កម្មករចម្ការអំពៅរដ្ឋនៅខេត្តកំពង់ចាម ភូមិភាគបូព៌ា

ចម្ការអំពៅរដ្ឋជាការដ្ឋានសម្រាប់ដាំអំពៅដើម្បីផលិតស្ករសនៅក្នុងរបបខ្មែរក្រហម។ ចម្ការនេះមានទំហំដីប្រហែល៣០០ហិចតា និងមានកម្មករធ្វើការងារប្រមាណ៤៥០នាក់ ដែលមានទីតាំងស្ថិតនៅក្នុងភូមិប្រស្រែលើ ឃុំវិហារលួង ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម។

ប៉ែន ថេ[1] ភេទប្រុស កើតនៅឆ្នាំ ១៩៥៩ ជាកូនទី៣ក្នុងគ្រួសារដែលមានបងប្អូនចំនួន៨នាក់ (ស្រី២នាក់) ប្អូនម្នាក់ស្លាប់ក្នុងសម័យខ្មែរក្រហម។ ប្រពន្ធរបស់ ថេ ឈ្មោះ នាង សាគាន មានកូនប្រុស២នាក់ និង មានស្រុកកំណើតនៅ ភូមិតាប៉ោង ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង។ ថេ មានឪពុកឈ្មោះ ប៉ែន ណន និងម្តាយឈ្មោះ ស្រី ខិត (ស្លាប់នៅឆ្នាំ២០០៣)។ ថេ សព្វថ្ងៃរស់នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ កាលពីឆ្នាំ១៩៧០ ថេ បានឈប់រៀនត្រឹមថ្នាក់ទី១០ (សង្គមចាស់) នៅសាលាបឋមសិក្សាវត្តពាមអំពិល ដោយសារប្រទេសជាតិមានរដ្ឋប្រហាររបស់ឧត្តមសេនីយ៍ លន់ នល់ ធ្វើឲ្យសាលារៀនត្រូវបិទទ្វារ។

នៅឆ្នាំ១៩៧០ ដល់ ឆ្នាំ១៩៧២ ក្នុងភូមិតាប៉ោងមានសភាពច្របូកច្របល់ដោយកើតមានអំពើចោរកម្ម ការទម្លាក់គ្រាប់បែក និងសង្គ្រាមរវាងចលនាតស៊ូបដិវត្តន៍ខ្មែរក្រហមជាមួយនិងទាហាន លន់ នល់។ យន្តហោះអាមេរិកាំងបានទម្លាក់គ្រាប់បែកដើម្បីសម្លាប់កងទ័ពយៀកកុងប៉ុន្តែបានបណ្តាលឲ្យប្រជាជនរងរបួស និងស្លាប់ ព្រមទាំងបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអស់យ៉ាងច្រើន។ ថេ និយាយថា៖ “យន្តហោះអាមេរិកទម្លាក់គ្រាប់ប្រភេទបេ-៥២ តាមព្រៃ, ប្រឡាយ, ព្រែក, នៅវត្តចាស់ និងនៅឃុំចក។ ថ្ងៃរសៀលប៉ុណ្ណឹងៗដឹងតែមានយន្តហោះ ហោះមកទម្លាក់​ហើយ។ ពេលទម្លាក់ម្តងៗប្រជាជនក្នុងភូមិចាស់ក្មេងតែងតែ ក្រហាយខ្លួន, ផ្សាភ្នែក និងហូរទឹកភ្នែក រាប់អាទិត្យ ”។

ក្នុងភូមិតាប៉ោង ចលនាខ្មែរក្រហមបានចូលមកគ្រប់គ្រងតាំងពីឆ្នាំ១៩៧៣។ ប្រជាជនអាចធ្វើស្រែ និងរកស៊ីតាមគ្រួសាររៀងៗខ្លួន ប៉ុន្តែប្រជាជនបានផ្គត់ផ្គង់ទិន្នផលស្រូវអង្ករទៅឲ្យចលនាកម្លាំងខ្មែរក្រហម។ កងទ័ពធាវគីបានចូលមកលួចច្រូតស្រូវ ប្លន់មាសប្រា​ក់ ​​លុយកាក់ និងធ្វើបាបប្រជាជន​។ កងទ័ពយៀកកុងបានស្ម័គ្រចិត្តជួយការងារស្រែចម្ការ និងជួយព្យាបាលជំងឺប្រជាជន។​ កងទ័ពទាំងពីរក្រុមបានមកបោះទីតាំងបន្ទាយរបស់ខ្លួននៅលើទឹកដីខ្មែរ។

នៅខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានឡើងកាន់កាប់អំណាចនៅទូទាំងប្រទេស។ ថេ ត្រូវបានខ្មែរក្រហមកំណត់ឲ្យរស់​នៅក្នុងភូមិតាប៉ោង។ គាត់ ឃើញខ្មែរក្រហមជម្លៀសប្រជាជនពីទីរួមខេត្តស្វាយរៀង និងទីក្រុងភ្នំពេញមករស់នៅក្នុងភូមិ។ ថេ ត្រូវកងឈ្លបឃុំប្រើឲ្យធ្វើការនៅក្នុងកងចល័ត ទៅលើកទំនប់ ជីកប្រឡាយ និងច្រូតស្រូវ។ នៅដើមឆ្នាំ១៩៧៦ ថេ និងយុវជនចល័តម្នាក់ឈ្មោះ កុល ថេង (ស្លាប់) ត្រូវបានឈ្មោះ តាផុន (ស្លាប់) ជាគណៈឃុំសង្កែ ជ្រើសរើសឲ្យទៅធ្វើការជាកម្មករចម្ការអំពៅរដ្ឋ​។ ថេ ធ្វើដំណើរតាមរថយន្តជាមួយ កុល ថេង និងយុវជន យុវនារី ក្នុងស្រុករំដួលដទៃទៀត ដើម្បីទៅកាន់ចម្ការអំពៅរដ្ឋ។

ចម្ការអំពៅរដ្ឋ ថេ ដឹងថាមានផ្ទៃដីប្រហែល៣០០ហិចតា មានកម្មករប្រមាណ៤៥០ នាក់ (ស្រី២៥០នាក់) ស្ថិតនៅក្នុង ខេត្តកំពង់ចាម ភូមិភាគបូព៌ា​។ ពេលទៅដល់ចម្ការប្រធានឈ្មោះ លីម បានបែងចែកកម្លាំងកម្មករ​ទៅតាមទីតាំងការងារក្នុង​ចម្កា​រ​។​ ថេ ស្ថិតនៅក្នុងក្រុមដែលមានកម្មករចំនួន១២នាក់ គ្រប់គ្រងដោយប្រធានឈ្មោះ តាក លឹម[2]។ កម្មករនៅក្នុងចម្ការអំពៅរដ្ឋភាគច្រើនជាយុវជន យុវ​នារី ​រស់នៅស្រុកត្បូងឃ្មុំ និងមួយចំនួនមកពីស្រុករំដួល និងស្រុករមាសហែក ខេត្តស្វាយរៀង​។

ការងាររបស់ ថេ គឺដំាអំពៅ និងប្រមូលអំពៅយកទៅកិន។ គាត់ស្គាល់ពូជអំពៅ៣ប្រភេទ គឺ ពូជអំពៅថ្នាំងស ពូជអំពៅត្រែង និងពូជអំពៅកែងឆ្នូត។ ការងារនៅចម្ការអំពៅរដ្ឋ ត្រូវធ្វើ៨ម៉ោងក្នុង១ថ្ងៃ (ពេលព្រឹកចូលធ្វើការនៅម៉ោង៧ រហូតដល់ម៉ោង១១ព្រឹក និងពេលល្ងាចនៅម៉ោង២រសៀល រហូតដល់ម៉ោង ៥ល្ងាច)​ (នៅពេលប្រមូលផលអំពៅកម្មករត្រូវធ្វើការថែមម៉ោងនៅពេលយប់ដើម្បីកាប់ និងកិនអំពៅ)។ អំឡុងពេលធ្វើការនៅចម្ការអំពៅរដ្ឋ ថេ ធ្លាប់ឃើញ សោ ភឹម[3] និងប្រពន្ធឈ្មោះ យាយ ការ៉ូ តែងតែ​មកមើលការងារជារឿយៗ។ ពេលចុះមកត្រួតពិនិត្យការងារ សោ ភឹម និងប្រពន្ធជិះឡាន​ម៉ាក LAND ROVER និងមានអង្គរក្សការពារចំនួន៤នាក់ ដែលអង្គរក្សម្នាក់គឺជាចៅប្រុសបង្កើតរបស់គាត់។

នៅឆ្នាំ១៩៧៧ មានសង្រ្គាមជាមួយកងទ័ពវៀតណាមនៅតាមបណ្តោយព្រំដែនក្នុងខេត្តកំពង់ចាម។ កម្មករទាំងអស់ត្រូវបានបណ្តុះបណ្តា​ល​ឲ្យចេះប្រើប្រាស់កាំភ្លើង ដើម្បីចូលទៅប្រយុទ្ធនៅសមរភូមិ។ ឈ្មោះ ម៉ៅ ភោគ[4] ប្រធានអង្គភាពទ័ព០៩ ជាអ្នកបង្ហាត់បង្រៀនពីការប្រើប្រាស់កាំភ្លើង និងយុទ្ធសាស្រ្តសង្រ្គាម។ ក្រោយពី​កងទ័ពវៀតណាមដកថយកាំភ្លើងត្រូវបានដកយកមករក្សាទុកហើយកម្មករបន្តធ្វើការដូចធម្មតា។ ថេ ធ្វើការនៅចម្ការអំពៅរដ្ឋពីឆ្នាំ១៩៧៦ រហូតដល់ ខែឧសភា ឆ្នាំ១៩៧៨ បានឈប់ និងរត់គេចចេញពីចម្ការដោយសារ​មានការបង្ក្រាបទ្រង់ទ្រាយធំចំពោះកម្មករ កម្មាភិបាល និងថ្នាក់ដឹកនាំក្នុងភូមិភាគបូព៌ាពីសំណាក់កម្លាំងយោធាមជ្ឈិម។

លីម ដែលជាប្រធានចម្ការអំពៅរដ្ឋ បានបំពាក់អាវុធឲ្យកម្មករទាំងអស់ដើម្បីប្រយុទ្ធប្រឆាំងជាមួយយោធាមជ្ឈិម។ កម្មាភិបាល និងកម្មករភូមិភាគបូព៌ាបានប្រយុទ្ធជាមួយយោធាមជ្ឈិមជាច្រើនកន្លែងដូចជានៅតាមផ្លូវជាតិលេខ៧, តំបន់កណ្តុរជ្រុំ, តំបន់ថ្នល់ទទឹង, ចម្ការកប្បាសឈូក, តំបន់តំបែរ, និងមន្ទីរកសិកម្មភ្នៅជាដើម។ កម្លាំងខាងភូមិភាគបូព៌ាមិនអាចតស៊ូជាមួយយោធាមជ្ឈិមបានកម្មករ និងកម្មាភិបាលបូព៌ាជាច្រើនខ្លះបានរត់គេច ខ្លះទទួលរងរបួស និងស្លាប់។ ចំណែក ថេ រងរបួស បានរត់គេចខ្លួនជាមួយកម្មករ៥នាក់ទៀតពីតំបន់មួយទៅតំបន់មួយ។ ថេ បានទៅស្នាក់នៅឃុំជីគរជាមួយកម្មករម្នាក់ដែលធ្លាប់ធ្វើការនៅចម្ការអំពៅរដ្ឋ និងបានរស់នៅដោយលាក់ប្រវត្តិរូបដើម្បីគេចពីការចាប់របស់យោធាមជ្ឈិម។

នៅខែមិថុនា ឆ្នាំ១៩៧៨ ដោយសារតែនឹករឭកឪពុកម្តាយ ថេ និងកម្មករបានសម្រេចចិត្តចាកចេញពីឃុំជីគរ ទៅស្រុកកំណើតរៀងៗខ្លួន។ បន្ទាប់ពីធ្វើដំណើរដោយថ្មើរជើងយ៉ាងលំបាក​ជាច្រើនថ្ងៃ ថេ បានមកដល់ភូមិតាប៉ោង។ កងឈ្លបឃុំបានហៅគាត់ទៅសួរនាំព្រោះសង្ស័យថាគាត់ជាយោធាបានរត់គេចពីភូមិភាគបូព៌ា។ គាត់បានប្រាប់កងឈ្លបឃុំថា គាត់គឺជាកម្មករធ្វើការនៅចម្ការអំពៅរដ្ឋ អង្គភាពត្រូវបានរំសាយ។ ឈ្លបឃុំបានជឿ ព្រោះនៅពេលចេញពីភូមិតាប៉ោង ថេ ត្រូវបានបញ្ជូនទៅធ្វើជាកម្មករ​។ ទោះជាយ៉ាងណាគាត់ត្រូវបានកងឈ្លបឃុំតាមដានជាប្រចាំ។

នៅខែកញ្ញា ឆ្នាំ១៩៧៨ ខ្មែរក្រហមបានជម្លៀស ថេ និងឪពុក ម្តាយ ឲ្យ​​ទៅរស់នៅ ខេត្តពោធិ៍សាត់។ អំឡុងពេលធ្វើដំណើរដោយថ្មើរជើងគ្រួសាររបស់ ថេ និងអ្នកជម្លៀសបានស្នាក់នៅតាមទីកន្លែងមួយចំនួនដូចជា ស្រុកស្វាយជ្រំ កោះជ័យ និងអ្នកលឿង រហូតដល់ចុងឆ្នាំ១៩៧៨ ទើបធ្វើដំណើរដល់ខេត្តពោធិ៍សាត់។ នៅពេលនោះចំរដូវទឹកជំនន់ស្ទឹងពោធិ៍សាត់ហក់ឡើងខ្លាំង​។ ខ្មែរក្រហមបានប្រើគ្រួសាររបស់ ថេ និងប្រជាជនជម្លៀសឲ្យចុះច្រូតស្រូវនៅក្នុងទឹក។ នៅខេត្តពោធិ៍សាត់ ថេ នៅតែត្រូវប្រធានកងឈ្លបឈ្មោះ បេង សំអាង ប្រើឲ្យកងឈ្លបឈ្មោះ ឆៃ តាមដានជារៀងរាល់ថ្ងៃ។ ក្រោយ​មក ថេ និងប្រជាជនជម្លៀស៣នាក់ទៀតត្រូវបានចាប់ និងបញ្ជូនទៅឃុំខ្លួននៅតំបន់ “បឹងបាក់ក”​​។ កងឈ្លបឈ្មោះ ឆៃ បានមកជំរិតសួរគាត់​ពី​សាវតារធ្លាប់ធ្វើការតស៊ូប្រឆាំងនៅភូមិភាគបូព៌ា។ នៅពេលនោះ ថេ គិតថាគាត់ប្រហែលជាត្រូវស្លាប់ ទោះបីជាឆ្លើយបដិសេធក៏ដោយ។ ថេ សម្រេចចិត្តឆ្លើយការពិត ការពិតដែលកងឈ្លបចង់បាន។ ថេ បានឆ្លើយថា ខ្ញុំពិតជាធ្លាប់រស់នៅភូមិភាគបូព៌ា និងបានរត់គេចពីការចាប់ខ្លួនរបស់យោធាមជ្ឈិមប្រាកដមែន។ កងឈ្លបឆៃបានសួរ ថេ ទៀតថា យួនសម្លាប់ខ្មែរ ​ថេ បានឆ្លើយតបថា យួន​មកជួយខ្មែរ, យួនមករំដោះខ្មែរពីរបប ប៉ុល ពត មិនមែនសម្លាប់ប្រជាជនខ្មែរទេ​។ ស្រាប់តែពេលនោះកងឈ្លបឆៃ ឯកភាពចម្លើយនេះថែមទាំងសុំ ថេ ធ្វើជាមិត្តស្លាប់រស់​។ កងឈ្លបឆៃ បានរាយកាណ៍ល្អៗពី ថេ ប្រាប់ទៅប្រធានកងឈ្លបរហូតដល់គាត់ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ។

នៅខែមករា ឆ្នាំ១៩៧៩ របបខ្មែរក្រហមបានដួលរលំ។ ថេ និងឪពុកម្តាយ បានត្រលប់ពីខេត្តពោធិ៍សាត់មករស់នៅស្រុកកំណើតវិញ។ នៅក្នុងឆ្នាំ១៩៨០ ថេ បានចូលធ្វើជាសេនាជនឃុំសង្កែ។ នៅក្នុងឆ្នាំ១៩៨៣ គាត់បានរៀបការ និងកសាងគ្រួសារ។ នៅឆ្នាំ១៩៩០ សេនាជនឃុំសង្កែ ត្រូវបានដាក់បញ្ជូលទៅជាទាហានស្រុករំដួល​។ ពីឆ្នាំ១៩៩០ ដល់ឆ្នាំ១៩៩៦ ទាហានស្រុករំដួលត្រូវបានបញ្ជូនទៅសមរភូមិនៅខេត្តប៉ៃលិនប្រយុទ្ធគ្នាជាមួយយោធាខ្មែរក្រហមដែលនៅសេសសល់។ នៅឆ្នាំ១៩៩៧ ថេ បានលាឈប់ពីការងារទាហានមកជួយធ្វើស្រែចម្ការគ្រួសារវិញ។ នៅឆ្នាំ២០០៣ គាត់បាន​ផ្លាស់ទីលំនៅពីស្រុករំដួល ខេត្តស្វាយរៀង មករស់នៅ និងរកស៊ី នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ រហូតដល់ពេលបច្ចុប្ប​ន្ន។

សរសេរដោយ អេង សុខម៉េង


ឯកសារយោង

[1] ឯកសារលេខSVI00៨៩ (២០១៨). សម្ភាសន៍ជាមួយឈ្មោះប៉ែន ថេ រស់នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ, ចំនួន៤០ទំព័រ, នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨, មជ្ឈមណ្ឌលឯកសារកម្ពុជា។

[2] តាក លីម, មិត្តជិតស្និទ្ធរបស់ ថេ មានពិការភាពជើង និងរស់នៅភូមិដូងក្រសាំង ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង។

[3] សោ ភឹម គឺជាលេខាភូមិភាគបូព៌ាបានធ្វើអត្តឃាតនៅខែឧសភា ឆ្នាំ១៩៧៨ នៅពេលយោធាគណៈមជ្ឈិមចុះមកបោសសម្អាតកម្មាភិបាលភូមិភាគបូព៌ាក្រោមហេតុផលថាបានចូលដៃជាមួយវៀតណាមចង់ផ្តួលរំលំរបបខ្មែរក្រហម។

[4] ភោគ ម៉ៅ គឺជាពូបង្កើតរបស់ សោ ភឹម, អង្គភាព០៩ស្ថិតនៅឃុំឈូក ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម អាវុធយុទ្ធភ័ណ្ឌជាច្រើនរបស់យោធាភូមិភាគបូព៌ាបានតម្កល់​ទុកនៅទីនេះ។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin