ប្រជុំទិតៀន
(ក្រចេះ)៖ ការប្រជុំទិតៀន គឺការប្រជុំគ្នារវាងកងឈ្លបខ្មែរក្រហម និងប្រជាជនកម្ពុជានៅក្នុងរបបខ្មែរក្រហម។ ការប្រជុំនោះ តម្រូវឲ្យប្រជាជនគ្រប់រូបមានសិទ្ធិលើកឡើងពីកំហុសរបស់គ្នាទៅវិញទៅមក ។ ផាត់ សាវីន ភេទស្រី អាយុ៧៤ឆ្នាំ រស់នៅភូមិថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តតាកែវ។
រឿងរ៉ាវនៅក្នុងរបបខ្មែរក្រហម ដែល សាវីន មិនអាចបំភ្លេចបាននោះគឺ នៅពេលដែលប្រជុំទិតៀន អង្គការបានចោទប្រកាន់ថាគាត់ជានាយទុនមិនព្រមដាក់ខ្លួន ព្រោះពេលនោះគាត់បានយកអំបិលបុកលាយជាមួយនឹងផ្លែអំពិលហូបជាមួយបាយ។ អង្គការមិនពេញចិត្តនឹងអ្វីដែលគាត់បានធ្វើនោះទេ ព្រមទាំងបានស្ដីបន្ទោសឲ្យគាត់ជាខ្លាំង។
សាវីន បានលួចតូចចិត្តនៅពេលដែលអង្គការបានស្ដីបន្ទោសឲ្យគាត់អំពីបញ្ហានេះ។ មូលហេតុដែលគាត់សម្រេចចិត្តធ្វើបែបនោះ គឺដោយសារតែក្នុងរបបខ្មែរក្រហម ពុំមានអាហារហូបចុកគ្រប់គ្រាន់។ ម្យ៉ាងវិញទៀត នៅពេលនោះ ខាងសហករណ៍រោងបាយ បានចំហុយផ្អកជាមួយនឹងល្ហុង ហើយគាត់មិនចេះហូប ទើបយកអំពិលបុកលាយនឹងអំបិលហូបជាមួយបាយ។
នៅក្នុងរបបខ្មែរក្រហម សាវីន ធ្វើការងារនៅក្នុងកងយុវនារី ហើយការងារដែលអង្គការចាត់តាំងឲ្យធ្វើនោះគឺ ដក-ស្ទូងស្រូវ។ រៀងរាល់ម៉ោង៥ព្រឹក គាត់ត្រូវក្រោកពីសម្រាកទៅធ្វើការពលកម្មសង្គមនិយម រួមមាន ជម្រះស្មៅ, កាប់ដីដាំដំឡូង និងដាំបន្លែ ប្រហែលជា១ម៉ោង បន្ទាប់ពីនោះត្រូវចេញទៅស្ទូងស្រូវនៅវាលស្រែ។
សាវីន មានមិត្តជិតស្និទ្ធម្នាក់ដែលស្នាក់នៅជាមួយគ្នា ត្រូវបានខ្មែរក្រហមចាប់យកទៅសម្លាប់ ដោយចោទប្រកាន់ថាជាប់ខ្សែស្រឡាយជាមួយនឹងវៀតណាម។ មួយថ្ងៃមុននឹងចាប់ខ្លួន មិត្តរបស់គាត់បានលាគាត់ទាំងទឹកភ្នែកថា៖ «មិត្តវីនអើយ! ខ្ញុំលាហើយ យើងអត់បានជួបគ្នាទេ។ គេយកយើងទៅសម្លាប់ហើយ វីនអើយ។ យើងអស់បានជួបគ្នាហើយ។»
អង្គការតែងតែចាប់ប្រជាជនយកទៅសម្លាប់ ដោយសារតែធ្វើការងារយឺត ខុសសីលធម៌ ឬចោទប្រកាន់ថាជានាយទន់។ ប្រជាជនស្លូតត្រង់ជាច្រើនសែននាក់ដែលត្រូវស្លាប់ដោយមិនបានដឹងថាខ្លួនមានកំហុសអ្វី។ ជួនពេលខ្លះ នៅពេលប្រជាជនកំពុងបំពេញការងារតាមតួនាទី ក៏ត្រូវបានកងឈ្លបខ្មែរក្រហមចាប់ខ្លួនយកទៅភ្លាមៗ។
សាវីន មិនចង់ឲ្យកើតមានអំពើបែបនោះម្ដងទៀតឡើយ ព្រោះភាពឈឺចាប់តែងតែដក់ជាប់នៅក្នុងចិត្តរបស់គាត់ជានិច្ច មិនអាចរសាយ៕
សម្ភាសន៍ដោយ៖ រឿន ស្រីពៅ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥