សង្ឃឹមបដិវត្តន៍នាំសន្តិភាព

អ៊ុង ស្រ៊ុន និយាយថាពេលប្រទេសមានសង្រ្គាម ក្នុងនាមជាយុវជន ត្រូវស្ម័គ្រចិត្តចូលរួមតស៊ូដើម្បីជាតិ និងប្រជាជន។ ទន់ ស្រ៊ុន ឈ្មោះបដិវត្តន៍ អ៊ុង ស្រ៊ុន ហៅ ធី ភេទប្រុស អាយុ៥៧ឆ្នាំ (ឆ្នាំ២០០៦) ធ្លាប់ធ្វើជាយោធា ក្នុងរសេនាតូច នៃកងពល៣១០ តំបន់៥០៥ ក្នុងរបបខ្មែរក្រហម។[1] ស្រ៊ុន បច្ចុប្បន្នរស់នៅភូមិស្វាយជ្រុំ ឃុំឫស្សីកែវ ស្រុកព្រែកប្រសប់ ខេត្ដក្រចេះ។ ឪពុករបស់ស្រ៊ុន ឈ្មោះ ទន់ អ៊ុន(ស្លាប់) និងម្ដាយឈ្មោះ ជួរ ស្រ៊ាន។ ស៊ុ្រន គឺជាកូនទីបីក្នុងគ្រួសារដែលមានបងប្អូនចំនួនប្រាំបីនាក់ (ស្រីបីនាក់) ហើយបងប្អូនរបស់ស្រ៊ុន ពីរនាក់មានឈ្មោះ ទន់ ស្រិន និងទន់ សារុំ (បច្ចុប្បន្នរស់នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ) បានចូលរួមក្នុងចលនាបដិវត្តន៍ខ្មែរក្រហម។
កាលពីកុមារភាព ស្រ៊ុន រៀនបានថ្នាក់ទី៧ (សង្គមចាស់) នៅអនុវិទ្យាល័យឫស្សីកែវ ខេត្តក្រចេះ។ នៅឆ្នាំ១៩៧០ ប្រទេសជាតិមានរដ្ឋប្រហាររបស់ឧត្តមសេនីយ លន់ នល់ ដើម្បីទម្លាក់សមេ្ដចព្រះនរោត្តម សីហនុ ពីអំណាច ជាហេតុនាំឲ្យតំបន់ដែល ស្រ៊ុន រស់នៅ និងតំបន់ដទៃក្នុងខេត្តក្រចេះ មានការដង្ហែក្បួនបាតុកម្មប្រឆាំងនឹងវត្តមានទាហាន លន់ នល់។ ពេលនោះ ស្រ៊ុន មិនបានទៅចូលរួមធ្វើបាតុកម្មជាមួយ យុវជន-យុវនារី ក្នុងភូមិទេ គាត់នៅផ្ទះជួយធ្វើស្រែចម្ការ ឪពុកម្ដាយ និងមើលថែទាំ ប្អូនៗ។ នៅចុងឆ្នាំដដែល ស្រ៊ុន និងមិត្ដភក្ដិក្នុងភូមិចំនួន៧នាក់ បានស្ម័គ្រចិត្ដចូលរួមជាមួយចលនាបដិវត្តន៍ខែ្មរក្រហម តាមការណែនាំរបស់ឈ្មោះ ថន ជាគណៈភូមិភាគ៤ ដោយសារគាត់ចង់ ចូលរួមរំដោះប្រទេសជាតិចេញពីភ្នក់ភ្លើងសង្គ្រាមនាំសន្តិភាពមកជូនប្រជាជន។[2] ស្រ៊ុន និយាយថា “ប្រទេសជាតិមានសង្គ្រាមយើងជាយុវជនមិនត្រូវសំងំស្ងៀមទេ ត្រូវស្ម័គ្រចិត្តរំដោះប្រទេសឲ្យមានសន្តិភាព”។ នៅពេលចូលបដិវត្តន៍ដំបូង ស្រ៊ុន ត្រូវបានអង្គការបញ្ជូនទៅរៀនយុទ្ធសាស្រ្តយោធានៅ ភូមិស្ពឺ ឃុំស្រែវាល ខេត្ដកំពង់ចាម។ នៅឆ្នាំ១៩៧២ ស្រ៊ុន និងយោធាបដិវត្តន៍ខ្មែរក្រហមបានចេញទៅប្រយុទ្ធជាមួយទាហាន លន់ នល់ នៅខេត្តក្រចេះ, ខេត្តកំពង់ចាម, ខេត្តកំពង់ធំ, និង បន្ទាយលង្វែក ខេត្តកំពង់ឆ្នាំង។ នៅសមរភូមិ ខេត្តកំពង់ឆ្នាំង យោធាខ្មែរក្រហមត្រូវបានស្លាប់ និងរងរបួសយ៉ាងច្រើន ដោយសារគ្មានអាវុធទំនើប និងគ្មានរថក្រោះដូចទាហាន លន់ នល់ ប៉ុន្តែដោយសារទឹកចិត្តក្លាហានចង់បានសន្តិភាព និងចង់បានសង្គមមួយស្អាតស្អំ ទើបធ្វើឲ្យយោធាបដិវត្តន៍ខ្មែរក្រហមចេះតែរំកិលទៅមុខឥតឈប់ឈរ។
នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៧៣ ស្រ៊ុន ត្រូវបានចលនាខ្មែរក្រហមចាត់តាំងជាយោធាក្នុងវរសេនាតូច, នយោបាយកងធំ ក្នុងកងពលទី១ ដែលគ្រប់គ្រងដោយ អឿន ជាប្រធានកងពល។[3] នៅពេលនោះគាត់ត្រូវបានឈ្មោះ ហាក់ នាំចូលយុវជនកុម្មុយនីស្តកម្ពុជា (យុវកក) និងក្រោយមកគាត់ក្លាយជាបក្សជនពេញសិទ្ធិ។[4] នៅឆ្នាំដដែល សង្គ្រាមរវាងទាហាន លន់ នល់ និងចលនាខ្មែរក្រហមកាន់តែខ្លាំងឡើងៗ ដោយមានទាំងសង្គ្រាមថ្មើរជើង, ជើងទឹក និងជើងអាកាស។ យន្តហោះបាន ទម្លាក់គ្រាប់បែកនៅតាមពៃ្រ និងជាយៗភូមិធ្វើឱ្យប្រជាជនមានការភ័យខ្លាចមិនហ៊ានចេញទៅប្រកបរបររកស៊ី និងធ្វើស្រែចម្ការ។
នៅថ្ងៃទី១៧មេសា ឆ្នាំ១៩៧៥ ស្រ៊ុន បានចូលរួមវាយចូលទីក្រុងភ្នំពេញ និងទទួលបានជ័យជម្នះទាំងស្រុងលើរបប លន់ នល់។ នៅក្រុងភ្នំពេញ ស្រ៊ុន ឃើញប្រជាជននាំគ្នាចេញពីផ្ទះមកឈរពាសពេញផ្លូវ ហើយស្រែកអបអរសាទរនៅពេលឃើញយោធាខ្មែរក្រហមដែលស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ និងពណ៌អាចម៍សេះបានធ្វើដំណើរចូលដល់ទីក្រុងភ្នំពេញពីគ្រប់ទិសទី។ ស្រ៊ុន និងយោធាកងពលទី១ មកឈរជើងនៅម្ដុំវត្ដភ្នំបានបញ្ជាតាមឧឃោសនស័ព្ទឲ្យប្រជាជនចេញពីទីក្រុងភ្នំពេញក្នុងរយៈពេលបីថៃ្ង។ ក្រោយពីប្រជាជនចេញអស់ពីទីក្រុងភ្នំពេញ យោធាក្នុងកងពលទី១ ត្រូវបានបែកចែកជាបីផ្នែក មួយផ្នែកនៅការពារក្រុងភ្នំពេញ, មួយផ្នែកបញ្ជូនទៅការពារព្រំដែនកម្ពុជា-វៀតណាមខេត្តព្រៃវែង និងខេត្តស្វាយរៀង និងមួយផ្នែកទៀតត្រូវទៅធ្វើស្រែជាមួយប្រជាជននៅជាយក្រុងភ្នំពេញ។ ស៊្រុន ត្រូវបានអង្គភាពបញ្ជូនឲ្យទៅធ្វើស្រែនៅតំបន់បឹងបាយ៉ាប និងតំបន់អន្លង់ក្ងាន។ នៅទីនោះ ស្រ៊ុន ទទួលបានរបបអាហារហូបចុកគ្រប់គ្រាន់ ប៉ុន្តែត្រូវធ្វើការងារកសិកម្មគ្មានពេលសម្រាកដើម្បីសុំការ អនុញ្ញាតិច្បាប់ទៅសួរសុខទុក្ខឪពុកម្ដាយនៅឯស្រុកកំណើត។
នៅចុងឆ្នាំ១៩៧៥ កងពលទី១ បានប្តូរឈ្មោះទៅជាកងពល៣១០ ហើយ អឿន នៅតែជាប្រធានកងពលដដែល។ ស្រ៊ុន បានដឹងថានៅឆ្នាំ១៩៧៦ អឿន ត្រូវបានចាប់ខ្លួន ដោយអង្គការចោទប្រកាន់ថាក្បត់ និងមានបំណងចង់ផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ។ បន្ទាប់មក ស្រ៊ុន បានឃើញការបាត់ខ្លួនយោធាក្នុងកងពល៣១០ ជារឿយៗដោយអង្គការប្រាប់ថាត្រូវទៅរៀនសូត្រ។ នៅឆ្នាំ១៩៧៧ អង្គការចោទប្រកាន់ ស្រ៊ុន ថាជាប់និន្នាការជាមួយកងពល៣១០ ហើយត្រូវបានបញ្ជូនទៅលត់ដំនៅការដ្ឋានកសាងព្រលានយន្តហោះខេត្តកំពង់ឆ្នាំង។[5] នៅការដ្ឋាន ស្រ៊ុន ឃើញមានមនុស្សរាប់ម៉ឺននាក់ធ្វើការ ភាគច្រើនជាយោធា។ មនុស្សច្រើនបានស្លាប់ដោយសារការខ្វះខាតអាហារ, ជំងឺ និងសម្លាប់។ យោធាក្នុងកងពលជាមួយ ស្រ៊ុន ជាច្រើនត្រូវបានចាប់ខ្លួនអំឡុងពេលធ្វើការនៅទីនោះ។ ស្រ៊ុន និយាយថា “នៅពេលកំពុងធ្វើការខ្មែរក្រហមឲ្យយោធាតម្រង់ជួរ ហើយខ្មែរក្រហមហៅឈ្មោះយោធាបួនដប់នាក់ នាំទៅបាត់ៗជារៀងរាល់ថ្ងៃ។ ខ្ញុំ និងយោធាទាំងអស់ភិតភ័យជារៀងរាល់ថ្ងៃ ព្រោះមិនដឹងថាពេលណាដល់វេនខ្លួន”។ អ្នកធ្វើការនៅការដ្ឋាន គ្មានសិទ្ធិសេរីភាពនិយាយស្តី សូម្បីតែ ស្រ៊ុន បានជួបជាមួយបងជីដូនម្នាក់នៅទីនោះក៏មិនហ៊ានសួរនាំដែរ។ ចំណែករបបអាហារមិនមានគ្រប់គ្រាន់ និងត្រូវធ្វើការងារគ្មានពេលសម្រាក។ នៅការដ្ឋាន យូរៗម្តង ស្រ៊ុន ឃើញជំនាញការជនជាតិចិន និងកូរ៉េ រាប់រយនាក់ ចុះមកណែនាំអ្នកធ្វើការពីរបៀបលាយស៊ីម៉ងត៍ និងវាយបំបែកថ្មដើម្បីរៀបចំចាក់បេតុងធ្វើព្រលានយន្តហោះ។ ជនជាតិចិន និងកូរ៉េ ទាំងនោះស្នាក់នៅការដ្ឋានតែម្តងដោយខ្មែរក្រហមសាងសង់ផ្ទះប្រវែងប្រហែល១០០ ម៉ែត្រឲ្យរស់នៅជុំគ្នា។ តាមការយល់ឃើញរបស់ស្រ៊ុន ជនជាតិចិន និង កូរ៉េ បានដឹងពីការហូបមិនគ្រប់គ្រាន់, ធ្វើការងារហួសកម្លាំង និងការកាប់សម្លាប់របស់ខ្មែរក្រហមមកលើអ្នកធ្វើការនៅទីនោះ។
ស្រ៊ុន ធ្វើការនៅការដ្ឋានព្រលានយន្តហោះរហូតដល់របបខ្មែរក្រហមដួលរលំ នៅខែមករា ឆ្នាំ១៩៧៩។ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានចូលដល់ការដ្ឋានព្រលានយន្តហោះ ស្រ៊ុននិងកម្មាភិបាលខ្មែរក្រហមបានរត់ចេញដោយធ្វើដំណើរចូលព្រៃរហូតដល់ តំបន់អមលាំង, ភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ បន្តរហូតដល់ក្នុងព្រៃខេត្តបាត់ដំបង ព្រំដែនប្រទេសកម្ពុជា-ថៃ។ ស្រ៊ុន បន្តរស់នៅក្នុងព្រៃជាមួយកម្មាភិបាលខ្មែរក្រហម និងបានឃើញយោធាភូមិភាគនិរតី សម្លាប់យោធាភូមិភាគបូព៌ា រាប់ពាន់នាក់។[6] នៅឆ្នាំ១៩៨១ ស្រ៊ុន បានសមេ្រចចិត្ដត្រលប់មករស់នៅស្រុកកំណើតឯខេត្តក្រចេះវិញ។ នៅឆ្នាំដដែល ស្រ៊ុន បានរៀបការជាមួយប្រពន្ធឈ្មោះ ម៉ៅ ស៊ីណាន និងប្រកបរបរធ្វើស្រែចម្ការ។ ការរស់នៅ និងតស៊ូជាមួយបដិវត្តន៍ខ្មែរក្រហម ស្រ៊ុន មានការខកចិត្តព្រោះគាត់ខិតខំប្រឹងប្រែងប្រយុទ្ធជាមួយទាហាន លន់ នល់ រហូតទទួលបានជ័យជម្នះ ប៉ុន្តែផ្ទុយទៅវិញបែរជាទទួលរងទុក្ខលំបាកពីរបបខ្មែរក្រហមទៅវិញ ។ ស៊្រុន យល់ថាការដឹកនាំរបបខ្មែរក្រហមគឺសាហាវព្រៃផ្សៃ សម្លាប់មនុស្សស្លូតត្រង់ដោយមិនរើសមុខ។ ស្រ៊ុន តែងតែនិយាយរឿងរ៉ាវពីអតីតកាលប្រាប់ដល់ក្មេងជំនាន់ក្រោយ ដើម្បីចូលរួមទប់ស្កាត់របបដ៏ខ្មៅងងឹតនេះកុំឲ្យកើតឡើងក្នុងប្រទេសកម្ពុជាម្តងទៀតនាពេលអនាគត៕
អត្ថបទដោយ អេង សុខម៉េង
[1] បទសម្ភាសក្នុងគម្រោងការជំរុញឲ្យមានការទទួលខុសត្រូវ ឯកសារKRI0០២៤. (២០០៦). សម្ភាសន៍ជាមួយឈ្មោះ អ៊ុង ស៊្រុន ហៅធី ជាម្ចាស់ប្រវត្តិរូប. អាយុ៥៧ឆ្នាំ. រស់នៅភូមិស្វាយជុំ, ឃុំឫស្សីកែវ, ស្រុកព្រែកប្រសព្វ, ខេត្តក្រចេះ. មជ្ឈមណ្ឌលឯកសារកម្ពុជា. ថ្ងៃទី២ ខែមីនា ឆ្នាំ២០០៦. ចំនួន២១ទំព័រ។
[2] ក្នុងចំណោមមិត្តភក្តិទាំង៧នាក់ បានស្លាប់អស់។ ចាន់ ថន ជាមិត្តម្នាក់របស់ ស្រ៊ុន ដែលនៅមានជីវិត។ ថន បច្ចុប្បន្ន រស់នៅភូមិស្វាជុំ, ឃុំឫស្សីកែវ, ស្រុកព្រែកប្រសព្វ, ខេត្តក្រចេះ (យោងឯកសារKRI០០២៤)។
[3] ឯកសារដូចខាងលើ។
[4] ឯកសារ I03479. ប្រវត្តិរូបរបស់ អ៊ុង ស្រ៊ុន ហៅ ធី ភេទប្រុស ឆ្នាំកំណើត១៩៤៨ (ម្ចាស់ប្រវត្តិរូប). ឯកសារតម្កល់ទុកនៅមជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រទី១។
[5] ដីកាដំណោះស្រាយសំណុំរឿង០០២. (ឯកសារD427). (ឆ្នាំ២០១០). កថាខណ្ឌទី៣៨៣-៣៨៤. ទំព័រ១២៥-១២៦ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា. អ.វ.ត.ក. ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១០. «[ការដ្ឋានកសាងព្រលានយន្តហោះ ស្ថិតនៅស្រុក២០ តំបន់៣១ នៃភូមិភាគបស្ចឹម (៤០១) (បច្ចុប្បន្នការដ្ឋានកសាងព្រលាននេះស្ថិតនៅភូមិប៉ាតឡាង ឃុំក្រាំលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង)។ ប្រលានយន្តនហោះនេះមានផ្ទៃដីប្រហែល៣០០ ហិកតា មានផ្លូវយន្តហោះរត់ពីរខ្សែមានបណ្តោយប្រវែង២,៤០០ម៉ែត្រ, ប៉មត្រួតពិនិត្យការហោះហើរ និងអគាររដ្ឋបាលផ្សេងទៀត។ ការដ្ឋានកសាងព្រលានយន្តហោះនេះបានចាប់ផ្តើមនៅដើមឆ្នាំ១៩៧៦ រហូតដល់របបខ្មែរក្រហមដួលរលំនៅដើមខែមករា ឆ្នាំ១៩៧៩ ការដ្ឋាននេះមិនទាន់បញ្ជប់ការសាងសង់នៅឡើងទេ»។
[6] ឯកសារដូចខាងលើ។