាក់ផែនការទៀត គឺក្នុងម្នាក់មួយព្រឹកច្រូតឲ្យបាន ៥ម៉ែត្រការ៉េដីស្រែ។ នៅពេលល្ងាចត្រូវច្រូតឲ្យបាន ៧ម៉ែត្រ ទៅ៨ម៉ែត្រ។ ដើម្បីសម្រេចតាមការកំណត់ យ៉ាវ ត្រូវបន្ថែមម៉ោងធ្វើនៅពេលយប់ ក្រោយសម្រាកពីអាហារពេលល្ងាច។ នៅក្នុងរបបខ្មែរក្រហម យ៉ាវ មិនសូវបានជួបមុខកូនទាំងពីរនោះទេ។ កូនៗត្រូវរស់នៅក្នុងកងកុមារ។ ចំណែកប្តីរបស់ យ៉ាវ ត្រូវទៅ ជីកទំនប់ និងលើកប្រឡាយ ក្នុងកងចល័ត នៅភូមិស្វាយអណ្តូង និងនៅទន្លេតូច។
នៅចុងឆ្នាំ១៩៧៨ ខ្មែរក្រហមបានជម្លៀសគ្រួសាររបស់ យ៉ាវ និងប្រជាជនរស់នៅស្រុកពាមជរមួយចំនួន ដោយបង្ខំទៅកាន់តំបន់ដីក្រហម ដែលស្ថិតនៅជិត អ្នកលឿង។ ពេលទៅដល់ យ៉ាវ ឃើញការទម្លាក់គ្រាប់បែក និងការប្រយុទ្ធគ្នារវាងកងទ័ពវៀតណាមជាមួយ យោធាខ្មែរក្រហម។ ក្រោយមកនៅតំបន់ដីក្រហម មានការផ្សព្វផ្សាយថា របបខ្មែរក្រហមបានដួលរលំហើយ ទើបគ្រួសាររបស់ យ៉ាវ និងប្រជាជនបាននាំគ្នាត្រលប់ទៅរស់នៅស្រុកកំណើតរៀងៗខ្លួនវិញ។ បច្ចុប្បន្ន យ៉ាវ មានជំងឺឈឺសន្លាក់ដៃ សន្លាក់ជើង, ចុករួយកញ្ចឹងក និងជំងឺស្រវាំងភ្នែក៕
អត្ថបទដោយ អេង សុខម៉េង ថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៥
សម្ភាសន៍ដោយ ជួន រក្សា ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤