ដូចនឹកឃើញរឿងថ្មីៗ

(រតនគិរី)៖ ក្នុងមួយសហករណ៍មានអ្នកកាត់ដេរតែពីរនាក់ប៉ុណ្ណោះ នៅសម័យខ្មែរក្រហម។ ផាត់ គឹមលី គឺជាអ្នកកាត់ដេរម្នាក់ក្នុងចំណោមពីរនាក់នាសម័យនោះ។ គាត់ចេះកាត់ដេរតាំងពីអាយុ១៧ឆ្នាំ និងបានរៀបការមុនសម័យខ្មែរក្រហម ដោយមានកូនសរុបចំនួន៤នាក់។ នៅពេលខ្មែរក្រហមឡើងកាន់អំណាច គាត់ត្រូវបានចាត់តាំងឲ្យកាត់ដេរអាវគគីរនិងខោក្នុងសហករណ៍ទាំងអស់។
សព្វថ្ងៃ ផាត់ គឹមលី មានអាយុ ៨៨ឆ្នាំ ជាកសិករ រស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ គឹមលីនៅតែនឹកឃើញនិងចងចាំជានិច្ចនូវអ្វីដែលមានកើតឡើងដោយនិយាយថា «ដូចនឹកឃើញរឿងថ្មីៗ»។ របបខ្មែរក្រហមបានបង្ខំឲ្យគាត់ធ្វើការរួម ហូបបាយសម្ល លាយជាមួយស្លឹកដំឡូង គល់ចេក ផ្កាចាហួយ និងក្ដួចជាដើម។
ចំពោះដំណាំដាំនៅជុំវិញផ្ទះ គឺមិនត្រូវបានអនុញ្ញាតឲ្យបេះហូបនោះទេ។ ដំណាំរបស់គាត់ ត្រូវយកទៅដាក់ជារបស់រួម បើមិនដូច្នេះទេ គាត់នឹងរស់នៅមិនបានសុខនោះទេ ពីព្រោះមានកងឈ្លបជនជាតិភាគតិចនៅចាំតាមដាន។ អ្នកដែលលួចហូបដំណាំ នឹងត្រូវកងឈ្លប យកទៅសម្លាប់ចោល។
គឹមលី បានបន្ថែមថាអ្នកធ្វើការមិនដិតដល់ ឬមានជំងឺឈឺគ្រុនត្រូវបង្អត់អាហារដោយចោទថាមានជំងឺសតិអារម្មណ៍។ គាត់បញ្ជាក់ថា «ឈឺសតិអារម្មណ៍អី បើគ្នាឈឺមែនទែន»។ ខ្មែរក្រហមបានបង្ខំប្រជាជនឲ្យធ្វើការទាំងមានជំងឺ។ នៅសម័យនោះ ថែមទាំងមានការចាប់បង្ខំប្រជាជនឲ្យរៀបការ។ ដោយអ្នកទាំងនោះត្រូវឈរប្ដេជ្ញានៅចំពោះមុខគណៈអង្គការ ចំណែកឪពុកម្តាយគ្មានសិទ្ធិសម្រេចនោះទេ។
ក្រៅពីការងារកាត់ដេរទាំងយប់ទាំងថ្ងៃ ជួនកាលគាត់ត្រូវបញ្ជូនឲ្យទៅចិញ្រ្ចាំក្តួច ឬដងទឹកដាក់តាមវាលស្រែនៅភូមិត្រពាំងច្រេស។ ប្រជាជន ត្រូវចាប់ផ្តើមធ្វើការងារតាំងពីម៉ោង៥ព្រឹក ដោយបែងចែកការងារទៅតាមភេទនិងអាយុ ដូចជាកុមារត្រូវបោចស្មៅតាមសន្ទូង និងរើសកួរស្រូវជាដើម។ កងចល័តត្រូវជម្លៀសទៅធ្វើការតាមភូមិផ្សេង។ នៅពេលយប់ មនុស្សស្រីត្រូវបុកស្រូវ ចំណែកឯមនុស្សប្រុសត្រូវដកសំណាប។ ពេលសម្រាន្តទើបគាត់បានជួបជុំគ្រួសារ។ គាត់ត្រូវធ្វើការទាំងមានផ្ទៃពោះនិងសម្រាកបានមួយខែក្រោយសម្រាលរួចប៉ុណ្ណោះ។ ចំណែកកូនត្រូវផ្ញើជាមួយមេដោះ ដែលត្រូវមើលថែទារកប្រហែល៨នាក់ក្នុងពេលតែមួយ។
នៅសហករណ៍ដែលគាត់រស់នៅ មានប្រធានសហករណ៍ឈ្មោះតាឃិន និងយាយកនថម មកពីភូមិស្រែពកនិងភូមិសង្គម ជាអ្នកគ្រប់គ្រង។ នៅចុងឆ្នាំ១៩៧៨ យាយកនថម បានរៀបចំផែនការសម្លាប់ប្រជាជនមកពីភូមិស្រែអង្គ្រងនៅទំនប់ត្រពាំងក្រហម តែតាឃិនប្រកែកដោយឲ្យចាំរដូវច្រូតកាត់រួចសិន។ ជាសំណាងល្អ ប្រទេសត្រូវបានរំដោះ ទើបប្រជាជននៃភូមិស្រែអង្គ្រងបានរស់រានមានជីវិត។
ទាក់ទងទៅនឹងការកាត់ទោសមេដឹកនាំខ្មែរក្រហម គឹមលី បានដឹងព័ត៌មានខ្លះៗតាមវិទ្យុ និងយល់ឃើញថាពិតជាមានយុត្តិធម៌។ គាត់សង្ឃឹមថាការអប់រំ និងការនិយាយប្រាប់អ្នកជំនាន់ក្រោយពីរបបខ្មែរក្រហមនឹងជួយទប់ស្កាត់របបនេះមិនឲ្យវិលត្រលប់មកវិញ។
បច្ចុប្បន្ន អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមរួមទាំង គឹមលីផ្ទាល់ជួបប្រទះនឹងបញ្ហាសុខភាព និងការលំបាកដោយសារមណ្ឌលសុខភាពនៅឆ្ងាយ និងខ្វះថវិកាសម្រាប់ការព្យាបាលជាដើម ដែលគាត់បានទាមទារឲ្យមានការយកចិត្តទុកដាក់ពីសង្គម៕
សម្ភាសដោយ ឡាយ កូរ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤