ភី ភួន (ជនជាតិចារាយ) ៖ បុគ្កលិករៀបចំផ្ទះសម្បែងនៅក្រសួងការបរទេស (មន្ទីរប១)

នៅឆ្នាំ១៩៧៥ ភួន ត្រូវបានប៉ុល ពល បានចាត់តាំង​ឲ្យទៅនៅជាមួយ អៀង សារី នៅក្រសួងការបរទេស (មន្ទីរប១) ហើយមានតួនាទី ជាបុគ្គលិករៀបផ្ទះសម្បែង ម្ហូបអាហារ​ និងរៀបចំទទួលភ្ញៀវមកពីក្រៅប្រទេសនានា។ ភួន បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖

ភួន[1] ភេទប្រុស អាយុ៧៨ឆ្នាំ​ ស​ព្វថ្ងៃប្រកបរបរធ្វើស្រែចម្ការ។ ភួន មានស្រុកកំណើតនៅភូមិកែប ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី។ សព្វថ្ងៃរស់នៅភូមិដូង ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ភួន មានប្រពន្ធឈ្មោះ ស្រេន​ ប៊ុនលី អាយុ៧១ឆ្នាំ មានស្រុកកំណើតនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ភួន ​​មានកូន៤នាក់(ប្រុស២នាក់ ស្រី២នាក់)។ ភួន មានឪពុកឈ្មោះ ទូត មានស្រុកកំណើតនៅភូមិចែ ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី និងម្ដាយឈ្មោះ អ្វិ មានស្រុកកំណើតនៅភូមិកែប ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី។ ភួន មានបងប្អូន៥នាក់(ប្រុស៣នាក់ ស្រី២នាក់)។ បងប្អូន ភួន បានទទួលមរណៈភាពម្នាក់(ស្រី)។

កាលពីក្មេង ភួន មិនបានចូលរៀនទេ ព្រោះតែគ្រួសារមានជីវភាពក្រីក្រនិងគ្មានអ្នកជួយឪពុកម្ដាយធ្វើស្រែចម្ការ។ នៅឆ្នាំ១៩៦៨ ភួន បានសម្រេចចិត្តចាកចេញពីផ្ទះមករស់នៅក្នុងព្រៃជាមួយបងថ្លៃឈ្មោះ ឡាវ នៅក្នុងមន្ទីរ១០០ ដែលមានទីតាំងនៅស្រុកបរកែវ ។ ពេលចូលមកដល់មន្ទីរ១០០ដំ​បូង ភួន បានជួបជាមួយ អៀង សារី  ប៉ុល ពត នួន ជា និងតា កុយ ធួន។ បន្ទាប់ពីរស់នៅក្នុងមន្ទីរ១០០បានមួយរយៈ ភួន និងបងថ្លៃ ត្រូវបានផ្លាស់ឲ្យមកធ្វើស្រែនៅម្ដុំមន្ទីរ១០២​ ដែលមានទីតាំងនៅភូមិពូនលែ ឃុំបរខាំ ស្រុកបរកែវ ក្នុងខេត្តរតនគិរី និងមានកងទ័ព១៩នាក់ប្រចាំការធ្វើស្រែនៅទីនោះ។ លុះដល់ខែប្រមូលផលស្រូវអ្នកភូមិដែលរស់នៅក្បែរមន្ទីរ១០២ តែងតែមកជួយច្រូតស្រូវ។ ស្រូវដែលប្រមូលផលបានភាគច្រើនត្រូវយកទៅផ្គត់ផ្គង់កងទ័ពនៅតាមមន្ទីរ និងផ្គត់ផ្គងកងទ័ពនៅភូមិភាគឥសានចំនួន៣០០នាក់បន្ថែមទៀត។  ភួន​ បាននិយាយបន្ដ ពេលផ្លាស់មករស់នៅមន្ទីរ១០២ អៀង សារី តែងតែមកបង្ហាត់បង្រៀន​ពីរបៀបរបបដឹកនាំធ្វើការងារ បង្រៀនពីរបៀបកសាងខ្លួន អ្វីដែលមិនរីកចម្រើនត្រូវកសាងឲ្យរីកចម្រើន បង្រៀនអំពីការរស់នៅឲ្យមានសីលធម៌ល្អ គុណធម៌ល្អ និងមានសមត្ថភាពយល់ដឹងពីមិត្តភក្តិនិងមនុស្សជុំវិញខ្លួន។

នៅឆ្នាំ១៩៦៩  ប៉ុល ពត និងអៀង សារី បានអមដំណើរសម្ដេច សីហនុ ចេញពីប្រទេសកម្ពុជាទៅកាន់ទីក្រុងហាណូយ​ប្រទេសវៀតណាម ហើយបានបន្តដំណើរចេញពីប្រទេសវៀតណាមឡើងទៅទស្សនកិច្ចនៅទីក្រុងប៉េកាំង ប្រទេសចិន។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ឧត្ដមសេនីយ៍លន់ នល់ បានធ្វើរដ្ឋប្រហារផ្ដួលរលំសម្ដេច ព្រះនរោត្ដម សីហនុ ចេញពីព្រះតំណែងជាប្រមុខរដ្ឋកម្ពុជា។ លុះដល់ខែឧសភា ឆ្នាំ១៩៧០ ប៉ុល ពត បានត្រឡប់ពីប្រទេសចិនមកកាន់ស្រុកខ្មែរវិញ ហើយបានចុះនៅម្ដុំកន្ទុយនាគ រួចបានបង្កើតកងទ័ពរណសិរ្សរួបរួមជាតិកម្ពុជា ដែលមានបងប្អូនជនជាតិជាច្រើនចូលរួមមានដូច ជនជាតិចារាយ ជនជាតិទំពួន ជនជាតិគ្រឹង ជនជាតិកាវែត ជនជាតិព្រៅ ជនជាតិកាចក់ និងថ្នាក់កម្មាភិបាលបញ្ញាជនជាច្រើនរូបចូលរួមសរុបប្រហែល៨០នាក់ ក្នុងនោះក៏មានរូប ភួន​ ម្នាក់ដែរ។ បន្ទាប់ពីបង្កើតកងទ័ពរណសិរ្សរួបរួមជាតិកម្ពុជា ប៉ុល ​ពត បានដឹកនាំភរិយាឈ្មោះ ខៀវ ប៉ុណ្ណារី នួន ​ជានិងកងទ័ពទាំងអស់ធ្វើដំណើរចេញពីកន្ទុយនាគឆ្ពោះទៅកាន់ខេត្តកំ​ពង់ចាម ដោយធ្វើដំណើរយៈពេល៧ខែបានទៅដល់ខេត្តកំពង់ចាម។ ពេលដែលធ្វើដំណើរតាមផ្លូវ ភួន មានតួនាទីជាអ្នកការពារ ប៉ុល ពត និងជានីរសាផ្ទាល់របស់ ប៉ុល ពត ។ ពេលធ្វើដំណើរមកដល់ដីដុះព្រែកសង្កែ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ប៉ុល ពត បានធ្វើដំណើរមកជួប  សោ ភឹម , នួន ជា,​ ខៀវ សំផន, ហូ នឹម, ហូ​ យន់  នៅមន្ទីរ២០៣ ខាងភូមិភាគបូព៌ា ដែលមានទីតាំងនៅក្នុងព្រៃ ហើយ ប៉ុល ពត បានបញ្ជាឲ្យកងទ័ពទាំងអស់បោះទីតាំងស្នាក់នៅជាមួយកងទ័ពនៅមន្ទីរ២០៣។ បន្ទាប់ពីប្រជុំពិភាក្សាគ្នាចប់​ បេសកជនដែលមកពីគ្រប់ភូមិភាគទាំងអស់មានដូចជា ភូមិភាគឧត្ដរ ភូមិភាគនរតី ភូមិភាគពាយ័ព្យ ភូមិភាគបជ្ឈឹម និងភូមិភាគពិសេស ត្រូវត្រឡប់ទៅកន្លែងរៀងៗខ្លួន ខ្លះធ្វើដំណើរដោយថ្មើជើង ខ្លះធ្វើដំណើរតាមម៉ូតូ ​និងខ្លះទៀតធ្វើដំណើរតាមរថយន្ត។

នៅដើមឆ្នាំ១៩៧២ ភួន​ បានរៀបការជាមួយប្រពន្ធឈ្មោះ ស្រេន ប៉ុនលី អាយុ២៧ ជាយុវនារីនៅខាងមន្ទីរ៣០៤ ដែលគ្រប់គ្រងដោយ កុយ ធួន។​ បន្ទាប់ពីរៀបការបានប្រហែលកន្លះឆ្នាំ ភួន និង​នួន ជា រួមជាមួយកងទ័ពជាច្រើននាក់បានធ្វើដំណើរចេញពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្ពោះទៅស្រុកសំឡូត ខេត្តបាត់ដំបង ដោយធ្វើដំណើរអស់រយៈពេល៤ខែ ដោយឆ្លងកាត់តាមផ្លូវកំពង់ថ្ម មកស្រុកកំពង់លែង ចេញពីស្រុកកំពង់លែងមកខេត្តកំពង់ឆ្នាំង ចេញពីកំពង់ឆ្នាំងមកខាងលិចអមលាំង ហើយបានបន្ដដំណើររហូតមកដល់មន្ទីរភ្នំកំពឹស ដែលស្ថិតនៅស្រុកសំឡូត ខេត្តបាត់ដំបង។ ពេលមកដល់សំឡូត នួន ជា​ បានមកពិភាក្សាការងារជាមួយ តា រស់ ញឹម តាកឺ និងតា តុល ដែលជាអ្នកគ្រប់គ្រងភូមិភាគពាយ័ព្យ។ បន្ទាប់ពីសម្រាកស្នាក់នៅសំឡូតបានមួយសប្ដាហ៍ ភួន និង​នួន ជា រួមជាមួយកងទ័ពជាច្រើននាក់បានត្រឡប់ទៅអមលាំងវិញ។

នៅឆ្នាំ១៩៧៣ សម្ដេចឪ[2] ​សម្ដេចម៉ែ និងអៀង សារី បានធ្វើដំណើរតាមយន្តហោះយាងចេញពីទីក្រុងប៉េកាំង​ ត្រឡប់មកទឹកដីខ្មែរ ដោយចុះចតនៅទីក្រុងហាណូយប្រទេសវៀតណាម។ បន្ទាប់មក សម្ដេចឪ បានសម្រាកនៅទីក្រុងហាណូយរយៈពេលប្រាំថ្ងៃ ដើម្បីរៀបចំ«ដំណើរទស្សនកិច្ចប្រវត្តិសាស្រ្តមកកាន់ទឹកដីប្រទេសកម្ពុជា» ។ បន្ទាប់ពីយាងចូលមកដល់ទឹកដីប្រទេសកម្ពុជា ​ ភួន និងថ្នាក់ដឹកនាំចំនួន២រូបមាន ហូ នឹម​ និងសុន​ សេន បានមកចាំទទួល សម្ដេចឪ​​ នៅសៀងប៉ាង ហើយបានអមដំណើរ សម្ដេចឪ ​សម្ដេចម៉ែ បានសម្រាកនៅសៀងប៉ាងរយៈពេលបីយប់ ទើបបន្តដំណើរតាមឡានហ្ស៊ីបចិនមកអន្លង់ក្រមួន ដែលមាន ខៀវ សំផន និងប៉ុល ពត ចាំទទួលនៅទីនោះ។ បន្ទាប់ពីសម្រាកនៅអន្លង់ក្រមួនបានរយៈពេលបីយប់ ខៀវ សំផន និងប៉ុល ពត បានផ្ដល់ដំណឹងទៅឲ្យតា​កុយ ធួន ដើម្បីមកចាំទទួល សម្ដេចឪ និងសម្ដេចម៉ែ  នៅអូរក្បាលឈ្លូស រួចបានអមដំណើរជាមួយ សម្ដេចឪ មកសម្រាកនៅលើភ្នំគូលេនរយៈពេលបីយប់បន្ថែមទៀត ទើបធ្វើដំណើរបន្តយាងចូលអង្គរធំ ដែលជាតំបន់ទើបរំដោះពីទាហាន លន់ នល់។ បន្ទាប់ពីឆ្លងកាត់ដំណើរទស្សនកិច្ចប្រវត្តិសាស្រ្តមកកាន់តំបន់រំដោះរបស់ប្រទេស សម្ដេចឪ ​និងសម្ដេចម៉ែ បានយាងត្រឡប់ទៅទីក្រុងប៉េកាំងវិញ ដោយអមដំណើរដោយបេសកជនពិសេសរបស់ចលនាតស៊ូខ្មែរក្រហម ​មានដូចជា ប៉ុល ពត​ នួន ជា ខៀវ សំផង ហូ នឹម ហូ ​យន់ និងសុន សេន។​

ឆ្នាំ១៩៧៥ ភួន​ និងកងទ័ពខ្មែរក្រហមជាច្រើននាក់ដែលដឹកដោយ ប៉ុល ពត បានវាយចូលមកដល់ទីក្រុងភ្នំពេញតាមផ្លូវរថភ្លើង ហើយបានវាយបន្តចេញពីផ្លូវរថភ្លើងសំដៅទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រហូតវាយរំដោះបានទីក្រុងភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំដដែល។​ បន្ទាប់ពីរំដោះបានទីក្រុង​ ប៉ុល ពល បានចាត់តាំងឲ្យ ភួន និងទួន ​ឲ្យទៅនៅជាមួយ អៀង សារី នៅក្រសួងការបរទេស (មន្ទីរប១)។ ពេលដែលផ្លាស់មកនៅជាមួយ អៀង សារី ភួន មានតួនាទី ជាបុគ្គលិករៀបផ្ទះសម្បែង ម្ហូបអាហារ​ និងរៀបចំទទួលភ្ញៀវមកពីក្រៅប្រទេសមានដូចជា ចិន ឡាវ យូហ្កោស្លាវី រូម៉ានី ទីម័រ អាល់បានី គុយបា និងទូតកូរ៉េខាងជើង។ ​ភួន បាននិយាយបន្តថា ក្រុមនិស្សិតដែលបញ្ចប់ការសិក្សាមកពីក្រៅប្រទេសភាគច្រើនស្នាក់នៅបឹងត្របែក ចេញពីបឹងត្របែកទើបមកធ្វើការងារនៅក្រសួងការបរទេស និងជួយការងារខាងផ្នែកនយោបាយមានឈ្មោះដូចជា សេង ហុង, ហោណាំហុង, គាត ឈន់, សុគន្ធ, ចាន់យូរ៉ាន់ , អ៊ិន សុភាព , ឡុង នូរិន ,ប៊ុន ហេង ,ទិត សំណាង ដែលគ្រប់គ្រងរួមដោយ អៀង សារី និង​សូ ហុង អនុប្រធាន។ សម្រាប់អាហារហូបចុករបស់ អៀង សារី នៅមន្ទីរប១ ក្នុងមួយថ្ងៃហូបបីពេល ពេលព្រឹកហូបបបរ ថ្ងៃត្រង់ហូបបាយ។ សម្រាប់ម្ហូបពេលព្រឹកមានដូចជា ត្រីងៀត ពងទាប្រៃ ត្រីខ ឬខសាច់ជ្រូក។ សម្រាប់ម្ហូបថ្ងៃត្រង់មានដូចជា សម្លម្ជូរ មានឆា និងត្រីចៀន។  ភួង បាននិយាយបន្តទៀតថា​ អៀង សារី ភាគច្រើនមិនសូវនៅក្នុងប្រទេស ព្រោះជាប់រវល់ត្រូវអមទូត អមគណៈប្រតិភូសំខាន់ៗទៅក្រៅប្រទេស។ ពេលដែលទំនេរពីការងារ ភួន តែងតែជូន អៀង សារី ទៅជួបក្រុមនិស្សិតដែលបញ្ចប់ការសិក្សាមកពីក្រៅប្រទេស ដើម្បីប្រាប់ពីសភាពការណ៍ក្នុងប្រទេសនិងក្រៅប្រទេស។ និស្សិតដែលបញ្ចប់ការសិក្សាមកពីក្រៅប្រទេសភាគច្រើនមកពីបារាំងទាំងប្រុស ទាំងស្រី និងប្រទេសផ្សេងៗទៀត។

នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩៧៨ កងទ័ពវៀតណាមបានវាយចូលមកដល់ទីក្រុងភ្នំពេញ។​ លុះដល់ម៉ោងប្រហែល ៩យប់ អៀង សារី បញ្ជាឲ្យ ភួន និងកងទ័ពខ្មែរក្រហមជាច្រើននាក់ទៀត ជម្លៀស សម្ដេចឪ សម្ដេចម៉ែ និងសម្ដេច ប៉ែន នុត ចេញពីទីក្រុងភ្នំពេញ ដោយធ្វើដំណើរតាមឡានម៉ាក់សឺដេសពណ៌ខ្មៅ ឡានហ្ស៊ីប២គ្រឿង និងឡានបិទពីក្រោយចំនួន៤ គ្រឿង ធ្វើដំ​ណើរចេញពីទីក្រុងភ្នំពេញសំដៅទៅច្រកប៉ោយប៉ែត កម្ពុជា-ថៃ ដើម្បីឡើងយន្តហោះទៅទីក្រុងប៉េកាំង។ នៅថ្ងៃទី៤ ខែមករា ឆ្នាំ១៩៧៩ បន្ទាប់ពីជូនសម្ដេចទៅដល់ច្រកព្រំដែនប៉ោយប៉ែត ភួន បានជូន​ អៀង សារី ត្រឡប់មកភ្នំពេញវិញ ដើម្បីប្រមូលកម្លាំងទ័ពទប់ទល់ជាមួយកងទ័ពវៀតណាម។ ពេលដែលត្រឡប់មកដល់ទីក្រុងភ្នំពេញ អៀង សារី បានប្រមូលកងទ័ពនៅក្រសួងការបរទេសបានប្រហែលមួយវរសេនាធំទាំងប្រុស ទាំងស្រី ដើម្បីទៅទប់ទល់ជាមួយកងទ័ពវៀតណាមនៅអ្នកលឿង ​ដែលបញ្ជាដោយ ស៊ូ ម៉េត ដោយកងទ័ពវៀតណាមមានកម្លាំងច្រើនទប់ទល់អត់ឈ្នះ សូ ម៉េត បានបញ្ជាឲ្យកងទ័ពទាំងអស់ដកថយមកនៅត្មាតពង។ បន្ទាប់ពីស្នាក់នៅត្មាតពងបានប្រហែល២ខែកន្លះ កងទ័ពទាំងអស់បានធ្វើដំណើរមកភូមិភាគពាយ័ព្យ ហើយបានវាយជាមួយកងទ័ពវៀតណាមនៅបាត់ដឹង ដែលស្ថិតនៅភូមិត្រពាំងគោ ឃុំចាន់សែន ស្រុកឧត្ដុង្គ ខេត្តកំពង់ស្ពឺ ដោយសព្វាវុធមិនមានគ្រប់គ្រាន់កងទ័ពជាច្រើនត្រូវបានស្លាប់។ ចំណែកកងទ័ពដែលនៅរស់បានធ្វើដំណើរថ្មើជើងអស់រយៈពេល៤ខែ បានមកដល់ព្រំដែនក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលគ្រប់គ្រងដោយ អៀង សារី។ ភួន បាននិយាយបន្តថា ពេលកំពុងធ្វើដំណើរតាមផ្លូវមកស្រុកម៉ាឡៃ ភួន បានឃើញប្រជាជនប្រហែលរាប់សែននាក់មានដូចជា កងទ័ព ប្រពន្ធកងទ័ព ក្រុមគ្រួសារកងទ័ព និងគ្រប់ក្រសួងមន្ទីរផ្សេងៗ។ ពេលមកដល់ស្រុកម៉ាឡៃប្រជាជនប្រហែល២ទៅ៣ម៉ឺននាក់ បាននាំកាប់ឈើ កាប់ឫស្សី ក្រងស្បូវ ដើម្បីធ្វើជាកន្លែងស្នាក់នៅ។ បន្ទាប់មក ភួន ត្រូវបាន អៀង សារី ចាត់តាំងឲ្យកាន់ខាងផ្នែកភស្ដុភារ និងដឹកជញ្ជូន។ ភស្តុភារដែលបញ្ជូនមកពីប្រទេសចិននិងប្រទេសថៃមានដូចជា ស្បៀងអាហារ គ្រាប់រំសេវ ភួន ត្រូវដឹកបញ្ជូនយកទៅលាក់តាមព្រៃឬដឹកបញ្ជូនយកទៅឲ្យកងទ័ពនៅតំបន់ប៉ៃលិន។​ អ្នកដែលគ្រប់គ្រងធំខាងភស្តុភារនិងដឹកជញ្ជូនឈ្មោះ សុខ ភាព និងសូ ហុង។ ភួន បាននិយាយរៀបរាប់ពី នយោបាយកងទ័ពនៅស្រុកម៉ាឡៃ កងទ័ពមុននិងចេញវាយនៅតំបន់ណាមួយត្រូវស៊ើបទីតាំងឲ្យបានច្បាស់លាស់ វាយចូលរហ័ស ដករហ័ស។ ចំណែកសង្រ្គាមជាមួយឈ្លបមានដូចជា ការបង្កប់មីនតាមផ្លូវ ត្រៀមកន្រ្ទាក់មីន បណ្ដុះបណ្ដាលកូនចៅឲ្យចេះវាយជាមួយសត្រូវ បាចដែកគោលតាមផ្លូវឡានដើម្បីបង្អាក់ដំណើរ ធ្វើចម្រូងអង្គប់ ធ្វើចម្រូងអណ្លុងនិងធ្វើចម្រូងជ័រឆក់ដែលធ្វើចេញពីឬស្សីលាយជាមួយពឹសពស់។ ភួន រស់នៅស្រុកម៉ាឡៃបានប្រហែល៥ទៅ៦ឆ្នាំ ចាប់ផ្ដើមមានបញ្ហាផ្ទៃក្នុង ព្រោះតា ម៉ុក បានប្រកាសតាមវិទ្យុថា អៀង សារី (អ្នកគ្រប់គ្រងកងពល៤៥០) សុខ ភាព (ខាងនយោបាយ) និងអ៊ី ឈាន(អ្នកគ្រប់គ្រងកងពល៤១៥) ​ថាក្បត់ រួចកងពលទាំងពីរចាប់ផ្ដើមងើបឡើងប៉ះបោរ។ កងទ័ពដែលគ្រប់គ្រងដោយ​អៀង សារី និងអ៊ី ឈាន បានសម្រេចចិត្តផ្ដាច់ខ្លួនចេញពីកងទ័ពខ្មែរក្រហម មកចូលរួមជាមួយរដ្ឋាភិបាសម្តេច ហ៊ុន សែន។ ចំណែក អៀង សារី និងកងទ័ពមួយចំនួនតូចបានរត់មកសម្ងំលាក់ខ្លួនជាមួយ ប៉ុល ពត នៅស្រុកសំឡូត ខេត្តបាត់ដំបង ។ បន្ទាប់ពីដឹងដំណឹងថា កងទ័ព អៀង សារី និងអ៊ី ឈាន បានផ្ដាច់ខ្លួនមកចូលរួមជាមួយរដ្ឋាភិបាល តា ម៉ុក បានបញ្ជាឲ្យ កងពល៣០២ កងពល៧០៥ និងកងពលតា​បិត នៅស្រុកសំពៅលូន ដែលគ្រប់គ្រងដោយ សុន សេន វាយចូលទៅស្រុកម៉ាឡៃ និងប៉ៃលិន ប៉ុន្តែកងទ័ពទាំងអស់មិនព្រមវាយចូលសុខចិត្តចចារ ព្រោះកងទ័ពទាំងអស់ធ្លាប់រស់នៅជាមួយគ្នា បានកើតការចោទប្រកាន់ពី តា​ ម៉ុក ថា សុន សេន គ្រប់គ្រងស្រុកម៉ាឡៃមិនបានល្អ រួចបានចាប់ សុន សេន ​យកទៅសម្លាប់។ បន្ទាប់ពីសម្លាប់ សុន សេន មិនបានប៉ុន្មានថ្ងៃ តា​ ម៉ុក បានចាត់វិធានការសម្លាប់ ប៉ុល ពត បន្តដើម្បីគ្រប់គ្រងប្រទេស ប៉ុន្តែមិនបានសម្រេច។

នៅឆ្នាំ១៩៨៥ កងទ័ពវៀតណាមនិងកងទ័ពរដ្ឋាភិបាលកម្ពុជាបានប្រមូលកម្លាំងវាយចូលស្រុកម៉ាឡៃ​ ពេលនោះកងទ័ពស្រួច និងកងទ័ពផ្សេងៗនៅស្រុកម៉ាឡៃបានប្រមូលកម្លាំងចេញមកទប់ទល់ ដោយកងទ័ពវៀតណាមនិងកងទ័ពរដ្ឋាភិបាលកម្ពុជាមានកម្លាំងច្រើនមិនអាចទប់ទល់ កងទ័ពនៅស្រុកម៉ាឡៃបានទាក់ទងទៅថ្នាក់ដឹកនាំខាងលើ ហើយថ្នាក់ដឹកនាំបានសម្រេចចិត្តឲ្យកងទ័ពទាំងអស់បោះបង់ស្រុកម៉ាឡៃរត់ចូលទៅរស់នៅក្នុងទឹកដីថៃនៅម្ដុំ ៨៥-៨៦ ព្រោះខ្លាចស្លាប់។ នៅដើមឆ្នាំ១៩៨៩ បន្ទាប់ពីដឹងថាកងទ័ពវៀតណាមនិងកងទ័ពរដ្ឋាភិបាលកម្ពុជាបានដកកម្លាំងមួយចំនួនធំចេញពីស្រុកម៉ាឡៃ កងទ័ពខ្មែរក្រហមដែលរស់នៅទឹកដីថៃបានធ្វើដំណើរត្រឡប់មកទឹកខ្មែរវិញ ដោយឆ្លងកាត់តាមខ្សែព្រំដែនដែលបង្កប់ទៅដោយមីន និងដាក់ចម្រូងដែកជាច្រើន។ លុះដល់ថ្ងៃទី១៥ ខែ១១ ឆ្នាំ១៩៨៩ កងទ័ពខ្មែរក្រហមបានវាយរំដោះស្រុកម៉ាឡៃត្រឡប់មកវិញ ដោយប្រើយុទ្ធសាស្រ្តវាយតាមផ្លូវមួយថ្ងៃ២០ទៅ៣០ដង និងវាយកន្ទ្រាក់មីន។  បន្ទាប់ពីវាយរំដោះស្រុកម៉ាឡៃត្រឡប់មកវិញ កងទ័ពខ្មែរក្រហមបានកសាងមូលដ្ឋានទៅវាយបន្តនៅទីរួមស្រុកជាប់ផ្លូវជាតិលេខ៥ ប៉ោយប៉ែត និងស៊ីសុផុន។ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៩៦ កងទ័ពខ្មែរក្រហមនៅស្រុកម៉ាឡៃបានផ្ដាច់ខ្លួនបង្កើតចលនាបង្រួបបង្រួមជាតិកម្ពុជាប្រជាធិបតេយ្យ មានភូមិដូង ភូមិកណ្ដាល និងភូមិថ្មី។ បន្ទាប់ពីចូលរួមជាមួយកងទ័ពរដ្ឋាភិបាលកម្ពុជា កងទ័ពខ្មែរក្រហមដែលមានសមត្ថភាពមួយចំនួនត្រូវបានបែងចែកឲ្យ​ទៅធ្វើខាងយោធា ប៉េ អឹម ប៉ូលីស និងមួយចំនួនទៀតធ្វើជាអធិការ អធិការរង អភិបាលស្រុក អភិបាលស្រុករង និងក្រុមប្រឹក្សាស្រុក។ លុះដល់ឆ្នាំ១៩៩៧ ភួន ត្រូវបានខាងរដ្ឋាភិបាលកម្ពុជាបញ្ជូនឲ្យទៅភូមិភាគ១ ដែលមានខេត្តដូចជា ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ក្រចេះ ដើម្បីឲ្យទៅបំផុសចលនាផ្ដាច់ខ្លួន លុះបំផុសចលនាផ្ដាច់ខ្លួនចប់បានត្រឡប់មករស់នៅស្រុកម៉ាឡៃវិញ ដោយប្រកបមុខរបរធ្វែស្រែចម្ការរហូតមកដល់សព្វថ្ងៃ៕

អត្ថបទដោយ ចាន់ ណារិទ្ធ


[1] មជ្ឈមណ្ឌលឯកសារកម្ពុជាសម្ភាសន៍ជាមួយ ​ឈ្មោះ ភី ភួន ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១០ (BMI0034)។

[2] ដកស្រងចេញពីសៀវភៅ”សាក្សីប្រវត្តិសាស្រ្ត” មជ្ឈមណ្ឌលឯកសារកម្ពុជា បោះពុម្ភ២០២៣, បង្ហាញអំពីព្រះរាជដំណើរ របស់សម្ដេច នរោត្ដម សីហនុ និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ ទៅកាន់តំបន់រំដោះរណសិរ្សរួបរួមជាតិកម្ពុជាឆ្នាំ១៩៧៣

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin