កម្មកររោងចក្រប្រេងកាត

(រតនគិរី)៖ អ៊ុំ ឈី ភេទប្រុស មានអាយុ ៦២ឆ្នាំ ជាកសិករ រស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ ឈី មានស្រុកកំណើតនៅស្រុកឈូក ខេត្តកំពត។
ពីឆ្នាំ១៩៧១ ដល់ឆ្នាំ១៩៧២ ឈី រស់នៅក្នុងសហករណ៍នៅឯស្រុកកំណើតជាមួយឪពុកម្តាយ ដោយធ្វើជាកងសិល្បៈ និងកងកុមារ។ ឈី ត្រូវទៅរែកជី នៅពេលថ្ងៃនិង ត្រូវច្រៀងរាំតាមវាលស្រែ នៅពេលយប់។ នៅក្នុងសហករណ៍ នៅពេលឮសូរជួង ឈី និងកុមារឯទៀតត្រូវរត់ទៅរោងបាយ ដើម្បីយកបាយហូប។
នៅឆ្នាំ១៩៧៣ ឈី ត្រូវបានចាត់តាំងដោយអង្គការខ្មែរក្រហមឲ្យមកធ្វើការតាមអង្គភាពកុមារ។ នៅពេលព្រឹក ឈី ត្រូវធ្វើពលកម្មដូចជាស្ទូងស្រូវ, ដកសំណាប, រែកទឹក, និងស្រោចដំណាំ។ នៅម៉ោង ១១ថ្ងៃត្រង់ ឈី សម្រាកហូបបាយ និងរៀនបន្តិចបន្តួច។ នៅម៉ោង ១រសៀល ឈី ត្រូវធ្វើពលកម្មបន្តរហូតដល់ពេលយប់។
នៅឆ្នាំ១៩៧៥ អង្គភាពកុមាររបស់ ឈី ត្រូវបានខ្មែរក្រហមបញ្ជូនទៅបោសសម្អាត ទីក្រុងភ្នំពេញ។ ឈី ត្រូវបោសជូតសម្អាតតាមផ្ទះថ្ម និងតាមផ្លូវក្នុងទីក្រុង។ ក្រៅពីនោះ ឈី ត្រូវប្រមូលរថយន្ត, ទោចក្រយាន និងទោចក្រយានយន្តនៅតាមផ្លូវ យកទៅដាក់ក្នុងឃ្លាំង។
ពីឆ្នាំ១៩៧៦ ដល់ចុងឆ្នាំ១៩៧៨ ឈី ត្រូវខ្មែរក្រហមបញ្ជូនឲ្យទៅធ្វើការនៅរោងចក្រប្រេងកាត នៅខេត្តកំពង់សោម ជាមួយភ្ញៀវជនជាតិចិន។ នៅទីនោះ ឈី រៀននិងធ្វើការខាងម៉ាស៊ីនភ្លើង។ ឈី ទទួលបានអាហារបីពេលក្នុងមួយថ្ងៃ គឺពេលព្រឹកហូបបបរ, ពេលថ្ងៃហូបបាយ, និងពេលល្ងាចហូបបាយ។
នាសម័យនោះ ឈី មិនបានដឹងអំពីការហូបចុកមិនគ្រប់គ្រាន់ដែលកើតមានឡើងក្នុងសហករណ៍នោះទេ។ នៅរោងចក្រប្រេងកាត ឈី និងកម្មករជាច្រើនពាន់នាក់ ត្រូវធ្វើការទាំងថ្ងៃទាំងយប់ ក្នុងនោះមានកម្មករមួយចំនួនត្រូវទៅដឹកប្រេងកាតចេញពីកប៉ាល់ដែលមកពីប្រទេសចិន។
ជារៀងរាល់បីថ្ងៃម្តង មានការប្រជុំជីវភាពនៅពេលល្ងាច។ នៅពេលប្រជុំជីវភាព កម្មករ ត្រូវទិតៀន ឬកសាងគ្នាទៅវិញទៅមកអំពីកំហុស។ អស់រយៈជាច្រើនឆ្នាំបន្ទាប់ក្រោយចាកចេញពីស្រុកកំណើត ឈី មានការនឹករឭកដល់ឪពុកម្ដាយ។
នៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៧៩ ឈី និងកម្មកររោងចក្រប្រេងកាត បានចាកចេញ និងភៀសខ្លួនចេញពីប្រទេសកម្ពុជាទៅរស់នៅប្រទេសថៃ។
នៅឆ្នាំ១៩៨២ ឈី បានរៀបការនៅលើភ្នំដងរែកដែលរៀបចំដោយអង្គការ។ នៅពេលនោះ ការរៀបការគឺរៀបចំឡើងប្រហែលជាបួនគូ ក្នុងពេលតែមួយ នេះបើតាមការបញ្ជាក់របស់ប្រពន្ធរបស់ ឈី។
នៅឆ្នាំ១៩៨៧ ឈី ត្រូវរបួសដៃនៅពេលប្រយុទ្ធជាមួយកងទ័ពវៀតណាម។ នៅឆ្នាំ១៩៩៣ ឈី និងក្រុមគ្រួសារបានត្រលប់បានរស់នៅប្រទេសកម្ពុជាវិញ៕
សម្ភាសដោយ ឡាយ កូរ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥