ប្រជាជនត្រៀម

(ក្រចេះ) ផន សុខា ភេទស្រី អាយុ៦២ឆ្នាំ មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិដារ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។ សុខា បានរៀបរាប់បទពិសោធន៍របស់​ខ្លួន ឆ្លងកាត់​ របប លន់ នល់ និងរបបខ្មែរក្រហម ប្រាប់ទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជា របស់អង្គការមជ្ឈមណ្ឌលឯកសារកម្ពុជា។ នៅឆ្នាំ១៩៧០ ក្នុង​តំបន់របស់គាត់រស់នៅ មានការទម្លាក់គ្រាប់បែកនៅក្បែរនឹងផ្ទះរបស់ប្រជាជន។ នៅពេលដែលឮសំឡេងយន្តហោះ គ្រប់ប្រជាជនទាំងអស់បាននាំកូនចៅ ចូលទៅក្នុងរណ្ដៅត្រង់សេ ដើម្បីគេចខ្លួនពីគ្រាប់បែក។ សុខា បានបញ្ជាក់ប្រាប់ថា នៅក្នុង១រណ្ដៅត្រង់សេអាចលាក់ខ្លួនមនុស្សបានជាមធ្យមចំនួន១០-១២ អាស្រ័យលើការជីករបស់ប្រជាជន។ ការទម្លាក់គ្រាប់បែកបណ្ដាលឲ្យមានផលប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់ប្រជាជនជាច្រើន ដែលរួមមាន​ផ្ទះសំបែង សត្វចិញ្ចឹម និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត។

ខ្មែរក្រហម ចាប់ផ្ដើមចូលគ្រប់គ្រងភូមិ-ឃុំរបស់គាត់នៅឆ្នាំ១៩៧៤ នាពេលនោះ សុខា ស្ថិតក្នុងកុមារវ័យជំទង់ ហើយខ្មែរក្រហមបានឲ្យគាត់ចូលធ្វើការនៅក្នុងកងចល័ត។ ផលវិបាកដែល សុខា ជួបនៅក្នុងរបបខ្មែរក្រហម គឺការធ្វើការងារហួសកម្លាំង។ គាត់ត្រូវធ្វើការងារ ទាំងថ្ងៃទាំងយប់។ ថ្វីត្បិតតែគាត់ត្រូវធ្វើការងារច្រើនយ៉ាងណាក្ដី គាត់មិនហ៊ានត្អូញត្អែរពីភាពលំបាកនោះឡើយ ព្រោះខ្លាចអង្គការចាប់យកទៅសម្លាប់ចោល។ ចំពោះរបបអាហារ នៅក្នុងរបបខ្មែរក្រហម ក្នុង១ថ្ងៃ សុខាទទួលបាន២ពេល ដោយពេលថ្ងៃត្រង់បានបបរ១ចាន និងពេលល្ងាចទទួលបានបាយ១ចាន។ បើប្រៀបធៀបអំពីការបរិភោគអាហារ ទៅនឹងការធ្វើការងារ គឺមិនសមមាត្រគ្នាទេ ព្រោះតែរបបអាហារតិច ហើយការធ្វើការងារ ច្រើន។

សុខា គឺជាប្រជាជនមូលដ្ឋាន ព្រោះពេលនោះគាត់មិនត្រូវជម្លៀសទៅតំបន់ផ្សេងឡើយ។ នៅក្នុងរបបខ្មែរក្រហម មានការបែងចែកប្រជាជនជា៣ប្រភេទផ្សេងគ្នា រួមមាន ប្រជាជនមូលដ្ឋាន, ប្រជាជនផ្ញើ និងប្រជាជនត្រៀម។ ប្រជាជនដែលជួបផលពិបាកច្រើនគឺ ប្រជាជនផ្ញើ និងប្រជាជនត្រៀម។ ប្រជាជនត្រៀម គឺត្រៀមចាំតែថ្ងៃដែលអង្គការយកទៅសម្លាប់ចោល។ អ្នកដែលត្រូវ អង្គការយកទៅសម្លាប់មួយចំនួនធំ គ្មានកំហុសអ្វីឡើយ។ ការសម្លាប់​អាចបណ្តាលមកពីការរាយការណ៍ពីគ្នាទៅកាន់​អង្គការ ក្រោមមូលហេតុនៃការស្អប់គ្នាទៅវិញទៅមករបស់ប្រជាជនគ្នាឯង។ ប្រជាជនដែលជម្លៀសមកពីភ្នំពេញ ត្រូវប្រជាជនមូលដ្ឋានគិតថាជាអ្នកមូលធននិយម ដែលតែងតែកៀបសង្កត់ប្រជាជនក្រីក្រ។ ដូច្នេះ នៅពេលរបបខ្មែរក្រហមកាន់អំណាច ប្រជាជនមូលដ្ឋាន មានសិទ្ធិអំណាចជាងប្រជាជនថ្មី។ ហេតុនេះ ប្រជាជនមូលដ្ឋានមួយចំនួនបានញុះញង់ឲ្យអង្គការយកប្រជាជនថ្មីទៅសម្លាប់ចោល។ ក្មេងស្រីជំទង់ជាច្រើននាក់ នៅក្នុងរបបខ្មែរក្រហម ត្រូវបានកងឈ្លបបំពានលើរូបរាងកាយមុនពេលសម្លាប់។

នៅក្នុងរបបខ្មែរក្រហម ប្រជាជន ត្រូវរស់នៅរួមក្នុងសហករណ៍ ព្រោះ ទ្រព្យសម្បត្តិរបស់ប្រជាជនទាំងអស់ ត្រូវបញ្ចូលជារបស់រួម ឬសមូហភាព។ ប្រជាជនមួយចំនួន ត្រូវបានបាត់បង់ផ្ទះរបស់គាត់ដោយសារតែខ្មែរក្រហម វាយកម្ទេចចោល។ នៅអំឡុងពេលចាប់ផ្ដើមបង្កើតឲ្យមានសហករណ៍ គ្រួសារនីមួយៗត្រូវរស់នៅដាច់ដោយឡែកពីគ្នា ហើយមិនសូវបានជួបមុខគ្នាឡើយ ព្រោះត្រូវធ្វើការងាររៀងៗខ្លួន។ ប្រជាជននារីនៅផ្សេង, បុរសនៅផ្សេង និងកុមារនៅផ្សេង។ សមាជិកគ្រួសារមិនសូវមានពេលវេលាជួបគ្នាទេ លុះត្រាតែមានការប្រជុំរួមទើបអាចឆ្លៀតពេលជួបគ្នាបានខ្លះ។ ខ្មែរក្រហមបានលុបបំបាត់សាសនាចោល ហើយបានចាប់ផ្សឹកព្រះសង្ឃឲ្យទៅធ្វើការដូចប្រជាជនទូទៅ។ សុខា បាននិយាយថា ពេលនោះ មានព្រះសង្ឃ១អង្គមានព្រះជន្មច្រើនវស្សា ប៉ុន្តែអង្គការនៅតែប្រើឲ្យទៅធ្វើការ។

ជំងឺប្រចាំកាយដែលគាត់មានបច្ចុប្បន្ន គឺស្រវាំងភ្នែក។ គាត់មិនធ្លាប់បានតាមដានពីអាការជំងឺ ឬពិនិត្យសុខភាព​របស់គាត់ឡើយ៕

សម្ភាសន៍ដោយ៖ គ្រី រស្មី នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin