ប៉ាន់ ធី ប្រធានក្រុមកងល័តកសាងអាងត្រពាំងថ្ម

នៅដើមឆ្នាំ១៩៧៧ ប៉ាន់ ធី ត្រូវបានអង្គការបញ្ជូនឲ្យតំបន់៥ ដើម្បីក្ដាប់យុវជនចំនួន១០០នាក់ ចូលរួមជាមួយក្រុមយុវជន២០ក្រុមផ្សេងក្នុងការកសាងទំនប់អាងត្រពាំងថ្ម ស្ថិតនៅក្នុងភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ខាងក្រោមនេះជារឿងរាវរបស់ ប៉ាន់ នី ៖ ខ្ញុំឈ្មោះ ប៉ាន់ ធី[1] ភេទប្រុស អាយុ៥៦ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិកំពង់ថ្កូវ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ខ្ញុំសព្វថ្ងៃរស់នៅក្នុងភូមិដូនច្រែង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ឪពុកខ្ញុំឈ្មោះ ប៉ាន់ ថ្មី និងម្ដាយឈ្មោះ លៀម ញ៉ក់។ ខ្ញុំមានប្រពន្ធឈ្មោះ ក្លឺម គង់ អាយុ៥៧ឆ្នាំ។ ខ្ញុំមានកូន៤នាក់(ស្រី៣នាក់)។

កាលពីសម័យសង្គមខ្ញុំរៀនបានត្រឹមថ្នាក់ទី១០ស្មើនឹងថ្នាក់ទី២បច្ចុប្បន្ន។ ពេលខ្ញុំឈប់រៀនមេភូមិ បានរើសខ្ញុំឲ្យទៅធ្វើជាទាហាន លន់ នល់ ប៉ុន្តែខ្ញុំគេចខ្លួនរហូតទៅនៅភ្នំក្រោម ខេត្តសៀមរាប។ ខ្ញុំទៅស៊ី ឈ្នួលនេសាទត្រីតាមទន្លេ។ ខ្ញុំនៅសំងំស៊ីឈ្នួលនេសាទត្រី ដើម្បីបានប្រាក់តិចតួចជួយផ្គត់ផ្គង់គ្រួសារ។ នៅឆ្នាំ១៩៧៤ ខ្មែរក្រហមចាប់ផ្ដើមធ្វើសកម្មភាពបណ្ដើរៗ ពេលនោះខ្ញុំនៅទន្លេសាប។ ពេលខ្ញុំទៅ ដាក់មងនៅតាមទន្លេ ខ្មែរក្រហមតែងតែលបលួចបាញ់ ជាសំណាងដែលក្រុមនេសាទដូចខ្ញុំមានអាវុធសម្រាប់ ការពារខ្លួន។ ពេលខ្មែរក្រហមបាញ់មក ខ្ញុំ រកកន្លែងលាក់ខ្លួនរួចបាញ់តបតវិញ។ ពេលរត់រួចខ្លួន ហើយ ខ្ញុំក៏លាឈប់ពីការងារនេសាទ។ នៅឆ្នាំ១៩៧៥ ខ្ញុំបានត្រឡប់មកភូមិកំណើតវិញ ដោយសារតែនៅទន្លេសាបជ្រួលច្របល់ ហើយលុយ គ្មានតម្លៃ។ ពេលមកដល់ស្រុកបានរយៈពេលបីខែ ខ្មែរក្រហមបានចូលមកដល់ក្នុងភូមិកំពង់ថ្កូវ ឃុំទឹកជោរ ប្រមូលទ្រព្យសម្បត្តិឯកជនដាក់ជារបស់សមូហភាព។ ប្រជាជនទាំងអស់សុទ្ធតែមានការងាររៀងៗខ្លួនតាម អង្គការចាត់តាំង។ កុមារត្រូវរើសអាចម៌គោ និងក្របី កាប់ដើមទន្ទ្រានខែត្រ ដើម្បីយកមកចិញ្ច្រាំធ្វើជី សម្រាប់ដាក់ដំណាំស្រូវ ក្រកួន ស្ពៃ និងដំណាំផ្សេងទៀត។ យុវជន និង យុវនារីមួយចំនួនធំត្រូវចាត់តាំងឲ្យធ្វើជាកងចល័ត ដើម្បីធ្វើការងារដកស្ទូង លើកទំនប់ និងជីកប្រឡាយជាដើម។ ចំណែកលោកយាយមួយចំនួន ត្រូវធ្វើការដាំដំណាំសម្រាប់ធ្វើម្ហូប ខ្លះទៀតចាំដេញចាប និងមើលកុមារតូច។  ចំពោះលោកតាចាស់ៗ អង្គការចាត់តាំងឲ្យធ្វើសម្ភារសម្រាប់ ប្រើប្រាស់ដូចជា ដងចប ដងពូថៅ ដងកាំបិទ រនាស់ និងនង្គ័ល។ មនុស្សវ័យកណ្ដាលមួយចំនួនអង្គការចាត់តាំងឲ្យចិញ្ចឹមសត្វជ្រូក មាន់និងទា ដើម្បីទុកធ្វើម្ហូប។ ខ្មែរក្រហមចាប់ផ្ដើមជម្លៀសប្រជាជនចេញពីភូមិកំពង់ថ្កូវ មកនៅភូមិចារលើ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ អំឡុងពេលខ្មែរក្រហមជម្លៀសប្រជាជន មានប្រជាជនខ្លះធ្វើដំណើរតាមរទះគោ ហើយមួយចំនួនទៀតក៏ធ្វើដំណើរដោយថ្មើរជើង។ ពេលខ្ញុំទៅដល់ភូមិចារលើ ខ្មែរក្រហមបានឲ្យសម្រាកបី ទៅបួនយប់ ។ ខ្ញុំសម្រាកនៅតាមផ្ទះប្រជាជនមូលដ្ឋានដែលខ្មែរក្រហមជម្លៀស ចេញ។ ជាសំណាងដែលគ្រួសារខ្ញុំបានដាក់អង្ករ និងលួចដាំបាយហូប។ រយៈពេលបួនយប់នៅភូមិចារថ្មី ខ្ញុំពិតជាពិបាករស់នៅណាស់ សូម្បីតែទឹកងូតក៏គ្មាន។

ប្រហែលជាបួនទៅប្រាំថ្ងៃក្រោយខ្មែរក្រហមឲ្យខ្ញុំត្រឡប់មកភូមិកំពង់ថ្កូវវិញ។ ខ្ញុំនៅផ្ទះបានប្រហែល ជាពីរថ្ងៃខ្មែរក្រហមជម្លៀសទៅចារក្រោម ដើម្បីឲ្យធ្វើស្រែ។ ខ្ញុំនៅបានមួយវរស្សាអង្គការឲ្យខ្ញុំចេញចល័ត នៅតំបន់៥មានតាវ៉ាល់គ្រប់គ្រង។ តាវ៉ាល់ បានចាត់តាំងខ្ញុំឲ្យដឹកនាំកុមាររែកដី។ ខ្ញុំដឹកនាំកុមារអាយុ១៥ ទៅ១៦ឆ្នាំចំនួន១០០នាក់ ដើម្បីរែកដីធ្វើទំនប់ភ្នំកំបោរ(ទំនប់តាវ៉ាល់)ស្ថិតក្នុង ភូមិកំបោរ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ទំនប់នោះមានប្រវែងប្រមាណ ១៣គីឡូម៉ែត្រ ទទឹង៥ម៉ែត្រ។ អង្គការកំណត់ឲ្យកុមារ១០០នាក់ ត្រូវលើកទំនប់បណ្ដោយ២០ម៉ែត្រនិងទទឹងជើងក្រោម៨ម៉ែត្រ និងទទឹង ខាងលើ៥ម៉ែត្រឲ្យបានរួចរាល់នៅក្នុងមួយថ្ងៃ។ កុមារធ្វើការងារធ្ងន់ៗហើយមិនបានហូបបាយទេ ហូបតែបបរ សរាវៗ និងអំបិលដែលអង្គការចែកឲ្យតាមរបបក្នុងម្នាក់មួយការ។ កុមារត្រូវដងទឹកសម្រាប់ផឹកមកពីតាមបឹង ទុកហូបខ្លួនឯង។ ពេលយប់ឡើងកុមារទាំងអស់មិនបានត្រឡប់ទៅផ្ទះវិញទេ ត្រូវស្នាក់នៅតាមវាលដេកនៅ តាមជើងទំនប់។ ទំនប់នោះធ្វើទាំងខែប្រាំង និងវរស្សា។ កាលនោះមានកម្លាំងចូលរួមប្រមាណជា៧០០ទៅ ៨០០នាក់។ អង្គការ កំណត់ម៉ែត្រសម្រាប់ក្រុមមួយៗ។ កុមារទាំងអស់ត្រូវធ្វើការដោយគ្មានដែន កំណត់ទាល់តែធ្វើកិច្ចការហើយទើបបានសម្រាក។ កុមារ ក្នុងជំនាន់នោះភាគច្រើនខ្វាក់មាន់ត្រូវធ្វើការ ដឹកដៃគ្នាជាហេតុធ្វើឲ្យការងារយឺត។ កុមារកើតជំងឺខ្វាក់មាន់ខ្ញុំចាត់តាំងឲ្យឈរនៅដង្ហែ គ្នាហុចដីតគ្នា ដើម្បី បិទទំនប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅឆ្នាំ១៩៧៧ ខ្ញុំអាយុ២០ឆ្នាំ តាវ៉ាល់ ឲ្យទៅលើកទំនប់អាងត្រពាំងថ្ម ស្ថិតនៅក្នុងភូមិត្រពាំងថ្ម ឃុំប៉ោយចា ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ តាវ៉ាល់ មានរូបរាងខ្ពស់ ស្ដើង និងមានច្រមុះស្រួច។ កាលនោះមានការបែងចែកយុវនារី និងយុវជនហាម មិនឲ្យមានទំនាក់ទំនងស្រីនិង ប្រុស។ ខ្ញុំទៅដល់អាង ត្រពាំងថ្មដំបូងមានតែដីរាបស្មើប៉ុណ្ណោះ។ ថ្ងៃដំបូងទៅដល់ភ្លាមអង្គការឲ្យសម្រាកនិង រៀបចំកន្លែងដេក។ លុះព្រឹកឡើងអង្គការចាប់ផ្ដើមកំណត់ប្រវែងដី, ឲ្យប្រធានក្រុមទៅប្រជុំដើម្បីចែងចែកការងារ។ ខ្មែរក្រហមធ្វើអាងត្រពាំងថ្មតាមគំរូផ្លូវចាស់ កាលនោះប្រជាជនហៅថាអាងត្រពាំងថ្មកូនខ្លែង។ គោលបំណងនៃការជីកអាងត្រពាំងថ្មគឺយកទឹកមកធ្វើស្រែ។ កាលនោះមានប្រជាជនប្រហែលជា២០កង ទម្រាំកសាងហើយ មនុស្សស្លាប់ច្រើនណាស់។

ប្រជាជនខំធ្វើការណាស់ខ្លាចអង្គការយកទៅសម្លាប់ចោលហើយ ប្រជាជនត្រូវខិតខំ ធ្វើការទាំងយប់ថ្ងៃ។ អាងត្រពាំងថ្មកម្ពស់៥ម៉ែត្រ បណ្ដោយប្រហែលជា២០គីឡូ។ ការហូបចុកមានតែអំបិលលីង និងទឹកប្រហុកគ្មានសម្លរអីទេ។ នៅអាងត្រពាំងថ្មខ្សត់ទឹក, ទឹកផឹកក៏គ្មាន, ទឹកងូតក៏គ្មាន។ ប្រជាជនថ្មីភាគច្រើនឈឺរាកមូលស្លាប់ច្រើនណាស់។ អង្គការមិន បានចែកទឹកឲ្យនោះទេ ជាពិសេសបងប្អូនមកពីទីក្រុងភ្នំពេញមិនដែលធ្វើការងារហាលក្ដៅ ពេលគ្មានទឹកក្រវី តែក្បាលទៅមិនរួចស្លាប់បណ្ដើរៗ។ អង្គការចែកទឹកឲ្យក្នុងម្នាក់៣លីត្រ ប៉ុន្តែបើទឹកងូតត្រូវដើរ៣គីឡូដីបាន ដល់។ ខ្ញុំពេលខ្លះហត់ពេកពីរថ្ងៃបានទៅងូតទឹកម្ដង។ កាលនោះមិនសូវមានអ្នកទៅងូតទឹកទេ។ ខ្ញុំកាន់ កងចល័តធំមានចំនួន១០០នាក់។ ខ្ញុំជាប្រធានកងពិតមែន ប៉ុន្តែគ្មានលក្ខណៈពិសេសអ្វីនោះទេ ធ្វើតាមតែបទ បញ្ជាអង្គការឲ្យដឹកនាំ។

នៅអាងត្រពាំងថ្មអង្គការប្រើប្រជាជនឲ្យស្លាប់តែម្ដង ទឹកមិនឲ្យងូត។ ពេលធ្វើការបើមានសមាជិកឈឺ ខ្ញុំឲ្យទៅពេទ្យនៅក្នុងអង្គភាព។ ខ្ញុំនៅត្រពាំងថ្មបានរយៈពេល មួយខែកន្លះ។ នៅខែមិថុនា ឆ្នាំ១៩៧៧ ខ្ញុំបានស្នើ ទៅប្រធានកង ឈ្មោះ វ័ន្ត (ស្លាប់) ដើម្បីរៀបការជាមួយ ឈ្មោះ រី ជាប្រធានកងតូច មានសមាជិក៣០នាក់។ ក្រោមពេលខ្ញុំស្នើ ទើបគេធ្វើកិច្ចព្រមព្រៀមដើម្បីឲ្យ តាវ៉ាល់ សម្រេច បន្ទាប់មកខ្ញុំបានរៀនការ នៅទំនប់ត្រពាំងថ្ម។ នៅពេលនិរតី ចូលមកខ្ញុំមិនសូវពិបាកទេ ការហូបចុកបានសមរម្យ មានលាយបង្អែមនំខ្លះ ហើយប្រើ ប្រាស់ឲ្យធ្វើការតាមធម្មតា។ ប្រធានភូមិ ឈ្មោះ តាសែក ដឹកនាំប្រជាជនប្រើពាក្យពេចន៍ល្អណាស់។ ខ្ញុំនៅធ្វើស្រែ បានមួយឆ្នាំ។ ពេលវៀតណាមចូលមកខ្ញុំបានមកនៅភូមិដូនច្រែង ខ្ញុំមានកូនស្រីម្នាក់។

នៅឆ្នាំ១៩៨៦ ខ្ញុំបានចូលធ្វើជាសេនាជនការពារព្រំដែនទៅប្រចាំការនៅម៉ាឡៃតូច។ រហូតដល់ ឆ្នាំ១៩៨៧ខ្ញុំបានត្រឡប់មករស់នៅស្រុកខាងប្រពន្ធ។ ខ្ញុំប្រកបមុខរបរធ្វើស្រែ ដើម្បីចិញ្ចឹមជីវិត៕

អត្ថបទដោយ វី ស៊ីថា


[1] មជ្ឈមណ្ឌលឯកសារកម្ពុជា BMI0180 ឆាយ ឈុនលីសម្ភាសន៍ជាមួយប៉ាន់ ធី ,ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១១។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin