ប៉េង គីន៖ បបរលាយផ្លែចេក

ប៉េង គីន រស់នៅភូមិព្រែកកាំភ្លើង ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង (២០២១)

(ព្រៃវែង)៖ ប៉េង គីន ភេទស្រី មានអាយុ ៦៦ឆ្នាំ។ គីន រស់នៅភូមិព្រែកកាំភ្លើង ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។ គីន មានទីកន្លែងកំណើតនៅភូមិព្រែកថ្មី ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។

នៅឆ្នាំ១៩៦៩ គីន បានចូលរៀននៅសាលាកំពង់ពពិល។ នៅឆ្នាំ១៩៧១ គីន បានឈប់រៀនត្រឹមថ្នាក់ទី១១ ដោយសារនៅភូមិរបស់គាត់មានការទម្លាក់គ្រាប់បែក និងការប្រយុទ្ធរវាងកងទ័ពខ្មែរក្រហម និងទាហាន លន់ នល់។ ក្រោយមក គីន ប្រកបរបរធ្វើស្រែចម្ការជាមួយឪពុកម្ដាយរបស់គាត់។ នៅឆ្នាំ១៩៧៣ ខ្មែរក្រហមដែលចូលមកកាន់កាប់នៅក្នុងភូមិរបស់គាត់ បានបញ្ជាឲ្យ គីន ទៅសែងកងទ័ពខ្មែរក្រហមដែលរបួសនៅសមរភូមិវិហារសួគ៌។ ចំណែកទាហាន លន់ នល់ ដែលកងទ័ពខ្មែរក្រហមចាប់ខ្លួនបាននៅភូមិជ្រោយជ្រែ ត្រូវបានកងទ័ពខ្មែរក្រហមសម្លាប់។

នៅខែមេសា ឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាចនៅទូទាំងប្រទេស គីន ដែលមានអាយុ១៨ឆ្នាំ ត្រូវបានខ្មែរក្រហមចាត់ទុកជាប្រជាជនមូលដ្ឋាន និងចាត់តាំងឲ្យធ្វើការក្នុងកងចល័ត។ គីន ត្រូវរែកដី និងលើកទំនប់នៅឃុំព្រៃព្នៅ ស្រុកពារាំង។ ក្រោយមក គីន ត្រូវលាយជីអាចម៍គោ និងសែងជីយកទៅបាចដាក់តាមវាលស្រែ។ ក្រៅពីនេះ គីន ត្រូវទៅអូសកំប្លោក និងដកស្ទូង។ គីន ត្រូវធ្វើការហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់។ គីន ហូបតែបបររាវលាយជាមួយផ្លែចេកប៉ុណ្ណោះ។ នៅពេលមានជំងឺ គីន ទទួលបានថ្នាំរាងដូចអាចម៍ទន្សាយសម្រាប់ព្យាបាល។

បន្ទាប់ពីជាសះស្បើយ គីន ត្រូវបានខ្មែរក្រហមបង្ខំឲ្យរៀបការ។ ខ្មែរក្រហមបានរៀបចំឲ្យ គីន និងប្តីរបស់គាត់ ព្រមទាំងប្តីប្រពន្ធទាំងអស់ចំនួន២៥០គូ រៀបការក្នុងពេលតែមួយ។ គីន និយាយថា ប្តីប្រពន្ធថ្មីទាំងអស់ត្រូវអង្គុយជាជួរ ដែលមានទាំងអស់ចំនួនបួនជួរ ហើយប្តីប្រពន្ធថ្មីទាំងអស់ត្រូវប្ដេជ្ញាចិត្តនៅចំពោះមុខអង្គការ។ គីន និយាយថា គាត់រៀបការដោយស្ម័គ្រចិត្ត ប៉ុន្តែចំពោះប្តីប្រពន្ធផ្សេងទៀត ត្រូវខ្មែរក្រហមបង្ខំឲ្យរៀបការ។ ក្រោយពីរៀបការរួច គីន ត្រូវខ្មែរក្រហមបំបែកបំបាក់ចេញពីប្តីរបស់គាត់។ ខ្មែរក្រហម បានបញ្ជូនគាត់ទៅច្រូតស្រូវនៅឃុំកញ្ចំ។ ចំណែកប្តីរបស់គីន ត្រូវទៅឡើងត្នោត។

គីន និយាយថា នៅចន្លោះឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៧៨ ប្រជាជនថ្មីត្រូវបានខ្មែរក្រហមធ្វើទារុណកម្ម និងសម្លាប់ដោយគល់ត្នោតនៅមន្ទីរពេទ្យតំបន់ និងមន្ទីរឃុំឃាំងនៅភូមិកំពង់ពពិល ឃុំកំពង់ពពិល។ ក្រោយមកប្រធានមន្ទីរពេទ្យតំបន់ឈ្មោះ ឈុន ដែលមកពីខេត្តតាកែវ បានបញ្ជាឲ្យចាប់ចងអ្នកទោសមុនយកទៅសម្លាប់ ពីព្រោះពីមុនមកមានអ្នកទោសតដៃនឹងខ្មែរក្រហម។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ គីននិងប្តីរបស់គាត់ បានត្រលប់មករស់នៅក្នុងភូមិកំណើត។ គីន ប្រកបរបរលក់ដូរអីវ៉ាន់បន្តិចបន្តួច និងឡើងត្នោត។ អ្វីដែលគីនចងចាំមិនភ្លេចពីរបបខ្មែរក្រហមនោះ គឺការហូបចុកមិនគ្រប់គ្រាន់ និងការធ្វើពលកម្មហួសកម្លាំង៕

សម្ភាសន៍ដោយ​ សាន សេងហាក់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin