ទំនប់អូរតាណឹង

ផ្ទាំងអក្សរដែលបានឆ្លាក់ពីកាលបរិច្ឆេទសាងសង់ទំនប់អូរតាណឺង ដែលដឹកនាំដោយ សម្ដេចព្រះ នរោត្ដម សីហនុ (ព្រះបរមរតនកោដ្ឋ)។
(រូបភាពដោយ៖ សាន្ត គឹមស៊ីន)

ទំនប់អូរតាណឹង ​មានចម្ងាយប្រហែលជាង៥០គីឡូម៉ែត្រ ពីទីរួមខេត្តក្រចេះ។ ទំនប់នេះ មានទីតាំងស្ថិតនៅភូមិអូរតាណឹង ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។ នៅលើច្រាំងរបស់ទំនប់អូរតាណឹង មានការដាប់អក្សរ ថា «សង្គមរាស្រ្តនិយម ស្ថាបនា​ខែមករា ឆ្នាំ១៩៦១ ផែនការព្រះសីហនុ»។​ យោងតាមការដាប់អក្សរនេះ យើងឃើញថាទំនប់នេះបានសាងសង់នៅក្នុងឆ្នាំ១៩៦១​ ដែលស្ថិតនៅក្នុងសម័យសង្គមរាស្រ្តនិយម។ ទំនប់អូរតាណឹង ត្រូវបានសាងសង់ឡើងនៅចន្លោះព្រំប្រទល់ ភូមិចង្ហប និងភូមិអូរតាណឹង។​ សម្ដេចព្រះ នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) បានកសាងទំនប់នេះដោយសារព្រះអង្គទតឃើញពីភាពលំបាកនៃការរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតរបស់ជនជាតិមិល នៅភូមិទាំងពីរខាងលើ។ ​ ទំនប់ទឹកអូរតាណឹង ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ជនជាតិមិល ក្នុងការប្រើប្រាស់សម្រាប់ការរស់នៅប្រចាំថ្ងៃ ចិញ្ចឹមសត្វដូចជា មាន់ ទា គោ ក្របី  និងធ្វើស្រែចម្ការជាដើម។​ ការធ្វើស្រែមាន២ប្រភេទគឺ ស្រែប្រាំង និងស្រែវស្សា។​ នៅក្នុងរដូវវស្សា មានលំហូរទឹកធំ និងអាចផ្គត់ផ្គង់ការធ្វើស្រែវស្សារបស់ប្រជាជនបានទាំងអស់គ្នា។​ ដោយឡែក នៅក្នុងរដូវប្រាំងវិញ អាកាសធាតុក្ដៅខ្លាំងដែលធ្វើឲ្យគ្មានទឹកហូរចូលទៅក្នុងទំនប់ឡើយ។ ទឹកដែលនៅសល់ក្នុងទំនប់នោះ គឺបន្សល់ទុកពីរដូវវស្សា ដែលមានបរិមាណតិច ធ្វើឲ្យប្រជាជនមិនមានធនធានទឹកគ្រប់គ្រាន់ដើម្បីធ្វើស្រែ ឬចិញ្ចឹមសត្វនៅក្នុងរដូវប្រាំងបានទេ។

យោងតាមទស្សនាវដ្តីស្វែងរកកាពិត ចុះនៅខែមិថុនា ឆ្នាំ២០០៥ ជនជាតិមិលដំបូងរស់នៅ ភូមិឆក់ត្រាច ដែលត្រូវស្គាល់ជាទូទៅថា ភូមិក្លិក្លក់ ស្ថិតនៅចម្ងាយប្រហែល៣០គីឡូម៉ែត្រ ខាងកើតភូមិអូរពោធិ៍ ខេត្តក្រចេះ។ ដោយសារមានជំងឺអ៊ុតធំរាតត្បាតពេញភូមិ និងដោយមានជនជាតិ​ព្នងមួយក្រុមចូលមកកាប់សម្លាប់ប្រជាជនក្នុងភូមិ ជនជាតិមិលបានរត់ភៀសខ្លួនមករស់នៅវាលមួយហៅថា «ស្រែចង្ហប»។ នៅក្នុងសម័យសង្គមរាស្រ្តនិយម ភូមិនេះត្រូវបានប្ដូរទីតាំងមកជាប់ផ្លូវជាតិវិញ ដើម្បីងាយស្រួលទំនាក់ទំនងជាមួយសង្គម និងដើម្បីឲ្យកុមារបានរៀនសូត្រនៅសាលាផង។ អំឡុងពេលសង្គ្រាមស៊ីវិលនៅក្នុងប្រទេសកម្ពុជាពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ និងនៅក្នុងរបបខ្មែរក្រហម បុរសមិលជាច្រើននាក់បានចូលបម្រើបដិវត្តន៍ខ្មែរក្រហម។ បន្ទាប់ពីខ្មែរក្រហមទទួលបានជ័យជម្នះ ជនជាតិមិល មួយចំនួនបានទទួលតួនាទីខ្ពស់, មួយចំនួនត្រូវខ្មែរក្រហមសម្លាប់ចោល ហើយមួយចំនួនទៀតបាត់ខ្លួន[1] ។ ​

សព្វថ្ងៃ ជនជាតិមិល រស់នៅជាមួយប្រជាជនខ្មែរ ហើយក្មេងៗជំនាន់ក្រោយភាគច្រើនមិនសូវចេះនិយាយភាសារបស់ជនជាតិខ្លួនប៉ុន្មានទេ ដោយសារតែត្រូវសម្របខ្លួនជាមួយសង្គមបច្ចុប្បន្ន។​​ តាំងពីដើមមក ជនជាតិមិល រស់នៅដោយប្រកបរបរធ្វើស្រែ និងការចិញ្ចឹមសត្វពាហនៈ ដូចជាសត្វគោ និងក្របីជាដើម។​ មកទល់សព្វថ្ងៃ ជនជាតិមិលមួយចំនួនបានផ្លាស់ប្តូរមុខរបររបស់ខ្លួន ទៅរកស៊ីឈ្នួលបេះគ្រាប់ស្វាយចន្ទី ប៉ុន្តែនៅមានប្រជាជនមួយចំនួនដែលនៅតែថែរក្សាទំនៀមទម្លាប់ និងប្រពៃណីរបស់ខ្លួនដដែរ។

ចំពោះរឿងរ៉ាវនៃ ទំនប់អូរតាណឹង អ្នកស្ម័គ្រចិត្តកម្ពុជា របស់អង្គការមជ្ឈមណ្ឌលឯកសារកម្ពុជា បានជួបសម្ភាសន៍ជាមួយនឹងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅភូមិចង្ហប ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ និងទទួលបានព័ត៌មានដូចតទៅ៖

ទំនប់អូរតាណឹង ត្រូវបានដឹកនាំសាងសងដោយ សម្ដេចព្រះ នរោត្ដម សីហនុ។ ទំនប់នេះមានប្រវែង៧០ម៉ែត្រ ដែលចូលរួមសាងសង់ដោយប្រជាជនចំនួន២០នាក់ នៅក្នុងភូមិចង្ហប និងភូមិអូរតាណឹង។​ ទំនប់នេះត្រូវបានសាងសង់ដោយប្រើប្រាស់សមាសធាតុផ្សំដូចជា ថ្ម, ខ្សាច់ និងស៊ីម៉ងត៍។​ ទំនប់អូរតាណឹង មានចម្ងាយពីភូមិចង្ហប ប្រហែលជិត១០០ម៉ែត្រ ចុះពីផ្លូវជាតិចូលទៅក្នុងព្រៃ។​ ព័ត៌មាននេះត្រូវបានចែករំលែកដោយ អឹម យ៉ង់[2] ដែលជាអ្នក ចូលរួមសាងសង់ទំនប់អូរតាណឹងនៅក្នុងសម័យសង្គមរាស្រ្តនិយម។ អឹម យ៉ង់ ភេទប្រុស ជនជាតិមិល អាយុ៩២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអូរតាណឹង ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។ យ៉ង់ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ ដែលបានដឹងពីរឿងរ៉ាវរបស់ ទំនប់អូរតាណឹង និងជាអ្នកឆ្លងកាត់សម័យកាលជាច្រើនជំនាន់ រួមមាន៖ របបអាណានិគមនិយមបារាំង, របបសង្គមរាស្រ្តនិយម, របប លន់ នល់ និងរបបខ្មែរក្រហម។ ​​

យ៉ង់ បានឲ្យដឹងថា ទំនប់អូរតាណឹង ត្រូវបានកសាងឡើង ឆ្នាំ១៩៦១ហើយគាត់ជាអ្នករែងខ្សាច់ និងចាក់ស៊ីម៉ង់ត៍។ ជាមួយគ្នានេះដែរ គាត់បានបន្ថែមថា ទំនប់អូរតាណឹង ទទួលរងការខូចខាតដោយសារការហូរច្រោះនៃទឹក គឺមិនមែនទទួលរងការ​បំផ្លាញពីការទម្លាក់គ្រាប់បែកនោះទេ។ មូលហេតុនៃការខូចខាតនោះគឺបណ្ដាលមកពី ការកសាងមិនបានរៀបចំជាប្រព័ន្ធទ្វារទឹកសម្រាប់បើកបង្ហូរ ទើបបណ្ដាលឲ្យមានការហូរច្រោះដី។ ឈានចូលមកដល់ឆ្នាំ១៩៧៥ ខ្មែរក្រហមបានរៀបចំជួសជុលទំនប់នេះឡើងវិញ ដើម្បីទប់យកទឹកទុកប្រើប្រាស់សម្រាប់ការធ្វើកសិកម្មនៅរដូវប្រាំង ក្នុងការបង្កបង្កើនផលស្រូវឲ្យបានតាមផែនការរបស់អង្គការ ប៉ុន្តែសម្រាប់ការជួសជុលទំនប់មួយនោះ គឺមិនបានរៀបរយនោះទេ។ នៅពេលដែលប្រទេសកម្ពុជាត្រូវបានរំដោះដោយកងទ័ពវៀតណាម យោធាខ្មែរក្រហមក៏បានរត់ភៀសខ្លួន ហើយបានបន្សល់ទុកទំនប់ក្នុងសភាពខូចខាតដដែលរហូតមកដល់ពេលបច្ចុប្បន្ន។

តឿ ឆន[3] ភេទប្រុស មានអាយុ៧៤ឆ្នាំ ជាជនជាតិមិល រស់នៅភូមិ​ចង្ហប ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ បានលើកឡើងប្រហាក់ប្រហែលគ្នា។ ឆន បាននិយាយរៀបរាប់អំពីប្រវត្តិរបស់ ទំនប់អូរតាណឹង ថាត្រូវបានបន្សល់ទុកពីសម័យសង្គមរាស្ត្រនិយម និងស្ថិតនៅជាប់នឹងព្រំប្រទល់ភូមិចង្ហប និងភូមិអូរតាណឹង។ ទំនប់នេះ ត្រូវបានដាក់ឈ្មោះតាមឈ្មោះភូមិអូរតាណឹង គឺឈ្មោះ ទំនប់អូរតាណឹង មានប្រវែង ៧០ម៉ែត្រ។ ចំពោះគោលបំណងនៃការបង្កើត ទំនប់អូរតាណឹងនេះ គឺដើម្បីទប់ទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ និងធ្វើកសិកម្ម ដោយសារ តែនៅតំបន់នោះមានស្រែដែលបានបន្សល់ទុកពីបុរាណមក។

ឆន បានបន្ថែមថា ទំនប់អូរតាណឹងនេះ មានសភាពខូចខាតមុនពេលរបបខ្មែរក្រហមចូលកាន់កាប់អំណាច១ឆ្នាំ ហើយមូលហេតុនៃការខូចខាតគឺដោយសារតែកត្តាមនុស្ស។ ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះបានទប់ទឹកទំនប់ ដើម្បីដាក់លបយកត្រីសម្រាប់បរិភោគ។ ពេលដែលរដូវវស្សាឈានចូលមកដល់ ទឹកបានឡើង ហើយក៏បានហូរច្រោះដីតាមប្រឡាយ ដែលប្រជាពលរដ្ឋបានទប់ដាក់លបបណ្ដាលឲ្យទំនប់នោះបាក់ស្រុតទៅម្តងបន្តិចៗ។

ផុង ធី[4] ភេទប្រុស ជាអ្នករស់នៅក្នុងតំបន់ជិត ទំនប់អូរតាណឹង បានដឹងអំពីព័ត៌មាននៃការកសាងទំនប់អូរតាណឹងនោះតាមរយៈអ៊ំប្រុសរបស់គាត់។ គាត់បានលើកឡើងថា ទំនប់នោះបានចាប់ផ្ដើមសាងសង់ក្នុង​សម័យសង្គមរាស្រ្តនិយម ដែលដឹកនាំដោយ សម្ដេចព្រះ​ នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ)។ ទំនប់នោះបានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ការដាំដុះដំណាំ និងការចិញ្ចឹមសត្វ ដែលជាមុខរបរចិញ្ចឹមជីវិតបន្ថែមពីលើការងារ​ស្រែចម្ការរបស់ជនជាតិមិល ក្នុងការជួយសម្រួលបន្ទុកគ្រួសារ។ មិនបានប៉ុន្មាន ទំនប់អូរតាណឹងត្រូវទទួលរងការខូចខាត ដោយសារតែកត្តាធម្មជាតិបន្ថែមទៀត។ នៅពេលដែលមានភ្លៀងធ្លាក់ ទំហំទឹកបានហក់ឡើង និងមានសន្ទុះខ្លាំង និងបានហូរទៅប៉ះជាមួយនឹងច្រាំងទំនប់បណ្ដាលឲ្យមានការហូរច្រោះដីបាក់ធ្លាក់ចុះ។

ធី បាននិយាយថា នៅក្នុងរបបខ្មែរក្រហម មានការចាត់ឲ្យជួសជុលទំនប់ឡើងវិញ ប៉ុន្តែមិនបានជោគជ័យនោះទេ ដោយសារតែមានសង្គ្រាមស៊ីវិលកើតមានជាបន្តបន្ទាប់ រវាងយោធាខ្មែរក្រហម និងកងទ័ពវៀតណាម។ បន្ទាប់ពីរបបខ្មែរក្រហមបានបញ្ចប់ទៅ ទំនប់នោះគឺនៅតែមានសភាពខូចខាតដដែរ រហូតមកដល់ពេលបច្ចុប្បន្ន ព្រោះគ្មាននរណាជួសជុលបន្តឡើយ។

យោងតាមព័ត៌មានខាងលើ ការខូចខាតនៃទំនប់អូរតាណឹង កើតឡើងដោយសារកត្តា២យ៉ាង រួមមាន៖ កត្តាទី១ គឺកត្តាធម្មជាតិ ដែលជាហេតុធ្វើឲ្យមានការបាក់ច្រាំងនៃទំនប់។​ នៅក្នុងរដូវវស្សាទឹកបានហូរកាត់ច្រាំងរបស់ទំនប់ ដោយសារតែកម្លាំងទឹកខ្លាំងពេក ក៏បណ្ដាលឲ្យច្រាំងនោះមានសភាពខ្សោយបន្តិចម្ដងៗរហូតទាល់តែមានការខូចខាត។ កត្តាទី២ គឺជាការបង្កឡើង​ដោយ​សារ​មនុស្ស។

ភាពខូចខាតនៃទំនប់អូរតាណឹង គឺបានបង្កឡើងដោយសារតែការដាក់លបជាច្រើន ដែលមានតាំងពីមុនរបបខ្មែរក្រហម នៅតាមបណ្ដោយច្រាំងរបស់ទំនប់ដើម្បីចាប់ត្រីនៅពេលទឹកឡើង។ ដូចបានឃើញនៅក្នុងរូបភាពភ្ជាប់មក លបមានរូបរាងជារង្វង់មូល។​ នៅពេលយកលបទៅដាក់នៅក្នុងផ្ទាំងឫស្សីមួយ ផ្ទាំងនោះមានចន្លោះប្រហោងតូចៗ ដែលមិនអាចទ្រាំទ្រនឹងកម្លាំងទឹកដែលហូរកាត់មកខ្លាំងៗបាន។​ ចំណុចមួយទៀតដែលបង្កដោយមនុស្សនោះគឺ មិនមានការថែទាំទៅលើទំនប់នោះឲ្យបានដិតដល់ដូចជា សម្អាតទីតាំងកុំឲ្យមានស្លែ ឬស្លឹកឈើ និងសំរាម។​ ប្រសិនបើមានការជួសជុលបន្តិចបន្តួចទៅលើកន្លែងដែលខូចខាតដោយអ្នកជំនាញ និងធ្វើតាមស្ដង់ដារបស់ទំនប់ ទំនប់អូរតាណឹងនឹងអាចដំណើរការដូចដើម ហើយអាចក្លាយជាអាងស្តុកទឹកសម្រាប់ខែប្រាំងទៀតផង៕

ដោយ នេន ស្រីមុំ


[1] លី សុផល. (លេខ៦៦ ខែមិថុនា ឆ្នាំ២០០៥). ទស្សនាវដ្ដីស្វែងរកការពិត-ផ្នែកប្រវត្តិសាស្រ្តនិងការស្រាវជ្រាវ. មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រទី១៥

[2] សម្ភាសន៍ជាមួយ អឹម យ៉ង់ ដោយ វង់ ស្រីឃីម. នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤. មជ្ឈមណ្ឌលឯកសារកម្ពុជា

[3] សម្ភាសន៍ជាមួយ តឿ ឆន ដោយ វង់ ស្រីឃីម និងជិន សុខណេង. នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤. មជ្ឈមណ្ឌលឯកសារកម្ពុជា

[4] សម្ភាសន៍ជាមួយ ផុង ធី ដោយ ជិន សុខណេង. នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤. មជ្ឈមណ្ឌលឯកសារកម្ពុជា

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin