កសាងព្រោះតែប៉េងប៉ោះ

(ក្រចេះ)៖ ផាត់ សាវេន ភេទស្រី អាយុ៧៩ឆ្នាំ រស់នៅភូមិថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ រឿងរ៉ាវដែលសាវេន ចងចាំជាងគេនៅក្នុងរបបខ្មែរក្រហម គឺគាត់ត្រូវបានខ្មែរក្រហមចាប់យកទៅកសាង ដោយសារគាត់លួចហូបអាហារបន្ថែម។ ពេលនោះគាត់មានដាំបន្លែនៅជុំវិញផ្ទះ ដូចជាត្រប់ និងប៉េងប៉ោះ។ គាត់បានបេះបន្លែទាំងនោះយកទៅហូបជាមួយនឹងរបបអាហារដែលអង្គការបានចែកឲ្យ។ ពេលដែលអង្គការបានដឹង នៅពេលប្រជុំអង្គការបានលើកឡើងពីចំណុចនោះ ដើម្បីយកទោសគាត់។

ម្យ៉ាងវិញទៀត នៅអំឡុងរបបខ្មែរក្រហម គាត់កំពុងតែពពោះកូនប្រុសរបស់គាត់។ ជិតដល់ថ្ងៃសម្រាល គាត់បានឈប់សម្រាកមិនទៅធ្វើការ។ ប្រធានក្រុមបានចោទប្រកាន់ថាគាត់លួចខ្ជិលមិនទៅធ្វើការ។ បន្ទាប់ពីត្រូវបានអង្គការកសាងគាត់ចំនួន២ដងមក គាត់តែងតែមានភាពភ័យខ្លាចថា​ អង្គការនឹងកសាងគាត់ម្ដងទៀត។ គាត់តែងតែប្រយ័ត្នខ្លួនជានិច្ច។

 បន្ទាប់ពីសាវេន​សម្រាលកូនប្រុសរបស់ខ្លួនរួច​ អង្គការបានឲ្យគាត់ធ្វើការនៅក្នុងកងមើលថែទាំកុមារ។ ជារៀងរាល់ថ្ងៃ គាត់មិនត្រឹមតែមើលថែកូនរបស់គាត់នោះទេ គឺត្រូវមើលកុមារតូចៗដទៃទៀត។ បន្ទាប់ពី​គាត់សម្រាលបានរយៈពេល​ប្រមាណជា២ខែ អង្គការបានចាត់តាំងឲ្យគាត់ធ្វើការនៅក្នុងកងផ្ទះបាយ។ ការងារដែលគាត់តែងតែធ្វើនោះគឺ ចិតបន្លែ និងដាំស្ល។ សាវេន ជាអ្នកដែលខិតខំធ្វើការងារ ព្រោះគាត់ខ្លាចអង្គការយកទៅកសាង។ មិនត្រឹមតែប៉ុណ្ណោះ ការងាររបស់គាត់ក៏ធ្វើបាន​ស្អាតល្អ។

ប្រជាជនទទួលបានរបបអាហារពីរពេល​ក្នុង​មួយ​ថ្ងៃ នៅអំឡុងពេលនោះ រួមមាន ពេលថ្ងៃត្រង់ និងពេលល្ងាច។ នៅក្នុងរបបខ្មែរក្រហម ប្រជាជនធ្វើការងារច្រើនលើសពីកម្លាំងរបស់គាត់ ប៉ុន្តែមិនទទួល​បានរបបអាហារ សមស្របនឹងកម្លាំងដែលខ្លួន​បានបញ្ចេញនោះទេ។ ទោះបីជាយ៉ាងណាក្ដី គ្មានប្រជាជនណាម្នាក់ហ៊ានតវ៉ា ចំពោះរបបអាហារដែលទទួលបានឡើយ ព្រោះប្រជាជនទាំងអស់សុទ្ធតែដឹងថាខ្លួននឹងមានបញ្ហានៅពេលដែលប្រឆាំងជាមួយនឹងអង្គការ។

ប្រជាជនស្លូតត្រង់ជាច្រើន បានស្លាប់បាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហម ដោយសារតែការចោទប្រកាន់របស់អង្គការ។ ប្រជាជនភាគច្រើន ជាប្រជាជន១៧មេសា ត្រូវបានខ្មែរក្រហមចាប់យកទៅសម្លាប់ចោល ព្រោះគាត់ធ្វើការយឺតយ៉ាវ មិនស្របតាមចិត្តដែលអង្គការចង់បាន។ ក្នុងចំណោមប្រជាជនមូលដ្ឋាន និងប្រជាជន១៧មេសា ខ្មែរក្រហមបានធ្វើបាប និងធ្វើទារុណកម្មប្រជាជន១៧មេសា ជាងប្រជាជនមូលដ្ឋាន ដោយសារមូលហេតុថា ខ្មែរក្រហម គិតថាប្រជាជន១៧មេសា គឺជាអ្នកមានទ្រព្យសម្បត្តិ ចូលចិត្តគាបសង្កត់អ្នកក្រ។

សាវេន បានផ្ដាំ ក្មេងជំនាន់ក្រោយឲ្យខិតខំសិក្សាឲ្យមានចំណេះដឹងជ្រៅជ្រះ និងសិក្សាពីប្រវត្តិសាស្ត្រ​នៃ របបខ្មែរក្រហម កុំឲ្យកើតមានម្ដងទៀតនៅក្នុងប្រទេសកម្ពុជា៕

សម្ភាសន៍ដោយ រឿន ស្រីពៅ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤

អត្ថបទដោយ នេន ស្រីមុំ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin