ប៉ាល់ សិត រៀបរ៉ាប់ដំណើរជីវិតជាយុទ្ធជនខ្មែរក្រហម

ប៉ាល់ សិត [1]ភេទប្រុស អាយុ៥០ឆ្នាំ (គិតត្រឹមឆ្នាំ២០០៣)កើតនិងរស់នៅភូមិកងតាណឹងទី៧ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។ សិត និយាយចែករំលែកបទពិសោធន៍របស់ខ្លួនក្នុងរបបខ្មែរក្រហម ដូចតទៅ៖
«ខ្ញុំរៀបការប្រពន្ធ ឈ្មោះម៉ុម សំ ប៉ុន្តែមិនមានកូននោះទេ។ ខ្ញុំមានបងប្អូនសរុបចំនួន៧នាក់ (ប្រុស៥/ ស្រី២)។ បងប្អូនរបស់ខ្ញុំចំនួន៤នាក់ ចេញពីផ្ទះដើម្បីចូលបម្រើបដិវត្តន៍ និងបានបាត់ខ្លួនចំនួន២នាក់ (ឈ្មោះ ប៉ែល និងឈ្មោះ ហយ) គ្មានដំណឹងអ្វីសោះ រហូតមកដល់សព្វថ្ងៃនេះ។ នៅពីក្មេង ខ្ញុំរៀននៅសាលាវត្តកងតាណឹង រហូតដល់ថ្នាក់ទី១០។ បន្ទាប់មក ខ្ញុំឈប់រៀន និងជួយកិច្ចការងារឪពុកម្ដាយនៅផ្ទះ។ ភូមិរបស់ខ្ញុំត្រូវបានរំដោះ និងគ្រប់គ្រងដោយកងទ័ពខ្មែរក្រហម ប៉ុន្តែទាហានលន់ នល់ តែងតែធ្វើការបាញ់គ្រាប់ផ្លោងពីនាវាម៉ារីន និងទម្លាក់គ្រាប់បែកពីលើយន្តហោះ។ នៅឆ្នាំ១៩៧២ ខ្ញុំចេញពីផ្ទះ និងស្ម័គ្រចិត្តចូលធ្វើជាកងទ័ពខ្មែក្រហម។ ខ្ញុំត្រូវបានដាក់ឲ្យឈរជើងនៅអង្គរបាន និងភូមិស្ដៅ។ ក្រោយមកទៀត ខ្ញុំត្រូវបានផ្លាស់ទៅឈរជើងត្រៀមវាយប្រយុទ្ធជាមួយទាហានលន់ នល់ នៅភូមិចំការសាមសិប។ ចន្លោះពាក់កណ្ដាលឆ្នាំ១៩៧២ និងឆ្នាំ១៩៧៣ ខ្ញុំត្រូវបានបញ្ជូនឡើងទៅឈរជើងត្រៀមសមរភូមិវាយចូលកាន់កាប់ទីរួមខេត្តកំពង់ចាម។ ខ្ញុំត្រូវរងរបួសនៅសមរភូមិក្បែរទីរួមខេត្តកំពង់ចាម ហើយត្រូវបានបញ្ជូនមកព្យាបាលនៅតំបន់រំដោះវិញ។ ខ្ញុំត្រូវបានបញ្ជូនមកព្យាបាល រហូតដល់ផ្នែកខ្លះ នៃទីរួមខេត្តកំពង់ចាមត្រូវបានរំដោះ និងគ្រប់គ្រងដោយកងទ័ពខ្មែរក្រហម នៅចុងឆ្នាំ១៩៧៣។ នៅពេលនោះ កងទ័ពខ្មែរក្រហមបានជម្លៀសប្រជាជនពីទីកន្លែងរំដោះនៃទីរួមខេត្តកំពង់ចាមទៅកាន់ភូមិនានា។ បន្ទាប់ពីជាសះស្បើយពីរបួសខ្ញុំត្រូវបានបញ្ជូនទៅវាយសមរភូមិស្គន់រហូតដល់ផ្អាវ។ នៅពេលនោះ ខ្ញុំត្រូវបានដាក់ចូលនៅក្នុងកងវរៈសេនាតូច៣១១។ នៅចន្លោះពីឆ្នាំ១៩៧៤និងឆ្នាំ១៩៧៥ ខ្ញុំត្រូវបានបញ្ជូនទៅឈរជើងនៅព្រែកទទឹង ដើម្បីបន្តត្រៀមវាយសមរភូមិចូលកាន់កាប់ទីក្រុងភ្នំពេញ។
មិនយូរប៉ុន្មាន បន្ទាប់ពីកងទ័ពខ្មែរក្រហមចូលគ្រប់គ្រងទីក្រុងភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥, ខ្ញុំត្រូវបានប្រាប់ឲ្យប្រគល់អាវុធ និងបញ្ជូនទៅធ្វើជាកម្មករនៅកំពង់សោម។ នៅពេលនោះ អង្គភាពដឹកកងទ័ពទៅកំពង់សោមប្រហែល១៥ឡាន។ នៅពេលដែលទៅដល់កំពង់សោម, ខ្ញុំធ្វើការងារ ដូចជា លីសែងអង្ករ, អំបិល, សំឡីគ, ជ័រកៅស៊ូ ឬបកសណ្ដែកដី និងបកបង្កងដាក់ក្នុងឡាំងដើម្បីផ្ញើទៅប្រទេសចិន។ នៅពេលខ្លះ តុកកែ ក៏ត្រូវបានវេចខ្ចប់ដាក់ឡាំងដឹកយកទៅប្រទេសចិនផងដែរ។ ខ្ញុំដឹងថាដឹកទៅប្រទេសចិន ពីព្រោះកប៉ាល់ដែលមកដឹកជញ្ជូននោះ មានតែអក្សរចិន ហើយអ្នកដែលជិះនៅលើនោះ គឺសុទ្ធតែជនជាតិចិន។ ការងាររបស់កម្មករគឺមិនមានការសម្រាកនោះទេ ពីព្រោះអង្គភាពរៀបចំពេលវេលាគ្មានពេលសម្រាកសម្រាប់កម្មករនោះទេ។ បន្ទាប់ពីធ្វើការនៅកំពង់សោមបានរយៈពេល១ឆ្នាំ, ខ្ញុំត្រូវបានបញ្ជូនមកភ្នំពេញវិញ។ នៅពេលនោះ អង្គភាពដឹកមកភ្នំពេញវិញតែ១២ឡាននោះទេ ហើយអ្នកដែលនៅសេសសល់ត្រូវបានបញ្ជូនទៅហាត់រៀនក្បួនកងទ័ព។ ខ្ញុំត្រូវបានដឹកមកដល់ទួលទំពូង ដើម្បីសម្រាក១យប់។ នៅព្រឹកបន្ទាប់ ខ្ញុំត្រូវបានផ្លាស់ទៅគីឡូលេខខ៦ ដើម្បីលីសែងអង្ករ, អំបិល និងសំឡីគ ពីឃ្លាំទៅទុកដាក់នៅលើសាឡាង។ អង្ករ, អំបិល និងសំឡីគ ត្រូវបានប្រែប្រមូលពីតាមបណ្ដាខេត្តនានា យកមកទុកក្នុងឃ្លាំង ដើម្បីបន្តដឹកទៅកំពង់សោម យកទៅប្រទេសចិន។ ប្រធានកងកម្មករនៅពេលនោះ មានឈ្មោះ តា សារិត ដែលតែងតែដើរជាប់ជាមួយតា ខៀវ សំផន។ ខ្ញុំស្គាល់តា ខៀវ សំផន គឺនៅពេលដែលខ្ញុំទៅចូលរួមប្រជុំនៅពហុកីឡដ្ឋានអូឡាំពិក។ មុនពេលចូលប្រជុំនៅពហុកីឡដ្ឋានអូឡាំពិក, មានការត្រួតពិនិត្យយ៉ាងតឹងរឹងពីមួយកន្លែងទៅមួយកន្លែង។ នៅក្នុងអង្គប្រជុំ, ខ្ញុំឃើញថ្នាក់ដឹកនាំ ដូចជា នួន ជា, អៀង សារី និងប៉ុល ពត។ ២-៣ថ្ងៃបន្ទាប់ពីប្រជុំនៅពហុកីឡដ្ឋានអូឡាំពិក, ខ្ញុំលឺដំណឹងនិយាយតៗគ្នាថា មានការប៉ុនប៉ងបាញ់សម្លាប់ ប៉ុល ពត។ ខ្មាំងប៉ុនប៉ងធ្វើឃាតនោះត្រូវបានចាប់ខ្លួន និងរកឃើញថាមានលាក់កាំភ្លើងខ្លីនៅក្រោមស្បែកជើង នៅច្រកត្រួតពិនិត្យផ្លូវចូលទីតាំងប្រជុំតែម្ដង។ ការរៀបចំត្រួតពិនិត្យនោះមាន៥កន្លែង ចំណែកឯខ្មាំងប៉ុនប៉ងធ្វើឃាតនោះត្រូវបានរកឃើញលាក់កាំភ្លើងនៅកន្លែងទី៥ដែលជាច្រកផ្លូវចូល។ បន្ទាប់ពីពេលនោះមក មានការនិយាយតៗគ្នាទៀតថា មានការប៉ុនប៉ងធ្វើឃាតធ្វើចលនាវៃ ម្ដងទៀត ដោយ សោ ភឹម។ ការនិយាយតៗគ្នានោះ លើកឡើងថា «សោ ភឹម ខាងខ្មែរ នៅខាងទល់ដែន តែកាំភ្លើងដាក់នៅតំបន់អរិយក្សត្រ ប្រុងបែរទៅភ្នំពេញទាំងអស់។» ចាប់ពីពេលនោះមក ស្ថានភាពមានការប្រែប្រួល រហូតដល់មានការបើកការវាយប្រហារទៅលើសោ ភឹម និងកងទ័ពបូព៌ា។ ក្រោយមកទៀត មានការចាប់ខ្លួនកងទ័ព និងកម្មាភិបាលនៅភូមិភាគបូព៌ា យកមកដាក់នៅគុកទួលស្លែង។
ចន្លោះពីឆ្នាំ១៩៧៧ និងឆ្នាំ១៩៧៨ ខ្ញុំត្រូវបានផ្លាស់ពីគីឡូលេខ៦ ទៅតាខ្មៅ ដើម្បីធ្វើការងារនៅរោងចក្រសំឡីគ ដែលមានប្រធានឈ្មោះ ឃិន។ ក្រោយមកទៀត ខ្ញុំត្រូវបានបញ្ជូនចេញពីរោងចក្រសំឡីគនៅតាខ្មៅ មកធ្វើការងារជាកម្មករនៅទួលទំពូងវិញម្ដង ហើយប្រធានគ្រប់គ្រងមានឈ្មោះ តា ហុង។ អង្គភាពកម្មករនេះ គឺមិនមានកម្លាំងកងទ័ពនោះទេ និងមកពីខេត្តកំពង់ចាម និងខេត្តកំពង់ធំ។ ប្រសិនបើមាននរណាម្នាក់ប្រព្រឹត្តកំហុសអ្វីមួយនោះ, តែងតែមានកងកម្លាំងដែលបើកឡានស៊ីបចុះមកចាប់ខ្លួន និងប្រាប់ថា ថ្នាក់លើ ឲ្យទៅរៀនសូត្ររយៈពេល៧ថ្ងៃ។ នៅក្នុងអង្គភាពកម្មករនៅទួលទំពូងនេះ អ្នកដែលមកពីខេត្តកំពង់ចាមនៅសេសសល់តែ២នាក់តែប៉ុណ្ណោះ គឺរូបខ្ញុំ និងឈ្មោះ ជាតិ ស្របពេលដែលអ្នកឯទៀតត្រូវបានចាប់ និងបានបាត់ខ្លួន។
នៅថ្ងៃទី៥-៦ ខែមករា ឆ្នាំ១៩៧៩ ខ្ញុំឃើញថ្នាក់ដឹកនាំធំៗ ដូចជាប្រធានកងពល និងរដ្ឋមន្រ្តីធំៗខ្មែរក្រហម រួមទាំមិត្តនារីៗ បានភៀសខ្លួនចេញអស់ពីទីក្រុងភ្នំពេញ។ មានតែកងម្លាំងខ្មែរក្រហម និងប្រុសៗដែលនៅឈរជើងនៅទីក្រុងភ្នំពេញ។ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ខ្ញុំមើលឃើញសភាពការណ៍មិនល្អ ដូច្នេះខ្ញុំរត់ភៀសខ្លួនតាមមន្ទីរពេទ្យព្រះកេតុមាលា ទៅពោធិ៍ចិនតុង រហូតដល់អមលាំង។ នៅពេលដែលទៅដល់អមលាំង ខេត្តកំពង់ស្ពឺ, ខ្ញុំត្រូវបានចាប់ចូលប្រជុំកងទ័ពទៀត។ នៅពេលនោះ តា រិត បានកេណ្ឌកងទ័ពដើម្បីទប់ទល់ជាមួយកងទ័ពវៀតណាម។ ខ្ញុំគិតថា ផុតពីការធ្វើជាកងទ័ព ប៉ុន្តែនៅចុងក្រោយ ខ្ញុំត្រូវបានកេណ្ឌធ្វើជាកងទ័ពខ្មែរក្រហមបន្តទៀត។ បន្ទាប់មក កងទ័ពខ្មែរក្រហមដែលនៅសេលសល់ និងទើបតែត្រូវបានកេណ្ឌ ត្រូវបានបញ្ជូនទៅសមរភូមិ ដោយបានឈរជើងនៅភ្នំឱរ៉ាល់។ ខ្ញុំគិតខ្លួនឯងថា៖ «បើទៅសមរភូមិ ខ្ញុំមានតែងាប់។ ខ្ញុំភរគេថា ពីព្រោះទៅ៧ឡាន មកវិញតែ២ឡាន»។ បន្ទាប់ពីគិតគូររួចរាល់ហើយ, ខ្ញុំបាន ភរប្រធានកងពលថា ខ្ញុំឈឺ ដោយសារតែមានជំងឺគ្រុនចាញ់។ ប្រធានកងពល បានជឿ និងបញ្ជូនខ្ញុំឲ្យមកអមលាំងវិញ។ ក្រោយពីបានសម្រាកព្យាបាល៧ថ្ងៃនៅអមលាំង, ខ្ញុំត្រូវបានបញ្ជូនទៅភ្នំឱរ៉ាល់វិញ ប៉ុន្ដែនៅពេលនោះ កងទ័ពខ្មែរក្រហមត្រូវបានវាយបែក ហើយម្នាក់ៗរត់បែកជួរកងទ័ពយករស់រៀងៗខ្លួន។ ខ្ញុំរត់ទៅរហូតត្រពាំងខ្ជោរ ទើបមានឡានមកដឹកទៅដល់ស្ទឹងពោធិ៍សាត់។ បន្ទាប់មក ខ្ញុំបន្តដំណើររត់ភៀសខ្លួនរហូតដល់ខេត្តបាត់ដំបង។ រហូតដល់ឆ្នំា១៩៨២ ខ្ញុំសម្រេចចិត្តវិលត្រឡប់មកខេត្តកំពង់ចាមវិញ។»
អត្ថបទដោយ សាំង ចាន់ធូ
[1] ឯកសារបទសម្ភាសន៍លេខKCI0296; សម្ភាសន៍ជាមួយ មឿន ម៉ៅ នៅភូមិស្ដៅ ឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម។ ឯកសារបទសម្ភាសន៍នេះ មានតម្កល់រក្សាទុកនៅមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។