គ្មានការគោរពប្រពៃណី

(កំពង់ធំ)៖ អ៊ូ ឌី អាយុ៦២ឆ្នាំ​ រស់នៅភូមិចុងដា ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ។ សព្វថ្ងៃ គាត់មានជំងឺសន្លាក់ដៃ-ជើង និងលើសសម្ពាធឈាម។

នៅឆ្នាំ១៩៧៥ ឌី រស់នៅក្នុងសហករណ៍រួមជាមួយនឹងប្រជាជនដទៃ ដោយធ្វើការងារដូចជា ដកសំណាប ស្ទូងស្រូវ ធ្វើប្រព័ន្ធភ្លឺស្រែ រែកដី និងលើកទំនប់។

តាមរយៈការសង្កេតរបស់ ឌី នៅក្នុងរបបខ្មែរក្រហម មានការបែងចែកប្រជាជនឱ្យរស់នៅដោយឡែកពីគ្នា ដោយប្រជាជនមូលដ្ឋានរស់នៅផ្សេង ហើយប្រជាជន១៧មេសាដែលជម្លៀសពីភ្នំពេញត្រូវរស់នៅផ្សេង។ ការរស់នៅផ្សេងគ្នាមានភាពលំបាក និងភាពងាយស្រួលខុសគ្នា។ ប្រជាជនមូលដ្ឋានមានផ្ទះសម្រាប់ស្នាក់នៅត្រឹមត្រូវ ចំណែកប្រជាជន១៧មេសា ត្រូវរស់នៅក្នុងខ្ទមតូចៗ។ ចំពោះរបបអាហារក៏មានភាពខុសគ្នាដែរ ដោយប្រជាជនមូលដ្ឋាន ទទួលបានបបរចំនួនមួយវែកកន្លះ រីឯប្រជាជន១៧មេសា ទទួលបានត្រឹមមួយវែក។ ពាក់ព័ន្ធនឹងការងារ នៅក្នុងមួយថ្ងៃត្រូវរែកដីឱ្យបានចំនួនពីរម៉ែត្របួនជ្រុង ប្រសិនជារែកមិនហើយនឹងត្រូវបង្អត់អាហារ។

ក្នុងរបបខ្មែរក្រហម អ្នកមានចំណេះដឹង និងធ្លាប់កាន់តួនាទីជារដ្ឋការ ឬអ្នកមានទ្រព្យ នៅក្នុងរបប លន់ នល់ ត្រូវស្រាវជ្រាវប្រវត្តិរូប និងយកទៅសម្លាប់ចោល។ នៅក្នុងរបបនោះ អ្នកមានចំណេះដឹងត្រូវបានកម្ចាត់ ឯអ្នកដែលគ្មានចំណេះត្រូវលើកតម្កើងឱ្យកាន់តួនាទីធំ។ ចំពោះការសិក្សាអប់រំនៅក្នុងរបបខ្មែរក្រហមវិញ កុមារបានរៀនត្រឹមតែអក្សរ ក, ខ, គ, ឃ, ង និងលេខ ពីលេខ១ ដល់លេខ៥ ឬអាចដល់ត្រឹមលេខ១០ប៉ុណ្ណោះ។

នៅក្នុងរបបខ្មែរក្រហម គ្មានការគោរពប្រពៃណី និងទំនៀមទម្លាប់អ្វីនោះទេ ពិសេសគឺការរៀបការ។ នៅក្នុងរបបនោះ ការរៀបការ គ្មានពិធីសែនព្រេន, គ្មានវត្តមានរបស់ឪពុកម្ដាយ ឬបងប្អូនចូលរួមទេ គឺមានតែសាមីខ្លួនដែលត្រូវរៀបការ និងវត្តមានរបស់អង្គការប៉ុណ្ណោះ។ យុវជន-យុវនារីដែលត្រូវរៀបការ អង្គុយជាជួរទល់មុខគ្នា រួចអង្គការ​ហៅឈ្មោះអ្នកដែលត្រូវរៀបការជាមួយគ្នាឱ្យឡើងប្ដេជ្ញាចិត្តម្តងម្នាក់។ បន្ទាប់ពីនោះ គូស្រករថ្មីថ្មោង ត្រូវបែងចែងឱ្យទៅរស់នៅតាមផ្ទះដែលអង្គការបានរៀបចំទុកឱ្យ។

ប្រជាជនមាន សម្លៀកបំពាក់តែពីរសម្រាប់ប៉ុណ្ណោះ។ ឌី និយាយថា៖ «ខោអាវត្រូវបោកព្រឹកស្លៀកនៅពេលយប់ ហើយបោកយប់យកមកស្លៀកនៅពេលថ្ងៃ។ បើសិនជាមានថ្ងៃណាមេឃភ្លៀង ខោអាវនោះត្រូវស្លៀកតែមួយសម្រាប់នោះទេ ព្រោះគ្មានអ្វីផ្លាស់ប្ដូរ»។ នៅពេលនោះ ប្រសិនជាប្រជាជនចង់ឱ្យខោអាវឆាប់ស្ងួត គាត់ត្រូវតែបង្កាត់ភ្លើង ដើម្បីសម្ងួត។

ឌី បានបន្តថា នៅពេលដែលគាត់នៅធ្វើការងារនៅក្នុងអង្គភាព គាត់មិនដែលបានទៅសួរសុខទុក្ខឪពុកម្ដាយឡើយ។ សូម្បីតែពេលដែលម្ដាយរបស់គាត់ឈឺធ្ងន់ ក៏ប្រធានកងរបស់គាត់មិនអនុញ្ញាតឱ្យគាត់ទៅមើលម្តាយដែរ៕

សម្ភាសន៍ដោយ៖ អ៊ឹម តាំងស្រៀង ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin