អន ឈុំ ៖ អតីតប្រធានកងពលលេខ១៥០

អន ឈុំ រស់នៅភូមិផ្ចឹកជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

នៅឆ្នាំ១៩៧២ ឈុំ ជាអតីតនីរសារបស់លោក ហ៊ូ នឹម ។ ក្រោយថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ឈុំ ត្រូវបាន​ ហ៊ូ នឹម តែងតាំងជាប្រធានកងពលលេខ១៥០។ ឈុំ បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖

អន ឈុំ[1] ភេទប្រុស អាយុ៩៩ឆ្នាំ​ ស​ព្វថ្ងៃធ្វើអាចារ្យនៅក្នុងវត្តផ្ទះមួយ។ ឈុំ មានស្រុកកំណើតនៅភូមិស្រម៉ជ្រុំ ឃុំប្រាំបីមុំ ស្រុកកំពង់ស្ពឺ ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្នរស់នៅភូមិផ្ចឹកជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ឈុំ មានប្រពន្ធឈ្មោះ ឡាយ រ៉េត អាយុ៦៧ឆ្នាំ ស​ព្វថ្ងៃប្រកបរបរធ្វើចម្ការ។ ឈុំ មានកូនចំនួន៦នាក់​ (ប្រុស៣នាក់ និងស្រី៣នាក់) កូនរបស់ ឈុំ​ បានទទួលមរណៈភាព៣នាក់ ដោយសារជំងឺគ្រុនចាញ់ និងអត់អាហារហូបចុកនៅក្នុងឆ្នាំ១៩៧៩។ ឈុំ មានបងប្អូនចំនួន៧នាក់(ប្រុស៤នាក់ និងស្រី៣នាក់) ​បងប្អូន ឈុំ បានទទួលមរណៈភាព៥នាក់ (ប្រុស៣នាក់ ស្រី២នាក់) ។ ឈុំ ជាកូនទី២ នៅក្នុងគ្រួសារ។ ឈុំ មានឪពុកឈ្មោះ អន ផន (ស្លាប់ឆ្នាំ១៩៦៨ ដោយសារកងទ័ព លន់ នល់ ចាប់យកទៅសម្លាប់ដោយកាត់ក្បាល​ ព្រោះជាប់ពាក់ព័ន្ធជាមួយរឿងនយោបាយ)។ ចំណែកម្ដាយឈ្មោះ តុប ឡាច (ស្លាប់១៩៩០ ដោយសារជំងឺ តាមអបិយជំនឿត្រូវអំពើ)។

កាលពីក្មេង ឈុំ ចូលរៀនបានត្រឹមថ្នាក់ទី៧ (សង្គមចាស់) នៅសាលាបឋមសិក្សា-តាំងពោធិ៍ ដែលស្ថិតក្នុងភូមិតាំងពោធិ៍ ឃុំប្រាំបីមុំ ស្រុកកំពង់ស្ពឺ ខេត្តកំពង់ស្ពឺ។ ឈុំ ចូលរៀនដំបូងនៅអាយុ១៥ឆ្នាំ។ គ្រូបង្រៀន ឈុំ មានឈ្មោះដូចជា គ្រូនៅ គ្រូជួ និងគ្រូឌឹម។  នៅឆ្នាំ ១៩៦០ ឈុំ បានសម្រេចចិត្តឈប់រៀន ដើម្បីជួយការងារឪពុកម្ដាយ ព្រោះគ្រួសារមានជីវភាពក្រីក្រ​ និងបងប្អូនច្រើន។ បន្ទាប់ពីឈប់រៀនបានរយៈពេល១ខែ ឈុំ បានសម្រេចចិត្តសុំឪពុកម្ដាយចូលបួសនៅវត្ត តាំងពោធិ៍ ដែលស្ថិតក្នុងក្នុងភូមិតាំងពោធិ៍ ឃុំប្រាំបីមុំ ស្រុកកំពង់ស្ពឺ ខេត្តកំពង់ស្ពឺ បានចំនួន៩វស្សា។ នៅឆ្នាំ១៩៦៨ ឪពុករបស់ ឈុំ ត្រូវបានកងទ័ពលន់ នល់ ចាប់យកទៅសម្លាប់ដោយចោទប្រកាន់ថាជាប់ពាក់ព័ន្ធរឿងនយោបាយ។ បន្ទាប់ពីឪពុកស្លាប់បានប្រហែល១ឆ្នាំ ឈុំ បានសម្រេចចិត្តសឹកពីបួសមកជួយការងារម្ដាយនៅឯផ្ទះវិញ ព្រោះឃើញម្ដាយពិបាកគ្មានអ្នកជួយធ្វើការងារស្រែចម្ការ។ ឈុំ រស់នៅជាមួយម្ដាយបានប្រហែលកន្លះឆ្នាំ ទើបម្ដាយរៀបចំឲ្យមានគ្រួសារ។​ បន្ទាប់ពីរៀបការបានរយៈពេល១ឆ្នាំ ចាប់ផ្ដើមមានរដ្ឋប្រហារទម្លាក់ សម្ដេចព្រះនរោត្ដម សីហនុ នៅថ្ងៃ១៨ ខែមីនា ឆ្នាំ១៩៧០ ដោយឧត្ដមសេនីយ លន់ នល់។  បន្ទាប់ពីរដ្ឋប្រហារបានប្រហែល២ឆ្នាំ សម្ដេច នរោត្ដម សីហនុ បានអំពាវនាវតាមវិទ្យុពីទីក្រុងប៉េកាំងថា« បើកូនចៅស្រលាញ់ សម្ដេចឪ និងចង់ឲ្យសម្ដេចឪចូលប្រទេសវិញ សូមនាំចូលព្រៃម៉ាកគីទាំងអស់គ្នា »។ ​ បន្ទាប់ពីឮការអំពាវនាវរបស់សម្ដេចព្រះ​នរោត្ដម សីហនុ ឈុំ បានសម្រេចចិត្តសុំប្រពន្ធ និងម្ដាយរត់ចូលព្រៃម៉ាក់គី ដើម្បីចូលរួមជាមួយកងពលលេខ២០ ដែលដឹកនាំដោយ ហ៊ូ នឹម. ហ៊ូ យន់. ខៀវ សំផន. នួន ជា. តា ម៉ុក និងសូ ណែម ដែលមានទីតាំងនៅលើ ភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ។  នៅពេលចូលរួមជាមួយចលនាតស៊ូខ្មែរក្រហមដំបូង ឈុំ ត្រូវបាន ហ៊ូ នឹម​ ជ្រើសរើសឲ្យចូលធ្វើជានិរសារនៅក្នុងភូមិភាគពាយ័ព្យ។

នៅឆ្នាំ១៩៧៣ កងទ័ពរបស់ឧត្ដមសេនីយ៍បានមកបោះទីតាំងនៅក្នុងភូមិស្រម៉ជ្រុំ។ ពេលដែល ចូលមកគ្រប់គ្រងក្នុងភូមិស្រម៉ជ្រុំដំបូង កងទ័ពឧត្ដមសេនីយ លន់ នល់ បានធ្វើបាបប្រជាជននៅក្នុងភូមិជាខ្លាំង ព្រោះកងទ័ពឧត្ដមសេនីយ លន់ នល់ បានចោទប្រជាជនដែលរស់នៅក្នុងភូមិស្រម៉ជ្រុំថា «ជាអ្នកផ្គត់ផ្គងម្ហូបអាហារឲ្យកងទ័ពខ្មែរក្រហមដែលលាក់ខ្លួននៅក្នុងព្រៃ» ប្រជាជនមួយចំនួន ត្រូវបានចោទប្រកាន់និងវាយធ្វើបាប ហើយមួយចំនួនទៀត ត្រូវបានចាប់យកទៅដាក់គុក។ បន្ទាប់ពីទទួលដំណឹងថា កងទ័ពរបស់ឧត្ដមសេនីយបានមកបោះទីតាំងនៅក្នុងភូមិស្រម៉ជ្រុំ ហ៊ូ នឹម និង ហ៊ូ​ យន់ បានបញ្ជាឲ្យកងទ័ពទាំងអស់ប្រមូលកម្លាំង ដើម្បីចុះទៅវាយបណ្ដេញកងទ័ពឧត្ដមសេនីយ លន់ នល់ ចេញពីភូមិស្រម៉ជ្រុំ ហើយបានបន្តវាយរហូតទទួលបានជ័យជម្នះ រួចបានចូលទៅគ្រប់គ្រងភូមិស្រម៉ជ្រុំបានទាំងស្រុង។ បន្ទាប់ពីស្នាក់នៅភូមិស្រម៉ជ្រុំបាន៣យប់ ឈុំ បានឃើញយន្តហោះរបស់ទាហានអាមេរិ កាំងចំនួន២គ្រឿង​បានហោះមកទម្លាក់គ្រាប់បែកបេ៥២យ៉ាងច្រើនសន្ធឹកសន្ធាប់ និងបាញ់រះជាច្រើនគ្រាប់មកលើផ្ទះប្រជាជន ព្រោះទាហានអាមេរិកាំង បានចោទប្រកាន់ភូមិស្រម៉ជ្រុំថា គឺជាទីតាំងដែលខ្មែរក្រហមរំដោះបាន។​  បន្ទាប់ពីស្ងប់ស្ងាត់ការទម្លាក់គ្រាប់បែក ឈុំ បានឃើញប្រជាជនជាច្រើនត្រូវបានស្លាប់ គោក្របីស្លាប់ទាំងគ្រោល​​ និងផ្ទះសម្បែងជាច្រើនត្រូវបានឆាបឆេះគ្មានសល់។ បន្ទាប់ពីទម្លាប់គ្រាប់បែកហើយ ហ៊ូ នឹម និងហ៊ូ យន់ បានប្រមូលកម្លាំងទាំងអស់ឡើងទៅវាយជាមួយកងទ័ពឧត្ដមសេនីយ លន់ នល់ នៅគិរីរម្យ(ខេត្តកំពង់ស្ពឺ)រហូតទទួលបានជ័យជម្នះ ហើយបានបន្តវាយចេញពីគិរីរម្យទៅកាន់ស្រុកឧត្ដុង្គ ​និងវាយចេញពីឧត្ដុង្គទៅកាន់ស្រុកអមលាំង រហូតវាយចូលតាមជាយទីក្រុងភ្នំពេញ រួចបានវាយបន្តរហូតរំដោះទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ បន្ទាប់ពីទទួលបានជ័យជម្នះនៅទីក្រុងភ្នំពេញ កងពលលេខ២០ទាំងអស់ត្រូវបាន ហ៊ូ នឹម បញ្ជាឲ្យទៅឈរជើងនៅតាមផ្លូវជាតិលេខ៤ និងឈរជើងនៅចោមចៅ(ភ្នំពេញ)។ បន្ទាប់ពីឈរជើងនៅចោមចៅបានប្រហែលកន្លះខែ កងពលលេខ២០ត្រូវបានបូកបញ្ចូលជាមួយកងពលផ្សេងទៀត បង្កើតជាកងពលថ្មីមួយទៀតហៅថា កងពលលេខ១៥០ ដែល ហ៊ូ នឹម បានតែងតាំង ឈុំ ជាប្រធានកងពល។ បន្ទាប់មកទៀត ឈុំ ត្រូវបាន ហ៊ូ នឹម បញ្ជាឲ្យដឹកនាំកងពល១៥០ ដើម្បីទៅការពារ នៅស្រុកបាធាយ ខេត្តកំពង់ចាបម។​ សម្រាប់អាហារហូបចុករបស់ ឈុំ​ និងកងទ័ព គឺហូបបានគ្រប់គ្រាន់មិនមានការខ្វះខាតអ្វីទេ។

នៅចុងឆ្នាំ១៩៧៧ កងទ័ពខ្មែរក្រហម និងកងទ័ពវៀតណាម ចាប់ផ្ដើមមានជម្លោះព្រំដែនជាមួយគ្នាដោយសារតែកងទ័ពវៀតណាមបានឈ្លានពានទឹកដីខ្មែរ។ ពេលនោះ ឈុំ បានបញ្ជាឲ្យកងទ័ពទាំងអស់ប្រមូលកម្លាំងដើម្បីទប់ទល់ជាមួយកងទ័ពវៀតណាម។ បន្ទាប់ពីទប់ទល់បានមួយប្រហែល១ខែ កងទ័ពខ្មែរក្រហមចាប់ផ្ដើមអស់គ្រាប់ និងអស់ស្បៀងអាហារ ឈុំ​ បានបញ្ជាឲ្យកងទ័ពទាំងអស់ដកថយមកតាមភ្នំឱរ៉ាល់ ហើយបានបន្ដដំណើរដោយឆ្លងកាត់ម៉ុងគិរី និងឆ្លងកាត់ភ្នំខ្មោច រហូតមកដល់ព្រំដែនថ្មដា ក្នុងខេត្តពោធិ៍សាត់ ហើយបានបោះទីតាំងរស់នៅព្រំដែនថ្មដាបានរយៈពេល៣ឆ្នាំ។ បន្ទាប់ពីរស់នៅថ្មដាបានរយៈពេល៣ឆ្នាំ កងទ័ពរណសិរ្យសាមគ្គីសង្រ្គោះជាតិ សហការណ៍ជាមួយកងទ័ពវៀតណាមបានប្រមូលកម្លាំងធ្វើដំណើរតាមផ្លូវជាតិលេខ៥៦(បច្ចុប្បន្នផ្លូវជាតិលេខ៥៥) ចូលមកវាយដល់ព្រំដែនថ្មដា ដោយកងទ័ពទាំងពីរមានកម្លាំងច្រើនមិនអាចទប់ទល់បាន ឈុំ បានបញ្ជាឲ្យកងទ័ពទាំងអស់រត់ទៅរស់នៅប្រទេសថៃ។ បន្ទាប់ពីសភាពការណ៍ស្ងប់ស្ងាត់ កងទ័ពរណសិរ្យសាមគ្គីសង្រ្គោះជាតិ និងកងទ័ពវៀតណាមបានដកកម្លាំងចេញពីព្រំដែនថ្មដាត្រឡប់ទៅវិញ។ ឈុំ បានបញ្ជាឲ្យកងទ័ពទាំងអស់ធ្វើដំណើរ មករស់ព្រំដែនថ្មដាវិញ ​ហើយបានបន្តរស់ព្រំដែនថ្មដា រហូតដល់សមាហរណកម្មឆ្នាំ១៩៩៦ ទើបរំសាយចូលរួមជាមួយកងទ័ពរដ្ឋាភិបាលកម្ពុជា ហើយបានបង្កើតជាកងពលថ្មីមួយទៀត កងពលលេខ១៧១។ បន្ទាប់ពីចូលរួមជាមួយរដ្ឋាភិបាលបានរយៈពេល១ឆ្នាំ ឈុំ និងគ្រួសារកងទ័ពមួយចំនួនធំត្រូវបានខាងរដ្ឋាភិបាលផ្លាស់ចេញពីព្រំដែនថ្មដាឲ្យមករស់នៅភូមិផ្ចឹកជ្រុំ ហើយបានចែកដីមួយចំនួនសម្រាប់ឲ្យសាងសង់ផ្ទះ និងធ្វើចម្ការ ដើម្បីផ្គត់ផ្គងជីវភាពគ្រួសាររហូតមកដល់សព្វថ្ងៃ៕

អត្ថបទដោយ ចាន់ ណារិទ្ធ


[1]មជ្ឈមណ្ឌលផ្សះផ្សាវាលវែងនៃមជ្ឈមណ្ឌលឯកសារកម្ពុជា សម្ភាសន៍ជាមួយ ​ឈ្មោះ អន ឈុំ  ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin