ទំនប់អូរតាណឹង
ទំនប់អូរតាណឹងមានចម្ងាយប្រហែលជាជាង៥០គីឡូម៉ែត្រ ពីទីរួមខេត្តក្រចេះ។ ទំនប់មួយនេះ មានទីតាំងស្ថិតនៅភូមិអូរតាណឹង ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។ នៅលើច្រាំងរបស់ទំនប់អូរតាណឹង មាននូវការដាប់អក្សរដែលបានសរសេរថា «សង្គមរាស្រ្តនិយម ស្ថាបនាខែមករា ឆ្នាំ១៩៦១ ផែនការព្រះសីហនុ»។ យោងតាមការដាប់អក្សរនេះបានបញ្ជាក់ឲ្យឃើញថាទំនប់នេះបានសាងសង់នៅក្នុងឆ្នាំ១៩៦១ ដែលស្ថិតនៅក្នុងរបបសង្គមរាស្រ្តនិយម។ ទំនប់អូរតាណឹង ត្រូវបានសាងសង់ឡើងនៅចន្លោះព្រំប្រទល់ ភូមិចង្ហប និងភូមិអូរតាណឹង។ សម្ដេចព្រះ នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) បានកសាងទំនប់នេះដោយសារទ្រង់ទតឃើញពីភាពលំបាកនៃការរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតរបស់ជនជាតិមិល នៅភូមិទាំងពីរខាងលើ។ ទំនប់ទឹកអូរតាណឹង មានអត្ថប្រយោជន៍ជាច្រើនសម្រាប់ជនជាតិមិលដែលអាចយកមកប្រើប្រាស់សម្រាប់ការរស់នៅប្រចាំថ្ងៃ ចិញ្ចឹមសត្វដូចជា មាន់ ទា គោ ក្របី និងធ្វើស្រែចម្ការ។ ការធ្វើស្រែមាន២ប្រភេទដូចជា ស្រែប្រាំង និងស្រែវស្សា។ នៅក្នុងរដូវវស្សា លំហូររបស់ទឹកធំ ហើយអាចផ្គត់ផ្គង់សម្រាប់ធ្វើស្រែវស្សា ទៅកាន់ប្រជាជនបានទាំងអស់គ្នា។ ដោយឡែកនៅក្នុងរដូវប្រាំងវិញ អាកាសធាតុក្ដៅខ្លាំងដែលធ្វើឲ្យគ្មានទឹកហូរចូលទៅក្នុងទំនប់។ ទឹកដែលនៅសល់ក្នុងទំនប់នោះគឺបន្សល់ទុកពីរដូវវស្សា ដែលមានបរិមាណតិច ធ្វើឲ្យប្រជាជនមិនមានធនធានទឹកគ្រប់គ្រាន់ដើម្បីធ្វើស្រែ ឬចិញ្ចឹមសត្វនៅក្នុងរដូវប្រាំងបាន។
យោងតាមទស្សនាវដ្តីស្វែងរកកាពិត ចុះនៅខែមិថុនា ឆ្នាំ២០០៥ ជនជាតិមិលដំបូងរស់នៅ ភូមិឆក់ត្រាច ដែលមនុស្សទាំងអស់គ្នាស្គាល់ថា ភូមិក្លិក្លក់ ចម្ងាយប្រហែល៣០គីឡូម៉ែត្រ ខាងកើតភូមិអូរពោធិ៍ ខេត្តក្រចេះ។ ដោយសារមានជំងឺអ៊ុតធំរាតត្បាតពេញភូមិ និងដោយមានព្នងមួយក្រុមចូលមកកាប់សម្លាប់ប្រជាជនក្នុងភូមិ ជនជាតិមិលបានរត់ភៀសខ្លួនមករស់នៅវាលមួយហៅថា «ស្រែចង្ហប»។ នៅក្នុងរបបសង្គមរាស្រ្តនិយម ភូមិនេះត្រូវបានប្ដូរទីតាំងមកជាប់ផ្លូវជាតិវិញដើម្បីងាយស្រួលទំនាក់ទំនងជាមួយសង្គម និងដើម្បីឲ្យកុមារបានរៀននៅសាលាផង។ អំឡុងពេលសង្គ្រាមស៊ីវិលនៅក្នុងប្រទេសកម្ពុជាពីឆ្នាំ១៩៧០ ដល់១៩៧៥ និងនៅក្នុងរបបខ្មែរក្រហម បុរសមិលជាច្រើននាក់បានបម្រើបដិវត្តន៍ខ្មែរក្រហម។ បន្ទាប់ពីខ្មែរក្រហមទទួលបានជ័យជម្នះ ជនជាតិមិល មួយចំនួនបានទទួលតួនាទីខ្ពស់ មួយចំនួនត្រូវខ្មែរក្រហមសម្លាប់ចោល ហើយមួយចំនួនទៀតបាត់ខ្លួន[1] ។
សព្វថ្ងៃ ជនជាតិមិល រស់នៅជាមួយប្រជាជនខ្មែរ ហើយក្មេងៗជំនាន់ក្រោយភាគច្រើនមិនសូវចេះនិយាយភាសារបស់ជនជាតិខ្លួនប៉ុន្មានទេ ដោយសារតែត្រូវសម្របខ្លួនជាមួយសង្គមបច្ចុប្បន្ន។ តាំងពីដើមមក ជនជាតិមិល រស់នៅដោយប្រកបរបរធ្វើស្រែ និងការចិញ្ចឹមសត្វពាហនៈ ដូចជាសត្វគោ និងក្របីជាដើម។ មកដល់សព្វថ្ងៃនេះ ជនជាតិមិលមួយចំនួនបានផ្លាស់ប្តូរមុខរបររបស់ខ្លួន ទៅរកស៊ីឈ្នួលបេះគ្រាប់ស្វាយចន្ទី ប៉ុន្តែក៏នៅប្រជាជនមួយចំនួនដែលនៅតែថែរក្សាទំនៀមទម្លាប់ និងប្រពៃណី។
ចំពោះរឿងរ៉ាវនៃ ទំនប់អូរតាណឹង ត្រូវបានដឹងឮតាមរយៈអ្នកស្ម័គ្រចិត្តកម្ពុជា របស់អង្គការមជ្ឈមណ្ឌលឯកសារកម្ពុជា ចុះទៅជួបសម្ភាសន៍ជាមួយនឹងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅភូមិចង្ហប ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ បានឲ្យដឹងថា៖
ទំនប់អូរតាណឹង ត្រូវបានដឹកនាំសាងសងដោយ សម្ដេចព្រះ នរោត្ដម សីហនុ។ ទំនប់នេះមានប្រវែង៧០ម៉ែត្រ ដែលចូលរួមសាងសង់ដោយប្រជាជនចំនួន២០នាក់ នៅក្នុងភូមិចង្ហប និងភូមិអូរតាណឹង។ ទំនប់នេះត្រូវបានសាងសង់ដោយប្រើប្រាស់សមាសធាតុផ្សំដូចជា ថ្ម ខ្សាច់ និងស៊ីម៉ងត៍។ ទំនប់អូរតាណឹង មានទីតាំងឆ្ងាយពីភូមិចង្ហប ប្រហែលជិត១០០ម៉ែត្រ ដោយដើរចុះពីផ្លូវជាតិចូលទៅក្នុងព្រៃ។ ព័ត៌មាននេះបានដឹងតាមរយៈ អឹម យ៉ង់[2] ដែលជាអ្នកដែលបានចូលរួមសាងសង់ទំនប់អូរតាណឹងនៅក្នុងរបបសង្គមរាស្រ្តនិយម។ អឹម យ៉ង់ ភេទប្រុស ជនជាតិមិល អាយុ៩២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអូរតាណឹង ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។ យ៉ង់ ជាអ្នករស់រានមានជីវិតម្នាក់ដែលបានដឹងពីរឿងរ៉ាវរបស់ ទំនប់អូរតាណឹង និងជាអ្នកឆ្លងកាត់មកតាំងពីរបបអាណានិគមនិយមបារាំង, របបសង្គមរាស្រ្តនិយម, របប លន់ នល់ និងរបបខ្មែរក្រហម។
យ៉ង់ បានឲ្យដឹងថា ទំនប់អូរតាណឹង ត្រូវបានកសាងឡើង ឆ្នាំ១៩៦១ហើយគាត់ធ្វើការជាអ្នករែងខ្សាច់ និងចាក់ស៊ីម៉ង់ត៍។ ជាមួយគ្នានេះដែរ គាត់បានបន្ថែមថា ទំនប់អូរតាណឹង ទទួលរងការខូចខាតដោយសារការហូរច្រោះនៃទឹក វាមិនមែនជាការបំផ្លាញ់ដោយសារការទម្លាក់គ្រាប់បែកនោះទេ។ មូលហេតុនៃការខូចខាតនោះគឺបណ្ដាលមកពី ការកសាងមិនបានរៀបចំជាប្រព័ន្ធទ្វារទឹកសម្រាប់បើកបង្ហូរ ទើបបណ្ដាលឲ្យហូរច្រោះដី។ ឈានចូលមកដល់ឆ្នាំ១៩៧៥ ខ្មែរក្រហមបានរៀបចំជួសជុលឡើងវិញ ដើម្បីទប់យកទឹកទុកប្រើប្រាស់សម្រាប់ការធ្វើកសិកម្មនៅរដូវប្រាំង ដើម្បីទទួលបានផលស្រូវតាមផែនការរបស់អង្គការ ប៉ុន្តែសម្រាប់ការជួសជុលទំនប់មួយនោះ គឺមិនបានរៀបរយនោះទេ។ នៅពេលដែលប្រទេសកម្ពុជាត្រូវបានរំដោះដោយកងទ័ពវៀតណាម យោធារបស់ខ្មែរក្រហមក៏បានរត់ភៀសខ្លួន ហើយបានបន្សល់ទុកទំនប់នោះដែលមានសភាពខូចខាតដដែលរហូតមកដល់ពេលបច្ចុប្បន្ន។
យោងតាម តឿ ឆន[3] ភេទប្រុស មានអាយុ៧៤ឆ្នាំ ជាជនជាតិមិល រស់នៅភូមិចង្ហប ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ដែលបានលើកឡើងប្រហាក់ប្រហែលគ្នា។ ឆន បាននិយាយទាក់ទងទៅនឹងប្រវត្តិរបស់ ទំនប់អូរតាណឹង ដែលបានបន្សល់ទុកពីសម័យសង្គមរាស្ត្រនិយម ដែលស្ថិតនៅជាប់នឹងព្រំប្រទល់ភូមិចង្ហប និងភូមិអូរតាណឹង ប៉ុន្តែទំនប់នេះគឺដាក់ឈ្មោះតាមឈ្មោះភូមិអូរតាណឹង គឺឈ្មោះ ទំនប់អូរតាណឹង មានប្រវែង ៧០ម៉ែត្រ។ ចំពោះគោលបំណងនៃការបង្កើត ទំនប់អូរតាណឹងនេះ គឺដើម្បីទប់ទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ និងធ្វើកសិកម្ម ដោយសារ តែនៅតំបន់នោះមានស្រែដែលបានបន្សល់ទុកពីបុរាណមក។
ឆន បានបន្ថែមថា ចំពោះទំនប់អូរតាណឹងនេះ គឺត្រូវបានខូចខាតមុនពេលរបបខ្មែរក្រហមចូលកាន់កាប់អំណាច១ឆ្នាំ ហើយមូលហេតុនៃការខូចខាតគឺដោយសារតែកត្តាមនុស្ស។ ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះបានទប់ទឹកទំនប់ ដើម្បីដាក់លបយកត្រីសម្រាប់បរិភោគ។ ពេលដែលរដូវវស្សាឈានចូលមកដល់ទឹកបានឡើង ហើយក៏បានហូរច្រោះតាមប្រឡាយ ដែលប្រជាពលរដ្ឋបានទប់ដាក់លបក៏បណ្ដាលឲ្យទំនប់នោះបាក់ទៅម្តងបន្តិចៗ។
ផុង ធី[4] ភេទប្រុស ជាអ្នករស់នៅក្នុងតំបន់ជិត ទំនប់អូរតាណឹង បានដឹងអំពីព័ត៌មាននៃការកសាងទំនប់អូរតាណឹងនោះគឺតាមរយៈអ៊ំប្រុសរបស់គាត់។ គាត់បានលើកឡើងថា ទំនប់នោះបានចាប់ផ្ដើមសាងសង់ស្ថិតនៅរបបសង្គមរាស្រ្តនិយម ដែលដឹកនាំដោយ សម្ដេចព្រះ នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ)។ ទំនប់នោះបានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ដំណាំ ព្រមទាំងការចិញ្ចឹមសត្វ ព្រោះជនជាតិមិល ក្រៅពីការធ្វើស្រែចម្ការ គឺមានមុខរបបទាំងពីរមុននេះដែលបានជួយសម្រួលបន្ទុករបស់គាត់បន្ថែម។ យើងឃើញថា មិនបានប៉ុន្មានទំនប់អូរតាណឹងត្រូវទទួលរងការខូចខាត ដោយសារតែកត្តាធម្មជាតិ។ កត្តាធម្មជាតិ នៅពេលដែលមានភ្លៀងធ្លាក់ ទំហំទឹកបានហក់ឡើង និងមានសន្ទុះខ្លាំង បានហូរទៅប៉ះជាមួយនឹងច្រាំងទំនប់បណ្ដាលឲ្យមានការហូរច្រោះដីបាក់ធ្លាក់ចុះ។
ធី បាននិយាយថា នៅក្នុងរបបខ្មែរក្រហម គឺមានការចាត់ឲ្យជួសជុលទំនប់នោះឡើងវិញ ប៉ុន្តែមិនបានជោគជ័យនោះទេ ព្រោះតែពេលនោះមានសង្គ្រាមស៊ីវិលចេះតែកើតមានជាបន្តបន្ទាប់ រវាងយោធាខ្មែរក្រហម និងកងទ័ពវៀតណាម។ បន្ទាប់ពីរបបខ្មែរក្រហមបានបញ្ចប់ទៅ ទំនប់នោះគឺនៅតែមានសភាពខូចខាតដដែលមកដល់ពេលបច្ចុប្បន្ន ព្រោះមិនមាននរណាជួសជុលបន្តឡើយ។
បន្ទាប់ពីទទួលបានព័ត៌មានពីអ្នករស់រានមានជីវិតបីរូបខាងលើ និងជាអ្នកដែលចូលរួមក្នុងការសាងសងទំនប់នោះផ្ទាល់ គឺបានបញ្ជាក់ឲ្យឃើញថា ការខូចខាតនៃទំនប់អូរតាណឹង កើតឡើងដោយសារកត្តា២យ៉ាង។ កត្តាទី១ នោះគឺដូចអ្វីដែលអ្នករស់រានមានជីវិតឈ្មោះ ផុង ធី បានលើកឡើងនោះគឺ កត្តាធម្មជាតិ ដែលជាហេតុធ្វើឲ្យមានការបាក់ច្រាំងនៃទំនប់។ នៅក្នុងរដូវវស្សាទឹកដែលហូរនោះបានហូរកាត់ច្រាំងរបស់ទំនប់ ដោយសារតែកម្លាំងទឹកខ្លាំងពេក ក៏បណ្ដាលឲ្យច្រាំងនោះមានសភាពខ្សោយបន្តិចម្ដងៗរហូតទាល់តែមានការខូចខាត។
ក្រៅពីកត្តាធម្មជាតិ ក៏មានកត្តាមួយចំនួនដែលបង្កឡើងដោយសារតែមនុស្ស។ ភាពខូចខាតនៃទំនប់អូរតាណឹង គឺបានបង្កឡើងដោយសារតែការដាក់លបជាច្រើន ដែលមានតាំងពីមុនរបបខ្មែរក្រហម នៅតាមបណ្ដោយច្រាំងរបស់ទំនប់ដើម្បីចាប់ត្រីនៅពេលដែលទឹកឡើង។ ដូចបានឃើញនៅក្នុងរូបភាព លបមានរូបរាងជារង្វង់មូល ហើយនៅពេលដែលយកទៅដាក់នៅក្នុងផ្ទាំងឫស្សីមួយ ហើយផ្ទាំងនោះមានចន្លោះប្រហោងតូចៗ ដែលនាំឲ្យផ្ទាំងនោះមិនអាចទ្រាំទ្រនឹងកម្លាំងទឹកដែលហូរកាត់មកខ្លាំងៗបាន។ ចំណុចមួយទៀតដែលបង្កដោយមនុស្សនោះគឺ មិនមានការថែទាំទៅលើទំនប់នោះឲ្យបានដិតដល់ដូចជា សម្អាតទីតាំង កុំឲ្យមានស្លែ ឬស្លឹកឈើ និងសំរាម។ ប្រសិនបើមានការជួសជុលបន្តិចបន្តួចទៅលើកន្លែងដែលខូចខាតដោយអ្នកជំនាញ និងធ្វើតាមស្ដង់ដារបស់ទំនប់ នោះទំនប់អូរតាណឹងនឹងអាចដំណើរការដូចដើម ហើយក៏អាចមានវិធីសាស្ត្រផ្ទុកទឹកសម្រាប់ខែប្រាំងបានដែរ៕
អត្ថបទដោយ៖ នេន ស្រីមុំ
ឯកសារយោង៖
[1] លី សុផល. (លេខ៦៦ ខែមិថុនា ឆ្នាំ២០០៥). ទស្សនាវដ្ដីស្វែងរកការពិត-ផ្នែកប្រវត្តិសាស្រ្តនិងការស្រាវជ្រាវ. មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រទី១៥
[2] សម្ភាសន៍ជាមួយ អឹម យ៉ង់ ដោយ វង់ ស្រីឃីម. នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤. មជ្ឈមណ្ឌលឯកសារកម្ពុជា
[3] សម្ភាសន៍ជាមួយ តឿ ឆន ដោយ វង់ ស្រីឃីម និងជិន សុខណេង. នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤. មជ្ឈមណ្ឌលឯកសារកម្ពុជា
[4] សម្ភាសន៍ជាមួយ ផុង ធី ដោយ ជិន សុខណេង. នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤. មជ្ឈមណ្ឌលឯកសារកម្ពុជា