ស្លាប់មួយ សម្លាប់ពីរ

ផាត់ ប៉ឹង រស់នៅភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី

(រតនគិរី)៖ ផាត់ ប៉ឹង មានអាយុ៧០ឆ្នាំ ជាកសិករ រស់នៅភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅអំឡុងឆ្នាំ១៩៧០ ខ្មែរក្រហមបានចូលមកក្នុងភូមិអង្គ្រង ដែលគាត់រស់នៅ។

នៅឆ្នាំ១៩៧១ ប៉ឹង បានទៅរៀនពេទ្យនៅភូមិត្រពាំងច្រេះអស់រយៈពេលប្រាំមួយខែ និង ដើររករុក្ខជាតិសម្រាប់ធ្វើថ្នាំអាចម៍ទន្សាយ។ ជួនកាលគាត់ត្រូវបានចាត់តាំងឲ្យរៀនរបាំ ហាត់បាញ់កាំភ្លើង និងបង្ហាត់ឲ្យដោះនិងផ្គុំកាំភ្លើងសាឡើងវិញជាដើមដោយខ្មែរក្រហម។

នៅឆ្នាំ១៩៧២ គាត់បានរៀបការ។ នៅពេលនោះខ្មែរក្រហមមិនអនុញ្ញាតឲ្យគាត់រៀបការជាមួយប្តីរបស់គាត់ ដែលជាសេនាជននោះទេ ដោយសារប្តីរបស់គាត់រួមទាំងប្អូនត្រូវបានខ្មែរក្រហមកំពុងតាមដាន។ ខ្មែរក្រហមបានគំរាមអ្នកទាំងពីរថា បើរៀបការរួចមានប្រជាជនឈឺស្លាប់ម្នាក់នោះ នឹងត្រូវនាំគាត់ទាំងពីរនាក់ទៅសម្លាប់ នៅពេលគាត់កំពុងធ្វើពេទ្យ។

បន្ទាប់មកប្អូនរបស់ប្តីគាត់ ត្រូវបានសម្លាប់ក្នុងឆ្នាំ១៩៧៤ នៅព្រែកផ្ដៅដោយចោទថាជាប់ពាក់ព័ន្ធជាមួយខ្មែរស និង ហ៊ូ យន់ ដែលខ្មែរក្រហមថា មានបំណងបះបោរ។ ចំណែកគាត់នឹងប្តីរបស់គាត់ត្រូវបានចោទថា ជាពូជក្បត់តាំងពីពេលនោះមក។

នៅឆ្នាំ១៩៧៥ ប្រជាជននៅក្នុងភូមិត្រូវបានជម្លៀសឲ្យទៅរស់នៅសហករណ៍ត្រពាំងក្រហម ដោយមានយោ​ធា​ជនជាតិភាគតិចជាអ្នកគ្រប់គ្រង។ អ្នកដែលស្ម័គ្រចិត្ត និងអ្នក ដែលមានឈ្មោះក្នុងបញ្ជីត្រូវទៅរស់នៅសហករណ៍ទាំងអស់ ដោយរុះរើសផ្ទះឈើនិងដឹកឈើយកទៅជាមួយ​សម្រាប់សងផ្ទះតូចដើម្បីរស់នៅ។ គាត់បានកាប់ឫស្សី និងធ្វើជញ្ជាំងពីស្លឹកខ្លុង។ បន្ទាប់មកអ្នក ដែលមានឈ្មោះហើយមិនចាកចេញពីភូមិត្រូវបានខ្មែរក្រហមសម្លាប់​​​​ចោលទាំងអស់នៅឆ្នាំ១៩៧៦។

នៅទីនោះ គាត់ត្រូវធ្វើការពីព្រលឹមទល់ព្រលប់ដោយមិនបានមើលថែកូនតូចនោះទេ។ គាត់ត្រូវស្ទូងស្រូវតាំងពីម៉ោង៧ព្រឹករហូតដល់ម៉ោង១០យប់ទើបបានសម្រាក និងត្រូវធ្វើការទាំងមានជំងឺ។ ប្រជាជននៅសម័យនោះត្រូវធ្វើការដូចជាលើកទំនប់ដើម្បីធ្វើស្រែប្រាំងឲ្យបានមួយហិចតាបីតោន។ គាត់ធ្វើស្រែអស់មួយឆ្នាំ ដោយសម្រាន្ត និងហូបចុកមិនបានគ្រប់គ្រាន់នោះទេ។

ក្រោយមក ផាត់ ប៉ឹង ត្រូវបញ្ជូនឲ្យធ្វើការនៅតាមរោងបាយ។ គាត់បានបន្តថា ខ្មែរក្រហមយកគល់ចេក ផ្លែប្រង់ ស្លឹកដំឡូងមី ដំឡូង ផ្កាចាហួយ ត្រួយប្រង់ ត្រីប្រឡាក់ និងទំពាំងឲ្យគាត់ចិតនិងចិញ្រ្ចាំជាចំណិតតូចៗ សម្រាប់ចំហុយលាយជាមួយបាយ។ ចំណែកបបរលាយជាមួយអំបិល ឬប្រហុកធ្វើជាសម្ល។ ក្នុងរយៈពេលមួយសប្តាហ៍ទៅពីរសប្តាហ៍ ទើបប្រជាជនមានបាយដែលពូនជាដុំ។ ជាទូ​ទៅ​​គាត់ដួសរបបអាហារស្មើមាត់ចានចង្កឹះប៉ុណ្ណោះសម្រាប់ចែកប្រជាជន។

បន្ទាប់មកគាត់ និងក្រុមរបស់គាត់មានគ្នាប្រហែលបួននាក់ បានរៀបចំបាយដាក់តាមតុ។ គាត់ក៏ត្រូវទៅបើកអង្ករពីឃ្លាំងតាមការកំណត់យ៉ាងតឹងរឹងសម្រាប់ចំហុយបាយ​ឲ្យប្រជាជនផងដែរ។ នៅរោងបាយ គាត់បានសុំបាយ​​ពីប្រធានក្រុមទុកសម្រាប់ឲ្យកូននៅផ្ទះ។

នៅសម័យនោះប្រជាជនត្រូវបានកោះហៅប្រជុំជីវ​ភាព​​​​ជារៀងរាល់ល្ងាច ដោយមានការកសាង ឬជេរស្ដីជាដើម។ អ្នកដែលត្រូវបានកសាងត្រូវតែទទួលកំហុស។ អ្នកដែលហ៊ានតវ៉ាត្រូវបានសម្លាប់ឬយកទៅរៀនសូត្រ ដោយមិនឃើញត្រឡប់មកវិញនោះទេ។ អ្នកខ្លះត្រឡប់មកវិញបានម្តង បន្ទាប់មកបាត់ខ្លួនពីសហករណ៍ត្រពាំងក្រហម នៅពេលខ្មែរក្រហមបញ្ជូនទៅរៀនសូត្រនៅលើកទីពីរ។

នៅពេលដែលគាត់មានផ្ទៃពោះ គាត់បានសម្រាកនៅមន្ទីរពេទ្យមុននិងក្រោយសម្រាលបីថ្ងៃប៉ុណ្ណោះ និងសម្រាក​នៅផ្ទះបានមួយសប្តាហ៍។ ផាត់ ប៉ឹង បានឈប់ធ្វើការ​នៅរោងបាយ និងបន្តទៅធ្វើការនៅរោងកិនស្រូវក្រោយ​ពីសម្រាលបានមួយសប្តាហ៍។

រីឯប្តីរបស់គាត់ត្រូវទៅរកត្រី និងប្រឡាក់ត្រីដាក់ពាងដោយចេញដំណើរម្តង១០ថ្ងៃទើបបានត្រឡប់មកផ្ទះ។ អស់រយៈពេលប្រាំមួយខែក្រោយមកទើបប្រទេសត្រូវបានរំដោះពីរបបខ្មែរក្រហម។

សព្វថ្ងៃ ផាត់ ប៉ឹង មិនអាចបំភ្លេចបាននូវទុក្ខវេទនាដែលគាត់បានឆ្លងកាត់នាសម័យខ្មែរក្រហមនោះទេ។ ចំពោះបញ្ហាសព្វថ្ងៃវិញ គាត់មានជីវភាពខ្វះខាតនិងជួនកាលមិនមានលទ្ធភាពក្នុងការទទួលបានការព្យាបាលនោះទេ។

ជាចុងក្រោយ គាត់សង្ឃឹមថា អ្នកជំនាន់ក្រោយនឹងទទួលបានការអប់រំពីរបបខ្មែរក្រហមតាមសាលារៀន ដើ​ម្បី​កុំឲ្យរបបនេះកើតឡើងសាជាថ្មីម្តងទៀត៕

សម្ភាសដោយ ឡាយ កូរ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin