ប្រពៃណីរបស់ជនជាតិដើមភាគតិចត្រូវបានលុបបំបាត់នៅសម័យខ្មែរក្រហម
(រតនគិរី)៖ ពាំង វ៉ង មានអាយុ ៦០ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត និងជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម សព្វថ្ងៃគាត់ជាកសិករ រស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។
ពាំង វ៉ង បានចងចាំថា នៅសម័យខ្មែរក្រហម ប្រជាជនទាំងក្មេងទាំងចាស់ត្រូវរស់នៅរួម ហូបរួម និងធ្វើការរួមនៅតាមសហករណ៍ដែលខ្មែរក្រហមបានបង្កើត។ ការរស់នៅតាមសហករណ៍គឺមានភាពលំបាក ពីព្រោះដោយសារការហូបចុកមិនបានគ្រប់គ្រាន់ ការធ្វើពលកម្មធ្ងន់ៗដោយគ្មានពេលសម្រាក និងព្រមទាំងការព្រាត់ប្រាសពីក្រុមគ្រួសារ។
គាត់ត្រូវចេញទៅធ្វើការនៅម៉ោង ៤ទៀបភ្លឺ រហូតដល់យប់ជ្រៅទើបបានឈប់សម្រាក។ ការបរិភោគមានតែអាហារពីរពេលប៉ុណ្ណោះនៅសម័យនោះ ដោយហូបនៅពេលថ្ងៃត្រង់ម្តង និងល្ងាចម្តងទៀត។ ខ្មែរក្រហមបានចែកបបរលាយជាមួយដើមចេកដែលចិញ្ច្រាំរួច ដោយក្នុងមួយនាក់ទទួលបានបបររាវនេះ ឬជួនកាលបាយបានត្រឹមតែកន្លះចានតូចប៉ុណ្ណោះ។
ពាំង វ៉ង បានបន្តថា គាត់ត្រូវបានខ្មែរក្រហមចាត់ចូលជាកងកុមារ ដោយត្រូវរស់នៅរួម និងធ្វើការរួមជាមួយកុមារដទៃទៀតនៅភូមិរ៉ក។ ការងារដែលគាត់ត្រូវធ្វើជាប្រចាំមានដូចជា ដើរប្រមូលលាមកសត្វ និងលាមកមនុស្សដោយកើបនឹងដៃ បន្ទាប់មកយកលាមកទាំងនោះចាក់ចូលរណ្តៅដែលជីករួច។ ក្រៅពីនោះ គាត់ត្រូវដើរកាប់ដីដំបូក និងកាប់ចិញ្ច្រាំទន្ទ្រានខេត្តសម្រាប់លាយជាមួយលាមកទាំងនោះដើម្បីធ្វើជី និងដើរបាច់ដាក់តាមវាលស្រែ។
នៅថ្ងៃមួយ ពាំង វ៉ង បានឃើញកងឈ្លបខ្មែរក្រហមដើរចាប់មនុស្សនៅតាមសហករណ៍ចំនួនបួននាក់។ ដោយសារហូបមិនឆ្អែត អ្នកទាំងបួនបានលួចបេះបន្លែដែលជារបស់រួមនៅក្នុងសហករណ៍ហូប។ អ្នកទាំងបួនត្រូវបានខ្មែរក្រហមបាញ់សម្លាប់ដោយចោទថា លួចរបស់អង្គការ។
ទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិដើមភាគតិចត្រូវបានខ្មែរក្រហមលុបបំបាត់ចោលនូវការសែនព្រេន ការគោរពអារក្សអ្នកតា និងពិធីបុណ្យសពត្រូវបានហាមប្រាម។
នៅពេលដែលរបបខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩ គាត់និងក្រុមគ្រួសារ ព្រមទាំងប្រជាជនក្នុងសហករណ៍ស្ទើរទាំងអស់បានរត់គេចខ្លួនទៅតាមខ្មែរក្រហម និងនៅរស់នៅក្នុងព្រៃយ៉ាងលំបាក។ ប្រជាជនមួយចំនួនបានបាត់បង់ជីវិត ដោយសារគ្មានអាហារសម្រាប់បរិភោគ និងហូបតែបន្លែផ្លែឈើនៅក្នុងព្រៃ និងដោយសារពុលចំណីអាហារ។
ចំពោះអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដូច ពាំង វ៉ង គឺមិនចង់ឲ្យរបបនេះកើតឡើងម្តងទៀតនោះទេ។
ដូច្នេះគាត់សង្ឃឹមថា អ្នកជំនាន់ក្រោយនិងបានសិក្សាស្រាវជ្រាវតាមរយៈឯកសារដែលបានចងក្រង ឬតាមរយៈប្រវត្តិរបស់រូបគាត់ផ្ទាល់ និងចងចាំពីប្រវត្តិសាស្ត្រមួយនេះ ដើម្បីបញ្ចៀសកុំឲ្យរបបប្រល័យពូជសាសន៍កើតឡើងសារជាថ្មី៕
សម្ភាសន៍ដោយ បេង ហង្ស ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤