ផាត សែ រំឭកអំពីបទពិសោធន៍ជីវិតឆ្លងកាត់នៅរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ផាត សែ អាយុ៦៩ ឆ្នាំ[1] រស់នៅភូមិគគរ២ ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំមានស្រុកកំណើតនៅភូមិកោះកុក ឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំរៀបការជាមួយប្រពន្ធឈ្មោះ សេងឡាង និងមានកូនប្រុសស្រីចំនួន៤នាក់។ ឪពុកខ្ញុំឈ្មោះ អ៊ន់ និងម្ដាយឈ្មោះ ហ៊ន់ មានបងប្អូនប្រសស្រីចំនួន៦នាក់ ហើយខ្ញុំជាកូនទី២ នៅក្នុងគ្រួសារ។ ខ្ញុំនៅពីក្មេងរៀនសូត្របានតិចតួចដោយសារជីវភាពគ្រួសារក្រីក្រ។ បន្ទាប់ពីមានរដ្ឋប្រហារនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ខ្មែរក្រហមចាប់ផ្ដើមបញ្ចូនកម្លាំងរបស់ខ្លួនចូលមកភូមិ។ បន្ទាប់មកខ្ញុំ ចូលមកធ្វើកងទ័ពមកវាយជាមួយទាហាន លន់ នល់ នៅបន្ទាយកោះរកា។ នៅក្នុងអំឡុងពេលដែលមានសង្រ្គាមនៅឆ្នាំ១៩៧១ដល់ឆ្នាំ១៩៧២ កងកម្លាំងខ្មែរក្រហមបានវាយរំដោះ និងគ្រប់គ្រងនៅតាមទីជនបទនៃប្រទេសកម្ពុជា។ បន្ទាប់ពីខ្មែរក្រហមបានកាន់កាប់តាមតំបន់រំដោះហើយ ខ្មែរក្រហមបានប្រកាសប្រាប់ដល់ប្រជាជនពីចលនាបដិវត្តន៍របស់ខ្លួន។ ប្រជាជននៅតាមជនបទភាគច្រើន ក៏បន្តស្ម័គ្រចិត្តចូលបដិវត្តន៍ ដោយរត់ចូលព្រៃដើម្បីធ្វើការតស៊ូ។ នៅក្នុងពេលនោះផងដែរ មានការទម្លាក់គ្រាប់បែកយ៉ាងច្រើនរបស់អាមេរិក បានកើតមានឡើងពីសំណាក់ទាហានអាមេរិកាំង និងទាហាន លន់ នល់។
នៅពេលដែលអាមេរិកទម្លាក់គ្រាប់បែក និងធុងសាំងម្ដងៗ ខ្ញុំតែងតែរត់ចូលរណ្ដៅត្រង់សេ ដើម្បីគេចពីការទម្លាក់គ្រាប់បែក នៅពេលដែលមានការទម្លាក់អ្នកស្រុកជាច្រើនត្រូវរងរបួស ពេលដែលគ្រាប់បែកធ្លាក់ចំផ្ទះសំបែងភាគច្រើនត្រូវបានឆេះខ្ទេចខ្ទីអស់។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានវាយចូលកាន់កាប់ទីក្រុងភ្នំពេញ ហើយបានជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុងភ្នំពេញ។ បន្ទាប់មកខ្ញុំត្រូវបានខ្មែរក្រហមឲ្យទៅធ្វើការនៅកងចល័ត រែកដី លើកទំនប់នៅភូមិគគរ(ទំនប់ធំ)។ នៅឆ្នាំ១៩៧៨ ខ្ញុំត្រូវបានធ្វើការឲ្យប្រធានកង ដែលមានឈ្មោះមិត្ត សូត្រ។ ខ្ញុំនៅលើកដី ប្រសិនបើក្នុងម្នាក់២ម៉ែត្រគីប ឲ្យ២ម៉ែត្រគីបពិតប្រាកដតែម្ដងឲ្យរួចក្នុងមួយថ្ងៃហ្នឹង។ នៅពេលខ្លះ ខ្ញុំធ្វើអត់បានតាមខ្មែរក្រហមដាក់កម្រិត ក៏បាននាំគ្នាជួយគ្នាតាំងពីម៉ោង៦ព្រឹករហូតដល់ម៉ោង៧យប់។ ខ្ញុំធ្វើការគ្មានគិតម៉ោងទេ ឲ្យតែបើកថ្ងៃឡើងធ្វើការតែម្ដង ពេលម៉ោងថ្ងៃត្រង់ទៅហូបបបរ។ នៅស្រុកភូមិខ្ញុំហ្នឹងបបរពោតសុទ្ធសាធគ្មានអង្ករទេ។ បើសម្លូវិញមានតែស្លឹកត្រកួនទេ និងលាយជាមួយស្លឹកដំឡូងជ្វា។ ខ្ញុំនៅលើកដីក្នុងម្នាក់២ម៉ែត្រគីប។
នៅក្នុងភូមិគ្រៀល វេទនាខ្លាំងជាងគេបំផុត ខ្ញុំបានសុំអង្គការមកលេងម្ដាយនៅផ្ទះក៏មិនបានដែរ។ ក្រោយមកទៀត គឺប្រហែលជាចុងឆ្នាំ១៩៧៨ ខ្ញុំត្រូវបានបញ្ជូនទៅរែកដី និងលើកទំនប់ជ្រោយចេក ស្ថិតនៅព្រំប្រទល់រវាងស្រុកកំពង់សៀមនិងស្រុកស្ទឹងត្រង់ រហូតដល់កងទ័ពខ្មែរក្រហមទទួលបរាជ័យ ដោយកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានវាយរំដោះប្រទេសកម្ពុជា និងសង្គ្រោះប្រជាជនបានជាបន្តបន្ទាប់។[2] ខ្ញុំបានវិលត្រឡប់មករស់នៅភូមិកំណើតវិញនៅឆ្នាំ១៩៨០ និងប្រកបរបរជាកសិករ រហូតមកដល់សព្វថ្ងៃនេះ៕
អត្ថបទដោយ ទូច វណ្ណេត
[1] បទសម្ភាសន៍ ផាត សែ នៅភូមិគគរ២ ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅឆ្នាំ២០២៥, មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពង់ចាម
[2] ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិវិទ្យាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព (ភ្នំពេញ៖ អនុគណៈកម្មការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា, ក្រសួងអប់រំ យុវជន និងកីឡា), ទំព័រទី៤១