អំ សុខ៖ ខ្មែរក្រហមឃុំឃាំងមួយគ្រួសារនៅវត្តអង្គក្តី

(កំពង់ស្ពឺ)៖ អំ សុខ ភេទប្រុស មានអាយុ ៨២ឆ្នាំ ជាកសិកររស់នៅ និងមានទីកន្លែងកំណើតនៅភូមិរកាពក ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ សុខ មានឪពុកឈ្មោះ កែវ ពឹង, ម្ដាយឈ្មោះ ញិល ប៉ែត និងមានបងប្អូនបីនាក់ ក្នុងនោះស្រីម្នាក់។
អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ សុខ ដែលមានអាយុ១៥ឆ្នាំ បានរស់នៅ និងចូលរៀនថ្នាក់ទី១២ចាស់ (សង្គមរាស្ត្រនិយម) នៅសាលាវត្តអង្គស្តុក។ បន្ទាប់ពីសិក្សាអស់រយៈពេលបីឆ្នាំ សុខ ដែលមានអាយុប្រហែល១៩ឆ្នាំ បានបួសនៅវត្តព្រៃអារ អស់រយៈពេលពីរវស្សា។ សុខ បានសឹកនៅអាយុ២១ឆ្នាំ និងរៀបការជាមួយប្រពន្ធឈ្មោះ គង់ សុន និងប្រកបរបរធ្វើស្រែចម្ការ។ សព្វថ្ងៃអ្នកទាំងពីរមានកូនចំនួនប្រាំមួយនាក់។
នៅឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញ សុខ និយាយថា ក្រោយមកមានវត្តមានកងទ័ពខ្មែរក្រហមនៅក្នុងភូមិ។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានចាត់តាំងឲ្យ សុខ ធ្វើជាប្រធានភូមិ និងចាត់ទុកគ្រួសាររបស់គាត់ជាប្រជាជនមូលដ្ឋាន។ សុខ ថាប្រជាជនមួយភូមិដែលមានជាងមួយរយគ្រួសារ ត្រូវហូបចុកមិនគ្រប់គ្រាន់ ដោយក្នុងមួយពេល គឺមានតែអង្ករពីរកំប៉ុងប៉ុណ្ណោះ សម្រាប់ចម្អិនបបរមួយខ្ទះធំ។ នៅពេលប្រជាជនមានជំងឺ គឹមានតែថ្នាំរាងដូចអាចម៍ទន្សាយសម្រាប់ព្យាបាល។
នៅរបបខ្មែរក្រហម ប្អូនរបស់សុខ ឈ្មោះ អំ សឹង ដែលចូលធ្វើជាកងទ័ពខ្មែរក្រហម ត្រូវបានខ្មែរក្រហមសម្លាប់នៅចម្ការដូង ស្រុកអង្គរបូរី ដោយចោទថាបានចូលដៃជើងជាមួយវៀតណាម។ ក្រោយមក ខ្មែរក្រហមបានស្រាវជ្រាវប្រវត្តិរូបរបស់សុខ និងចាប់ខ្លួន សុខ និងប្រពន្ធកូន យកទៅឃុំឃាំងនៅវត្តអង្គក្តី ភូមិសំរោង។ នៅទីនោះ សុខ ត្រូវជីករណ្ដៅ និងទទួលបានបបរ ក្នុងមួយថ្ងៃពីរពេល។ សុខ ត្រូវបានខ្មែរក្រហមធ្វើទារុណកម្មអស់រយៈពេលប្រហែលប្រាំខែ ទើបរបបខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩។
នៅឆ្នាំ១៩៧៩ សុខ និងគ្រួសារ បានរត់ចេញពីភូមិសំរោង។ សុខ បានដឹងថា ប្រជាជនដែលខ្មែរក្រហមបញ្ជូនទៅរៀនសូត្រនៅភូមិព្រៃពាយ ត្រូវបានបាត់ខ្លួន។ នៅឆ្នាំដដែល សុខ និងពូរបស់គាត់ បានទៅប្រមូលលលាដ៍ក្បាលនៅវត្តអង្គស្តុក និងវត្តព្រៃអារ។ នៅទីនោះ សុខ ឃើញខ្នោះ, ស្នាមឈាម និងការបំផ្លិចបំផ្លាញដោយខ្មែរក្រហម៕
សម្ភាសដោយ កេង ភត្ត្រា ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥

