ពៅ ហួយ៖ នីរសារនៅភូមិអង្គក្តី

(កំពង់ស្ពឺ)៖ ពៅ ហួយ ភេទប្រុស កើតក្នុងឆ្នាំ១៩៦១ មានអាយុ ៦០ឆ្នាំ បច្ចុប្បន្នជាប្រធានភូមិរកាពក និងរស់នៅភូមិរកាពក ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ហួយ មានទីកន្លែងកំណើតនៅភូមិអង្គក្តី ឃុំទួលអំពិល ស្រុកគងពិសី (បច្ចុប្បន្នស្រុកបរសេដ្ឋ)។ ហួយ មានឪពុកឈ្មោះ គង់ ហឹម, ម្ដាយឈ្មោះ ពេជ្រ ភូ និងមានបងប្អូនបីនាក់ ក្នុងនោះស្រីម្នាក់។
នៅឆ្នាំ១៩៧៣ ហួយ រៀននៅក្រោមម្លប់ដើមឈើ និងឈប់រៀនត្រឹមថ្នាក់ទី៤ ដោយសារមានការទម្លាក់គ្រាប់បែក និងបាញ់គ្រាប់ផ្លោងចេញពីខាងត្រាំខ្នារ បណ្ដាលឲ្យប្រជាជនរងរបួស និងត្រូវរត់ចេញពីភូមិ និងពួនក្នុងលេណដ្ឋាន។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមដែលចូលមកកាន់កាប់ក្នុងភូមិ បានចាត់ទុកគ្រួសារហួយជាប្រជាជនមូលដ្ឋាន។ ហួយ ត្រូវរែកដីដំបូក សម្រាប់ធ្វើជីនៅក្នុងកងកុមារ។ គាត់ត្រូវហូបចុកមិនគ្រប់គ្រាន់ និងធ្វើពលកម្មហួសកម្លាំង។ ចំណែករបបអាហារ មានតែបបរលាយជាមួយដំឡូងមី និងស្លឹកដំឡូងជ្វាប៉ុណ្ណោះ។
នៅរបបនោះ នៅពេលប្រជាជនមានជំងឺ គឺមានថ្នាំរាងដូចអាចម៍ទន្សាយផ្សំពីឫសឈើសម្រាប់ព្យាបាល។ នៅពេល ហួយ មានជំងឺ ខ្មែរក្រហមឲ្យគាត់ផឹកទឹកថ្នាំដែលដាំពីឫសឈើមួយប្រភេទបណ្ដាលឲ្យគាត់ពុលស្ទើរនឹងបាត់បង់ជីវិត។
ក្រោយមក ហួយ បានធ្វើជានីរសារនៅភូមិអង្គក្តី។ ចំណែក បងប្រុសរបស់គាត់ធ្វើជាកងទ័ពខ្មែរក្រហម ដែលបានបាត់ដំណឹងរហូតមក។ ហួយ និយាយថា មានអ្នកធ្វើការជាមួយបងប្រុសមកប្រាប់គាត់ថា បងប្រុសរបស់គាត់ស្លាប់នៅពេលប្រយុទ្ធនៅតាមព្រំដែនជាមួយកងទ័ពវៀតណាម។
នៅរបបខ្មែរក្រហម ហួយ ត្រូវរស់នៅព្រាត់ប្រាសពីឪពុកម្ដាយ និងបងប្អូន។ ខ្មែរក្រហមធ្វើឲ្យប្រជាជនឈឺចាប់ និងរងទុក្ខវេទនា ដោយសារការហូបចុកមិនគ្រប់គ្រាន់ និងការកាប់សម្លាប់។ ហួយ និយាយថាខ្មែរក្រហមចាប់ប្រជាជនដែលលួចដំឡូង យកទៅមន្ទីរឃុំឃាំងមួយកន្លែង នៅភូមិព្រះវិហារ ឃុំមហាឫស្សី។ ក្រៅពីនេះ ហួយ ថា វិហារនៅក្នុងវត្តអង្គស្តុក និងផ្ទះឈើ ត្រូវខ្មែរក្រហមរុះរើយកសម្ភារទៅធ្វើស្ពាន។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ហួយ ធ្វើជាប្រធានក្រុមសាមគ្គី និងក្រោយមកធ្វើជាប្រធានភូមិ។ នៅឆ្នាំ១៩៨២ ហួយ បានរៀបការជាមួយប្រពន្ធឈ្មោះ កំ គូ និងមានកូនចំនួនប្រាំពីរនាក់ ក្នុងនោះស្រីពីរនាក់៕
សម្ភាសដោយ កេង ភត្រ្តា ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥

