ប៉ែន ផាត់៖ ប្រធានកងតូចភូមិមង់ ឃុំជាំ

នៅឆ្នាំ ១៩៧៦ ប៉ែន ផាត់[1] ទទួលបញ្ជាពីថ្នាក់លើ ឲ្យមើលការខុសត្រូវភូមិមង់ ឃុំជាំ។ ផាត់ ជាអ្នកបែងចែកតួនាទីការងារតាមក្រុមនីមួយៗ ដើម្បីបង្កបង្កើតផល។ ១០នាក់ទៅឃ្វាលគោ-ក្របី ២០នាក់ធ្វើជាកម្លាំងមុខព្រួញ មនុស្សចាស់នៅផ្ទះមើលក្មេងៗ និងមួយក្រុមទៀតឲ្យទៅធ្វើស្រែ។ ចំណែកក្មេងៗឲ្យទៅធ្វើជី និងដកស្មៅស្រែ។ ស្រូវទទួលបាន ផាត់ បែងចែកបីផ្នែក ទី១)ទុកសម្រាបផ្គត់ផ្គង់សហករណ៍ក្នុងភូមិ ទី២)ស្រូវ យកទៅដោះដូរដូចជា ក្រហុក អំបិល សម្ភារប្រើប្រាស់ជាដើម និងទី៣) ស្រូវ ត្រូវដឹងចេញពីសហករណ៍ដើម្បីស្តុកទុកនៅទីរួមស្រុកត្រមូង។
ខាងក្រោមនេះ ជារឿងរ៉ាវរបស់ ប៉ែន ផាត់ និយាយពីជីវិតបានឆ្លងកាត់ពីសម័យសង្គ្រាម និងសម័យខ្មែរក្រហម៖
ឈ្មោះ ប៉ែន ផាត់ ភេទប្រុស កើតនៅឆ្នាំ១៩៤៩ មានស្រុកកំណើតនៅភូមិដំបូកលើ (បច្ចុប្បន្នភូមិមង់) ឃុំជាំ ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្នមករស់នៅជាមួយគ្រួសារ នៅភូមិអូអង្កាម ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ប៉ែន ផាត់ មានប្រពន្ធឈ្មោះ សាំង វិន មានអាយុប្អូន ផាត់ ចំនួន៣ឆ្នាំ។ បច្ចុប្បន្នមានកូនចំនួន៨នាក់ (ស្រី៤នាក់) ស្លាប់១នាក់។ ឪពុកឈ្មោះ អង់ ប៉ែន ស្លាប់នៅក្នុងសម័យប៉ុល ពត។ ចំណែកម្តាយក៏ស្លាប់សម័យប៉ុល ពត ដោយសារអត់បាយ។ ផាត់ មានបងប្អូនចំនួន៣នាក់ (ស្រី១នាក់) ស្លាប់អស់១នាក់នៅសល់តែពីរនាក់ គឺផាត់ និងបងស្រី។ បងទី១ស្លាប់នៅក្នុងសម័យ ប៉ុល ពត។ បងទី១ឈ្មោះ ប៉ែន នូវ ត្រូវបានខ្មែរក្រហមសម្លាប់ចោល។ ប៉ែន នូវ ជាអតីត ទាហាន លន់ នល់។
កាលពីនៅជាកុមារភាព ផាត់ បានសិក្សារៀនសូត្រនៅតាមវត្ត។ ខ្ញុំចូលរៀនដំបូង នៅវត្តក្រវៀន ឃុំជាំក្រវៀន ស្រុកមេមត់។ ខ្ញុំរៀនមិនបានប៉ុន្មានត្រូវឈប់រៀន ដោយសារព្រះសង្ឃ វាយខ្លាំងពេក។ ក្រោយពីឈប់រៀននៅវត្តក្រវៀន ឪពុកបញ្ជូន ផាត់ ទៅសិក្សារៀនសូត្រ និងស្នាក់នៅវត្តមេមត់រយៈពេលបីឆ្នាំ។ ខ្ញុំបានរៀនច្រើន មានភាសាខ្មែរ ភាសាបារាំង និងភាសាបាលីនៅក្នុងសំណាក់ព្រះពុទ្ធសាសនា។ ខ្ញុំរៀនភាសាបារាំង គឺរៀនពីគុយសេអឹម (QCM)។ បន្ទាប់ពីខ្ញុំឈប់រៀន ឪពុកដេញឲ្យទៅរៀនម្តងទៀត។ ខ្ញុំបានចូលរៀនម្តងទៀតនៅវត្តមេមត់ដដែល។
ខ្ញុំមានអាយុ ១៦ឆ្នាំ ឈប់រៀនហើយមិនទាន់បានប៉ុន្មានខែផងស្រាប់តែមានការទម្លាក់គ្រាប់បែកនៅក្នុងភូមិមង់ ឃុំជាំ ស្រុកមេមត់។ ខ្ញុំបានឃើញយន្តហោះពីរទៅបីហោះចុះហោះឡើង មួយសន្ទុះក្រោយមកបានឮសូរគ្រាំៗៗ…!! ខ្ញុំឡើងហ៊ឹងស្លឹកត្រចៀកស្តាប់គ្នាមិនចង់បាន។ អំឡុងពេលលេងជាមួយក្មេងៗដូចគ្នា បានឮសំឡេងយន្តហោះនាំគ្នារត់ទៅតាមផ្ទះរៀងខ្លួន។ មានក្មេងប្រុសៗ៤ទៅ៥នាក់កំពុងលេង ពេលឃើញយន្តហោះនាំគ្នារត់ទៅរកឪពុកម្តាយអស់។ អាមេរិ កាំងទម្លាក់គ្រាប់បែកប្រហែលម៉ោង១ទៅម៉ោង២ ពេលថ្ងៃត្រង់។ យន្តហោះទម្លាក់គ្រាប់បេ-៥២ ទាល់ដល់ពេលល្ងាចប្រហែលចន្លោះម៉ោង៥ល្ងាច សូរគ្រាប់បានស្ងាត់។ ខ្ញុំនិងគ្រួសារបានរត់ទៅលាក់ខ្លួននៅក្នុងរណ្តៅត្រង់សេ។ ទាល់ស្ងាត់ឮសូរគ្រាប់បាននាំគ្នាចេញមកក្រៅ។ ក្រោយពេលដែលទម្លាក់គ្រាប់បែករួចប្រជាជនមិនសូវហ៊ានចូលទៅក្នុងភូមិទេ។ ប្រជាជនចូលផ្ទះគ្រាន់តែដាក់បាយជ្រូក បាយមាន់ ពេលល្ងាចដេញគោ ក្របី ចូលក្រោលរួច នាំគ្នាមកលាក់ខ្លួនក្នុងព្រៃ ឬរណ្តៅត្រង់សេដែលបានជីកទុកមុន។
យន្តហោះជើងបង្កង បានហោះទៅវិញទៅមក អំឡុងពេលចូលឆ្នាំខ្មែរ ប្រជាជននាំគ្នារាំលេងសប្បាយក្នុងភូមិ។ អ្នករាំមួយក្រុមយកក្រមាគ្រវីឡើងលើធ្វើជាសញ្ញា ស្រាប់តែយន្តហោះអាមេរិកទម្លាក់គ្រាប់បេ-៥២តែម្តង។
យន្តហោះអាមេរិ កាំងទម្លាក់គ្រាប់បែកទៅលើភូមិមង់ចំនួនមួយលើក។ នៅក្នុងមួយលើកមានទម្លាក់គ្រាប់ជាច្រើន ទម្លាក់តាមវាលស្រែ តាមព្រៃ ជាពិសេសនៅតាមព្រំប្រទល់វៀតណាម។ យន្តហោះទម្លាក់គ្រាប់បេ-៥២មួយគ្រាប់នៅក្នុងភូមិមង់ ដែលធ្វើឲ្យមានអ្នកស្លាប់ និងអ្នករងរបួស រួមទាំងខូចផ្ទះសំបែងជាច្រើន។ អាមេរិកទម្លាក់គ្រាប់បែកនៅភូមិមង់ក៏មានអ្នកស្លាប់ចំនួន៥នាក់ គឺម្តាយរួមទាំងកូន៣នាក់ និងស្ត្រីក្រមុំម្នាក់។ បន្ទាប់ពីមានការទម្លាក់គ្រាប់បែកនៅភូមិមង់ ឃុំជាំ។ លន់ នល់ បានមកធ្វើផ្ទះថ្មីជូនប្រជាជននៅភូមិមង់ មានឡានអមដំណើរប្រហែល៥០គ្រឿង។ ប្រជាជនក្នុងភូមិមង់ទទួលអំណោយ ដូចជាលុយជូនទៅអ្នកស្លាប់ មានអង្ករ មានត្រីងៀត ត្រីខ គ្រួសារដែលស្លាប់ទទួលបានច្រើនជាងគេ។ ស្ថានទូតអាមេរិកចុះមកផ្ទាល់ ហើយសាងសង់ផ្ទះថ្មីជូនប្រជាជនភូមិមង់ ចំនួន១៧ខ្នង ដែលខូតខាតដោយសារគ្រាប់បែក។
ផ្ទះចំនួន១៧ខ្នង មានឈ្មោះ តាចូង, ឆែ, អំ, គា, អ៊ួច, ប៉ែន, ឪតាឆែ, ប៊ឹក… ខ្ញុំ មិនអាចចាំឈ្មោះ អស់។ ប្រជាជននៅភូមិមង់ទទួលបានអំណោយទាំងអស់គ្នា គ្រាន់តែគ្រួសារដែលស្លាប់ទទួលបានច្រើនជាងគេ។ ក្រោយពេលអាមេរិកទម្លាក់គ្រាប់បែកនៅភូមិមង់ រួចក៏ទម្លាក់គ្រាប់នៅឃុំ ចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
ឆ្នាំ១៩៧៥ ខ្មែរក្រហមបង្កើតសហករណ៍ក្នុងភូមិ ហើយទ្រព្យសម្បត្តិរបស់ប្រជាជនត្រូវខ្មែរក្រហមប្រមូលដាក់ក្នុងសហករណ៍។ ប្រជាជននៅក្នុងភូមិទាំងអស់ ត្រូវធ្វើការងាររួម, រស់នៅរួម និងចែករំលែកការកម្សាន្តរួម។
ឆ្នាំ១៩៧៦ ថ្នាក់លើចាត់តាំងខ្ញុំធ្វើជាប្រធានកងតូច អ្នកទទួលខុសត្រូវភូមិមង់ ឃុំជាំ។ ខ្ញុំជាអ្នកចាត់ចែងកម្លាំងប្រជាជនតាមតួនាទីការងារ។ ខ្ញុំបែងចែក១០នាក់ទៅឃ្វាលគោ-ក្របី ២០នាក់ធ្វើជាកម្លាំងមុខព្រួញ ចាស់ៗឲ្យនៅផ្ទះមើលក្មេងៗ មួយក្រុមទៀតឲ្យទៅធ្វើស្រែ ចំណែកក្មេងៗឲ្យទៅធ្វើជី និងដកស្មៅស្រែ។ ខ្ញុំបែងចែកកម្លាំងជាក្រុម តាមតួនាទី រួចរាយការណ៍ទៅថ្នាក់លើ។ តាហ៊ី ជាប្រធានកងធំ និង សី ជាអនុប្រធាន ឯតាមុត ជាសន្តិសុខនៅឃុំជាំ ស្រុកត្រមូង(បច្ចុប្បន្នស្រុកមេមត់)។ ខ្ញុំជាប្រធានកងតូច ចុងខែត្រូវផ្ញើរបាយការណ៍ទៅថ្នាក់លើ។ របាយការណ៍ប្រាប់ទៅថ្នាក់លើ និយាយពីនៅក្នុងភូមិមានអ្វីខ្លះ? ប្រជាជនត្អូញត្អែរថាហូបចុកមិនគ្រាន់ដែរទេ? មាននរណាគេនិយាយពីអ្វីខ្លះ? មានក្រុមណាអត់ធ្វើការដែរទេ? ខ្ញុំត្រូវរាយការណ៍ទៅខាងឃុំ រួចឃុំរាយការណ៍ទៅស្រុកជាបន្ត។
ក្នុងឆ្នាំ១៩៧៦ដដែល ខ្ញុំត្រូវបានខ្មែរក្រហមចោទប្រកាន់ថា “ក្បត់អង្គការ” បានរបស់ហូបមិនចែករំលែកដល់សហការណ៍។ ប្រពន្ធខ្ញុំកំពុងមានផ្ទៃពោះ គាត់ចេះតែឃ្លាននេះឃ្លាននោះ។ ប្រពន្ធខ្ញុំ ចេញទៅបេះបន្លែដូចជា ផ្លែត្រប់ ត្រសក់ ននោងក្នុងសហករណ៍យកមកហូបតែម្នាក់ឯង។ ប្រជាជនក្នុងភូមិឃើញដូច្នេះផ្តល់ដំណឹងទៅអង្គការថ្នាក់លើ ថាគ្រួសារខ្ញុំបានស៊ីតែម្នាក់ឯង។
របបកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) ចៅហ្វាយស្រុកពីរ គឺចៅហ្វាយស្រុកមេមត់ឈ្មោះ តាសុត និងចៅហ្វាយស្រុកត្រមូង ឈ្មោះ គង់ ឈុំ។ ក្នុងកងតូច មានឈ្មោះ រិន ជាអនុប្រធានកងតូច និង ឈ្នាង ជាសមាជិក។ បន្ទាប់ពីប្រមូលផលស្រូវ អង្កររួចរាល់។ ខ្មែរក្រហមយក ស្រូវ អង្ករទៅបែងចែកបន្តទៀត។ ស្រូវត្រូវចែកស្មើរៗគ្នា សូម្បីមេៗក៏ទទួលបានដូចគ្នា។ ស្រូវដែលបានមកមួយចំនួន ខ្ញុំយកទៅដូរ ដូចជាត្រីងៀត ប្រហុក អំបិល ស្ករជាដើម។ ស្រូវ បានដឹកចេញពីភូមិតាមរទេះយកទៅថ្នាក់ស្រុក។ នៅក្នុងមួយរទេះអាចដាក់ស្រូវបាន៥បាវ បើសិនចេញបាន៣រទេះគោ អាចដាក់ស្រូវបាន១៥បាវ។ នៅក្នុងសហករណ៍នីមួយៗស្រូវទទួលបានរាប់សិបតោន តែស្រូវទាំងនោះមិនដឹងយកទៅណាបន្ត?
ជាទូទៅស្រូវត្រូវបានដឹកយកទៅលក់នៅស្រុកមេមត់ ក្រោយមកបានផ្លាស់ប្តូរយកទៅលក់នៅស្រុកត្រមូងវិញ។ ខ្ញុំត្រូវបានថ្នាក់លើចាត់តាំងឲ្យធ្វើរបាយការណ៍ប្រចាំខែ និយាយពីទិន្នផលស្រូវក្នុងភូមិ។ ពេលដែលខ្ញុំធ្វើរបាយការណ៍រួច។ ខ្ញុំជិះកង់ ចេញពីភូមិដើម្បីយករបាយការណ៍ជូនទៅថ្នាក់លើ។ អ្នកដែលមានកង់ជិះ ជាមនុស្សធ្វើការក្នុងជួរកម្មបាភិបាលខ្មែរក្រហម។ ស្រូវទទួលបានរាប់តោននៅក្នុងមួយឆ្នាំ ប៉ុន្តែប្រជាជនមិនបានហូបគ្រប់គ្រាន់។
នៅចន្លោះឆ្នាំ១៩៧៧-១៩៧៨ ខ្មែរក្រហមជម្លៀសខ្ញុំនិងគ្រួសារចេញពីភូមិ ឲ្យទៅនៅភូមិពើក ឃុំមេមង ស្រុកត្រមូង។ ឪពុកម្តាយខ្ញុំត្រូវបានស្លាប់ទាំងពីរនាក់ ដោយសារតែអត់បាយ។ ឪពុកខ្ញុំស្លាប់នៅខាងជៀស ឃុំថ្មពេជ្រ ចំណែកម្តាយខ្ញុំស្លាប់នៅភូមិសង្កែចាស់ ឃុំមេមង ស្រុកមេមត់។ ខ្មែរក្រហមជម្លៀសខ្ញុំនិងគ្រួសាទៅកន្លែងផ្សេង ចំណែកម្តាយឪពុកខ្មែរក្រហមជម្លៀសទៅកន្លែងផ្សេង។ ឪពុកខ្ញុំស្លាប់បានកន្លះខែ បានម្តាយខ្ញុំស្លាប់តាមក្រោយ។ ថ្ងៃដែលម្តាយខ្ញុំស្លាប់ ខ្មែរក្រហមចាត់តាំងឲ្យខ្ញុំលើកប្រព័ន្ធភ្លឺស្រែ និងជីកប្រឡាយ។ ខ្ញុំបានដឹងដំណឹងថាម្តាយស្លាប់ភ្លាមអត់មានកម្លាំងធ្វើការ។ ខ្ញុំសុំច្បាប់ទៅជួបម្តាយជាលើកចុងក្រោយ ប៉ុន្តែខ្មែរក្រហមមិនអនុញ្ញាត។ ខ្មែរក្រហមនិយាយថា សមមិត្តទៅធ្វើអ្វី បើសមមិត្តទៅក៏មិនអាចជួយឲ្យរស់ឡើងវិញបានទេ។ ខ្ញុំពិតជាអាណិតខ្មោចម្តាយណាស់ សូម្បីតែ មឈូសគ្មាន សពរុំជាមួយកន្ទេលរួចយកទៅកប់ចោល។
បន្ទាប់ពីម្តាយឪពុកស្លាប់មួយខែ ខ្មែរក្រហមជម្លៀសខ្ញុំទៅស្រុកស្នួល ខេត្តក្រចេះ។ ខ្ញុំស្នាក់នៅភូមិស្រែរនាម ឃុំឃ្សឹម ចំនួន៥យប់ រួចបន្តដំណើរទៅឃុំស្វាយជ្រះ។ ខ្ញុំស្នាក់នៅឃុំស្វាយជ្រះពីរខែ ខ្មែរក្រហមប្រើទៅគាស់គល់ឈើ កាប់ព្រៃ។ ចេញពីឃុំស្វាយជ្រះ ជម្លៀសទៅឃុំថ្មគ្រែ ស្រុកចិត្របុរី រង់ចាំកប៉ាល់ឡើងទៅស្ទឹងត្រង់ ខេត្តកំពង់ចាម។ ខ្ញុំដេកនៅស្រុកស្ទឹងត្រង់៥យប់។ ខ្មែរក្រហមឲ្យខ្ញុំជិះឡានទៅខេត្តកំពង់ធំ។ ស្នាក់នៅខាងកំពង់ធំបាន១ខែ កងទ័ពវៀតណាមវាយចូលដល់។ កងកម្លាំងខ្មែរក្រហម បន្ទាប់ពីវាយចាញ់កងទ័ពវៀតណាមក៏រត់ភៀសខ្លួនចេញពីខេត្តកំពង់ធំ។ នៅកំពង់ធំកងទ័ពវៀតណាម និងទ័ព០៩ ប្រាប់ ថាបងប្អូនដែលនៅភូមិភាគបូព៌ាត្រឡប់ទៅស្រុកវិញ។ ខ្ញុំជិះឡានពីខេត្តកំពង់ធំ រហូតមកដល់ខេត្តកំពង់ចាម ឈប់ត្រឹមកំពង់ចាមគេងមួយយប់ ព្រឹកឡើងមានឡានជូនដល់ស្រុកកំណើត។
ឆ្នាំ១៩៧៩មកដល់ស្រុកកំណើតភ្លាម ខ្ញុំមិនទាន់ទៅភូមិមង់ គឺឈប់សម្រាកភូមិអូរអង្កាម ឃុំជាំ ជាភូមិកំណើតប្រពន្ធ។ ខ្ញុំបាននាំប្រពន្ធខ្ញុំទៅភូមិមង់ ប៉ុន្តែប្រពន្ធមិនព្រម។ ខ្ញុំនៅភូមិអូអង្កាតាមប្រពន្ធ។ ដីស្រែចម្ការបាត់បង់អស់ ព្រោះតាំងពីមកដល់ស្រុកមិនធ្លាប់បានទៅភូមិកំណើត។
អត្ថបទដោយ ឈុំ រ៉ា
[1] មជ្ឈមណ្ឌលឯកសារកោះថ្ម នៃមជ្ឈមណ្ឌលឯកសារកម្ពុជា, គម្រោងការលើកកម្ពស់សិទ្ធិ និងធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ បទសម្ភាសន៍ដោយ លោក ឡុង ដានី នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ភូមិអូរអង្កាម ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។