ការរៀបការដោយបង្ខំជាមួយយោធាពិការ

(រតនគិរី)៖ ផាត់ ឡាយ ភេទប្រុស មានអាយុ ៧១ឆ្នាំ ជាកសិករ រស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅឆ្នាំ១៩៧៥ ឡាយ ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យធ្វើការកងកុមារ។ ឡាយ ត្រូវប្រមូលលាមកមនុស្ស, ដីដំបូក និងផេះ សម្រាប់លាយធ្វើជីលេខមួយ។
ក្រោយមក ខ្មែរក្រហមបញ្ជូនគាត់ឲ្យទៅធ្វើជាកងចល័តនៅសហករណ៍ត្រពាំងក្រហម ដែលត្រូវរស់នៅរួម,ហូបរបបអាហាររួម និងធ្វើការជាក្រុម។ ក្នុងមួយកងចល័តមានសមាជិក៣២នាក់ ហើយក្នុងមួយក្រុមមាន សមាជិក ១២នាក់។ ឡាយ ត្រូវស្ទូង និងច្រូតស្រូវទាំងរដូវប្រាំង និងរដូវវស្សាពីភូមិមួយទៅភូមិមួយ។ ឡាយ ក៏ត្រូវជីកទំនប់ប្រឡាយ, លើកទំនប់នៅត្រពាំងអង្គ្រង, អូរក្រឡា និងធ្វើស្រែនៅអូរកាទឹង។ ក្នុងមួយថ្ងៃ ឡាយ ត្រូវជីកប្រឡាយឲ្យបាន១០ម៉ែត្រគូប។ ចំណែកស្រ្តីវ័យចំណាស់ ត្រូវមើលថែក្មេង និងដាក់បាយជ្រូក។ សម្រាប់បុរសវ័យចំណាស់ ត្រូវទៅកាប់វល្លិ៍នៅក្នុងព្រៃ និងវេញខ្សែគោ។
នៅសម័យខ្មែរក្រហម ការហូបចុកមានការខ្វះខាត។ នៅមុនឆ្នាំ១៩៧៥ ពេលមិនទាន់រស់នៅក្នុងសហករណ៍ ប្រជាជនត្រូវធ្វើស្រែជាក្រុម។ ក្នុងមួយខែ ក្រុមមនុស្សកំពុងពេញវ័យ ទទួលបានស្រូវចំនួនបួនប៉ោត, ក្រុមមនុស្សវ័យចំណាស់ បានស្រូវចំនួនបីប៉ោត និងក្រុមកុមារបានស្រូវចំនួនពីរប៉ោតសម្រាប់ហូប។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានប្រមូលផលស្រូវទាំងអស់ដាក់ជង្រុក និងចែកអង្ករមួយកំប៉ុងសម្រាប់មនុស្សពីរនាក់ហូប ចំពោះអ្នកធ្វើការនៅតាមកងចល័ត និងមួយកំប៉ុងសម្រាប់មនុស្សបួននាក់ហូប ចំពោះអ្នកធ្វើការនៅក្នុងសហករណ៍។
នៅតាមកងចល័ត ខ្មែរក្រហមខ្ចប់បាយជាមួយស្លឹកខ្លុង ដែលមានលាយជាមួយគល់ចេក, គល់អំពៅ និងផ្កាចាហួយ សម្រាប់ចែកទៅតាមចំនួនមនុស្ស។ នៅពេលចែក មានអ្នកយកលើសរបប និងអ្នកដែលទៅយកបាយមិនទាន់ ត្រូវអត់បាយ។ ចំណែក បន្លែបង្ការ មិនត្រូវបានអនុញ្ញាតឲ្យបេះហូបនោះទេ។ នៅពេលល្ងាច មានការប្រជុំជាក្រុម ដោយមានការទិតៀន, កសាង និងរាយការណ៍អំពីគ្នាទៅវិញទៅមក។
នៅសហករណ៍ត្រពាំងក្រហម ក៏មានការរៀបការដោយបង្ខំកើតឡើងដែរ។ អង្គការអនុញ្ញាតឲ្យយោធាពិការ ស្នើសុំរៀបការជាមួយមនុស្សដែលខ្លួនពេញចិត្ត។ ចំណែក ស្ត្រីដែលត្រូវស្នើ មិនអាចប្រកែកបាននោះទេ។ នៅពេលរៀបការដោយបង្ខំ មានវត្តមានមនុស្សរាប់រយនាក់ធ្វើឡើងក្នុងពេលតែមួយ។ បន្ទាប់ពីការរៀបការដោយបង្ខំជាច្រើនគូ ខ្មែរក្រហម ក៏ចែកសាច់មាន់ឲ្យអ្នកដែលរៀបការួចហូប។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ ឡាយ បានត្រលប់មករស់នៅក្នុងភូមិកំណើត។ ជាចុងក្រោយ ឡាយ សង្ឃឹមថាអ្នកជំនាន់ក្រោយនឹងបានដឹងអំពីទុក្ខលំបាកក្នុងរបបខ្មែរក្រហមដែលគាត់បានឆ្លងកាត់៕
សម្ភាសដោយ ឡាយ កូរ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥