ពេន ហន៖ អតីតយោធាខ្មែរក្រហម

ពេន ហន បានសម្រេចចិត្តចូលធ្វើជាយោធាខ្មែរក្រហមនៅអាយុ១៥ឆ្នាំ។ ហន បានចូលរួមក្នុងសមរភូមិប្រយុទ្ធ និងបានឆ្លងកាត់រឿងរ៉ាវដែលមានគ្រោះថ្នាក់ស្ទើរបាត់បង់ជីវិត។ ពេន ហន ភេទប្រុស អាយុ៦៦ឆ្នាំ[1] មានមុខរបរធ្វើចម្ការ។ ហន មានស្រុកកំណើតនៅភូមិបឹងព្រៃ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។ បច្ចុប្បន្នរស់នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ហន មានឪពុកឈ្មោះ ហ៊ុន ពេន (ស្លាប់) និងម្ដាយឈ្មោះ សែត ហាវ។ ហន មានបងប្អូនបង្កើតចំនួន៧នាក់ (ស្រី៥នាក់)។ ហន មានប្រពន្ធឈ្មោះ យ៉ា រ៉េត អាយុ៦៥ឆ្នាំ មានកូនចំនួន៣នាក់ (ស្រីម្នាក់)។ កាលនៅវ័យកុមារ ហន ចូលរៀនបានរយៈពេល១សប្ដាហ៍ ក៏បានឈប់រៀន។ ក្រោយមក ឪពុករបស់ ហន បានស្លាប់បាត់បង់ជីវិត។
ឆ្នាំ១៩៧០ បន្ទាប់ពី សេនាប្រមុខ លន់ នល់ បានធ្វើរដ្ធប្រហារទម្លាក់សម្ដេចព្រះនរោត្ដមសីហនុ ហន រស់នៅជាមួយម្ដាយនៅភូមិកំណើត និងមានការទម្លាក់គ្រាប់បែកពាសពេញភូមិស្រុក។ ឆ្នាំ១៩៧៣ ហន បានបែកចេញពីម្ដាយ និងបងប្អូនទៅខេត្តបាត់ដំបង ហើយស្ម័គ្រចិត្តទៅតាមកងកម្លាំងយោធាខ្មែរក្រហមរស់នៅប៉ៃលិន។ ហន បានធ្វើដំណើរជាមួយយោធារហូតដល់ប៉ៃលិន មេបញ្ជាការម្នាក់ដើរមកសួរនាំ ហន រួចដេញឲ្យ ហន ត្រឡប់ទៅផ្ទះរស់នៅជាមួយឪពុកម្ដាយវិញ ព្រោះ ហន នៅតូចស្ពាយកាំភ្លើងមិនទាន់ផុតពីដីផងទៅប្រយុទ្ធ ប៉ុន្តែ ហន មិនព្រមទៅផ្ទះវិញនោះទេ ព្រោះចង់ចូលប្រយុទ្ធក្នុងសមរភូមិដើម្បីធ្វើការប្រឆាំងជាមួយទាហាន លន់ នល់។ ឆ្នាំ១៩៧៤ ហន ស្ថិតក្នុងកងពលលេខ១៥ មេកងពលឈ្មោះ ផៃ វណ្ណៈ ក្នុងវរសេនាធំលេខ៧១ វរសេនាតូចលេខ១៤ មេវរសេនាតូចឈ្មោះ ទ័ព។ យោធាខ្មែរក្រហមទាំងអស់ រួមទាំង ហន ស្នាក់នៅផ្ទះតាមព្រៃ ហើយរស់នៅជាក្រុម ក្នុងមួយក្រុមមានគ្នា១០ទៅ២០នាក់ស្នាក់នៅជាមួយគ្នា។ ហន ស្លៀកសម្លៀកបំពាក់ពណ៌ស្លឹកឈើ។ ហន មានវ័យក្មេង ប៉ុន្តែហ៊ានចេញទៅប្រយុទ្ធជាមួយទាហាន លន់ នល់ ដោយគ្មានភាពភ័យខ្លាចឡើយ។ ក្នុងពេលប្រយុទ្ធគ្នា យោធាខ្មែរក្រហមតែងចាប់បានទាហាន លន់ នល់ ជាបន្តបន្ទាប់។ ចំណែកទាហាន លន់ នល់ ក៏ចាប់បានយោធាខ្មែរក្រហមវិញដូចគ្នា រួចធ្វើការសួរចម្លើយ ឬធ្វើទារុណកម្មទៅតាមចម្លើយដែលបានសារភាព។ រាល់ពេលយោធាខ្មែរក្រហមចាប់បានទាហាន លន់ នល់ ខ្មែរក្រហមតែងនាំមកសួររកខ្សែគិញបង្កប់ សេ អ៊ី អា នៅត្រង់ណា ហើយអ្នកណាជាអ្នកបញ្ជា។ ហន មានមុខសញ្ញាវាយពីប៉ៃលិនចូលមកគ្រប់គ្រងក្រុងបាត់ដំបង។
ឆ្នាំ១៩៧៥ យោធាខ្មែរក្រហមកាន់តែមានប្រដាប់អាវុធ ប្រដាប់ប្រដា រួមទាំងគ្រឿងផ្ទុះជាច្រើន មានម្ហូបហូបចុកសម្បូរហូរហៀរសម្រាប់ទ្រទ្រង់កម្លាំងយោធា ព្រមទាំងមាន មន្ទីរពេទ្យ ថ្នាំល្អៗសម្រាប់ព្យាបាលយោធាខ្មែរក្រហមដែលឆ្លងជំងឺ និងរងរបួសផ្សេងៗ។ ហន និងកងកម្លាំងយោធាទាំងអស់ធ្វើការប្រយុទ្ធដោយគ្មានការបង្ខិតបង្ខំ ទើបធ្វើឲ្យយោធាមានទឹកចិត្តតស៊ូប្រយុទ្ធ ហើយអាចផ្ដួលរលំរបប លន់ នល់ វាយចូលក្រុងបាត់ដំបងបានដោយជោគជ័យនៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥។ បន្ទាប់ពីទទួលបានជ័យជម្នះ មេកង បានបញ្ជា ហន ឲ្យចាប់ផ្ដើមជម្លៀសប្រជាជនទាំងអស់ចេញពីទីរួមខេត្តបាត់ដំបង។ បន្ទាប់មក ហន នៅប្រចាំការនៅខេត្តបាត់ដំបងរហូតដល់ចុងឆ្នាំ១៩៧៥។
ឆ្នាំ១៩៧៦ ហន ត្រូវបានមេកងបញ្ជូនចេញពីបាត់ដំបងឲ្យត្រឡប់ទៅប៉ៃលិនវិញ។ ហន មិនបាននៅការពារនៅទីប្រជុំជននោះទេ ប៉ុន្តែ ហន ត្រូវបានប្ដូរឲ្យទៅយាមតាមព្រៃ ហើយផ្លាស់ប្ដូរមេកងពលថ្មី ឈ្មោះ ជា សាវឿន។ ហន ដើរល្បាតការពារតាមព្រំដែនប៉ៃលិន ក្នុងគោលបំណងរារាំងកុំឲ្យថៃរុលចូលមកយកទឹកដីរបស់ប្រទេសកម្ពុជា និងដើម្បីកុំឲ្យប្រជាជនខ្មែរចេញចូលប្រទេសថៃតាមអំពើចិត្ត ព្រោះបង្កឲ្យមានភាពច្របូកច្របល់ពិបាកក្នុងការគ្រប់គ្រង។ ហន រស់នៅតាមព្រំដែន សាងសង់ផ្ទះនៅលើភ្នំរស់នៅរួមជាមួយក្រុមគ្រួសារ កូនចៅរបស់យោធាដទៃទៀត។ ក្នុងអំឡុងពេល ហន នៅចាំការពារនៅតាមព្រំដែន មានប្រជាជនខ្មែរមួយចំនួនលួចរត់ចូលទៅប្រទេសថៃ ប៉ុន្តែត្រូវបានយោធាខ្មែរក្រហមចាប់បាន រួចបញ្ជូនទៅបន្ទាយមេបញ្ជាការ។ បន្ទាប់មក មេបញ្ជាការបានឲ្យយោធាខ្មែរក្រហមបញ្ជូនប្រជាជនទាំងនោះត្រឡប់ទៅតាមសហករណ៍វិញ។ ហន ដឹងថាប្រជាជនដែលត្រូវបញ្ជូនទៅតាមសហករណ៍មានវាសនានៅរស់រានមានជីវិតតិចតួចខ្លាំងណាស់។ យោធាមានអាហារហូបគ្រប់គ្រាន់ មិនមានភាពខ្វះខាតនោះទេ ព្រោះពេល ហន ដើរល្បាតតែងតែបរបាញ់សត្វមកធ្វើអាហារជាញឹកញាប់។ ក្រោយមក ហន បានប្ដូរទៅនៅកងមួយផ្សេងទៀត ដែល ជ័យ ឃន ជាមេវរសេនាធំ ហើយ ហន បានធ្វើនីរសាររបស់ ជ័យ ឃន ព្រោះធ្លាប់នៅតស៊ូជាមួយគ្នា ហើយជាអ្នកមកពីបាត់ដំបងដូចគ្នា។ ហន មានតួនាទីរត់សំបុត្រពីទីជនបទទៅកាន់យោធាខ្មែរក្រហមដែលប្រចាំការនៅទីរួមខេត្ត។ ខ្មែរក្រហមបានគាប់សង្កត់ប្រជាជនដែលធ្វើការងារតាមសហករណ៍ឲ្យធ្វើការងារធ្ងន់ធ្ងរ ប៉ុន្តែមិនឲ្យបាយហូបគ្រប់គ្រាន់នោះទេ។ ថ្ងៃមួយមានប្រជាជនដែលស្រេកឃ្លាន នាំគ្នាលួចដើររកស៊ីក្ដួច ស៊ីដំឡូង ហន បានចាប់បានរួចបញ្ជូនប្រជាជនទាំងនោះទៅដាក់តាមសហករណ៍វិញ ប៉ុន្តែត្រូវខ្មែរក្រហមយកទៅកសាង (សម្លាប់) បាត់ទៅ។ រាល់ពេលចាប់បានម្ដងៗ ហន មានតែការអាណិត ប៉ុន្តែមិនដឹងជួយប្រជាជនទាំងនោះដោយវិធីណានោះឡើយ។
ឆ្នាំ១៩៧៧ ហន ត្រូវបានមេកងប្ដូរឲ្យមកយាមនៅមន្ទីរសន្តិសុខ ខេត្តបាត់ដំបង តំបន់៣ មេឃុំឈ្មោះ ញឹក លី ស្ថិតក្នុងភូមិស្ពានដែក។ អង្គការបានយកវត្តប្រភិតធ្វើជាគុកយ៉ាងធំមួយ។ ក្នុងអំឡុងពេល ហន មកដល់ ហន បានឃើញអ្នកទោសជាច្រើនត្រូវឃុំឃាំងនៅក្នុងគុក។ ជារៀងរាល់ថ្ងៃ ហន តែងតែឃើញយោធាខ្មែរក្រហមដឹកអ្នកទោសជាច្រើនបញ្ជូនមកដាកើក្នុងគុក មួយចំនួនដឹកចេញយកទៅសម្លាប់ ឯមួយចំនួនត្រូវបញ្ជូនចូលឲ្យធ្វើការតាមសហករណ៍។ មានអ្នកទោសជាច្រើនត្រូវយកទៅសម្លាប់ (អ្នកទោសរួមមានយោធាខ្មែរក្រហម និងប្រជាជនធម្មតា)។ ហន បានរៀបរាប់ថា សម្រាប់យោធាខ្មែរក្រហមដែលធ្វើខុសភាគច្រើនត្រូវបានអង្គការយកទៅសម្លាប់ទាំងក្រុម និងបក្ខពួក។ ។ ហន នៅយាមអ្នកទោសជាច្រើន មានទាំងមនុស្សចាស់ និងក្មេងវ័យជំទង់។ ហន នៅយាមនៅមន្ទីរសន្តិសុខអស់រយៈពេល ៦ទៅ៧ខែ អង្គការតែងដឹកអ្នកទោសមកម្ដងប្រហែល១០០នាក់។ ក្នុងពេល ហន យាមមានអ្នកទោសមួយចំនួនដែលមានវ័យចាស់ជរាតែងយំសំពះអង្វរឲ្យដោះលែង ពោលប្រាប់ថានឹកប្រពន្ធកូន ឃ្លានខ្លាំងណាស់សុំបាយហូបផង។ ហន មានការអាណិតអាសូរអ្នកទោសខ្លាំងណាស់ ព្រោះជាប្រជាជនខ្មែរដូចគ្នា ទើប ហន តែងតែលួចដោះលែងអ្នកទោសជាបន្តបន្ទាប់រហូតអស់ប្រហែល៥០នាក់។ បន្ទាប់ពីដោះលែងអ្នកទោសរួច ហន មានភាពភ័យខ្លាចខ្លាំងណាស់ ព្រោះប្រសិនបើអង្គការបានដឹងរឿង ប្រាកដជាគ្មានជីវិតរស់នៅបន្តនោះទេ។ ភ្លាមៗ ហន មិនហ៊ានរត់ចេញពីមន្ទីរសន្តិសុខនោះឡើយ រហូតដល់អង្គការបានដឹងរឿងថាមានអ្នកលួចដោះលែងអ្នកទោសចេញពីគុក ទើប ហន បានបំផ្លាញរាល់ភស្តុតាងហើយចាប់ផ្ដើមលាក់បាំងពូជពង្សវង់ត្រកូល រួចលួចរត់ចេញពីមន្ទីរសន្តិសុខ។ ហន បានផ្លាស់ប្ដូរឈ្មោះ និងត្រកូល ដោយដាក់ឈ្មោះមួយផ្សេងទៀត។ បន្ទាប់មក ហន បានរត់ទៅក្នុងកងវរសេនាតូចលេខ២១ មេវរសេនាតូចឈ្មោះ អ៊ុច វណ្ណា ក្នុងកងពលលេខ១៥ដដែល។ បន្ទាប់ពីមេកងបានសួរចម្លើយ ហន រឹតតែភ័យខ្លាច ប៉ុន្តែជាសំណាងល្អមិនឃើញអង្គការមកតាមចាប់ខ្លួននោះទេ។
ចាប់ពីឆ្នាំ១៩៧៨ ហន នៅយាមក្រុងបាត់ដំបងរហូតដល់ដើមឆ្នាំ១៩៧៩។ ក្នុងពេលវៀតណាមចូលមករំដោះបានជោគជ័យ ហន មិនបានរត់គេចខ្លួនចូលព្រៃដូចយោធាដទៃនោះទេ។ ហន បានត្រឡប់មករស់នៅបាត់ដំបង រួចធ្វើដំណើរទៅផ្ទះនៅស្រុកកំណើត ដើម្បីជួបជុំជាមួយម្ដាយ បងប្អូន និងបន្តរស់នៅក្នុងភូមិ។ រហូតឆ្នាំ១៩៨៣ មេភូមិបានចោទ ហន ថាជាអតីតយោធាខ្មែរក្រហម មិនឲ្យរស់នៅក្នុងភូមិស្រុកនោះទេ ហន មានការភ័យខ្លាចក៏រត់ចេញពីស្រុកកំណើត និងបែកពីម្ដាយម្ដងទៀត។ ហន បានរត់ចេញពីបាត់ដំបងទៅខាងប៉ៃលិនចូលរួមជាមួយយោធាខ្មែរក្រហមម្ដងទៀតក្នុងកងពល អ៊ី ឈាន អនុកងពលឈ្មោះ វឿន។ ហន បានចូលរួមក្នុសមរភូមិវាយជាមួយទាហានរដ្ឋកម្ពុជា និងវៀតណាមអស់រយៈពេលជាច្រើនឆ្នាំ។ យោធាខ្មែរក្រហម២ទៅ៣នាក់ វាយជាមួយទាហានរដ្ឋកម្ពុជា និងវៀតណាម ១០ទៅ២០នាក់ ហើយវៀតណាមស្លាប់ច្រើនណាស់។ ចំណែកខាងខ្មែរក្រហមបានបាត់បង់ជីវិតតិចតួចណាស់ យោធាមួយចំនួនបានឆ្លងជំងឺគ្រុនចាញ់ ប៉ុន្តែមានថ្នាំព្យាបាល បញ្ជូនទៅមន្ទីរពេទ្យ ឯយោធាដែលរងរបួសធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅព្យាបាលនៅប្រទេសថៃ។
ហន បានរៀបការជាមួយភរិយានៅឆ្នាំ១៩៨៨ នៅសំឡូត មិនបានរៀបការតាមប្រពៃណី និងមានឪពុកម្ដាយដឹងឮនោះទេ អង្គការធ្វើជាសាក្សី។ បន្ទាប់ពីរៀបការរួច ហន នៅតែចូលក្នុងសមរភូមិវាយគ្នាជាមួយទាហានរដ្ឋកម្ពុជារហូតខាងខ្មែរក្រហមបាក់ស្បាតប្រមូលប្រពន្ធកូនរត់ទៅលាក់ខ្លួននៅប្រទេសថៃមួយរយៈ។ រហូតឆ្នាំ១៩៩៦ កងពលរបស់ ហន បានចេញពីប្រទេសថៃ រួចរត់ភៀសខ្លួនមកនៅស្ទឹងថ្មី ក្នុងខេត្តពោធិ៍សាត់។ ហន មកដល់ស្ទឹងថ្មីដំបូងមិនមានប្រជាជនរស់នៅនោះទេ មានតែក្រុមគ្រួសារយោធាប៉ុណ្ណោះ។
ក្រោយសមាហរណកម្មឆ្នាំ១៩៩៧ ហន បានឡើងជាប្រធានវរសេនាតូច បញ្ជាទ័ពទៅមើលភូមិសាស្ត្រ ដើម្បីលាក់ទ័ពនៅអូរសោម ក៏ដើរជាន់មីន ផ្ទុះដាច់ជើងម្ខាង។ បន្ទាប់មក ហន ត្រូវបានបញ្ជូនទៅព្យាបាលនៅកោះកុង។ បន្ទាប់ពីជាសះស្បើយ ហន និងភរិយា ត្រឡប់មកភូមិស្ទឹងថ្មីម្ដងទៀត ហើយបន្តរស់នៅរហូតដល់សព្វថ្ងៃ៕
អត្ថបទដោយ មឿន ស្រីណុច
[1] មជ្ឈមណ្ឌលឯកសារកម្ពុជា សម្ភាសន៍ជាមួយឈ្មោះ ពេន ហន នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១១(PTI០០៥៦)។