សូម្បីអ្នកភ្លេងក៏ត្រូវខ្មែរក្រហមសម្លាប់

(រតនគិរី)៖ ផាត់ សាវុន មានអាយុ ៥៨ឆ្នាំ រស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្ដរតនគិរី។ សព្វថ្ងៃ សាវុន មានតួនាទីជាអនុប្រធានភូមិដែលគាត់កំពុងរស់នៅ។
សាវុន បានរំឭកថា ក្រោយពីរដ្ឋប្រហារឆ្នាំ១៩៧០ គឺមានការទម្លាក់គ្រាប់បែក និងខិត្តប័ណ្ណតាមភូមិដែលគាត់រស់នៅ។ ប៉ុន្តែគាត់មិនបានដឹងអំពីអត្ថន័យឬខ្លឹមសារនៃខិត្តប័ណ្ណនោះទេ ដោយសារគាត់មានវ័យកុមារ។ នៅពេលនោះ គាត់និងក្រុមគ្រួសារបានរត់ចូលត្រង់សេនៅភូមិត្រពាំងអណ្ដូង និងហូបបាយលាយជាមួយអំបិលម្ទេសតែប៉ុណ្ណោះ។ គាត់មានការភ័យខ្លាចចំពោះការទម្លាក់គ្រាប់បែក ព្រោះមានផ្សែងឬអណ្ដាតភ្លើង។ ចាស់ៗបានប្រាប់គាត់ថា «ដាំបាយយប់កុំឲ្យឃើញអណ្ដាតភ្លើង ដាំបាយថ្ងៃកុំឲ្យឃើញផ្សែង» ក្នុងន័យដើម្បីជៀសវាងក្លាយជាគោលដៅនៃការទម្លាក់គ្រាប់បែក។
ក្រោយមកនៅសម័យខ្មែរក្រហម សាវុន បានដឹងថាប្រជាជនដែលរស់នៅទាំងអស់ក្នុងភូមិអង្គ្រងត្រូវបានជម្លៀសចេញពីផ្ទះសម្បែងឲ្យទៅរស់នៅសហករណ៍ត្រពាំងក្រហម។ បន្ទាប់មកគាត់ក៏ចូលធ្វើកងកុមារបានមួយរយៈ ក្រោយមកទៀតគាត់បានចូលធ្វើកងចល័តតាមភូមិស្រែអង្គ្រង និងភូមិត្រពាំងក្រហម។ គាត់បន្ដថា គាត់ត្រូវធ្វើការទាំងយប់ទាំងថ្ងៃ និងត្រូវរស់នៅឃ្លាតឆ្ងាយពីឪពុកម្ដាយ។ ការងាររបស់គាត់នៅសម័យនោះមានដូចជាជីកស្រះ, រែកសំណាប, សែងដី, ស្ទូងស្រូវ ឬច្រូតកាត់ទៅតាមរដូវ។ ក្រោយពីការងារ គាត់បានរៀននៅតាមគុម្ពព្រៃ។ ការរៀនសូត្រនោះ គឺរៀនតែអំពីព្យញ្ជនៈនិងស្រៈប៉ុណ្ណោះ។
នៅសម័យនោះ សាវុនចងចាំថាខ្មែរក្រហមបានបង្ខិតបង្ខំឲ្យធ្វើការហួសកម្លាំង បង្អត់អាហារទោះបីជានៅក្នុងឃ្លាំងសម្បូរទៅដោយស្រូវ។ ទន្ទឹមនឹងនេះ ក៏មានជាការសម្រាន្ដមិនបានគ្រប់គ្រាន់ និងការរៀបការដោយបង្ខំម្តង១០គូជាដើម។ ចំណែកសាសនាវិញ ត្រូវបានលុបបំបាត់។ ព្រះសង្ឃត្រូវបានផ្សឹក ហើយវត្ដអារាមត្រូវបានបំផ្លាញក៏មាន។
នៅសម័យនោះមានតែថ្នាំអាចម៍ទន្សោយប៉ុណ្ណោះសម្រាប់ព្យាបាល។ នៅពេលគាត់ឈឺម្ដងៗ ខ្មែរក្រហមចោទគាត់ថា «គ្រុនញាក់គ្រុនញ័រស៊ីបាយបាន»។ ខ្មែរក្រហមចែកតែបាយលាយគល់ចេក និងស្លឹកដំឡូងមីដែលជ្រុះសម្រាប់ហូប ដោយម្នាក់ទទួលបានមួយកូនចានចង្កឹះប៉ុណ្ណោះ។
របបខ្មែរក្រហមបានកាប់សម្លាប់ និងបញ្ជាឲ្យប្រជាជនជីកស្រះនៅត្រពាំងក្រហមដើម្បីសម្លាប់ប្រជាជនមកពីភូមិស្រែអង្គ្រង។ ក៏ប៉ុន្តែដោយសារការរំដោះទើបសាវុននិងក្រុមគ្រួសារបានរស់រានមានជីវិតមកទល់សព្វថ្ងៃ។ សាវុនបានឲ្យដឹងថាសូម្បីតែអ្នកភ្លេងក៏ខ្មែរក្រហមសម្លាប់ដែរ។
នៅចុងឆ្នាំ១៩៧៨ នៅពេលឡានទាហានចូលមកក្នុងសហករណ៍ទើបគាត់ដឹងថាប្រទេសបានរំដោះ។ គាត់បានជួបជុំឪពុកម្ដាយនិងបងប្អូនហើយរត់ចេញពីសហករណ៍ឆ្ពោះទៅកាន់ភូមិកំណើតវិញ ដោយសម្រាកនៅវត្តស្រែអង្គ្រងនិងបន្តដំណើរនៅព្រឹកបន្ដ។
ជាចុងក្រោយ សាវុនសង្ឃឹមថាអ្នកជំនាន់ក្រោយនឹងបានសិក្សារៀនសូត្រនិងចងចាំពីរបបខ្មែរក្រហម តាមរយៈការអប់រំនៅតាមសាលារៀន, សារមន្ទីរ ឬបណ្ណាល័យ និងការដឹងឮពីដំណើរការកាត់ទោសមេដឹកនាំខ្មែរក្រហម។ គាត់យល់ថានេះការផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីព្រឹត្តិការណ៍ប្រវត្តិសាសស្ត្រដែលកើតមានឡើង គឺជារឿងត្រឹមត្រូវ និងជាការចងចាំ ក៏ដូចជាការពារកុំឲ្យរបបខ្មែរក្រហមវិលត្រលប់មកវិញសាជាថ្មី។
បច្ចុប្បន្ន ផាត់ សាវុន មានបញ្ហាសុខភាពប្រចាំកាយ គាត់សង្ឃឹមថាថ្ងៃអនាគត នឹងមានការអភិវឌ្ឍរីកចម្រើនទៅមុខ ដោយមានការដោះស្រាយបញ្ហា ដែលតែងជួបប្រទះការរស់នៅរបស់ប្រជាពលរដ្ឋក្នុងភូមិ ដូចជាការពិបាកក្នុងការទទួលបានសេវាកម្មសាធារណៈលើផ្នែកសុខភាព ការលុបបំបាត់ការរើសអើង និងអំពើពុករលួយជាដើម៕
សម្ភាសដោយ ឡាយ កូរ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤