ការជម្លៀសដោយបង្ខំតាមរថភ្លើង

រថភ្លើងជាមធ្យោបាយពេញនិយមមួយនៅក្នុងរបបខ្មែរក្រហមសម្រាប់ប្រើប្រាស់ដើម្បីជម្លៀសប្រជាជនដោយបង្ខំច្រើននាក់ក្នុងពេលតែមួយ។ ពិសេសការជម្លៀសដោយបង្ខំ នៅក្នុងដំណាក់កាលទី៣ ចុងឆ្នាំ១៩៧៧ រហូតដល់ចុងឆ្នាំ១៩៧៨ ចំពោះប្រជាជនដែលរស់នៅ ខេត្តព្រៃវែង និងស្វាយរៀង ឲ្យទៅរស់នៅខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។

ប៉ែន ណន ភេទប្រុស អាយុ៨៨ឆ្នាំ(២០១៨)[1] ជាអ្នករស់រានមានជីវិតម្នាក់ដែលមានបទពិសោធន៍ឆ្លងកាត់ការជម្លៀសដោយបង្ខំតាមរថភ្លើងនៅក្នុងរបបខ្មែរក្រហម។ គាត់មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិតាប៉ោង ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង។ ណន មានប្រពន្ធឈ្មោះ ស្រី ខិត(ស្លាប់) និងមានកូនចំនួន៨នាក់ ស្រី២នាក់ និងប្រុស៦នាក់។ ណន មានឪពុកឈ្មោះ ប៉ែន ផាត់(ស្លាប់) និងម្តាយឈ្មោះឡោ សាលី(ស្លាប់)។ ណន គឺជាកូនទោលក្នុងគ្រួសារ​។​

កាលពីកុមារភាពគាត់រៀនបានត្រឹមថ្នាក់ទី១០(សង្គមចាស់)នៅសាលាសង្កែ។ គាត់អាចអាន និងសរសេរអក្សរខ្មែរបានខ្លះៗ។ ក្រោយពីឈប់រៀន ណន បានបួសចំនួន៦វស្សានៅវត្តពាមអំពិល។ នៅឆ្នាំ១៩៦១ ណន បានលាចាកសិក្ខាបទហើយត្រលប់មកជួយធ្វើស្រែចម្ការគ្រួសារ។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ មានរដ្ឋប្រហាររបស់ឧត្តមសេនីយ៍ លន់ នល់ ទម្លាក់សម្តេចព្រះនរោត្តម សីហនុ។ បន្ទាប់ពីរដ្ឋប្រហារ នៅក្នុងភូមិតាប៉ោង ក៏កើតមានសង្គ្រាមប្រយុទ្ធគ្នារវាងទាហាន លន់ នល់ និងយោធាចលនាខ្មែរក្រហមដែលកើតចេញពីយុវជន យុវនារីក្នុងភូមិដែលរត់ចូលទៅក្នុងព្រៃ​។

នៅឆ្នាំ១៩៧១ ស្រុកសំរោង (បច្ចុប្បន្នស្រុករំដួល) គឺជាតំបន់២៣ គ្រប់គ្រងដោយចលនាខ្មែរក្រហមដែលមាន ឈ្មោះ ប៉ូ លីវណ្ណ ជាគណៈស្រុក និង សៅ សារ៉េត ជាប្រធានមន្ទីរសន្តិសុខពពកវិល និងទួលច្រេស ឈ្មោះ ហាន និងផាន ជាឈ្លបមន្ទីរសន្តិសុខ។ នៅចន្លោះពីឆ្នាំ១៩៧២ រហូតដល់ឆ្នាំ១៩៧៤ នៅក្នុងភូមិតាប៉ោង ក៏មានយន្តហោះមកទម្លាក់ប្រភេទបេ-៥២ បន្សល់ទុករណ្តៅធំៗរហូតដល់សព្វថ្ងៃ។ នៅក្នុងភូមិក៏មានសង្រ្គាមរវាងទាហានវៀតកុងដែលសហការណ៍ជាមួយខ្មែរក្រហមប្រយុទ្ធជាមួយនឹងទាហានធៀវគីដែលគាំទ្រដោយរបប លន់ នល់។ កងកម្លាំងទាំងសងខាង និងប្រជាជនស្លូតត្រង់ក្នុងភូមិទទួលរងរបួស និងស្លាប់អស់ជាច្រើននាក់។ នៅក្នុងឆ្នាំនោះ គ្រួសាររបស់ ណន និងប្រជាជន អាចរស់នៅ និងបង្កបង្កើនផលស្រូវតាមគ្រួសាររៀង​ៗ​ខ្លួន។ យុវជន យុវនារី​កាន់តែច្រើនឡើងៗបានស្ម័គ្រចិត្តចូលរួមបដិវត្តន៍ជាមួយចលនាកម្លាំងខ្មែរក្រហមធ្វើឲ្យចលនានេះរីកធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ណន មិនទៅចូលរួមទេដោយសារគាត់ជាកូនទោលក្នុងគ្រួសារ និងមានប្រពន្ធកូននៅក្នុងបន្ទុក។ គ្រួសាររបស់ ណន និងប្រជាជនក្នុង ភូមិតាប៉ោង ត្រូវប្រធានភូមិឈ្មោះ ពាន ផុន (ស្លាប់) តម្រូវឲ្យឧបត្ថម្ភស្រូវ, អង្ករ និងស្បៀងអាហារផ្សេងៗដល់​បដិវត្តន៍ដែលធ្វើសង្គ្រាមដើម្បីការពារទឹកដី និងប្រជាជន​។ អ្នកដែលបដិសេធប្រឆាំងការផ្តល់ស្បៀងអាហារត្រូវចោទប្រកាន់ថាជាក្រុមរបស់របប លន់ នល់ ត្រូវយកទៅដាក់គុកឬ​​សម្លាប់ចោល។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ របបខ្មែរក្រហមឡើងកាន់អំណាចនៅទូទាំងប្រទេស​។ គ្រួសាររបស់ ណន កងឈ្លបឃុំឲ្យរស់នៅ និងធ្វើការនៅក្នុងសហករណ៍តាប៉ោង​​ក្នុងនាមជាប្រជាជនចាស់(ប្រជាជនមូលដ្ឋាន) ហើយខ្មែរក្រហមចាប់ផ្តើមលុបបំបាត់កម្មសិទ្ធិឯកជនទាំងអស់ដោយប្រមូលទ្រព្យសម្បត្តិ និងសត្វពាហនៈ​របស់ប្រជាជនមកដាក់សម្រាប់ប្រើប្រាស់រួមជាសមូហភាពក្នុងសហករណ៍។ ក្នុងភូមិ ណន ឃើញខ្មែរក្រហមជម្លៀសប្រជាជនពីទីក្រុងភ្នំពេញ និងទីរួមខេត្តស្វាយរៀងជាច្រើនគ្រួសារឲ្យមករស់នៅ។ «អំឡុងខ្មែរក្រហមកាន់អំណាចខ្មែរក្រហមបានបង្ខំអ្នករស់នៅទីក្រុងភ្នំពេញប្រហែល ពីរលាននាក់ ដែលក្នុងនោះរួមបញ្ចូលទាំងអ្នកភៀសខ្លួនចូលទីក្រុងក្នុងអំឡុងពេលសង្គ្រាមចំនួនជាងមួយលាននាក់ផងឲ្យចាកចេញទៅកាន់ទីជនបទ»។[2] ប្រជាជនដែលជាទាហាន លន់ នល់ និងសមាជិកគ្រួសារត្រូវចាប់ខ្លួនយកទៅឃុំនៅក្នុងមន្ទីរសន្តិសុខពពកវិល និងទួលច្រេស។ ជាក់ស្តែងប្អូនប្រុសរបស់ ណន ដែលជាទាហាន លន់ នល់ និងសមាជិកគ្រួសារត្រូវចាប់ខ្លួន និងសម្លាប់ភ្លាមៗបន្ទាប់ពីការសួរចម្លើយដឹងពីសាវតារកាលពីមុន។ ប្រជាជនបែងចែកជាពីរក្រុមគឺប្រជាជនថ្មី និងប្រជាជនចាស់​។

«ពេលខ្មែរក្រហមឡើងកាន់អំណាចរបបនេះបែងចែកប្រភេទប្រជាជនជាពីរគឺប្រជាជនមូលដ្ឋាន និង ប្រជាជនថ្មី។ ប្រជាជនមូលដ្ឋាន ឬប្រជាជនចាស់ ជាប្រជាជនពេញសិទ្ធិអាចក្លាយជាប្រធានសហករណ៍ មេភូមិ និងប្រធានកងជាដើម​។ ចំណែកប្រជាជនថី្មគឺជាជនបញ្ញើក្អែក គ្មានសិទ្ធិអ្វីទាំងអស់ ហើយប្រជាជនថ្មីទទួលរងទុក្ខបុកម្នេញខ្លាំងជាងប្រជាជនចាស់។ ប៉ុន្តែទំហំនៃអំពើឃោរឃៅមានកម្រិតខុសគ្នាពីតំបន់មួយទៅតំបន់មួយទៀត»។[3]

ណន និយាយថា “ប្រជាជនទាំងអស់ទទួលរបបអង្ករដែលអង្គការចែកឲ្យ។ ប្រជាជនថ្មីទទួលរបបអង្ករតិចជាងប្រជាជនចាស់ឬប្រជាជនមូលដ្ឋាន”។ នៅសហករណ៍តាប៉ោងគ្រប់គ្រងដោយឈ្មោះផាន(ស្លាប់) មានរោងបាយ៣កន្លែង។ នៅដើមឆ្នាំ១៩៧៦ ណន ត្រូវ​បាន ផាន ប្រធានសហករណ៍ចាត់តាំងឲ្យធ្វើជាប្រធានក្រុមដឹកនាំយុវជន១២នាក់ទៅជីកទំនប់ និងលើកប្រឡាយ ភ្លឺស្រែ នៅឃុំសំបួរ ស្រុកស្វាយទាប រហូតដល់ស្រុករមាសហែក។ ណន និងយុវជន១២នាក់ ទទួលទានបបរនៅពេលទៅជីកទំនប់ដោយសារតែអង្កររបស់សហករណ៍ចាប់ផ្តើម​ខ្វះខាតខ្លាំង។ កងឈ្លបឃុំសំបួរប្រកាសមិនឲ្យប្រជាជនទាំងអស់លួចបេះបន្លែ ផ្លែឈើ និងស្បៀងអាហារផ្សេងទៀតរបស់អង្គការហូបនោះទេ បើសិនអង្គការដឹងត្រូវយកទៅសម្លាប់ចោល​។ នៅពេលធ្វើដំណើរទៅធ្វើការ ណន បានឃើញខ្មែរក្រហមយកព្រះវិហារវត្តថ្មីធ្វើជាកន្លែងចិញ្ចឹមជ្រូក និងបរិវេណជុំវិញធ្វើជាចម្ការដំាដំឡូង។

នៅឆ្នាំ១៩៧៨ ខ្មែរក្រហមជម្លៀសគ្រួសាររបស់ ណន និងប្រជាជនក្នុងសហករណ៍តាប៉ោងទាំងអស់ឲ្យទៅរស់នៅខេត្តពោធិ៍សាត់។ ណន ឮដំណឹងថាការជម្លៀសនេះគឺពាក់ព័ន្ធនឹងការចោទប្រកាន់ថា កម្មាភិបាលខ្មែរក្រហមភូមិភាគបូព៌ាក្បត់ និងចង់ផ្តួលរំលំ​របបខ្មែរក្រហម។ «ការជម្លៀសប្រជាជននៅដំណាក់កាលទីបី នៅចុងឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៧៨ ធ្វើឡើងចំពោះប្រជាជនរស់នៅខេត្តព្រៃវែង និងស្វាយរៀង ដែលនៅពេលនោះមានសង្គ្រាមកាន់តែខ្លាំងឡើងរវាងរបបខ្មែរក្រហម និងប្រទេសវៀតណាម។ ​របប​ខ្មែរក្រហមក៏កំពុងតែបោសសម្អាតកម្មាភិបាលមួយចំនួននៃភូមិភាគបូព៌ានេះផងដែរ។ អ្នកជម្លៀសទាំងនោះគឺជាកម្មាភិបាល និងទាហានខ្មែរក្រហម ឬប្រជាជនដែលគេចោទថាជាជនក្បត់ និងមានទំនាក់ទំនងជាមួយវៀតណាម ឬ សោ ភឹម ដែលជាលេខាភូមិភាគបូព៌ា និងប្រជាជនថ្មីដែលជម្លៀសពីភ្នំពេញ និងទីប្រជុំជននានា។ ប្រជាជនជម្លៀសដំណាក់កាលទីបីភាគច្រើនរស់នៅខេត្តស្វាយរៀង និងព្រៃវែង ត្រូវទៅកាន់ខេត្តពោធិ៍សាត់ និងបាត់ដំបង»។[4]

ណន និងប្រជាជនសហករណ៍តាប៉ោង ត្រូវធ្វើដំណើរដោយថ្មើរជើងពីខេត្តស្វាយរៀងមកស្នាក់នៅក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែងមួយរយៈ។ នៅទីនោះ ណន និងប្រជាជនជួបប្រទះការលំបាកខ្លាំងព្រោះគ្មានទីជម្រកស្នាក់នៅ និងគ្មានស្បៀងអាហារ។ ក្រោយមក ណន និងប្រជាជនទាំងអស់ត្រូវទៅកំពង់ចម្លងអ្នកលឿងដើម្បីរងចាំជិះកប៉ាល់ទៅភ្នំពេញ​។ ធ្វើដំណើរដល់ភ្នំពេញកប៉ាល់ឈប់នៅមុខព្រះបរមរាជវាំង។ នៅភ្នំពេញ ណន សម្រាក៤ថ្ងៃ ម្តុំផ្សារថ្មីដើម្បីរងចាំអង្គការបញ្ជូនតាមរថភ្លើងឲ្យទៅរស់នៅខេត្តពោធិ៍សាត់។ នៅផ្សារ​ថ្មី ណន ជួបស្ថានភាពស្មោកគ្រោកមានក្លិនស្អុយ ​ឆ្អេះ និងឆ្អាប ដោយសារតែលាមកមនុស្សដែលបន្ទោបង់ពាសវាលពាសកាល។ បរិវេណផ្សារថ្មីស្ងាត់ជ្រងំគ្មានអ្នកលក់ដូរ។ ណន ឃើញខ្មែរក្រហមដាំដើមដូងនៅជុំវិញផ្សារថ្មី។ អំឡុងស្នាក់នៅផ្សារថ្មី ណន និងប្រជាជនទាំងអស់គ្មានអាហារហូបគ្រប់គ្រាន់។ ខ្មែរក្រហមបានចែកសម្លៀកបំពាក់ខោខ្មៅ អាវខ្មៅ និងក្រមាខៀវសម្រាប់ប្រជាជនមកពីភូមិភាគបូព៌ាយកតាមខ្លួន ដើម្បីធ្វើដំណើរតាមរថភ្លើងឆ្ពោះទៅកាន់ខេត្តពោធិ៍សាត់។

​ ណន និយាយបន្តថា “សម្លៀកបំពាក់ និងក្រមាខៀវនោះគឺជាការសម្គាល់ថាអ្នកជម្លៀសទាំងអស់ជាប្រជាជនភូមិភាគបូព៌ាដែលអង្គការមានបំណងបញ្ជូនទៅសម្លាប់ចោលនៅភូមិភាគពាយ័ព្យ”[5] គាត់​បានចេញដំណើរ នៅម៉ោង ៩យប់ ពីភ្នំពេញតាមរថភ្លើងដើម្បីឆ្ពោះទៅកាន់ខេត្តពោធិ៍សាត់។ នៅស្ថានីយរថភ្លើង​ភ្នំពេញ ណន ឃើញមនុស្សរាប់ពាន់នាក់​​។ ប្រជាជនត្រូវបានកំណត់ឲ្យចូលទៅក្នុងទូរថភ្លើងដើម្បីត្រៀមធ្វើដំណើរ អ្នកខ្លះវង្វេង និងបែកសមាជិកគ្រួសារ​។ «នៅក្នុងមួយទូរថភ្លើងខ្មែរក្រហមបានដាក់មនុស្សរហូតដល់១00 នាក់ឲ្យឈរប្រជ្រៀតគ្នាណែនណាន់តាន់តាប់ ហើយពុំបានផ្តល់អាហារឬទឹកឲ្យបរិភោគនោះទេ។ កងទ័ពខ្មែរក្រហម គឺជាអ្នកមើលការខុសត្រូវក្នុងការជម្លៀសប្រជាជនដោយបង្ខំ និងមានភារកិច្ចត្រួតពិនិត្យប្រជាជនជម្លៀសតាមរថភ្លើង។ ទូក និងរទេះគោ នៅរងចាំទទួលប្រជាជនជម្លៀសពីចំណតស្ថានីយរថភ្លើងនីមួយៗ ទៅកាន់សហករណ៍នានាតាមទីជនបទ»។[6] នៅមជ្ឈមណ្ឌលឯកសារកម្ពុជា ឯកសារដែលបន្សល់ទុកពីរបប​ខ្មែរក្រហមបង្ហាញឲ្យដឹងថា ប្រជាជនប្រមាណ៤សែន ទៅ៥សែន នាក់ត្រូវបានខ្មែរក្រហមបញ្ជូនទៅកាន់ភូមិភាគពាយ័ព្យ ហើយប្រជាជនចំនួនប្រហែល៥ម៉ឺននាក់ផ្សេងទៀតត្រូវជម្លៀសចេញពីភូមិភាគបូព៌ារួមមាន ខេត្តព្រៃវែង និងខេត្តស្វាយរៀង។

នៅវេលាម៉ោង៩ព្រឹក រថភ្លើងបានមកដល់ស្ថានីយស្រុកក្រគរ ខេត្តពោធិ៍សាត់ ទូរថភ្លើង​ គ្រួសាររបស់ ណន បានឈប់។ បន្ទាប់មកគ្រួសាររបស់ ណន និងប្រជាជនបូព៌ា១០គ្រួសារ បានធ្វើដំណើរដោយថ្មើរជើងទៅសហករណ៍ឈូកមាស ស្ថិតនៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ដែលមានចម្ងាយប្រហែល៣គីឡូម៉ែត្រពីស្ថានីយរថភ្លើងក្រគរ។ ពេលទៅដល់កងឈ្លបខ្មែរក្រហមបានឲ្យគ្រួសាររបស់ ណន ធ្វើរោងសម្រាប់ស្នាក់នៅដោយខ្លួនឯង។ កន្លែងរស់នៅក្នុងខេត្តពោធិ៍សាត់ ក្នុងរដូវក្តៅមានការលំបាកខ្លាំងព្រោះ​ក្នុងព្រៃគ្មានប្រភពទឹកសម្រាប់ប្រើប្រាស់ និងបរិភោគ។ គាត់ត្រូវបានកងឈ្លបនៅទីនោះប្រើឲ្យធ្វើស្រែ និងឃ្វាលក្របី។ ប្រជាជនដែលប្រព្រឹត្តិ​កំហុសត្រូវយកទៅសម្លាប់ចោលនៅក្នុងព្រៃ ព្រោះគ្មានគុកសម្រាប់ដាក់អ្នកទោសទេ។ ប្រជាជនជម្លៀសទៅជាមួយ ណន មួយគ្រួសារត្រូវបានកងឈ្លប​នាំយកទៅសម្លាប់ចោលទាំងអស់នៅក្នុងព្រៃដោយសារតែរក្សានាឡិកាដៃមិនព្រមប្រគល់ឲ្យអង្គការ​។  នៅខេត្តពោធិ៍សាត់ ណន បាត់បង់ជីវិតកូនម្នាក់អាយុប្រហែល៥ឆ្នាំ ដោយសារឈឺគ្មានថ្នាំព្យាបាល​។ ណន រស់នៅខេត្តពោធិ៍សាត់ រហូតដល់ខែកុម្ភៈ ឆ្នាំ១៩៧៩ ទើបរបបខ្មែរក្រហមនៅតំបន់ដែលគាត់រស់នៅបានដួលរលំ។ ពេលដែលកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាចូលមករំដោះ យោធាខ្មែរក្រហមបាននាំប្រជាជនក្នុងសហករណ៍ឈូកមាសទាំងអស់ចូលទៅក្នុង “ជំរំភ្នំកន្ទួត”។ ណន រស់នៅជំរំភ្នំកន្តួតរហូតដល់ ខែមេសា ឆ្នាំ១៩៧៩ ទើបអាចត្រលប់មករស់នៅស្រុកកំណើតវិញ។ គ្រួសាររបស់ ណន បានធ្វើដំណើរដោយថ្មើរជើងប្រមាណ២ខែ ទើបមកដល់ខេត្តស្វាយរៀងវិញ។ នៅពេលមកដល់ ផ្ទះរបស់គាត់ត្រូវបានខ្មែរក្រហមបំផ្លិចបំផ្លាញ និងនៅបរិវេណជុំវិញផ្ទះដុះសុទ្ធតែព្រៃ។ គាត់ចាប់ផ្តើមកសាងជីវិតឡើងវិញដោយប្រកបរបបធ្វើស្រែចម្ការ។ ចាប់តាំងពីឆ្នាំ១៩៩០ រហូតដល់ឆ្នាំ២០១៨ នៅពេលផ្តល់បទសម្ភាស ប៉ែន ណន គឺជាអាចារ្យវត្ត៕

ដោយ អេង សុខម៉េង


[1] ឯកសារលេខ SVI00៩០ (២០១៨). សម្ភាសន៍ជាមួយឈ្មោះ ប៉ែន ណន រស់នៅភូមិតាប៉ោង ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង, ចំនួន៥៥ទំព័រ, នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨, មជ្ឈមណ្ឌលឯកសារកម្ពុជា។

[2] ផេង ពង្សរ៉ាស៊ី, et al. (២០២០). ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩). បោះពុម្ពលើកទី២. មជ្ឈមណ្ឌលឯកសារ កម្ពុជា. ទំព័រទី១៥

[3] ស្ទួន, ទំព័រទី៤០។

[4] ឯកសារ D427, (២០១០), ការិយាល័យសហចៅក្រមស៊ើបអង្កេត នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា, ដីកាដំណោះស្រាយសំណុំរឿង០០២, ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១០, ទំព័រ៩៤ និងទំព័រ២៩២។​

[5] ឯកសារលេខ SVI00៩០, (២០១៨). សម្ភាសន៍ជាមួយឈ្មោះ ប៉ែន ណន រស់នៅភូមិតាប៉ោង ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង, នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨, មជ្ឈមណ្ឌលឯកសារកម្ពុជា, ទំព័រទី៣៥។

[6] សៀវភៅការជម្លៀសប្រជាជនដោយបង្ខំក្នុងរបបខ្មែរក្រហម (២០១៤), បោះពុម្ភដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមជ្ឈមណ្ឌលឯកសារកម្ពុជា, ភ្នំពេញ ២០១៤, ទំព័រទី១០។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin