អ៊ុក សៀត៖ រត់ភៀសខ្លួនទៅនៅជំរំក្នុងខេត្តតាយនីញ ប្រទេសវៀតណាម

នៅពេលកងទ័ពវៀតណាមវាយចូលមកខេត្តស្វាយរៀងនៅចុងឆ្នាំ១៩៧៧ ខ្ញុំនិងក្រុមគ្រួសារបានរត់ភៀសខ្លួនទៅនៅជំរំនៅក្នុងប្រទេសវៀតណាម ព្រោះខ្លាចខ្មែរក្រហមចាប់ខ្លួន។ ខ្ញុំឈ្មោះ អ៊ុក សៀត[1] កើតនៅឆ្នាំ១៩៥០ នៅភូមិតាប៉ោង ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង។ ខ្ញុំមានប្រពន្ធឈ្មោះ ពីន សារ៉ាន អាយុប្អូនខ្ញុំបួនឆ្នាំ និងមានកូនទាំងអស់១១នាក់។ កូនខ្ញុំស្លាប់អស់៧នាក់នៅក្នុងរបបខ្មែរក្រហម ហើយសព្វថ្ងៃនៅរស់តែ៤នាក់ប៉ុណ្ណោះ។
នៅពេលខ្ញុំអាយុបាន៨ឆ្នាំ ខ្ញុំបានចូលរៀននៅសាលាពាមអំពិល ដែលមានចម្ងាយ៥គីឡូម៉ែត្រពីផ្ទះរបស់ខ្ញុំ។ ខ្ញុំរៀនរយៈពេល៥ឆ្នាំ គឺដល់ថ្នាក់ទី១០ពីសង្គមក៏ឈប់រៀន។ ខ្ញុំរៀនបានត្រឹមថ្នាក់ទី១០ ដោយសារខ្ញុំរៀនត្រួតថ្នាក់។ បន្ទាប់ពីឈប់រៀន ខ្ញុំមកជួយធ្វើស្រែឪពុកម្តាយខ្ញុំរហូតដល់ឆ្នាំ១៩៦៦ ទើបខ្ញុំទៅបួសជានេន នៅវត្តពាមអំពិល។ ខ្ញុំបួសបានរយៈពេល២ឆ្នាំក៏សឹកវិញ ដោយសារខ្ញុំឈឺញឹកញាប់។ ខ្ញុំនៅផ្ទះធ្វើស្រែជាមួយឪពុកម្តាយ។ នៅឆ្នាំ១៩៧០ ខ្ញុំបានស្ម័គ្រចិត្តចូលរួមជាមួយរណសិរ្ស ដោយខ្ញុំជិះកង់ពីផ្ទះរបស់ខ្ញុំនៅភូមិតាប៉ោងទៅស្នាក់ការជាប់ក្បាលស្ពានកំពង់ត្រាច ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង ដោយមានក្រុមរណសិរ្ស (សំដៅលើសមាជិក រាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា[2] បង្កើតឡើងដោយសម្តេចព្រះ នរោត្តម សីហនុ នៅទីក្រុងប៉េកាំង នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៧០។ សមាជិករបស់បក្សកុម្មុយនិស្តកម្ពុជា គឺជាសមាជិករបស់រដ្ឋាភិបាលនេះ) រង់ចាំទទួល និងកត់ឈ្មោះ។ ខ្ញុំ នៅជាមួយរណសិរ្សបានរយៈពេលតែ៣ថ្ងៃប៉ុណ្ណោះក៏ជិះកង់ត្រឡប់មកផ្ទះវិញ ដោយសារការរស់នៅលំបាក។
មួយរយៈក្រោយមក ខ្ញុំរៀបការប្រពន្ធ។ យើងរៀបចំពិធីកាត់សក់នៅលើផ្ទះឈើប្រក់ក្បឿង៣ខ្នងដែលឪពុកម្តាយខ្ញុំសាងសង់ ដើម្បីកុំយន្តហោះដែលហោះមកឆ្វែលលើភូមិរបស់ខ្ញុំជាញឹកញាប់ឃើញ ព្រោះខ្លាចមានការទម្លាក់គ្រាប់បែក។ មិនយូរប៉ុន្មាន កងកម្លាំងបដិវត្តន៍ខ្មែរក្រហមបានចូលមកបោះជំរំតាមគុម្ពោធព្រៃក្នុងភូមិឃុំស្រុករបស់ខ្ញុំ ហើយបានលបចាប់អ្នកដែលធ្វើគិញឱ្យទាហាន លន់ នល់ និង ទាហាន លន់ នល់ យកមកឃុំឃាំងនៅផ្ទះឪពុកក្មេករបស់ខ្ញុំ ព្រោះឪពុកក្មេកខ្ញុំគឺជាប្រធានភូមិចំណតត្រាច ស្ថិតនៅក្នុងឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង។ ឈ្លបខ្មែរក្រហមបានឱ្យឪពុកក្មេងនិងគ្រួសារខ្ញុំចេញពីផ្ទះ ហើយវាយសួរចម្លើយគិញ និងទាហាន លន់ នល់ ទាំងនោះ។ គិញនិងទាហាន លន់ នល់ មួយចំនួន ត្រូវឈ្លបខ្មែរក្រហមដោះលែង ហើយមួយចំនួនទៀតយកទៅវាយសម្លាប់ចោលនៅតាមដំបូក។
នៅពេលខ្មែរក្រហមទទួលជ័យជម្នះនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសប្រជាជនថ្មីមកនៅភូមិតាប៉ោង។ ខ្មែរក្រហមបានតាមដានប្រជាជនថ្មីទាំងនោះជាប្រចាំ និងបានឃោសនាឱ្យប្រជាជនថ្មីទាំងនោះប្រាប់អំពីតួនាទី និងឋានន្តរស័ក្តិពិតរបស់ខ្លួនពីសង្គមចាស់ដើម្បីបញ្ជូនឱ្យទៅធ្វើការកន្លែងដើមវិញ ប៉ុន្តែតាមពិតគឺខ្មែរក្រហមយកអ្នកទាំងនោះទៅសម្លាប់នៅមន្ទីសន្តិសុខកំពង់ពពិល។ ចំណែកប្រជាជនដែលគ្មានតួនាទីក្នុងសង្គមចាស់ ខ្មែរក្រហមឱរស់នៅក្នុងភូមិតាប៉ោងជាមួយខ្ញុំដដែល។ ប្រធានភូមិតាប៉ោង ឈ្មោះ ពីន ផុន ត្រូវជាឱពុកក្មេករបស់ខ្ញុំ ហើយអនុភូមិឈ្មោះ ណន។ នៅឆ្នាំ១៩៧៦ ខ្មែរក្រហមបានរំសាយឪពុកខ្ញុំពីប្រធានភូមិឱ្យមកជាប្រជាជនធម្មតា ហើយរៀបចំទៅជាសហរណ៍ដោយមានឈ្មោះ ប៉ែន ថន ដឹកនាំ។ ចំណែក តាណន អនុភូមិដែលត្រូវជាឪពុករបស់ ប៉ែន ថុន ផ្លាស់ទៅធ្វើជាប្រធានរោងបាយសហរណ៍។ ប្រធានសហករណ៍ចាត់តាំងឱ្យខ្ញុំនៅកងធ្វើជី។ ខ្ញុំត្រូវដើរប្រមូលលាមកមនុស្សនៅតាមផ្ទះមកលាយធ្វើជីដាក់ស្រែ ចំណែកផលស្រូវដែលទទួលបានគឺប្រមូលយកទៅដាក់នៅក្នុងសហករណ៍។ ទោះបីផលស្រូវប្រជាជនធ្វើបានច្រើន ប៉ុន្តែការហូបចុករបស់ប្រជាជននៅក្នុងសហករណ៍មិនគ្រប់គ្រាន់ឡើយ។ ខ្ញុំមិនដឹងថា តាណន ប្រធានរោងបាយសហករណ៍ធ្វើតាមបញ្ជាពីថ្នាក់លើឬយ៉ាងណាទេ។
នៅពាក់កណ្តាល ឆ្នាំ១៩៧៥ ខ្ញុំទៅរកត្រីនៅព្រែកក្នុងភូមិតាប៉ោងជិតបន្ទាយដែលទាហានធីវគីធ្លាប់ចូលមកបោះទីតាំង ក៏ឃើញគ្រាប់បែកក្រឡាទាបពណ៌បៃតង ហើយមុនត្រឡប់មកផ្ទះវិញខ្ញុំចាប់គ្រវែងគ្រាប់បែកនោះក៏ផ្ទុះបណ្តាលឱ្យរងរបួសបងរបស់ខ្ញុំ និងអ្នកភូមិតាប៉ោងម្នាក់ទៀតធ្លាយពោះ។ សន្តិសុខឈ្មោះ សារិន បានជិះកង់មកដឹកខ្ញុំយកទៅអប់រំ។ ទៅដល់មុខមន្ទីរសន្តិសុខស្រុកសំរោង ឬមន្ទីរសន្តិសុខទួលច្រេះ ទើបសន្តិសុខគុកចងស្លាបសេក និងយកក្រមារុំមុខខ្ញុំរួចបណ្តើរចូលគុក។ ចូលដល់បន្ទប់ឃុំឃាំង សន្តិសុខបានឱ្យខ្ញុំដេកលើគ្រែកើយខ្នើយឈើ និងចងជើងព្រោះខ្លាចលួចរត់។ ខ្ញុំដេកនៅមន្ទីរឃុំឃាំងបានរយៈពេលមួយយប់ ទើបសន្តិសុខស្រាយក្រមារុំមុខខ្ញុំចេញ។ ខ្ញុំឃើញអ្នកទោសអ្នកទោស១០នាក់ជាប់ចំណងដូចខ្ញុំដែរ។ អ្នកទោសទាំងនោះ រួមមានប្រជាជនជម្លៀសមកថ្មី និងប្រជាជននៅក្នុងស្រុកសំរោង។ រយៈពេល៣ថ្ងៃក្រោយមកទៀត ទើបសន្តិសុខគុកហៅខ្ញុំទៅសួរចម្លើយនៅបន្ទប់មួយឆ្ងាយពីកន្លែងឃុំឃាំង។ ឆ្មាគុកបានសួរខ្ញុំថាមូលហេតុអ្វីបានជាបោកគ្រាប់បែក? ខ្ញុំឆ្លើយថា បានឃើញក្មេង២ទៅ៣នាក់ យកគ្រាប់លែងនោះទៅគប់លេង ប៉ុន្តែមិនផ្ទុះ។ ឃើញដូច្នេះ ខ្ញុំក៏ទៅយកគ្រាប់បែកនោះគ្រវែងចោលក៏ ផ្ទុះតែម្តង។ ខ្ញុំឆ្លើយតាមត្រង់ ហើយសន្តិសុខគុកក៏មិនបានវាយធ្វើទារុណកម្មខ្ញុំដែរ។ បន្ទាប់ពីសួរចម្លើយរួច ឆ្មាំគុកបញ្ជូនខ្ញុំទៅកន្លែងអប់រំដែលនៅទីនោះឃើញអ្នកទោសប្រមាណជាង១០០នាក់ ដែលមានប្រធានមន្ឬីរសន្តិសុខឈ្មោះ ឈុំ។ ខ្ញុំជាប់ឃុំឃាំងបានរយៈពេលមួយខែ ប្រធានមន្ទីរសន្តិសុខហៅឪពុកក្មេកខ្ញុំ ទៅយកខ្ញុំត្រឡប់មកផ្ទះវិញ។
នៅឆ្នាំ១៩៧៦ ខ្ញុំមកធ្វើការនៅរោងបាយសហករណ៍។ ថ្ងៃមួយខ្ញុំ និងប្អូនថ្លៃឈ្មោះ ពីន ហេង ទៅបេះផ្លែដូងនៅផ្ទះឪពុកក្មេកខ្ញុំនៅភូមិចំណតត្រាច ឃុំថ្នាធ្នង់ ស្រុករំដួល យកមកសហករណ៍។ ពេលខ្ញុំបេះផ្លែដូងរួច និងរៀបចំត្រឡប់មកវិញស្រាប់តែឈ្លបភូមិឃើញ ហើយចាប់ខ្ញុំនិងប្អូនថ្លៃបញ្ជូនទៅឃុំឃាំងនៅឃុំថ្នាធ្នង់។ នៅថ្ងៃបន្ទាប់ ប្រពន្ធ របស់ តាភឹម ដែលធ្វើការនៅឃុំថ្នាធ្នង់មានទីតាំងនៅវត្តញ៉កឱ្យនីរសារទៅប្រាប់ តាភឹម គឺជាប្រធានឃុំសង្កែថា «ឈ្លបចាប់ប្អូនបងហើយ» ទើប តាភឹម ចាត់តាំងឱ្យឈ្មោះ រ៉ន ប្រធានឈ្លបនៅឃុំសង្កែទៅធានាយកខ្ញុំ និងប្អូនថ្លៃខ្ញុំមកវិញ ព្រោះខ្ញុំនឹងប្រពន្ធរបស់ តាភឹម ត្រូវជាបងប្អូនជីដូនមួយ។ ខ្ញុំមកដេកនៅឃុំសង្កែ ស្ថិតនៅវត្តសង្កែមួយយប់ ទើបត្រឡប់ទៅផ្ទះវិញ។
នៅចុងឆ្នាំ១៩៧៧ ខ្មែរក្រហមបានជម្លៀសប្រជាជនទៅទិសខាងលិច ព្រោះវៀតណាមបានវាយចូលមក។ ខ្ញុំបានរត់ភៀសខ្លួនទៅដល់ឃុំម៉ឺនជ័យ ស្រាប់តែរថក្រោះ និងកាំភ្លើងធំវៀតណាមផ្លោងគ្រាប់កាត់ពីមុខ ទើបខ្ញុំនាំប្រពន្ធកូននិងឪក្មេកគេចទៅខាងត្បូងហើយត្រឡប់មកផ្ទះក្នុងភូមិតាប៉ោងវិញ ចំណែកគ្រួសារអ្នកភូមិផ្សេងទៀតត្រូវខ្មែរក្រហមកៀរបន្តទៅទិសខាងលិច។ បន្ទាប់ពីកងទ័ពខ្មែរក្រហមចាក់ចេញទៅអស់ កងទ័ពវៀតណាមបានមកបោះទាំងនៅក្នុងសង្កាត់សង្កែ។ រយៈពេលជាងមួយខែក្រោយមក កងទ័ពវៀតណាមបានដកទ័ពត្រឡប់ទៅប្រទេសខ្លួនវិញ ប៉ុន្តែមុននឹងដកកងទ័ពវៀតណាមបានសួរខ្ញុំជាភាសាខ្មែរថា បងទៅតាមកងទ័ពវៀតណាម ឬនៅក្នុងភូមិនេះដដែល? ខ្ញុំឆ្លើយថា «បើបងទៅ ខ្ញុំក៏ទៅដែរ បើខ្ញុំនៅ អាពត សម្លាប់ខ្ញុំចោលហើយ មិនទុកទេ»។ កងទ័ពវៀតណាមភាគច្រើនគឺជាខ្មែរកម្ពុជាក្រោម និងចេះនិយាយភាសាខ្មែរច្បាស់។ ខ្ញុំបានចាប់គោទឹមជាមួយរទេះឱ្យក្រុមគ្រួសារជិះ។ ខ្ញុំនិងគ្រួសារ ព្រមទាំងប្រជាជនខ្មែរជាច្រើនគ្រួសារទៀតបររទេះលើផ្លូវជាតិលេខ១៣ទៅតាមក្រោយកងទ័ពវៀតណាមសំដៅទៅច្រកព្រំដែនបោះមន។ យើងធ្វើដំណើរចូលដល់ទឹកដីវៀតណាមចម្ងាយប្រមាណ២គីឡូម៉ែត្រក៏ឈប់សម្រាក ចំណែកកងទ័ពវៀតណាមបានបន្តដំណើរទៅបន្ទាយរបស់ខ្លួន។ នៅពេលទៀបភ្លឺប្រជាជនវៀតណាម ដែលដេកយាមស្រូវទុំក្បែរនោះកំពុងតែជជែកគ្នាកោកកាក កងទ័ពខ្មែរក្រហមដែលបន្លំលាក់ខ្លួនក្នុងចំណោមប្រជាជនខ្មែររាប់រយនាក់ដែលរត់ភៀសខ្លួននោះ បាញ់ប្រជាជនវៀតណាមស្លាប់អស់២នាក់។ ភ្លាមនេះកងទ័ពខ្មែរក្រហមឃើញភ្លើងរថយន្តរបស់វៀតណាមបើកមកពីទិសខាងកើត ក៏ស្លន់ស្លោរ និងកៀរប្រជាជនខ្មែរមួយចំនួនត្រឡប់មកទិសខាងលិចសំដៅចូលក្នុងប្រទេសកម្ពុជាវិញ ព្រោះស្មានតែរថក្រោះរបស់កងទ័ពវៀតណាម ម្យ៉ាងទៀតកងទ័ពខ្មែរក្រហមមិនស្គាល់ទីតាំងភូមិសាស្រ្តក្នុងទឹកដីវៀតណាម។ ខ្ញុំនិងគ្រួសារបានរត់ទៅលាក់ខ្លួន រហូតកងទ័ពខ្មែរក្រហមចាកចេញអស់ ទើបខ្ញុំទឹមរទេះបរទៅទិសខាងកើតសំដៅទៅខេត្តតាយនីញ ប្រទេសវៀតណាម។ ប្រជាជនខ្មែរដែលត្រឡប់មកប្រទេសកម្ពុជាមួយចំនួនត្រូវខ្មែរក្រហមចាប់យកទៅសម្លាប់ និងមួយចំនួនទៀតបានគេចទៅរស់ជាមួយបងប្អូនដោយលាក់ព័ត៌មិនឱ្យខ្មែរក្រហមដឹងថាបានរត់ភៀសខ្លួនទៅប្រទេសវៀតណាមឡើយ។ ប្រសិនបើខ្មែរក្រហមដឹងថាប្រជាជនណាធ្លាប់រត់គេចខ្លួនទៅវៀតណាម នឹងយកទៅសម្លាប់ចោលមិនខាន។
ពេលខ្ញុំបររទេះចូលដល់ទីរួមខេត្តតាយនីញ វៀតណាមបានបើកអង្ករ និងឆ្នាំងឱ្យខ្ញុំនិងសមាជិកគ្រួសារដាំបាយហូប។ មួយសប្តាហ៍ក្រោយមក វៀតណាមបានបញ្ជូនខ្ញុំទៅរស់នៅជំរំនៅក្បាក់ ស្ថិតនៅជាប់ជើងភ្នំនួយបាដែងជាភាសាវៀតណាម (ប្រែមកថាភ្នំយាយម៉ៅ) ជាមួយជនភៀសខ្លួនខ្មែររាប់ពាន់ទៀត។ វៀតណាមបានបើកអង្ករ៥គីឡូ ពោត៥គីឡូ ក្នុងមនុស្សម្នាក់ ក្រៅពីនោះបានបើក ស្លឹកគ្រៃ ត្រី និងសាច់ឱ្យដែរ។ វៀតណាមបើករបបឱ្យជនភៀសខ្លួនជារៀងរាល់ខែ ហើយអ្នកដែលហូបមិនអស់មួយចំនួនបានយករបបឧត្ថម្ភទាំងនោះទៅលក់ទៀតផង។ ប្រសិនបើជនភៀសខ្លួនខ្មែរណាចង់ធ្វើស្រែ និងដាំពោត វៀតណាមបានអនុញ្ញាតិ និងបើកពូជឱ្យដាំ។
ខ្ញុំរស់នៅជំរំក្នុងខេត្តតាយនិញ រហូតដល់ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមវាយរំដោះបានប្រទេសកម្ពុជា ខ្ញុំរួមទាំងជនភៀសខ្លួនមួយចំនួននៅក្នុងខេត្តនិញបានធ្វើដំណើរជាមួយកងទ័ពសាធារណរដ្ឋប្រជាមានិតកម្ពុជា មកនៅស្តាតអូរឡាពិក ក្រុងភ្នំពេញ។ ចំណែកប្រពន្ធខ្ញុំនិងកូនម្នាក់រស់នៅក្នុងប្រទេសវៀតណាមដដែល។ ខ្ញុំស្នាក់នៅស្តាតអូរឡាំពិករយៈពេល៣ថ្ងៃ ក៏ត្រឡប់ទៅវៀតណាមដើម្បីនាំប្រពន្ធនិងកូនត្រឡប់មកប្រទេសកម្ពុជាវិញ។ ខ្ញុំនិងប្រពន្ធកូនបណ្តើរកង់ដោយដាក់អង្ករពីលើរយៈពេលមួយថ្ងៃកាត់តាមបាវិតត្រឡប់មកស្រុកកំណើតវិញ។ ពេលខ្ញុំមកភូមិ ផ្ទះរបស់ខ្ញុំត្រូវខ្មែរក្រហមរុះរើអស់ ដូចេ្នះខ្ញុំបានទៅស្នាក់ក្រោមដើមឈើនៅតាមវាលស្រែ។ មួយសប្តាហ៍ក្រោយមក ទើបប្រជាជនដែលរត់ភៀសខ្លួនទៅប្រទេសវៀតណាមបានត្រឡប់មករស់នៅក្នុងភូមិបន្ថែមទៀត ហើយប្រជាជនបានបោះឆ្នោតឱ្យខ្ញុំធ្វើមេឃុំសង្កែ។ នៅឆ្នាំ១៩៨៤ រដ្ឋអំណាចជ្រើសរើសពលករពីភូមិ ដោយក្នុងមួយភូមិមានយុវជន៣នាក់ឱ្យចូលក-៥ ហើយខ្ញុំក៏ត្រូវបានស្រុកចាត់តាំងឱ្យចូលដែរ។ ខ្ញុំទៅកាប់ឆ្ការព្រៃនៅប៉ោយប៉ែតរយៈពេលមួយខែ បន្ទាប់មកទើបទៅនៅតាមជើងភ្នំម៉ាឡៃ និងជាប់អូរព្រំដែនថៃដោយខ្ញុំធ្វើជាប្រធានគ ដែលមានសមាជិក១០០នាក់។ នៅទីនោះ ខ្មែរក្រហមដាក់មីននៅតាមមាត់អូរក្នុងទំហំដី១ម៉ែត្របួនជ្រុង គឺដាក់២៥គ្រាប់។ ខ្ញុំធ្វើពលករនៅម៉ាឡៃរយៈពេល៣ខែ ក៏ត្រឡប់មកស្រុកកំណើតវិញ។ នៅឆ្នាំ១៩៨៥ ខ្ញុំលាឈប់ពីមេឃុំ និងមកប្រកបរបរធ្វើស្រែដើម្បីចិញ្ចឹមគ្រួសារ៕
ដោយ សោម ប៊ុនថន
[1] មជ្ឈមណ្ឌលឯកសារកម្ពុជា, គម្រោងជំរុញឱ្យមានការទទួលខុសត្រូវ, ឯកសារSVI0092 បទសម្ភាសន៍ ឡុង ដានី ជាមួយ អុក សៀត នៅភូមិតាប៉ោង ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង។ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨។
[2] ឯកសារលេខ D24008 តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើងថា «សមាសភាពសមាជិកគណៈរដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលរួមរួមជាតិកម្ពុជា»។