ទទួលបានបបរពីរចានក្នុងមួយថ្ងៃសម្រាប់តែមួយរស់
(សៀមរាប) ៖ ភាក់ រ៉ែត មានអាយុ៧១ឆ្នាំ រស់នៅក្នុងភូមិតាត្រាវ ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ រ៉ែត បានចូលរៀនត្រឹមថ្នាក់ទី១០ មុនពេលដែល រ៉ែត បានឈប់សិក្សាដោយសារភាពក្រខ្សត់។ បន្ទាប់ពីបញ្ឈប់ការសិក្សា រ៉ែត បានមកឃ្វាលគោដើម្បីចិញ្ចឹមជីវិត ។
ពេលដែលខ្មែរក្រហមបានចូលកមកាន់កាប់ខេត្តសៀមរាប ទាហានមួយចំនួនបានមកសុំមាន់ និង អង្ករ។ ទាហានខ្មែរក្រហមច្រើនចេញមកយកមាន់ និងអង្ករពីប្រជាជននៅពេលយប់។ប្រសិនបើប្រជាជននៅក្នុងភូមិរកមិនបានឲ្យទេ ទាហានខ្មែរក្រហមនឹងយកប្រជាជនទៅសម្លាប់។
រ៉ែត ជាប្រជាជនចាស់ ហើយមានតែតួនាទីកិនស្រូវជាមួយនឹងប្រជាជនប្រមាណ ១៤នាក់ទៀត។ រ៉ែត ទទួលបានបបរពីរពេលក្នុងមួយថ្ងៃ។ រ៉ែត បាននិយាយថា ការហូបចុកមានភាពវេទនាណាស់។ រ៉ែត មិនបានដែលបានបរិភោគអាហារឆ្អែតទេ អង្គការផ្ដល់បបរឲ្យសម្រាប់តែឲ្យរ៉ែតបានមួយរស់តែប៉ុណ្ណោះ។
រ៉ែតបានរៀបអាពាហ៍ពិពាហ៍នៅបន្ទាប់ពីបានឈប់សិក្សានៅក្នុងសម័យសាធារណរដ្ឋខ្មែរ។ រ៉ែត មានកូនបីនាក់។ នៅក្នុងរបបខ្មែរក្រហម រ៉ែត ធ្លាប់មានផ្ទៃពោះ។ពេទ្យរបស់អង្គការបានឲ្យលេបថ្នាំអាចម៍ទន្សាយដើម្បីបាត់ការឈឺចាប់រាល់ពេលដែល រ៉ែត ឈឺពោះម្ដងៗ។
សម្លៀកបំពាក់សម្រាប់ប្រជាជនម្នាក់ៗ ត្រូវបានអង្គការចែកឲ្យតែមួយសម្រាប់តែប៉ុណ្ណោះ។ ចំពោះអាវឬខោដែលរហែកនោះ ម្ចាស់របស់សម្លៀកបំពាក់ ត្រូវយកក្រណាត់អ្វីម្យ៉ាងដើម្បីយកមកប៉ះឲ្យជិតវិញ។សម្លៀកបំពាក់ដែលមានពណ៌ត្រូវយកទៅគក់ជ្រលក់ជាមួយនឹងគ្រាប់ម្យ៉ាងដែលមានពណ៌ខ្មៅ។
រ៉ែត បានបាត់បង់សមាជិកគ្រួសាររបស់ខ្លួនទាំងអស់ពីរនាក់។ ប្អូនរបស់រ៉ែតទាំងពីរត្រូវបានបាត់បង់ជីវិត ដោយម្នាក់ត្រូវបានអង្គការយកទៅសម្លាប់ និងម្នាក់ទៀតត្រូវបានអង្គការចាប់ខ្លួនទៅបាត់ដំណឹងជារៀងរហូត។
សព្វថ្ងៃ រ៉ែត រស់នៅជាមួយនឹងចៅស្រី និងបានប្រាក់ចំណូលពីប្រាក់ចូលនិវត្តន៍របស់ស្វាមីរបស់គាត់ និងចំណូលពីចៅផងដែរ។ រ៉ែត មានជំងឺរបេងដែលបណ្ដាលឲ្យក្អកជាញឹកញាប់។ រ៉ែត បាននិយាយថា ជំងឺរបេងនោះបានព្យាបាលរួចម្ដងហើយ ប៉ុន្ដែបន្ទាប់ពីចាក់វ៉ាក់សាំងកូវីដ ១៩ ហើយ ជំងឺរបេងនោះបានរើមកវិញ។
សម្ភាសន៍ដោយ ផា សុភាក់
អត្ថបទដោយ ហៀង នីតា