អន ធា៖ ខ្ញុំនៅតែចងចាំប្ដីរបស់ខ្ញុំ ដែលត្រូវបានខ្មែរក្រហមចាប់យកទៅសម្លាប់ចោល

អន ធា រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង។

ខ្ញុំឈ្មោះ អន ធា[1] មានអាយុ៨៨ឆ្នាំ មានទីកន្លែងកំណើតនៅភូមិព្រះអណ្ដូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម​ ហើយបច្ចុប្បន្ននេះ ខ្ញុំរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំមានឪពុកឈ្មោះ ប៉ោ អន និងមានម្ដាយឈ្មោះ លិវ ឆៀវ ប៉ុន្តែអ្នកមានគុណទាំង២បានទទួលមរណភាពអស់ទៅហើយ។ ខ្ញុំមានបងប្អូនប្រុសស្រីចំនួន៦នាក់ (ស្រី១/ប្រុស៥) (ស្លាប់៤នាក់)នៅឆ្នាំ១៩៥៧ ខ្ញុំរៀបការ ជាមួយប្ដីឈ្មោះ ទៀង ដន ដែលនៅពេលនោះ ខ្ញុំមានអាយុ២០ឆ្នាំ។ បច្ចុប្បន្នខ្ញុំមានកូនចំនួន៦នាក់ (ស្រី២/ប្រុស៤)។ កាលនៅវ័យកុមារ ខ្ញុំបានរៀនសូត្រនៅវត្តជាមួយព្រះសង្ឃ ហើយខ្ញុំអាចអាច និងសរសេរអក្សរបានបន្តិចបន្តួច។

នៅឆ្នាំ១៩៦៨ ខ្ញុំបានផ្លាស់មករស់នៅបុរីអូរស្វាយ បន្ទាប់ពីសម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានបង្កើតបុរីអូរស្វាយ និងបញ្ចូនទាហានចូលនិវត្តន៍ និងប្រជាជនដែលមានជីវភាពខ្វះខាត ដើម្បីមករស់នៅ និងការពារបូរណភាពទឹកដីពីការឈ្លានពានប្រទេសជិតខាង។ នៅពេលដែលខ្ញុំមកដល់បុរីអូរស្វាយ, ខ្ញុំបានឃើញការកសាងសមិទ្ធផល និងសំណង់ជាច្រើន ដូចជា ផ្ទះនិគមជន, បន្ទាយទាហាន, ប៉ុស្តិ៍ប៉ូលិស, មន្ទីរចាត់ការ, សាលារៀន, មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។ ដោយហេតុថាខ្ញុំទើបតែមកដល់បុរីអូរស្វាយក្នុងដំណាក់កាលក្រោយ, ខ្ញុំមិនទទួលបានការផ្ដល់ឲ្យនូវផ្ទះកាឡុងនោះទេ ប៉ុន្តែខ្ញុំទទួលបានដីចម្ការខ្លះពីប្រជាជនមុនៗ ដើម្បីដាំដំណាំកសិកម្មផ្សេងៗ។

បន្ទាប់ពី លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ, ខ្ញុំត្រូវបានទាហានលន់ នល់ ជ្រើសរើសឲ្យចូលធ្វើជាទាហាននារី ហើយមិនយូរប៉ុន្មាន កងទ័ពខ្មែរក្រហមបានចូលមកដល់ និងបើកការវាយប្រហារ រហូតវាយបែកបន្ទាយទាហាន លន់ នល់។ ដោយសារតែស្ថានភាពមានការប្រែប្រួល, ខ្ញុំបានវិលត្រឡប់មកបុរីអូរស្វាយវិញ។ បន្ទាប់មក យន្តហោះអាមេរិកបានបើកការវាយប្រហារទៅលើកងទ័ពខ្មែរក្រហម ដោយបានទម្លាក់គ្រាប់បែកជាបន្តបន្ទាប់។ គ្រួសាររបស់ខ្ញុំបានជីក​រណ្ដៅត្រង់សេ ដើម្បីគេចខ្លួនពីការទម្លាក់គ្រាប់បែក។ ប្រជាជនរស់នៅក្នុងភូមិ មិនអាចរត់ភៀសខ្លួនទៅកន្លែងណាបាននោះឡើយ។ ការទម្លាក់គ្រាប់បែកបណ្ដាលឲ្យរងរបួសប្រជាជន និងខូចខាតហេដ្ឋារចនាសម្ព័ន្ធ រួមទាំងបន្សល់ទុករណ្ដៅគ្រាប់បែកធំៗ។​

នៅក្នុងសម័យខ្មែរក្រហម, ខ្ញុំត្រូវបានជម្លៀសពីបុរីអូរស្វាយដោយថ្មើរជើង ទៅភូមិននោង ដែលជាភូមិសប្បូរទៅដោយជនជាតិដើមភាគតិច។ នៅពេលដែលទៅដល់ទីនោះ ខ្ញុំត្រូវបានអង្គការប្រើឲ្យ កាប់ព្រៃ, ធ្វើស្រែចម្ការ, លើកភ្លឺស្រែ,និងស្ទូងស្រូវ ដែលការងារទំាងនេះត្រូវធ្វើទាំងថ្ងៃទាំងយប់ គ្មានពេលសម្រាកគ្រប់គ្រាន់។ នៅទីនោះផងដែរ ខ្ញុំក៏បានទៅលើទំនប់អូរននោង ដែលមានកម្ពស់៣ម៉ែត្រ, ទទឹងខ្នង៣ម៉ែត្រ និងមានបណ្ដោយវែង។ នៅការដ្ឋានទំនប់ខ្មែរក្រហមតែងតែចាប់យកប្រជាជនទៅកសាង ដោយបានចោទថាជា ជនក្បត់ ឬជាស៊ី-អេ-អា។ ខ្ញុំ​មិនធ្លាប់ឃើញខ្មែរក្រហមសម្លាប់ប្រជាជននោះទេ ប៉ុន្តែខ្ញុំធ្លាប់តែឃើញខ្មែរក្រហមហៅប្រជាជនយកទៅកសាង ហើយខ្ញុំក៏សង្កេតឃើញថា អ្នកដែលខ្មែរក្រហមហៅទៅ បានបាត់ដំណឹងគ្មាននរណាដឹងនោះឡើយ​។ ប្ដីរបស់ខ្ញុំ ក៏ជាជនរងគ្រោះ ដែលត្រូវបានខ្មែរក្រហមចោទប្រកាន់ថា ខុសសីលធម៌ និងក្បត់អង្គការ ហើយត្រូវបានចាប់យកទៅសម្លាប់។ នៅពេលនោះ ខ្ញុំនៅធ្វើការនៅលើកោះព្នៅ ចំណែកឯប្ដីខ្ញុំធ្វើការនៅ​កោះគគីរ។ ការស្លាប់ប្ដីខ្ញុំនេះបន្សល់ទុកឲ្យខ្ញុំរស់នៅជាស្ត្រីមេម៉ាយជាមួយកូនៗ។ កូនៗរបស់ខ្ញុំត្រូវបានខ្មែរក្រហមរៀបចំដាក់ឲ្យរស់នៅ និងធ្វើការងារផ្សេងៗពីគ្នា៖ កូនអាយុ៣ឆ្នាំនៅជាមួយកងកុមារ, កូនអាយុ៧ឆ្នាំនៅកងកុមារ និងអាយុ១៣ឆ្នាំត្រូវបានដាក់ឲ្យចូលជាកងចល័ត។

ជីវិតរស់នៅប្រចាំថ្ងៃក្នុងសម័យខ្មែរក្រហម គឺមានការលំបាកណាស់ ដូចជា ការបង្ខំប្រជាជនធ្វើការងារហួសកម្លាំង, ការបង្អត់អាហារ, ការសម្លាប់ និងការរស់នៅឃ្លាតឆ្ងាយពីគ្រួសារ។ នៅពេលខ្លះ ដោយសារតែសេចក្ដីស្រែកឃ្លាន ខ្ញុំលួចទៅជីកមើមក្ដួច និងដំឡូងដើម្បីស្ងោហូប ដែលសកម្មភាពនេះ គឺជាកំហុស ឬបទឧក្រិដ្ឋធំមួយដែលខ្មែរក្រហមអាចសម្លាប់ខ្ញុំបានគ្រប់ពេលវេលា បើខ្មែរក្រហមដឹង។

នៅចុងឆ្នាំ១៩៧៨ ឬដើមឆ្នាំ១៩៧៩ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា វាយរំដោះប្រជាជនចេញពីខ្មែរក្រហម និងរំដោះប្រទេសកម្ពុជា។[2] នៅពេលដែលកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាវាយយកឈ្នះកងទ័ពខ្មែរក្រហមបន្តបន្ទាប់ ខ្ញុំត្រូវបានជម្លៀសចេញពីភូមិននោងដោយថ្មើរជើង អស់រយៈពេល៣ថ្ងៃ រហូតទៅដល់ព្រះរំកិល។ នៅពេលទៅដល់ទីនោះ ខ្ញុំបានស្នាក់នៅត្រឹមរយៈពេល១០ថ្ងៃ ទើបកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានប្រកាស់ថា​ «បងប្អូនដែលរស់នៅទីណា សូមបងប្អូនវិលត្រឡប់ទៅភូមិស្រុករបស់បងប្អូននៅទីនោះវិញចុះ!» បន្ទាប់ពីឮការប្រកាសនេះ, ខ្ញុំក៏សម្រេចចិត្តត្រឡប់មកបុរីអូរស្វាយវិញ។

បើទោះបីជារបបខ្មែរក្រហមបានបញ្ចប់អស់រយៈពេលជាច្រើនឆ្នាំទៅហើយយ៉ាងណាក្ដី, ខ្ញុំនៅតែចងចាំប្ដីរបស់ខ្ញុំដែលត្រូវបានខ្មែរក្រហមសម្លាប់ និងធ្លាប់បានទៅចូលរួមដំណើរការកាត់ក្ដីមេដឹកនាំខ្មែរក្រហម សំណុំរឿង០០២ផងដែរ។ ខ្ញុំបានដឹងថាមេដឹកនាំខ្មែរក្រហម ដូចជា នួន ជា, ខៀវ សំផន, អៀង ធីរិទ្ធ, អៀង សារី និង ឌុច ត្រូវបាននាំមកកាត់ទោស ដើម្បីស្វែងរកយុត្តិធម៌ជូនដល់ជនរងគ្រោះ និងប្ដីរបស់ខ្ញុំ ដែលបានស្លាប់ក្នុងរបបនោះ។ ចំពោះបញ្ហាសុខភាពវិញ, ខ្ញុំមានជំងឺក្រពះ, ជំងឺពោះវៀន, ជំងឺឈឺសន្លាក់, បញ្ហាភ្នែកមើលមិនច្បាស់ និងបញ្ហាត្រចៀក៕

អត្ថបទដោយ ស្រេង លីដា


[1] បទសម្ភាសន៍ «ប្រវត្តិសាស្រ្តផ្ទាល់មាត់៖ បទពិសោធន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» ជាមួយ អន ធា អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅស្រុកបុរីអូរស្វាយ-សែនជ័យ ខេត្តស្ទឹងត្រែង ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥, សម្ភាសដោយ ស្រេង លីដា, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជាសាខាខេត្តស្ទឹងត្រែង។

[2] ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិឡាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ៖ អនុគណៈកម្មការមុខវិជ្ជឯកទេសប្រវត្តិវិទ្យា, ក្រសួងអប់រំ យុវជន និងកីឡា), ទំព័រទី៤១

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin