កងចល័តនៅអូរភ្លង

(រតនគិរី)៖ ផាត់ សាយឿន ភេទស្រី មានអាយុ ៦២ឆ្នាំ ជាកសិករ រស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ សាយឿន បានឲ្យដឹងថាប្រជាជនដែលរស់នៅស្រែអង្គ្រង ត្រូវខ្មែរក្រហមជម្លៀសឲ្យទៅរស់នៅសហករណ៍ត្រពាំងក្រហម។
នៅសហករណ៍ សាយឿន ធ្វើការក្នុងកងកុមារ ដែលមានតួនាទី រែកលាមកគោ, ធ្វើជី និងបាចជីដាក់តាមវាលស្រែ។ ក្រៅពីម៉ោងការងារ កុមារក្នុងកងកុមារ ត្រូវបានបង្រៀនអក្សរដោយខ្មែរក្រហម។ បន្ទាប់ពីរៀន សាយឿន ត្រូវត្រលប់ទៅផ្ទះ និងសម្រាកជាមួយម្ដាយ។
នៅឆ្នាំ១៩៧៧ សាយឿន ដែលមានអាយុ១៥ឆ្នាំ ត្រូវបានខ្មែរក្រហមបញ្ជូនទៅធ្វើការក្នុងកងចល័ត នៅអូរភ្លង។ ចាប់តាំងពីពេលនោះមក សាយឿន ត្រូវរស់នៅបែកបាក់ពីឪពុកម្ដាយដែលរស់នៅសហករណ៍ត្រពាំងក្រហម។ នៅអូរភ្លង សាយឿន ត្រូវហូបបាយរួម ដែលមានលាយជាមួយក្តួច និងដំឡូងមី។ សមាជិកកងចល័ត ពុំទទួលបានការរៀនសូត្រនោះទេ។ សាយឿន ត្រូវដកស្ទូង, ដាំដំឡូង និងធ្វើពលកម្មផ្សេងៗទៅតាមបញ្ជារបស់ខ្មែរក្រហម។ បន្ទាប់ពីធ្វើការ មានការប្រជុំ ដោយសមាជិកកងចល័ត ត្រូវកសាង និងទិតៀនគ្នាទៅវិញទៅមកអំពីការងារប្រចាំថ្ងៃ។
នៅរបបខ្មែរក្រហម ប្រជាជនទាំងអស់ ត្រូវរស់នៅដោយគ្មានសិទ្ធិសេរីភាព សូម្បីតែការនិយាយស្តី។ ប្រជាជន ត្រូវធ្វើការតាមបញ្ជារបស់ខ្មែរក្រហមដោយគ្មានការប្រកែក ឬតវ៉ា។ នៅពេលធ្វើការក្នុងកងចល័តពីឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៧៩ សាយឿន មកលេងឪពុកម្ដាយតែម្តងគត់។
នៅឆ្នាំ១៩៧៩ សាយឿន បានរត់គេចខ្លួនទៅរស់នៅតាមព្រៃ ដោយសារតែកងទ័ពខ្មែរក្រហមប្រាប់ថា កងទ័ពវៀតណាមនឹងសម្លាប់គាត់។ នៅពេលគាត់ឮដូច្នេះ គាត់បានរត់ទៅជាមួយកងទ័ពខ្មែរក្រហម ដោយហូបក្ដួច និងផឹកទឹកដែលមានតាមវល្លិ៍ក្នុងព្រៃដើម្បីរស់។
នៅឆ្នាំ១៩៨០ សាយឿន បានធ្វើដំណើរទៅដល់ភ្នំដងរែក និងបន្តដំណើរទៅរស់នៅឯប្រទេសថៃ។ ក្រោយមក គាត់បានត្រលប់មករស់នៅស្រុកកំណើតវិញ។ សព្វថ្ងៃ សាយឿន មានជំងឺក្រពះពោះវៀន និងលើសឈាម៕
សម្ភាសដោយ ឡាយ កូរ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥