កងចល័តនារីឈានមុខខ្មែរក្រហម

ប៉េង តាំងសៀម[1] អាយុ៦៥ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិទី៧ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ តាំងសៀម មិនអាចប្រកបរបរអ្វីនៅផ្ទះក្រៅពីមើលថែរក្សាចៅៗ ដោយសារតែវ័យជរា និងមានពិការភាពដៃស្ដាំ។ តាំងសៀម រៀបការមានគ្រួសារជាមួយឈ្មោះ ស៊ឹង ណាំ និងមានកូនប្រុសស្រីសរុបចំនួន៥នាក់។ តាំងសៀម ធ្លាប់ធ្វើជាកងចល័តនារីឈានមុខខ្មែរក្រហម ដែលត្រូវបានបង្ខំឲ្យធ្វើការងារជាទម្ងន់ គ្មានពេលសម្រាក និងគ្មានទិសដៅច្បាស់លាស់។
នៅពីវ័យក្មេង តាំងសៀម រៀនសូត្រនៅសាលាបឋមសិក្សាកណ្ដាលកោះ រហូតដល់ថ្នាក់ទី៩ (សង្គមចាស់)។ បន្ទាប់ពីឈប់រៀន តាំងសៀម ត្រូវបានបងស្រីយកទៅរស់នៅជាមួយនៅទីក្រុងភ្នំពេញ។ នៅពេលនោះ តាំងសៀម បន្តរៀនសូត្រ រហូតដល់ថ្នាក់ទី៨ នៅសាលាសន្ធរមុខ។ នៅឆ្នាំ១៩៧៣ តាំងសៀម ឈប់រៀនជាថ្មីម្ដងទៀត ពីព្រោះគាត់មិនមានបំណងរៀនសូត្របន្តទៅមុខទៀត។ បន្ទាប់ពីឈប់រៀននាពេលនោះ តាំងសៀម វិលមករៀនកាត់ដេរសម្លៀកបំពាក់ជាមួយបងស្រីរបស់ខ្លួននៅផ្ទះវិញ។ តាំងសៀម មិនបានដឹងអំពីស្ថានភាពនៅភូមិកំណើតនោះទេ ដោយគ្រាន់តែដឹងថា ភូមិទី៧ត្រូវបានកងកម្លាំងខ្មែរក្រហមគ្រប់គ្រង ហើយមានប្រជាជនខ្លះបានរត់ភៀសខ្លួនមកកាន់ទីក្រុងភ្នំពេញ។
ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ គឺជាពេលវេលា ដែលកងកម្លាំងខ្មែរក្រហមបានវាយបែក និងចូលគ្រប់គ្រងទីក្រុងភ្នំពេញ។ ភ្លាមៗបន្ទាប់កងកម្លាំងខ្មែរក្រហមបានចូលកាន់កាប់ទីក្រុងភ្នំពេញ ប្រជា ជនត្រូវបានបង្ខំចេញពីផ្ទះ និងប្រាប់ឲ្យចាកចេញពីទីក្រុងភ្នំពេញ។ គ្រួសារបងស្រីនិងតាំងសៀម យកឥវ៉ាន់បន្តិចបន្តួចតែប៉ុណ្ណោះ មានដូចជា ខោអាវ និងអង្កប្រហែល១០គីឡូ ដាក់លើកង់បណ្ដើរតាមផ្លូវ។ តាំងសៀម ចាប់ផ្ដើមដំណើរថ្មើរជើងចេញពីម្ដុំពោធិ៍ចិនតុងទៅកាន់អង់តែនទួលគោក។ តាំងសៀម បន្តដើររហូតមកដល់ភូមិកំណើតវិញស្ថិតនៅកោះសូទិនដោយបានចំណាយអស់រយៈពេល៧ថ្ងៃ។
នៅឆ្នាំ១៩៧៦ តាំងសៀម ត្រូវបានបញ្ជូនទៅធ្វើការកងចល័តនារីពិសេសដើម្បីលើកទំនប់នៅស្រុកស្ទោង ខេត្តកំពង់ធំ។ នៅឆ្នាំ១៩៧៧ តាំងសៀម ទៅដល់ការដ្ឋានទំនប់៧មករា។ តាំងសៀម ត្រូវងើបពីម៉ោង៥ទៅប្រជុំជួរ។ នៅក្នុងកងចល័ត តាំងសៀម តែងតែដឹកដៃមិត្តនារី៥នាក់ រួមមាន មិត្ត នី, មិត្ត ភី និងមិត្ត ឃីម ដែលងងឹតមាន់ដើម្បីទៅប្រជុំជួរ និងយកចបកាប់ និងបង្គី មុនពេលចេញទៅធ្វើការនៅការដ្ឋាន។ តាំងសៀម ត្រូវកាប់ដីក្នុងមួយថ្ងៃឲ្យបាន៣ម៉ែត្រគីប ដោយបានចាប់ផ្ដើមធ្វើការចាប់ពីម៉ោង៥ព្រឹករហូតដល់ម៉ោង៥ល្ងាច។ តាំងសៀម សម្រាកហូបបបរ មួយម៉ោង នៅពេលល្ងាច គាត់ត្រូវទៅធ្វើការងារម៉ោងសង្គមនិយម គឺត្រូវ លើកទំនប់រហូតដល់ម៉ោង៩យប់។ ក្នុងកងចល័តនារី មានសមមិត្តប្រហែល២០០នាក់។
នៅឆ្នាំ១៩៧៨ តាំងសៀម ត្រូវបានបញ្ជូនមកច្រូតស្រូវនៅម្ដុំស្ពានផក់និងវត្តស្វាយល្មៀត រហូតដល់ពេលកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាចូលមករំដោះចេញពីរបបខ្មែរក្រហម។ តាំងសៀម រួចផុតពីការធ្វើការងារហួសកម្លាំង និងការហូបមិនគ្រប់គ្រាន់ និងបានធ្វើដំណើរមកជួបជុំគ្រួសារនៅភូមិវិញ។
អត្ថបទដោយ សាំង ចាន់ធូ
[1] ឯកសារបទសម្ភាសន៍ជាមួយ ប៉េង តាំងសៀម នៅស្រុកកោះសូទិន ខេត្តកំពង់ចាម, សម្ភាសន៍ដោយ ទូច វណ្ណេត នៅឆ្នាំ២០២២, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា