អ៊ូច ភាព៖ រៀបរាប់អំពីរឿងរ៉ាវជីវិតក្នុងរបបខ្មែរក្រហម និងស្ថានភាពសុខភាពបច្ចុប្បន្ន

ខ្ញុំឈ្មោះ អ៊ូច ភាព កើតនៅឆ្នាំ ១៩៧០ មានអាយុ ៥៥ឆ្នាំ ហើយបច្ចុប្បន្នរស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ កាលពីកុមារភាព ខ្ញុំមិនបានរៀននោះទេដោយសារតែប្រទេសមានសង្គ្រាម។ នៅរបបខ្មែរក្រហមខ្ញុំមានអាយុប្រមាណ៥ឆ្នាំ ពេលនោះខ្មែរក្រហមបានបំបែកខ្ញុំចេញពីគ្រួសារ។ ខ្ញុំត្រូវរស់នៅក្នុងកងកុមារ ហើយខ្មែរក្រហមតម្រូវឲ្យធ្វើការងារដូចមនុស្សពេញវ័យ និងខ្ញុំគ្មានសិទ្ធិប្រកែកនោះទេ។ ការងាររបស់ខ្ញុំ គឺកាប់ស្លឹកទន្ទ្រានខែត្រ, រើសអាចម៍គោដើម្បីទុកធ្វើជីដាក់ស្រែ។
ខ្ញុំជាសាក្សីដែលបានឃើញអំពើហិង្សាដ៏សាហាវដែលខ្មែរក្រហមចងដៃប្រជាជនយកទៅសម្លាប់ក្នុងព្រៃ។ សាកសពពាសពេញដី ជីវិតមនុស្សក្នុងរបបនោះគឺគ្មានសិទ្ធិសេរីភាព ហើយប្រជាជនត្រូវធ្វើការងារពេញមួយថ្ងៃ, គ្មានពេលសម្រាក ហើយអាហារមានតែបាយមួយវែក ឬបបរបន្តិចបន្ទួច។
នៅឆ្នាំ ១៩៧៩ ពេលរបបខ្មែរក្រហមដួលរលំ ខ្ញុំ និងគ្រួសារ បានភៀសខ្លួនទៅក្នុងព្រៃ។ នៅទីនោះ គ្មានអាហារហូបគ្រប់គ្រាន់, ការរស់នៅពោរពេញទៅដោយការខ្វះខាត។ អំឡុងពេលធ្វើដំណើរខ្ញុំបានឃើញសាកសពជាច្រើននៅតាមលើផ្លូវដែលខ្ញុំបានឆ្លងកាត់។ ទោះបីប្រទេសជាតិមានសន្តិភាពក៏ដោយក៏ខ្ញុំមិនបានបន្តការសិក្សាដែរ ដោយសារគ្រួសារខ្ញុំមានជីវភាពខ្វះខាត។ ខ្ញុំចាប់ផ្តើមជីវិតថ្មីដោយការធ្វើស្រែ, ចិញ្ចឹមសត្វ និងដំាដំណាំ ដើម្បីចិញ្ចឹមគ្រួសារ។
ខ្ញុំបានរៀបការនៅឆ្នាំ ១៩៨២ និងរស់នៅ ភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត រហូតដល់ពេលបច្ចុប្បន្ន។ ខ្ញុំចែករំលែករឿងរ៉ាវរបស់ខ្ញុំនេះ ដើម្បីឲ្យក្មេងជំនាន់ក្រោយដឹងថាសង្គ្រាមបានបង្កការលំបាកគ្រប់បែបយ៉ាងដល់ប្រជាជន។ បច្ចុប្បន្ននេះខ្ញុំមានជំងឺប្រចាំកាយដូចជា៖ ជំងឺសន្លាក់ដៃ, សន្លាក់ជើង, ជំងឺលើសឈាម និងជំងឺបេះដូង។ មូលហេតុដែលបណ្តាលឱ្យខ្ញុំកើតមានជំងឺខាងលើ ដោយសារកាលពីកុមារភាពខ្ញុំគ្មានអាហារហូបគ្រប់គ្រាន់, ប្រទេសជាតិមានសង្គ្រាម, ខ្ញុំទទួលទានអាហារមានសារធាតុគីមី និងបច្ចុប្បន្នខ្ញុំមានអាយុកាន់តែច្រើន។ ការព្យាបាលជំងឺ ខ្ញុំបានទៅមន្ទីពេទ្យដែលនៅក្បែរភូមិ គ្រូពេទ្យបានពិនិត្យជំងឺ និងផ្តល់ថ្នាំ។ ជាចុងក្រោយខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជាដែលបាន ចុះមកសួរសុខទុកខ្ញុំ និងសូមជូនពរឱ្យក្រុមការងារទាំងអស់ជួបតែសេចក្តីសុខគ្រប់ៗគ្នា។[1]
អត្ថបទដោយ ផាត់ ពន្លក
[1] អ៊ូច ភាព៖ សម្ភាសន៍ផ្ទាល់មាត់,«សាច់រឿងសង្ខេបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងអំពីស្ថានភាពជំងឺបច្ចុប្បន្ន» សម្ភាសន៍ដោយ ៖ ផាត ពន្លក នៅឆ្នាំ២០២៥,មជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពត។