អ៊ុំ វេង រៀបរាប់ពីបងប្អូនជីដូនមួយឈ្មោះ ឆាយ គឹមលាង ដែលត្រូវបានខ្មែរក្រហមចាប់ខ្លួន
ខ្ញុំឈ្មោះ អ៊ុំ វេង[1] មានអាយុ៥៤ឆ្នាំ (នៅក្នុងកំឡុងពេលធ្វើបទសម្ភាសន៍ឆ្នាំ២០០២) ខ្ញុំមានស្រុកកំណើតនៅភូមិគគរ ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម សព្វថ្ងៃខ្ញុំរស់នៅភូមិគគរ១ ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ នៅក្នុងសម័យខ្មែរក្រហមអ្វីដែលខ្ញុំចាំមិនអាចបំភ្លេចបាននោះគឺ ខ្ញុំត្រូវបានខ្មែរក្រហមកេណ្ឌទៅធ្វើការដល់ស្រុកព្រៃឈរ ហើយត្រូវបានខ្មែរក្រហមប្រើឲ្យ លើកដីរៀបចំប្រព័ន្ធភ្លឺស្រែ និងជីកប្រឡាយ ហើយនៅពេលដែលដល់រដូវត្រី ខ្ញុំនិងអ្នកភូមិមួយចំនួនទៀតត្រូវបានខ្មែរក្រហមឲ្យចុះទៅនេសាទត្រីដើម្បីដាក់ក្នុងរោងបាយ។ អ្វីដែលនឹកឃើញមួយទៀតពីរបបខ្មែរក្រហមគឺ បងប្អូនជីដូនមួយខ្ញុំរបស់ឈ្មោះ ឆាយ គឹមលាង ដែលជាអតីតប្រធានកងនៅកងពល៤៥០ នៅក្នុងសម័យខ្មែរក្រហម។
ក្រោយពី រដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ នៅក្នុងខែមីនា ឆ្នាំ១៩៧០ មក ប្រជាជននៅក្នុងភូមិបានចាប់ផ្តើមនាំគ្នាដង្ហែជាក្បួនបាតុកម្មទៅកាន់ទីរួមខេត្តកំពង់ចាម ដែលប្រជាជនជនទាំងអស់នាំគ្នាជួបជុំ នៅខាងមុខទីតាំងសាលាខេត្តកំពង់ចាម ដើម្បីធ្វើការប្រឆាំងនឹងការធ្វើរដ្ឋប្រហារមួយនេះ និងធ្វើការទាមទារឲ្យសាធារណរដ្ឋខ្មែរ ប្រគល់អំណាចទៅសម្តេចព្រះ នរោត្តម សីហនុវិញ។ នៅក្នុងអំឡុងពេលមានសង្រ្គាម នៅក្នុងឆ្នាំ១៩៧៣ ខ្ញុំបានឃើញមានការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងនៅក្នុងភូមិ ដែលខ្ញុំរស់នៅ នៅក្នុងពេលដែលទម្លាក់គ្រាប់បែកនោះ ផ្ទះរបស់ប្រជាជននៅក្នុងភូមិត្រូវបានឆេះជាច្រើនខ្នង និងប្រជាជនមួយចំនួនក៏ត្រូវបានស្លាប់ផងដែរ។ នៅក្នុងអំឡុងពេលដែលមានសង្គ្រាមនេះហើយ ជាពេលដែលបងប្អូនជីដូនមួយខ្ញុំបានរត់ចូលព្រៃដើម្បីធ្វើការតស៊ូ ព្រោះនៅក្នុងពេលមានសង្រ្គាមខាងកងទ័ពរដ្ឋការលន់ នល់ តែងតែមកចាប់យុវជនដើម្បីឲ្យធ្វើជាទាហាន ប្រយុទ្ធជាមួយកងទ័ពខ្មែរក្រហម។ ពេលរដ្ឋការលន់ នល់ ដើរចាប់យុវជនដើម្បីធ្វើជាទាហាន សូម្បីខ្ញុំផ្ទាល់ក៏រត់ដែលនៅពេលនោះ។ ដោយសារមានការអំពាវនាវរបស់សម្តេចព្រះនរោត្តម សីហនុ ឲ្យប្រជាជនរត់ចូលព្រៃដើម្បីធ្វើការតស៊ូ របស់ព្រះអង្គពីទីក្រុងប៉េកាំងប្រទេសចិន គឹមលាង ក៏បានរត់ចូលទៅក្នុងព្រៃធ្វើជាកងទ័ពតស៊ូខ្មែរក្រហម។
នៅអំឡុងពេលដែលមានសង្គ្រាមស៊ីវិលនៅក្នុងប្រទេសកម្ពុជា រវាងឆ្នាំ១៩៧២-១៩៧៣ កងទ័ពរដោះខ្មែរក្រហមបានចូលកាន់កាប់តំបន់មួយនៅតាមទីជនបទប្រទេសកម្ពុជា[2] នៅក្នុងឆ្នាំ១៩៧៣ មានការប្រយុទ្ធយ៉ាងខ្លាំងផងដែររវាងកងទ័ពខ្មែរក្រហម និងកងទ័ពខាងរដ្ឋការលន់ នល់ នៅក្នុងឆ្នាំ១៩៧៣នោះក៏មានការផ្លោងដាក់គ្នានៅម្តុំទីតាំងកោះរកា និងមានថ្ងៃខ្លះក៏ផ្លោងចូលដល់ឃុំគគរផងដែរ។ ពេលដែលមានគ្រាប់បែកទម្លាក់ផង មានគ្រាប់ផ្លោងផង នៅពេលនោះហើយដែលធ្វើឲ្យមានការលំបាកក្នុងការរស់នៅ ដោយសារការលំបាកនេះផង និងក្រុមកម្មាភិបាលខ្មែរបានរត់ចូលព្រៃធ្វើការតស៊ូ ចូលក្នុងភូមិដើរបញ្ចុះបញ្ចូលប្រជាជនឲ្យចូលរួមជាមួយចលនាតស៊ូរបស់ខ្លួន ដោយប្រើប្រាស់ព្រះនាមសម្តេចសីហនុ ដើម្បីបញ្ចុះបញ្ចូលប្រជាជន និងនិយាយពីការធ្វើសង្រា្គម និងការទម្លាក់របស់រដ្ឋការលន់ នល់ និងសហរដ្ឋអាមេរិច ឲ្យប្រជាជនស្អប់របបសាធារណរដ្ឋ និងសហរដ្ឋអាមេរិច ហើយចូលទៅក្នុងព្រៃធ្វើការតស៊ូជាមួយខ្លួន ដូចនេះហើយបានជា គឹមលាង និងប្រជាជនដទៃ នៅក្នុងភូមិចូលទៅក្នុងព្រៃដើម្បីធ្វើការតស៊ូ។
នៅពេលដែលកងកម្លាំងរបស់ខ្មែរក្រហមបានទទួលជ័យជម្នះ និងចូលកាន់កាប់ទីក្រុងភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ គឹមលាង បានរៀបការជាមួយប្រពន្ធមានឈ្មោះសុខអៀង ឈ្មោះហៅក្រៅអេង[3]។ នៅចុងឆ្នាំ១៩៧៥ ដើមឆ្នាំ១៩៧៦ ខ្ញុំបានដឹកគោយកទៅឲ្យឈ្មោះ គឹមលាងដែលត្រូវជាបងប្អូនជីដូនរបស់ខ្ញុំ នៅទីក្រុងភ្នំពេញ តែខ្ញុំមិនបានដឹកទៅដល់ទីក្រុងភ្នំពេញផ្ទាល់ទេ បានត្រឹមផ្អាវ ស្រុកជើងព្រៃ ក៏បានកូនចៅរបស់បងប្អូនជីដូនមួយខ្ញុំ ដឹកបន្តទៅដើម្បីចិញ្ចឹម។ ពេលដែលដឹកគោទៅផ្អាវនោះ ខ្ញុំត្រូវចំណាយពេល ២ថ្ងៃទើបបានទៅដល់ផ្អាវ ដោយត្រូវដេកផ្លូវមួយយប់សិនទើបបានទៅដល់ ដែលពេលនោះខ្ញុំសម្រាកនៅស្គន់ ព្រោះបងប្អូនជីដូនមួយខ្ញុំ ផ្ទះរបស់ប្រពន្ធគេនៅស្គន់ នៅភូមិតាខិត។ ពេលដែលនៅស្គន់ ខ្ញុំបានជួបប្រពន្ធបងប្អូនជីដូនមួយខ្ញុំម្ដងដែរ តែខ្ញុំមិនបានចាំមុខនាងទេ ព្រោះពេលនោះយប់ម៉ោងប្រហែល៨ យើងបានត្រឹមអុចចង្កៀងប្រេងកាត មើលមិនបានច្បាស់ដឹងថាជាប្រពន្ធដោយសារតែ គឹមលាង ជាអ្នកប្រាប់ថាប្រពន្ធទើបដឹងថា បងប្អូនជីដូនមួយខ្ញុំបានរៀបការ ខ្ញុំមិនបានសួរនាំអីច្រើនពីការរៀបរបស់បងប្អូនជីដូនមួយខ្ញុំទេ។ ខ្ញុំបានត្រឹមដឹងថាបងប្អូនជីដូនមួយខ្ញុំ និងប្រពន្ធធ្វើការជាមួយគ្នា។ ចាប់តាំងពីថ្ងៃនោះមក ខ្ញុំបានបាត់ដំណឹងបងប្អូនជីដូនរបស់ខ្ញុំឈ្មោះគឹមលាង រហូតដល់ក្រោយឆ្នាំ១៩៧៩ ទើបបានទទួលដំណឹងថាបងប្អូនជីដូនត្រូវបានខ្មែរក្រហមចាប់ខ្លួនយកទៅទួលស្លែងតាំងពីឆ្នាំ១៩៧៧ ពេលដែលកងទ័ពភូមិនិរតីចូលមកកាន់កាប់តំបន់ខេត្តកំពង់ចាមយើង ហើយពេលដែលកងទ័ពភូមិភាគនិរតីមក ការរស់នៅរបស់ប្រជាជនកាន់តែមានភាពលំបាក និងរងការចោទប្រកាន់ជាច្រើនពីសំណាក់កម្មាភិបាលដែលមកពីភូមិភាគនិរតីនោះ។
យោងតាមឯកសារ I10065 ប្រវត្តិរូបអ្នកទោសជាប់ឃុំឃាំង ឈ្មោះ ឆាយ គឹមលាង ហៅក្រៅ អូន មានឪពុកឈ្មោះ ឆាយ ប៉ាន់ និងម្តាយឈ្មោះ សេង យិម។ គឹមលាង មានប្រពន្ធឈ្មោះ ជូរ សុកអៀវ ឈ្មោះហៅក្រៅ អេង មានស្រុកកំណើតនៅឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ មុនថ្ងៃរំដោះទីក្រុងភ្នំពេញជាអតីតយោធានៅវរសេនាតូច ភូមិភាគឧត្តរ និងត្រូវបានចាប់ខ្លួននៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ១៩៧៧ នៅមន្ទីរពេទ្យ កងពល៤៥០៕
ដោយ លី ដេវីត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម
[1] ឯកសារ KCI00001 បទសម្ភាសន៍ អ៊ុំ វេង សម្ភាសន៍ដោយ ជួន សុភារិទ្ធ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០០២,
បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
[2] ផេង ពង្សរ៉ាស៊ី, ដេវីដ ឆេដល័រ, គ្រីស្តូហ្វ័រ ឌៀរីង, សុភ័ក្រ្ត ភាណា, «ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ» (បោះពុម្ពលើកទី២ នៅកម្ពុជា ឆ្នាំ២០២០) ទំព័រ ១០
[3] ឯកសារ I10065 ប្រវត្តិរូបអ្នកទោសជាន់ឃុំឃាំង ឈ្មោះ ឆាយគឹមលាង, បណ្ណាសារមជ្ឈមណ្ឌលឯកសារកម្ពុជា