កូនប្រាំនាក់របស់ខ្ញុំមានជីវិតរស់ដោយសារចេះធ្វើការងារឲ្យខ្មែរក្រហម
(ស្វាយរៀង) ៖ អ៊ុង បាន មានអាយុ៩១ឆ្នាំ ជាកសិករ រស់នៅភូមិសាលារៀន ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គាត់ឈប់រៀនត្រឹមថ្នាក់ទី៣ ដោយសារប្រទេសមានសង្គ្រាម និងស្ថានភាពគ្រួសារក្រីក្រ។ គាត់បានរៀបការនៅសម័យសង្គមរាស្រ្តនិយម និងមានកូនចំនួនប្រាំនាក់។
ក្រោយមកនៅសម័យ លន់ នល់ គាត់បានទៅរស់នៅជាមួយកូនៗ និងម្តាយ នៅភូមិសំយ៉ោង ឃុំសំយ៉ោង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដោយសារប្តីរបស់គាត់បានស្លាប់។
ក្នុងរបបខ្មែរក្រហមគាត់ជាស្រ្តីមេម៉ាយ ត្រូវបានរបបខ្មែរក្រហមបង្ខំឲ្យចាកចេញពីផ្ទះ និងជម្លៀសឲ្យទៅរស់នៅច្រើនកន្លែង។ គាត់ ត្រូវធ្វើតាមការបញ្ជារបស់ខ្មែរក្រហមដោយធ្វើដំណើរថ្មើរជើង ទាំងថ្ងៃទាំងយប់ដើម្បីឆ្ពោះទៅទីតាំងដែលខ្មែរក្រហមបានកំណត់។ គាត់រៀបរាប់ថា ស្ថានភាពពេលជម្លៀសមានការលំបាកខ្លាំង ដោយសារតែក្នុងគ្រួសារមានកូនច្រើន និងម្តាយចាស់ជរា។
ឆ្នាំ១៩៧៦ គ្រួសាររបស់គាត់ត្រូវបានអង្គការជម្លៀសជាមួយអ្នកភូមិផ្សេងទៀតពីស្រុកកំពង់រោទ៍ ឲ្យមករស់នៅវត្តស្វាយប្រហួត ឃុំគោកព្រើង ខេត្តស្វាយរៀង។ គ្រួសាររបស់គាត់ត្រូវបានជម្លៀសម្តងទៀតទៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដោយស្នាក់នៅបានពីរយប់ក៏បន្តដំណើរទៅទៀតនៅបន្ទាប់ពីអង្គការបានចែកអង្ករ និងសំលៀកបំពាក់ដើម្បីធ្វើដំណើរទៅ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ នៅទីនោះម្ដាយរបស់គាត់ បានស្លាប់ដោយសារជំងឺបាក់ទឹកចិត្តបន្ទាប់ពីប្អូនប្រុសពៅដែលជាអតីតទាហាន លន់ នល់ បានស្លាប់។ ខ្មែរក្រហមប្រើឲ្យគាត់ដំាសណ្ដែក ត្រប់ ប៉េងប៉ោះ និងបន្លែផ្សេងៗទៀតសម្រាប់ផ្គត់ផ្គង់សហករណ៍គគីរធំ។ ចំណែកកូនៗត្រូវរស់នៅផ្សេងៗគ្នាទៅតាមវ័យ និងអាយុ។ កូនៗរបស់គាត់ត្រូវដើររើសអាចម៍គោ ច្រូតស្មៅ និងចូលរៀនជាមួយក្មេងៗដទៃទៀត។ ក្នុងរបបខ្មែរក្រហមយូរៗម្តង គាត់ត្រូវអង្គការអនុញ្ញាតឲ្យទៅជួបជុំកូនៗ។ នៅពេលជួបកូន គាត់តែងតែប្រាប់ឲ្យខិតខំធ្វើការ ត្រូវចេះស្តាប់បង្កាប់ និងមិនត្រូវលួចរបស់ហូបនោះទេ។ គាត់គិតថា ដោយសារតែពាក្យទូន្មាននេះហើយបានជាកូនៗ មានសំណាងអាចរស់ឆ្លងផុតរបបខ្មែរក្រហម។
ឆ្នាំ១៩៧៧ អង្គការប្តូរការងារគាត់ពីអ្នកដាំបន្លែទៅធ្វើការជាអ្នកទប់ទំនប់ទឹក។ ទំនប់ទឹកបានបាក់បណ្តាលឲ្យអ្នកធ្វើការជាមួយបានស្លាប់យ៉ាងច្រើន ជាសំណាងល្អដែលគាត់អាចមានជីវិតរស់។ ខែមករា ឆ្នាំ១៩៧៩ គាត់ទទួលដំណឹងថា មានកងទ័ពវៀតណាមចូលមករំដោះប្រទេសកម្ពុជា។ ក្រោយពីទទួលដំណឹងនេះគាត់សប្បាយរីករាយណាស់ក៏បានទៅជួបកូនៗ។ ក្រោយមកមួយសប្តាហ៍ កងទ័ពវៀតណាមក៏ចូលមករំដោះសហរណ៍ដែលគាត់រស់នៅ។ ក្រោយរបបខ្មែរក្រហមដួលរលំ គាត់បានត្រឡប់មករស់នៅស្រុកកំណើតឯខេត្តស្វាយរៀងវិញ។ ពេលធ្វើដំណើរឆ្លងកាត់ អ្នកលឿងគាត់ បានឃើញសាកសពអណ្តែតទឹកយ៉ាងច្រើន ដែលធ្វើឲ្យកូនៗ និងគាត់មានការភិតភ័យយ៉ាងខ្លាំង។ ធ្វើដំណើរបានប្រាំថ្ងៃ គាត់បានជួបអ្នកស្គាល់គ្នា ហើយសុំជិះឡានមកស្រុកកំណើត និងរស់នៅដល់សព្វថ្ងៃ។
បច្ចុប្បន្ន គាត់មានជំងឺ ក្រពេះ ពោះវៀន។
គាត់តែងតែនិយាយរឿងរ៉ាវ ដែលគាត់បានជួបប្រទះប្រាប់ដល់ក្មេងៗជំនាន់ក្រោយបានដឹងពីការលំបាក ក្នុងរបបខ្មែរក្រហមដើម្បីចូលរួមទប់ស្កាត់របបនេះ កុំឲ្យកើតមានឡើងវិញម្តងទៀតក្នុងប្រទេសកម្ពុជា។
សម្ភាសន៍ដោយ កុយ កញ្ញា ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ អេង សុខម៉េង